សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការផ្តន្ទាទោស លោក សម រង្ស៊ី និងអ្នកនយោបាយបក្សប្រឆាំង២០នាក់ ពី៥ទៅ១០ឆ្នាំ

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិគ្រវីដៃដាក់អ្នកថតរូបពេលមកដល់សាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចូលរួមសវនាការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិគ្រវីដៃដាក់អ្នកថតរូបពេលមកដល់សាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចូលរួមសវនាការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សមាជិកគណបក្សប្រឆាំងចំនួន២១នាក់ រួមទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការជំនុំជម្រះជាបន្តបន្ទាប់ដែលក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថា ជារឿងនយោបាយ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស្រី  មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ដែលជាអនុប្រធាន​របស់​លោកនិង​សមាជិក​គណបក្ស​បួន​នាក់​ផ្សេងទៀត​ត្រូវ​បានផ្តន្ទាទោស​​កំបាំង​មុខ​ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ដ៏យូរ​មក​ហើយនោះ។

បន្ទាប់​ពីតុលាការប្រកាស​សាលក្រម លោក សម រង្ស៊ី ដែល​កំពុងរស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សរសេរ​លើបណ្តាញសង្គមទ្វីតធើថា​៖ «ជាថ្មីទៀត ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​ប្រើ​ប្រាស់ជា​ឧបករណ៍​នយោបាយ​ច្បាស់​ក្រឡែត»។

លោកស្រី មូរ សុខហួរ បាន​ប្រាប់ខេមបូចាតាម​អ៊ីមែល​ពី​បរទេស​យ៉ាងខ្លីថា សវនាការនេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ «តុលាការ​ឆាកល្ខោន»។

ជនជាប់ចោទ​ផ្សេងទៀត​ដែល​កំពុង​ជាប់​ក្នុងពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៥ឆ្នាំ ប៉ុន្តែពួកគេនឹងត្រូវអនវុត្តទោសក្នុងពន្ធនាគាររយៈពេលបីឆ្នាំនិងប្រាំបីខែ ចំណែកទោស​​នៅ​សល់​ត្រូវ​បាន​ព្យួរធម្មតា។

តុលាការបានចោទប្រកាន់អ្នកទាំង២១នាក់ពីបទរួមគំនិតក្បត់ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់យោធាមិនឲ្យស្តាប់បង្គាប់ដែលផ្តើមចេញពីការប៉ុនប៉ងវិលត្រឡប់ចូលប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩ មិនបានសម្រេចរបស់លោក សម រង្ស៊ី និងការបង្កើតចលនាសង្គ្រោះជាតិ (CNRM) បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។

លោក ហ្វីល រ៉ូបឺតសិន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានរិះគន់ថា ជាការចោទប្រកាន់ដែល «គ្មានមូលដ្ឋាន» ដោយលោកហៅការកាត់ក្តីនេះថា ជា «ការតាមធ្វើបាបអ្នកប្រឆាំងដែលការនេះធ្វើឲ្យខូចកិត្តិយសទាំងរដ្ឋាភិបាលកម្ពុជានិងប្រព័ន្ធតុលាការរបស់ប្រទេសនេះ»។

លោក រ៉ូបឺតសិន មានប្រសាសន៍ថា៖ «រដ្ឋាភិបាលបរទេស អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយគួរតែតវ៉ាចំពោះការវាយប្រហារទៅលើក្រុមអ្នកនយោបាយប្រឆាំងនិងលើផ្នែកដែលនៅសេសសល់នៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»

មេធាវីការពារក្តីលោក សំ សុគង់ មានប្រសាសន៍ថា លោក រស់ ពិសិដ្ឋ ប្រធានក្រុម ប្រឹក្សាជំនុំជម្រះបានចេញដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដែលនៅបរទេសទេសហើយថា ដោយសារតែជនជាប់ចោទទាំងអស់មកពីគណបក្សប្រឆាំងតែមួយដូច្នេះវាបញ្ជាក់ថា សំណុំរឿងនេះគឺជារឿងនយោបាយ។

លោក សុខគង់ មាន​ប្រសាសន៍​ថា៖ «យើង​ខក​ចិត្ត​ដែល​ពួក​គាត់មិនបានទទួល​យុត្តិធម៌» ដោយ​បានបន្ថែម​ថា ​កូន​ក្តី​របស់​លោក​ទាំង​អស់​នឹង​ប្តឹង​ឧទ្ធរណ៍។

អ្នកស្រី សេង ចាន់ថន ជាភរិយារបស់លោក ស៊ុន ធន់ សមាជិកក្រុមប្រឹក្សាស្រុកមកពីខេត្តកំពង់ធំ ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ បានប្រាប់ខេមបូចាថា ប្តីរបស់អ្នកស្រីគ្មានកំហុសទេ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើសមគំនិត​ឬ​ក្បត់ជាតិ​នោះទេ។ ខ្ញុំ​គិត​ថា ​តុលាការគឺ​ជា​អាយ៉ង​របស់​អ្នក​នយោបាយ»

មន្ត្រីគណបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រគណបក្សនេះរងការវាយប្រហារចាប់តាំងពីគណបក្សនេះ ត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ២០១៧ បន្ទាប់ពីទទួលបានសំឡេងគាំទ្រច្រើនគួរឲ្យកត់សម្គាល់នៅក្នុងការបោះឆ្នោតជាតិនិងការបោះឆ្នោតឃុំសង្កាត់។

លោក សម រង្ស៊ី បាន​គេចខ្លួន​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៥ ចំ​ពេល​មាន​ការ​ចោទ​ប្រ កាន់​មក​លើ​រូប​លោកច្រើនករណី ចំណែកលោកស្រី សុខហួរ និង​អ្នក​ផ្សេង​ទៀត​បាន​​គេច​ខ្លួន ​បន្ទាប់​ពី​ការ​ឆ្មក់​ចូល​ចាប់​លោក កឹម សុខា នៅក្នុងផ្ទះទាំងកណ្តាលយប់។ ​បច្ចុប្បន្ន លោក កឹម សុខា ​កំពុង​ស្ថិត​ក្នុង​ដំណើរការជំនុំជម្រះក្តី​ពី​បទ​ក្បត់​ជាតិ។

កាលពីឆ្នាំមុន នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយ ប៉ុន្តែមានការជាប់ពាក់ព័ន្ធគ្នា សមាជិកគណបក្សសង្គ្រោះជាតិចំនួនប្រាំបួនរូប រួមទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ផងដែរ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី២០ទៅ២៥ឆ្នាំ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ។

ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាឆ្នាំនេះនិងការបោះ ឆ្នោតជាតិនៅឆ្នាំ២០២៣៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 21 Opposition politicians get between 5 and 10 years after ‘unfair’ trial

845 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម