ត្រពាំងសរុបចំនួន២៤នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានជីកស្តារដែលជាផ្នែកមួយនៃការអភិរក្សសត្វព្រៃនិងជីវៈចម្រុះ ខណៈភពផែនដីកាន់តែឡើងកំដៅ។ នេះបើយោងតាមរបាយការណ៍អង្គការ និងមន្ត្រីថ្នាក់ខេត្ត។
អាជ្ញាធរខេត្តនៅភាគឦសានបានចូលរួមសហការជាមួយអង្គការអភិរក្សក្នុងការស្តារត្រពាំងនៅក្នុងដែនជម្រកសត្វព្រៃដោយសារតែមើលឃើញថា«ស្តារត្រពាំងកាន់តែច្រើនសង្គ្រោះសត្វព្រៃនិងជីវៈចម្រុះបានកាន់តែច្រើន»ពីព្រោះត្រពាំងទាំងនោះមានសារៈសំខាន់សម្រាប់សត្វព្រៃនិងសហគមន៍ជាពិសេសនៅរដូវប្រាំង។
USAID មរតកបៃតង បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ USAID មរតកបៃតង សហការជាមួយក្រុមហ៊ុន រ៉ាយហ្ស៊ីងបានជីកស្តារត្រពាំងបានចំនួន៨ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងហើយនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ បានជីកស្តារចំនួន១០ត្រពាំងទៀត។
ការស្តារត្រពាំងធម្មជាតិជាបន្តបន្ទាប់នៅក្នុងដែនជម្រកសត្វព្រៃនេះ ធ្វើឡើងខណៈពេលដែលសីតុណ្ហភាពកាន់តែកើនឡើងដោយសារការប្រែប្រួលអាកាសធាតុបញ្ហាកង្វះទឹកក៏កាន់តែកើនឡើងនៅក្នុងរដូវប្រាំង ហើយវាបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់ជីវិតមនុស្សនិងសត្វនៅក្នុងព្រៃ។
នៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះអង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី និងមណ្ឌលគិរីដោយមានការគាំទ្រហិរញ្ញវត្ថុពី USAID មរតកបៃតង ក៏បានធ្វើការស្តារត្រពាំងសំខាន់ៗចំនួន៦នៅដែនជម្រកសត្វព្រៃលំផាត់ផងដែរ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការស្តារត្រពាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាទីជម្រកសមស្របសំរាប់សត្វជិតផុតពូជត្រយងយក្សត្រយងចង្កំកសនិងរក្សាទឹកសំរាប់សត្វព្រៃនិងសត្វពាហនៈស្រុកក្នុងរដូវប្រាំង។ការជីកស្តារនេះត្រូវធ្វើឡើងដោយសហគមន៍ប្រមាណជា៦០នាក់និងមិនប្រើគ្រឿងចក្រដើម្បីកាត់ការបន្ថយការរំខានដល់សត្វព្រៃ និងជីវចម្រុះ។
ត្រពាំងនីមួយៗត្រូវស្តារក្នុងទំហំមាត់លើ៣០ម៉ែត្រគុណ២០ម៉ែត្រ និងមានទម្រង់ដូចជាឆ្នាំងខ្ទះពោលគឺជម្រៅដេញពី៣០ទៅ៧៥សង់ទីម៉ែត្រ។ កំដៅក្តៅខ្លាំងនិងសណ្ឋានដីបាតត្រពាំងមានសភាពរឹងនិងថ្មគឺជាកត្តាប្រឈមដែលប្រជាសហគមន៍បានជួបប្រទះក្នុងពេលជីកស្តារ តែទោះជាយ៉ាងណាត្រពំាងទាំង៦នៅដែនជម្រកសត្វព្រៃលំផាត់ត្រូវបានជីកស្តាររួចរាល់នាចុងរដូវប្រាំងឆ្នាំ២០២៤។
លោកប្រាក់ មុនី ប្រធានគ្រប់គ្រងតំបន់ USAID មរតកបៃតង ដែលទទួលខុសត្រូវលើដែនជម្រកសត្វព្រៃសៀមប៉ាង និងលំផាត់ បានថ្លែងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាខ្វះខាតទឹកក្នុងរដូវប្រាំងសម្រាប់ទាំងសត្វព្រៃនិងសហគមន៍ក៏ដូចជាដើម្បីធ្វើការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ផងដែរ។
លោកនិយាយថា៖ «ត្រពាំងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្តល់ទឹក អាហារនិងកន្លែងសម្រាកសម្រាប់សត្វព្រៃទាំងអស់ រួមទាំងសត្វត្រយងយក្សនិងសត្វត្រយងចង្កំក ស ដែលជិតផុតពូជ។ ប្រភេទសត្វទាំងនេះ រួមជាមួយនឹងសត្វព្រៃផ្សេងទៀតនិងសហគមន៍បានពឹងផ្អែកលើត្រពាំងជាច្រើនជំនាន់មកហើយជាពិសេសក្នុងរដូវប្រាំងដែលខ្វះខាតទឹក»។
លោកបន្តថា កក្តាមួយចំនួនដូចជាការបាត់បង់សត្វព្រៃធំៗដែលចូលចិត្តដេកត្រាំនិងជាន់ឈ្លីដី ដូចជាដំរីអាស៊ី និងគោក្របីព្រៃ បូករួមនឹងការប្រែប្រួលអាកាសធាតុបានធ្វើឱ្យចំនួនត្រពាំងជាច្រើនកាន់តែរាក់និងបាត់បង់នៅក្នុងទសវត្សរ៍ចុងក្រោយនេះ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានយល់ស្របចំពោះការលើកឡើងរបស់លោកប្រាក់ មុនីអំពីផលប្រយោជន៍នៃការស្តារត្រពាំងនៅក្នុងដែនជម្រកសត្វព្រៃ។
លោកខេមរិន្ទបានប្រាប់ខេមបូចាកាលពីថ្ងៃទី៤ខែមិថុនាថា ដែនជម្រកសត្វព្រៃលំផាត់លាតសន្ធឹងនៅក្នុងខេត្តចំនួន៤ប៉ុន្តែមានវិសាលភាពធំជាងគេនៅក្នុងខេត្តរតនគិរី។ដោយសារតែត្រពាំងទាំងនោះមួយចំនួនបានគោករីងនៅរដូវប្រាំងទើបក្រសួងបរិស្ថានតាមរយៈមន្ទីរបរិស្ថានខេត្តរតនគិរីបានចូលរួមសហការជាមួយអង្គការអភិរក្សមួយចំនួនដើម្បីធ្វើការស្តារត្រពាំងដែលគោករីងឡើងវិញ។
លោកបញ្ជាក់ថា៖«ដែនជម្រកសត្វព្រៃលំផាត់ជាទីជម្រកសម្រាប់សត្វព្រៃកម្រៗជាច្រើនជាពិសេសសត្វបក្សីត្រយងយក្ស ត្រយងចង្កំកស និងប្រភេទសត្វជាច្រើនផ្សេងទៀត។ ហេតុដូច្នេះហើយទើបយើងមានភាពចាំបាច់ក្នុងការស្តារត្រពាំងដែលគោករីងនៅរដូវប្រាំងដើម្បីឱ្យសត្វអាចផឹកទឹកនិងរកចំណី និងក៏ជាប្រភពទឹកដែលអ្នកស្រុកអាចប្រើប្រាស់បានផងដែរ»។
ក្រៅពីការស្តារត្រពាំងលោកផុន ខេមរិន្ទ បានឱ្យដឹងថា ក្រសួងបរិស្ថានតាមរយៈមន្ទីរបរិស្ថានខេត្តនឹងធ្វើការដាំស្តារព្រៃឈើឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ឱ្យបាន៦០ភាគរយពីព្រោះព្រៃឈើជាជម្រកសត្វព្រៃនិងជីវៈចម្រុះមានព្រៃឈើច្រើនគឺធ្វើឱ្យមានសត្វព្រៃច្រើន។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឆ្លើយតបតាមបណ្តាញតេឡេក្រាមមកខេមបូចា និងក៏បានទទួលស្គាល់ពីអត្ថប្រយោជន៍នៃត្រពាំងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃផងដែរថា ត្រពាំងមួយចំនួនអាចរក្សាទឹកបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើនរីងស្ងួតនៅរដូវប្រាំង (ខែវិច្ឆិកា ដល់ខែឧសភា)។
លោកថ្លែងថា៖ «ទន្ទឹមនឹងការផ្តល់ទឹកពិសា និងជម្រកសត្វក្នុងទឹក បន្លែដែលលេចចេញ និងលិចទឹកនិងប្រភេទស្រទាប់ខាងក្រោមភក់នៅក្នុងត្រពាំង ផ្តល់នូវជម្រកចំណីសម្រាប់ប្រភេទសត្វជិតផុតពូជជាច្រើនប្រភេទ។ សត្វត្រយងធំនិងស្មាពណ៌សជាពិសេសពឹងផ្អែកលើពួកវា»។
ក្រោមគោលដៅរួមនៃការទប់ស្កាត់ការបាត់បង់ ឬការរេចរឹលនៃសេវាអេកូឡូស៊ីដែលផ្តល់ដោយត្រពាំងលោក អាទិត្យា បានលើកឡើងថា គម្រោងស្តារត្រពាំងគួរខិតខំសម្រេចឱ្យបាននូវគោលបំណង២៖ ទី១ធ្វើឱ្យប្រសើរឡើងនូវតម្លៃអេកូឡូស៊ីនៃត្រពាំងដែលខូចគុណភាពដល់សត្វព្រៃនិងទី២ កែលម្អតម្លៃឧបករណ៍ប្រើប្រាស់នៃត្រពាំងដល់សហគមន៍មូលដ្ឋានសម្រាប់ការអនុវត្តប្រកបដោយនិរន្តរភាព។
លោក ញឹង សេង ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមស្តារត្រពាំងក្នុងស្រុកលំផាត់បាននិយាយថា ជាច្រើនជំនាន់មកហើយត្រពាំងបានផ្តល់ទឹកនិងអាហារមិនត្រឹមតែដល់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ដល់សត្វស្រុករបស់អ្នកភូមិនៅក្នុងតំបន់នោះផងដែរ។
លោកលើកឡើងថា៖ «អ្នកភូមិខ្លះចាប់ត្រី កង្កែប អន្ទង់និងសត្វផ្សេងទៀតពីត្រពាំងមកធ្វើជាអាហារ។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការរក្សាវាឱ្យជ្រៅដើម្បីឱ្យវាអាចស្តុកទឹកឱ្យយើងបានពេញមួយឆ្នាំ»។
USAID មរតកបៃតងបានសហការជាមួយដៃគូអភិរក្សនិងសហគមន៍ចូលរួមស្តារត្រពាំងដើម្បីអភិរក្សជីវៈចម្រុះក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងតាំងពីឆ្នាំ២០២៣មក។ រហូតមកដល់ចុងរដូវប្រាំងឆ្នាំ២០២៤នេះ ត្រពាំងចំនួន១៨នៅស្រុកសៀមប៉ាងនិងចំនួន៦នៅស្រុកលំផាត់ត្រូវបានស្តារឡើងវិញរួចរាល់ជាស្ថាពរ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ ១៣៣ ៧០៧,៧៣ហិកតាស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីទំហំ ៣៥៦ ០៨៧ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ។
ជាមួយគ្នានេះ ដើម្បីរួមចំណែកធ្វើការអភិរក្សសត្វព្រៃ ខណៈដែលអាកាសធាតុមានការប្រែប្រួលក្ដៅជាងមុនUSAID មរតកបៃតង កំពុងចូលរួមធ្វើការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងគាំទ្រការអភិរក្សជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងលំផាត់។
USAID មរតកបៃតង បានចូលរួមធ្វើកិច្ចការងារនេះ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក អង្គការសន្សំម្លប់ព្រៃ និងក្រុមហ៊ុនអាយប៊ីស រាយស៍ (IRCC) ដោយបានធ្វើការលើកកម្ពស់កសិករក្នុងការដាំដុះផលិតផលស្រូវត្រយងដែលមានលក្ខណៈអំណោយផលដល់អាកាសធាតុ។
កិច្ចការងារនេះធ្វើឡើងតាមរយៈបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព គោលការណ៍ដែលមិនប៉ះពាល់ដល់សត្វព្រៃ និងគ្មានការកាប់បំផ្លាញព្រៃឈើ។
ជាមួយគ្នានេះក៏បានធ្វើការអភិរក្សដោយផ្តោតទៅលើសត្វទោចថ្ពាល់លឿងនិងសត្វត្មាតដែលជិតផុតពូជផងដែរ។ ក្នុងនោះមានការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោចថ្ពាល់លឿងនៅដែនជម្រកសត្វព្រៃកែវសីមា ខណៈចំនួនសត្វទោចថ្ពាល់លឿងបានថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនបណ្តាលមកពីការបាត់បង់ទីជម្រកនិងការចាប់ជួញដូរធ្វើជាសត្វចិញ្ចឹម។
បច្ចុប្បន្ននេះ សត្វត្មាតត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទសត្វស្លាបជិតផុតពូជបំផុត ដែលនេះបង្ហាញថាពួកវាកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។
លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបរិស្ថានបានធ្វើជំរឿនសត្វស្លាបទូទាំងប្រទេសដោយរកឃើញថា ចំនួនសត្វត្មាតមានស្ថិរភាពឬកើនឡើងតិចតួច (ប្រហែល១៣៥ក្បាល នៅទូទាំងប្រទេស) សត្វក្រៀលក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានចំនួនប្រហែល១៨០ក្បាលសត្វត្រយ៉ងកស កើនឡើងពី៥៩០ក្បាលក្នុងឆ្នាំ២០១៦ដល់៧៩២ក្បាលនៅឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបញ្ជាក់ថាក្រសួងបានដាក់ចេញវិធានការបង្ការក្នុងនោះក៏មាន ការអនុវត្តច្បាប់១០០% ដោយគ្មានករណីលើកលែង ដោយបញ្ចប់វប្បធម៌នៃការចុះហត្ថលេខាលើកិច្ចសន្យា និងការដោះលែងជនល្មើសធនធានធម្មជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត ដែលមានតួនាទីទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ ការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។
ក្រៅពីនេះលោកបញ្ជាក់ថា៖ «លើកកម្ពស់ និងជំរុញការដាំដើមឈើឡើងវិញ ដោយមានគោលដៅដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅត្រឹមឆ្នាំ២០៥០។ ការលើកកម្ពស់ការដាំដើមឈើនេះ គឺមានន័យថា ដាំដើមឈើឱ្យបានច្រើនជាងការកាប់ឈើ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបានតាមការកំណត់ខាងលើ គឺ៦០% នៅត្រឹមឆ្នាំ២០៥០»។
សកម្មជនព្រៃឈើម្នាក់នៅខេត្តមណ្ឌលគិរីដែលបដិសេធប្រាប់ឈ្មោះដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានលើកឡើងថា លោកគាំទ្រផែនការដាំកូនឈើឡើងវិញរបស់ក្រសួងបរិស្ថាន។ លោកបន្តថា ការដាំដើមឈើឡើងវិញគឺជាការល្អ ប៉ុន្តែបើបញ្ឈប់ការកាប់ឈើនិងការរុករានដីព្រៃឱ្យបានជាស្ថាពរគឺកាន់តែល្អថែមទៀត។
លោកបញ្ជាក់ថា៖ «បើចង់អភិរក្សសត្វព្រៃដែលប្រភេទសត្វព្រៃខ្លះជិតផុតពូជ គឺចាំបាច់ត្រូវតែបញ្ឈប់ការកាប់បំផ្លាញព្រៃឈើពីព្រោះព្រៃឈើគឺជាជម្រករបស់សត្វព្រៃអស់ព្រៃឈើក៏អស់សត្វព្រៃដែរ។ ការស្តារត្រពាំងក្នុងតំបន់អភិរក្សគឺល្អ តែការបញ្ឈប់ការកាប់ព្រៃឈើឱ្យបានជាស្ថាពរគឺជាគន្លឹះសំខាន់ក្នុងការការពារសត្វព្រៃ»។
សកម្មជនព្រៃឈើរូបនេះបានអះអាងថា ការកាប់ឈើនិងការឈូសឆាយដីព្រៃនៅតែបន្តកើតមានជាហូរហែនៅតាមទីតាំងមួយចំនួននៃដែនជម្រកសត្វព្រៃដែលធ្វើឱ្យព្រៃឈើកាន់តែខ្សត់ទៅៗគួរឱ្យព្រួយបារម្ភ។
លោកនាង វណ្ណៈអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរីមិនបានឆ្លើយតបទៅនឹងសំណើរសុំធ្វើអត្ថាធិប្បាយលើការស្តារត្រពាំងនៅក្នុងដែនជម្រកសត្វព្រៃនោះទេ ប៉ុន្តែលោកបានថ្លែងប្រាប់ខេមបូចាថា៖ «ការកាប់រានដីព្រៃនៅតែមានកើតឡើង ប៉ុន្តែមានការធ្លាក់ចុះច្រើនដោយសារតែមានការសហការពីថ្នាក់ជាតិ ពីក្រសួងកសិកម្ម ពីក្រសួងបរិស្ថានដោយមានខេត្តជាសេនាធិការបានធ្វើការបង្ក្រាបជាបន្តបន្ទាប់»។
ចំណែកលោកឆៅ ប៊ុនធឿនប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនបានទទួលទូរសព្ទនិងមិនបានឆ្លើយតបទៅនឹងការស្នើសុំធ្វើអត្ថាធិប្បាយជាច្រើនលើកតាមបណ្តាញតេឡេក្រាមឡើយ។
ដែនជម្រកសត្វព្រៃសៀមប៉ាង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានត្រពាំងទឹកជាង២០០កន្លែង។ ត្រពាំងទាំងនោះ បានផ្តល់ជាអាងទឹកសម្រាប់ប្រភេទសត្វព្រៃជិតផុតពូជ និងជិតផុតពូជបំផុត ដូចជាសត្វរមាំង សត្វត្រយងយក្ស និងសត្វត្រយងចង្កំកសជាដើម ក្នុងការចុះមុជទឹកផ្សើមខ្លួន និងសម្រាកដើម្បីទប់ទល់ពីភាពក្តៅរាំងស្ងួតនារដូវប្រាំង។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន យ៉ាងហោចណាស់មួយភាគបួននៃចំនួនត្រពាំងទាំងនោះបានរីងស្ងួត ឬជិតរីងស្ងួត៕