សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការសិក្សាថ្មីរកឃើញថា ៤៣ភាគរយនៃកុមារអាយុក្រោម១៤ឆ្នាំរងអំពើហិង្សានៅផ្ទះ

ក្មេងប្រុសម្នាក់កំពុងដើរជាមួយស្រ្តីម្នាក់នៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ខេមបូចា/ព្រីង សំរាំង
ក្មេងប្រុសម្នាក់កំពុងដើរជាមួយស្រ្តីម្នាក់នៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ខេមបូចា/ព្រីង សំរាំង

ការ​សិក្សា​ថ្មី​មួយ​របស់​រដ្ឋាភិបាល​រកឃើញ​ថា ជិត​ពាក់​កណ្ដាល​នៃ​កុមារ​កម្ពុជាអាយុ​ចន្លោះពី​១ទៅ​១៤​ឆ្នាំ​ គឺ​បាន​ទទួល​ការ​អប់​រំ​ដោយ​ការ​ប្រើ​ហិង្សា​លើ​រាង​កាយ ដោយ​​លើកឡើងថានេះជា​ទម្លាប់​ដែល​នៅ​តែ​មាន​ ហើយ​ពេល​​អប់​រំ​កូន​ឪពុក​ម្ដាយ​តែង​វាយ​កូន​ៗ​​។​

ការ​ស្ទង់​មតិ​មួយរបស់​ក្រ​សួង​សុខាភិបាល និង​វិទ្យាស្ថានជាតិ​ស្ថិតិ​ ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ បាន​ឲ្យ​ដឹង​ថា ៤៣​ភាគរយ​នៃ​កុមារ​អាយុ​ចន្លោះ​ពី​១ទៅ​១៤​ឆ្នាំ តែង​តែ​ត្រូវ​បាន​អប់​រំ​ដោយ​ការ​វាយ​ដំលើ​រាង​កាយ​នៅក្នុង​គ្រួសារ ក្នុង​​នោះ​មាន​ ៥​ភាគ​រយ​បាន​រង​ហិង្សា​លើ​រាង​កាយ​ធ្ងន់​ធ្ងរ ដូច​ជា​រង​ការ​វាយ​ដំ​លើ​មុខ ឬ​ក្បាល​ជា​ដើម​។​​

​បើ​តាម​របាយការណ៍​ដដែល​បានឲ្យដឹងថា ពីរ​ភាគ​បី​នៃ​កុមារ​ទាំង​នេះ​ធ្លាប់​រង​បទ​ពិសោធន៍​ការ​អប់​រំ​បែប​​ហិង្សា​លើ​រាង​កាយ ​ឬ​ហិង្សា​ផ្សេង​ទៀត​។ បន្ថែមពី​នេះ កុមារ​បី​នាក់​ក្នុង​ចំនោម​ប្រាំ​នាក់​មាន​បទពិសោធន៍រង​ហិង្សា​ផ្នែក​ផ្លូវ​ចិត្ត ដូច​ជា​ការ​ស្រែក​គំហក​ដាក់​ ឬ​ហៅ​ឈ្មោះ​តែ​ម្ដង​។​​​

ក្មេង​ប្រុស​ និង​កុមារ​ផ្សេង​ទៀត​រស់​នៅ​ជនបទ​​ គឺ​ទំនង​ជា​រង​ទណ្ឌកម្ម​លើ​រាង​កាយ​ និង​ផ្លូវ​ចិត្ត​ច្រើន​ជាង​ក្មេង​ស្រី​ និង​កុមារ​នៅ​តាម​ទីក្រុង​។​

ការ​សិក្សា​នេះ​បាន​​ធ្វើទៅ​លើ​​ ២១ ០០០ គ្រួសារនៅទូទាំង​ប្រទេស​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០២១​ ដល់​ខែកុម្ភៈ ឆ្នាំ​២០២២ អំពី​វិធីសាស្រ្តអប់​រំ​កូន​ដែល​បាន​ប្រើ​លើ​កូន​គឺមួយខែ​មុន នៃ​ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​។​

«អំពើហិង្សាលើ​កុមារបានបង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កុមារនោះ​ទេ តែ​ក៏​អាច​បំផ្លាញសហគមន៍​ទាំង​មូល​ និង​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​» នេះ​បើ​តាម​ការ​លើក​ឡើង​​​របស់អ្ន​កស្រី​ Foroogh Foyouzat តំណាង​អង្គការ​យូណេសេហ្វ​ប្រចាំ​កម្ពុជា ដែល​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍។ អ្នកស្រី​បន្តថា៖ «ការ​សិក្សា​នេះ​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​​នៅ​តាម​តំបន់​មួយ​ចំនួន ប៉ុន្តែ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ធ្វើ»។​

​សេចក្ដី​ថ្លែង​ការណ៍​ដដែល​បានលើកឡើងថា កាល​ពី​ឆ្នាំ​​២០១៣​ ការ​ស្ទង់​មតិថ្នាក់​ជាតិ​មួយ​បាន​បង្ហាញ​ថា ៥០​ភាគរយ​នៃ​កុមារ​បាន​ទទួល​រង​អំពើហិង្សា​លើ​រាង​កាយ ហើយ​ការសិក្សា​ថ្មី​នេះបាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​បន្តិច​ក្នុង​រយៈ​ពេល​ជិត​១០​ឆ្នាំ​កន្លង​មក​នេះ។ ​

ដើម្បី​គាំពារ​កុមារ និង​បញ្ចប់​អំពើ​ហិង្សា​ដែល​ដិត​ដាម​ក្នុង​រង្វង់​គ្រួសារ អ្នកស្រី Foroogh Foyouzat មាន​ប្រសាសន៍​ថា​កម្ពុជា​គួរ​តែ​រៀប​ចំ​ឲ្យ​រួច​រាល់​នូវ​ច្បាប់​ស្ដីបីការគាំពារ​សិទ្ធិ​កុមារ និង​បង្កើន​ការវិនិយោគ​បន្ថែម​ទៀត​លើបុគ្គលិកសង្គមកិច្ច និង​កម្មវិធីគាំពារ​នានា​។​

លោក ភី ណូ ប្រធាននាយកដ្ឋានគាំពារ​កុមារ​របស់​ក្រ​សួង​សង្គម​កិច្ច មាន​ប្រសាសន៍​ថា​ទម្លាប់​ក្នុង​សង្គម​ដែល​នៅ​មាន​សព្វ​ថ្ងៃ​បាន​ដើរ​តួរ​យ៉ាង​សំខាន់​លើ​ការ​ប្រើ​ហិង្សា​​ដើម្បី​អប់​រំ​កូន​នៅ​កម្ពុជា​។​

លោក​បន្ថែមថា៖ «ឪពុក​ម្ដាយ ក៏​ដូច​ជា​អ្នក​អប់​រំ​ផ្សេង​ទៀត តែ​ងតែ​បង្រៀនក្មេង​ដោយ​ស្រែក​ខ្លាំងៗ​ដាក់​ពួកគេ និង​ពេល​ខ្លះ​ថែម​ទាំង​ប្រើ​ហិង្សាលើ​រាងកាយ​ទៀត​ផង»។ លោក​បន្ត​ថា៖ «នេះ​ក៏ដោយសារ​​ពួកគាត់ធ្លាប់​ទៅ​នឹង​វប្បធម៌ ឬទម្លាប់​ដែល​ពួកគាត់​បាន​ជួប​កាល​ពី​នៅ​កុមារ ហើយ​តិច​ឬ​ច្រើន​ អ្វី​ទាំង​នោះ​ក៏​បាន​ជះឥទ្ធិ​ពល​លើ​ចិត្តគំនិត​របស់​ពួកគាត់ ដោយ​គិត​ថា​ការ​ដាក់​ទណ្ឌ​កម្ម អាច​ជួយ​ណែនាំ​ក្មេង​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រូវ និង​មាន​ចរិយាល្អ»។​

លោក​ឲ្យ​ដឹងទៀត​ថា ដើម្បី​កែ​ប្រែ​ទម្លាប់​របស់​គ្រូ ឬ​ឪពុក​ម្ដាយ​នេះ​ចេញ​គឺត្រូវ​ការពេល​វេលា ដើម្បី​ឲ្យ​ពួកគាត់​ឈប់​អប់​រំ​កូន​ចៅ​តាម​បែប​ហិង្សា និង​ងាក​មក​ជាការអប់​រំ​បែប​វិជ្ជមានវិញ​។​

លោក​បន្ថែម​ថា៖ «​យ៉ាងណា​អំពើ​ហិង្សា​លើ​រាង​កាយ​កុមារនៅ​តាម​គ្រួសារ​បាន​ថយ​ចុះ​យ៉ា​ង​ច្រើន​នៅ​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ»។​

លោក ហឿ សេធុល ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​ និង​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្រ្ត មាន​ប្រសាសន៍​ថា អំពើហិង្សាគ្រប់ទម្រង់ទាំង​អស់​មិនមែន​ជា​ការ​អប់​រំ​ប្រៀនប្រដៅនោះទេ តែវាជា​ការ​បំពាន​លើ​ផ្នែក​រាង​កាយ និង​ស្មារតី​។​ ប៉ុន្តែ​លោក​ថានៅកម្ពុជា ប្រ​ជា​ពល​រដ្ឋ​នៅ​តែ​យល់​ច្រឡំ​ថា​ការ​ដាក់​ទណ្ឌកម្ម​​លើ​រាង​កាយ​គឺ​ជា​រឿង​ធម្មតា​។​

លោក​ថា ផល​វិបាក​កើត​ចេញពី​ការ​រំលោភ​បំពាន​​ផ្នែក​រាង​កាយ និង​ស្មារតី​ លើ​កុមារ​មាន​ដូច​ជា​បញ្ហា​ថប់អារម្មណ៍ បាក់​ទឹក​ចិត្ត និង​អស់ជំនឿ​លើ​ខ្លួន​ឯង​ជា​ដើម​។​

លោក​បន្ថែមថា៖ «​វាជា​កង្វល់​ធំមួយ​ក្នុង​សង្គម។ ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​យើង​ដូច​មើល​រំលង​រឿង​នេះ។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយចំពោះ​រឿង​នេះ ពីព្រោះ​ថា​សូម្បី​តែ​អ្នក​អប់រំ​ ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហានេះដែរ» ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 43% of Children Under 14 Physically Disciplined at Home, Study Says

210 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម