សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្តីប្រពន្ធ អេ ភូថង និងកូនស្រី ត្រូវបានសហព័ន្ធប្រដាល់ដាក់ពិន័យមិនឱ្យចូលរួមសកម្មភាពប្រកួតគុនខ្មែរ៦ខែ

លោក អេ ភូថង និងកីឡាករ អេ អាំម៉ារីនភូថង កំពុងផ្តល់យោបល់ដល់កីឡាករ ម៉ឺន មេឃា ក្នុងអំឡុងពេលសម្រាកឱ្យទឹកក្នុងព្រឹត្តិការណ៍ប្រកួតមួយ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)
លោក អេ ភូថង និងកីឡាករ អេ អាំម៉ារីនភូថង កំពុងផ្តល់យោបល់ដល់កីឡាករ ម៉ឺន មេឃា ក្នុងអំឡុងពេលសម្រាកឱ្យទឹកក្នុងព្រឹត្តិការណ៍ប្រកួតមួយ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

ធ្វើបច្ចុប្បន្នភាព៖ អតីតកីឡាករ​ជើង​ខ្លាំង និងជា​គ្រូ​បង្វឹក​ដ៏​ឆ្នើម​លោក អេ ភូថង រួមទាំង​ភរិយាអ្នក​ស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត ដែលជា​កូន​ស្រី ត្រូវ​បានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដាក់វិន័យ(ពិន័យ) មិនឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​រយៈ​ពេល​៦ខែ​ដូចគ្នា ដោយចាប់គិត​ពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤​តទៅ។ ប៉ុន្តែ​​ លោក ខូវ ឆាយ បានបង្ហើប​ថា ការ​ដាក់ពិន័យ​នេះ អាច​នៅមាន​ច្រក​សម្របសម្រួល និង​បន្ធូរបន្ថយកម្រិត​ទោស​បាន​ខ្លះ ដែល​អាស្រ័យ​លើ​ក្រុមគ្រួសារ​លោក អេ ភូថង ផ្ទាល់។

ការ​ដាក់វិន័យ​របស់​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ​ទៅលើ​លោកគ្រូ អេ ភូថង ព្រមទាំង​អ្នកស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត ដែលជាកូន​ស្រី​នេះ គឺ​ត្រូវ​បានធ្វើ​ឡើង កាល​ពីរសៀល​ថ្ងៃ​ចន្ទ គឺ​បន្ទាប់​ពី​ក្រុម​គ្រួសារ​លោក អេ ភូថង បាន​​ប្រតិកម្ម​ដោយ​កំហឹង​​​ទៅលើ​អាជ្ញាកណ្តាល ជ្រា សុភាព ដែល​បានបញ្ឈប់​​កីឡាករ ម៉ឺន មេឃា ក្នុង​ពេលឡើង​​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ពីការ​ដណ្តើម​របស់​កីឡាករ ចាន់ ប៊ុនហឿន នៅលើ​សង្វៀន​​ប្រដាល់ PNN កាលពី​ថ្ងៃអាទិត្យ។

នៅ​ក្នុងការដាក់ពិន័យនេះ សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បានចេញ​សេចក្តី​សម្រេច​ចំនួន​៣​ផ្សេង​គ្នា ប៉ុន្តែ​មាន​អត្ថន័យ​រួម​តែមួយ ​គ្រាន់តែ​បញ្ជាក់​ពី​តួនាទី​ខុស​គ្នា​ គឺ​លោក​គ្រូ អេ ភូថង ​ត្រូវ​បាន​ពិន័យ​មិន​ឱ្យ​ចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡា​ប្រដាល់​គុនខ្មែរ រយៈពេល​៦ខែ ក្នុងនាមជា​គ្រូ​បង្វឹក ចំណែក​អ្នកស្រី សាំង សុម៉ាលី ត្រូវ​បានពិន័យ​ក្នុង​នាម​គាត់​ជាមន្រ្តី​បច្ចេក​ទេស​​របស់​ហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ និង អេ យ៉ានុត ក្នុងនាម​ជាកីឡាការិនី​ប្រដាល់​គុនខ្មែរ។

យោង​តាម​សេចក្តីសម្រេច​នៃ​ការដាក់ពិន័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​នេះ បានបញ្ជាក់​ថា៖ ​«ដាក់​វិន័យ​លោក អេ ភូថង ដែលជា​គ្រូបង្វឹក​កីឡា​ប្រដាល់​គុនខ្មែរ មិន​អនុញ្ញាត​ឱ្យ​ចូលរួម​​​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​គុនខ្មែរ ដែល​រៀបចំ​ដោយសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​រយៈពេល​៦​ខែ»

ចំពោះការដាក់ពិន័យ​ទៅលោក​គ្រូ អេ ភូថង រួម​ទាំង​អ្នក​ស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត នេះ គឺ​យោង​ទៅតាម​លក្ខន្តិកៈ បទបញ្ជា​គ្រប់​គ្រង​​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ និង​យោង​ទៅតាម​ស្មារតី​អង្គ​ប្រជុំ​​របស់​អនុ​គណៈកម្មការ​​បច្ចេក​ទេស​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ កាលពី​ថ្ងៃទីចន្ទ ទី​២២ ខែកក្កដា ឆ្នាំ​២០២៤។

ប៉ុន្តែ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ដែល​មាន​លោក ខូវ ឆាយ ជាប្រធាន មិនបានបញ្ជាក់​ពីមូល​ហេតុ​ជាក់លាក់ ដែល​ឈាន​ដល់​ការ​ដាក់ពិន័យ​​ទៅលើ​​ក្រុមគ្រួសារ​របស់​លោក អេ ភូថង នេះ​ទេ គឺ លោក ឆាយ គ្រាន់តែ​បង្គាប់​ឱ្យ​គណៈកម្មាធិការ​ប្រតិបត្តិរបស់សហព័ន្ធ រួមទាំង​អគ្គលេខាធិការ អនុ​គណៈកម្មការ​បច្ចេក​ទេស​ និងសាមីខ្លួន (លោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី និងកីឡាការិនី អេ យ៉ានុត) ត្រូវអនុវត្តសេចក្តី​សម្រេច​នេះឱ្យ​មាន​ប្រសិទ្ធ​ភាពខ្ពស់​ ចាប់ពី​ការ​ចុះហត្ថលេខានេះ​តទៅ។

យ៉ាងណាក៏​ដោយ នៅ​ក្នុងបទសម្ភាស​តាមទូរសព្ទ​ជាមួយ​ខេមបូចា កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ លោក ខូវ ឆាយ បានប្រាប់បន្ថែម​ថា ដោយសារ​លោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី និង អេ យ៉ានុត បានបង្ក​បញ្ហា​នៅ​ក្នុងកម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍ PNN ដោយពួក​​គាត់មិនព្រម​ទទួល​យក​លទ្ធផល​ការ​សម្រេច​ដោយ​គណៈកម្មការ​បច្ចេក​ទេស។​

ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​រូបនេះ បានបន្ថែម​ថា៖ «គាត់​​បានតវ៉ា​នៅពេល​នោះ បង្ក​ឱ្យ​មាន​ភាព​អនាធិប​តេយ្យ​ក្នុង​កម្មវិធី ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​ និងប៉ះពាល់​ដល់​កម្មវិធី​របស់​គេ​ទាំង​មូល រហូត​ដល់គេបិទ​ការ​ឡាយ ហើយបន្ត​មកទៀត​គាត់​បានសម្ភាស ដោយបានជេរ​ប្រទេច​ទៅ​ដល់​មន្រ្តី​សហព័ន្ធ ក៏ដូចជា​អាជ្ញាកណ្តាល​ ហើយ​ទាំង​អស់នេះ ជារូបភាព​មិន​ល្អ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​របស់​សហព័ន្ធ ដែលជា​អ្នក​រៀបចំកម្ម​វិធីប្រកួត​»។

ចំពោះ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​សង្វៀន​ប្រដាល់​PNN កាលពី​ថ្ងៃអាទិត្យ​នោះ កីឡាករ​ ម៉ឺន មេឃា បានដាក់​ខ្សែ​ក្រវាត់ប្រភេទទម្ងន់ ៦៣,៥​គីឡូក្រាម​​របស់​ខ្លួន​ឱ្យ​អ្នក​ប្រដាល់ ចាន់ ប៊ុនហឿន ឡើង​វ៉ៃ​ដណ្តើម ហើយតាម​រយៈការ​ប្រកួត​​នោះ ម៉ឺន មេឃា បាន​ម៉ាត់ និងទាត់​ឱ្យ ប៊ុនហឿន មាន​របួស​ជើងក្រោម ហើយ​ត្រូវ​បានអាជ្ញាកណ្តាល​លោក ជ្រា សុភាព រាប់​ចំនួន​២​លើក នៅ​ក្នុង​ទឹក​ទី​២ និង​​សឹង​តែ​បោះបង់ការ​ប្រកួត ក្រោមការ​វាយ​សង្រ្គប់​របស់ ម៉ឺន មេឃា នៅ​ចុង​ទឹក​ទី​២នេះ​ទៅ​ហើយ។

ប៉ុន្តែ​ស្ថាន​ភាព​ត្រដាប​ត្រដួស​របស់ ចាន់ ប៊ុនហឿន បាន​ប្រែ​ប្រួល នៅ​ពេល​រូបគេ​អាច​គ្រប់​គ្រង​ស្ថាន​ភាព​ប្រកួត​បាន​ល្អ​វិញ នៅ​ក្នុង​ទឹក​ទី​៣ ហើយ​នៅ​ដើម​ទឹក​ទី​៤ ប៊ុនហឿន បាន​ទាត់​ឆ្វេង​ចូល​ថ្គាម​ ម៉ឺន មេឃា ពេញ​​ទំហឹង បណ្តាល​ឱ្យ មេឃា ដួល​ទាំងជំហរ ហើយ​ត្រូវ​បាន​លោកអាជ្ញាកណ្តាល​រាប់ភ្លាមៗ។

នៅ​ក្នុង​អំឡុង​លោកអាជ្ញាកណ្តាល ជ្រា សុភាព កំពុង​រាប់នោះ ម៉ឺន មេឃា ដែល​កំពុង​បាន​ខំប្រឹង​ស្រវេ​ស្រវាក្រោក​ឡើង​ទាំង​ស្ថាន​ភាពវង្វេងវង្វាន់។ មេឃា បាន​ងក់ក្បាល ដើម្បី​បញ្ជាក់​ថា រូបគេអាចបន្ត​ប្រកួត​ទៀត​បាន នៅពេល​លោកអាជ្ញាកណ្តាល​រាប់​ដល់​៨ ប៉ុន្តែរូបគេ​មិ​ន​បានបោះជំហាន​ដើរ​មក​មុខ តាមការ​បញ្ជា​របស់​អាជ្ញាកណ្តាល​នោះទេ ហើយសកម្មភាព​នេះ នាំ​ឱ្យ​លោក ជ្រា សុភាព បានសម្រេចបញ្ឈប់​តែម្តង ព្រោះ​យល់​ថា ម៉ឺន មេឃា នៅ​បាត់​បង់​ស្មារតីនៅឡើយ មិនអាច​ឱ្យ​ប្រកួត​បានទៀត​ទេ។

តែទោះបីជា​យ៉ាង​ណា ភ្លាមៗ​បន្ទាប់ពីការ​បញ្ឈប់​នោះ ម៉ឺន មេឃា និង​ អេ អាំម៉ារីន ដែលជា​ប្អូន​ប្រុស និង​ជា​អ្នក​ឱ្យ​ទឹក បាន​ស្រែក​តវ៉ា​ទាំង​ច្រឡោតទៅ​កាន់​លោកអាជ្ញាកណ្តាល ចំណែក​អ្នក​ស្រី សាំង សុម៉ាលី ដែលជា​ម្តាយ រួមទាំង​លោក អេ ភូថង ជាឪពុក និង​អ្នកគាំ​ទ្រ ម៉ឺន មេឃា មួយ​ចំនួន​ទៀត ក៏បានស្រែក​តវ៉ាដោយកំហឹងចំពោះ​ការ​កាត់​សេចក្តី​នេះ ដែល​បង្ក​ឱ្យមាន​ភាពចលាចល​​ពេញ​សង្វៀន​ប្រដាល់​តែម្តង ដោយអូសបន្លាយពេល​ជាង​កន្លះម៉ោង។

យ៉ាង​ណាក៏​ដោយ ក្រោយ​ការប្រជុំពិភាក្សា​ម្តង​ហើយម្តង​ទៀត​របស់​គណៈកម្មការ​បច្ចេក​ទេស​គឺ គណៈកម្មការ​វិនិច្ឆ័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ នៅតែ​សម្រេចរក្សា​លទ្ធផល​ដើម ដោយ​ប្រកាស​ឱ្យ​កីឡាករ ចាន់ ប៊ុនហឿន ជា​អ្នក​ឈ្នះ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ អម​ដោយ​ប្រាក់​រង្វាន់​ចំនួន​១២​លាន​រៀល។

ជាមួយ​គ្នា​នេះ គណៈកម្មការ​បច្ចេក​ទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ក៏​បាន​ស្នើ​សុំ​ទៅ​កាន់​ភាគីកីឡាករ ម៉ឺន មេឃា ឱ្យ​សរសេរលិខិត​ប្តឹង​តវ៉ា​ជា​ផ្លូវ​ការ​​ចំពោះ​ការ​មិនឯក​ភាពលើ​ការ​កាត់សេចក្តី​នេះផងដែរ ប៉ុន្តែ​ទាំង​លោក អេ ភូថង និងភរិយា មិន​ប្តឹង​នោះ​ទេ ព្រោះ​អ្នកទាំង​២​យល់​ថា ប្តឹង​ក៏​អត់​ប្រយោជន៍ ព្រោះមិនអាច​កែ​ប្រែ​អ្វី​បាន។

លោក អេ ភូថង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្រោយការ​ប្រកួត កាលពីថ្ងៃអាទិត្យ​នោះ​​ថា៖ ​«ខ្ញុំ​មានការអន់ចិត្តណាស់ (ចំពោះការ​កាត់សេចក្តី​នេះ) ប៉ុន្តែ​សួរ​ថា បើ​ដាក់​ពាក្យ​ប្តឹងខ្ញុំ​​បាន​អ្វី​មក​វិញ។ ប្តឹង​​លុះ​ត្រាតែមាន​អ្នក​រក​ភាព​យុត្តិធម៌​ឱ្យខ្ញុំ ប៉ុន្តែ​ខ្ញុំ​ដូចជាមិនជឿ»

ចំណែក​អ្នក​ស្រី សាំង សុម៉ាលី ដែលជាភរិយា ក៏​បានប្រកាន់ជំហរ​មិន​ប្តឹង​តវ៉ា ព្រោះ​វាអត់ប្រយោជន៍ ដោយ​អះអាង​ថា អ្នកស្រី និងស្វាមី​ធ្លាប់​បាន​ប្តឹង​តវ៉ាជុំវិញ​ភាព​មិន​ប្រក្រតី​ក្នុងការ​ប្រកួត​បែប​នេះ​ច្រើន​លើក​ដែរ​ហើយ ប៉ុន្តែ​ចុង​ក្រោយមិនមានការ​ដោះស្រាយតាម​តម្លា​ភាព​អ្វី​ទេ ផ្ទុយ​ទៅវិញ​ត្រូវបាន​គេ​គាបសង្កត់ ស្តីបន្ទោស និង​អស់លុយ​ដាក់ពាក្យ​ប្តឹងចំនួន​១លាន​រៀលទៀត។

យ៉ាង​ណា​ក៏​ដោយ ចំពោះការ​ស្រែក​តវ៉ាលើ​ករណីប្រកួត​របស់​កីឡាករ ម៉ឺន មេឃា និង ចាន់ ប៊ុនហឿន នេះ​អ្នក​ស្រី សាំង សុម៉ាលី បានបញ្ជាក់​ថា អ្នក​ស្រី និងក្រុមគ្រួសារ ត្រូវតែ​ធ្វើ​បែបនេះ ព្រោះជារឿងមិនអាច​ទទួល​យក​បាន។ អ្នកស្រី​​និយាយ​ថា៖ «ខ្ញុំជា​ប្រជារាស្រ្ត​ខ្មែរ​ធម្ម​តា អ៊ីចឹង​ខ្ញុំ​ត្រូវតែ​តវ៉ា​ហើយ ហើយបើ​សិនគាត់ (ថ្នាក់ដឹកនាំ​សហព័ន្ធ)​​មិនពេញ​ចិត្តពួក​ខ្ញុំ បញ្ឈប់ក្លិប​គុនខ្មែររបស់​ខ្ញុំ​ទាំង​អស់​ទៅ!»

យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃចន្ទ​បន្ទាប់​​អ្នកស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត ដែលជា​កូន​ស្រី​ បាន​បង្ហោះសារ​សូម​ទោសជាសាធារណៈ ជុំវិញការ​ប្រើ​ពាក្យ​រិះគន់ដោយកំហឹង​របស់​ខ្លួន​ទៅលើ​លោកអាជ្ញាកណ្តាល ជ្រា សុភាព។

អ្នក​ស្រី សាំង សុម៉ាលី បាន​សរសេរ​បែបនេះ​ថា៖ «រឿង​អ្វីៗ​ដែល​កើត​ឡើង​ម្សិលមិញ នាង​ខ្ញុំ​សូម​ទោស​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ផង ដែល​​ខ្ញុំ​ និង​ក្រុម​គ្រួសារ​បាន​ប្រើ​ពាក្យ​ខ្លះ​មិន​ល្អ​ដោយ​កំហឹង ហើយ​រឿង​ម្សិលមិញ​​ខ្ញុំ ​និង​ក្រុម​គ្រួសារចិត្ត​​ត្រជាក់​នឹង​លែង​ខឹង​អស់​ហើយ ​ខ្ញុំ​សូម​ចប់​ត្រឹម​ហ្នឹង»

ចំណែក អេ យ៉ានុត ដែល​បាន​បង្ហោះសារ​ជេរប្រមាថ​ដល់​ម្តាយ​របស់​លោកអាជ្ញាកណ្តាល ជ្រា សុភាព នោះបានបង្ហោះសារសូមទោស​វិញ​បែប​នេះ​ថា៖​ «ខ្ញុំអន់ចិត្តចំពោះលោកអាជ្ញាកណ្តាល ហើយ​ដោយសារតែពិបាកទប់អារម្មណ៍ទើបខ្ញុំប្រើពាក្យមិនសមរម្យ​ទៅលោក​គ្រូអាជ្ញាកណ្ដាល។ ខ្ញុំសុំទោសលោកគ្រូ ហើយក៏សុំទោសហ្វេនៗដែលខ្ញុំប្រើពាក្យមិនបានល្អ តែខ្ញុំពិតជាអន់ចិត្តខ្លាំង ចំពោះការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល»

កីឡាករ ម៉ឺន មេឃា និងចាន់ ប៊ុនហឿន ក្នុងពេលប្រកួតដណ្តើមខ្សែក្រវាត់ នៅលើសង្វៀនប្រដាល់ PNN កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ខណៈការប្រកួតនេះ បានកើតមានការតវ៉ាដោយកំហឹង នាំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើការពិន័យដល់ក្រុមគ្រួសារលោក អេ ភូថង។ (រូបថតផ្តល់ឱ្យ)

ជាមួយការ​បង្ហោះ​សារសុំ​ទោស ដែល​បាន​ធ្វើ​ឡើង នៅព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ បាន​ធ្វើ​ឱ្យ​ស្ថាន​ភាព​នៃការ​ប៉ះទង្គិច​ដោយពាក្យសំដី ជុំវិញការ​ប្រកួត​រវាង ម៉ឺន មេឃា និងចាន់ ប៊ុនហឿន បាន​វិល​មក​រក​ភាព​ល្អ​វិញ ដោយ​អ្នកគាំ​ទ្រ​ភាគ​ច្រើន​យល់​ថា បញ្ហាទាំងនេះ បានបញ្ចប់​ត្រឹម​ការ«សូមទោស»។

ប៉ុន្តែ​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី២២ ខែកក្កដា ​ដដែល​នោះ ស្រាប់តែ​ឃើញ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ ចេញ​សេចក្តី​​សម្រេច​ដាក់​ពិន័យ​ទៅ​ដល់​លោក អេ ភូថង អ្នក​ស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត។ អ្នកគាំ​ទ្រ​មួយ​ចំនួន​ធំ បានគាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ប៉ុន្តែ​អ្នក​គាំ​ទ្រ​មួយចំនួន​ទៀត បានបញ្ចេញ​មតិ​ទិដៀល​ថា ការ​សម្រេចពិន័យនេះ ដូចជា​លឿន​ពេក ដែលមិន​បានឆ្លង​កាត់នីតិវិធី ឬ​ធ្វើការ​ព្រមានជាមុន ទើប​ឈាន​ដល់ការ​ដាក់​ពិន័យ​នោះ​ទេ។

ចំពោះ​បញ្ហា​នេះ លោក ខូវ ឆាយ បានពន្យល់​ថា៖ «តាមពិត​យើងមានការបញ្ជូន(រឿងនេះ) ​តាំង​ពី​ព្រឹក​ដល់​ល្ងាច ទើប​មានកំណត់​ហេតុ​ត្រឹម​ត្រូវ គឺ​អនុគណៈកម្មការ​បច្ចេក​ទេស បានកោះ​ប្រជុំ​តាំងពី​ព្រឹក​ម៉ោង​៨ ព្រោះរឿង​​នេះ​យើង​ត្រូវ​ធ្វើ​បន្ទាន់​ ដោយសារ​ជា​រឿង​ក្តៅ​ដែរ»

លោកបាន​ឱ្យ​ដឹង​ទៀត​ថា ​ខាង​អនុ​គណៈកម្មការ​បច្ចេក​ទេស និង​ក្រុមការងារបច្ចេក​ទេស​របស់សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ PNN ​បាន​កោះ​ប្រជុំ​គ្នា រហូត​ដល់​ធ្វើ​កំណត់​ហេតុ​ ហើយនៅ​ថ្ងៃចន្ទ ពេល​​ត្រង់ ​ទើប​មាន​ការ​​ប្រជុំ​ជាមួយ​អនុគណៈកម្មការ​វិន័យ​ទៀត ដើម្បី​កំណត់​ថា ត្រូវ​ពិន័យ​យ៉ាង​ម៉េចចំពោះ​ទង្វើ​​របស់​ក្រុមគ្រួសារ​លោក អេ ភូថង។​

លោក​បញ្ជាក់​ថា៖ «ចុងក្រោយ​អនុគណៈកម្មការ​វិន័យ​ សម្រេច​ថា ត្រូវតែ​ពិន័យ​ពួកគាត់​ មិន​ឱ្យ​ចូលរួម​កម្មវិធី​ប្រកួត​ប្រដាល់​រយៈពេល​៦​ខែ​។ ពួកគាត់ទាំង​២ (អេ ភូថង និងភរិយា) មិនមែនជា​កីឡាករ​ទេ គ្រាន់តែជា​គ្រូ អ៊ីចឹង​មិន​ឱ្យ​ចូលរួម មានន័យ​ថា មិនឱ្យ​គាត់​ទៅ​ឱ្យ​ទឹក​ ដើម្បីកុំ​ឱ្យ​គាត់​បង្ក​បញ្ហា​ទៀត»

ចំណែក លោក អេ ភូថង បានបដិសេធ​មិន​​ផ្តល់​បទសម្ភាសន៍ ជុំវិញ​ការ​ដាក់​ពិន័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​នេះទេ ដោយ​លោក​បាន​ប្រាប់​តាមទូរសព្ទ​ កាលពី​យប់​ម៉ោង​៨ ថ្ងៃ​ចន្ទ​ថា៖ ​«​សូមទោស​ផង​បង ខ្ញុំ​អត់សម្ភាស​ទេ ព្រោះពេលនេះ​ខ្ញុំ​កំពុង​ខូចចិត្ត។ និយាយ​អត់ចេញ​ទេ! ខ្ញុំពិបាក​និយាយ​ណាស់ ព្រោះពេល​នេះ​អារម្មណ៍​របស់​ខ្ញុំកំពុង​ក្តុកក្តួល​»

ជាមួយគ្នានេះ លោក ខូវ ឆាយ  បានអះអាង​ថា ការ​ចេញសេចក្តី​សម្រេច​ដាក់ពិន័យ​ដល់​លោក​ក្រុមគ្រួសារ​លោក អេ ភូថង គឺ​លោក​ធ្វើ​ទៅតាមការសម្រេច​របស់គណៈកម្មការវិន័យ និង​យោង​ទៅតាម​របាយការណ៍​អង្គ​ប្រជុំ​របស់អនុ​គណៈកម្មការ​បច្ចេក​ទេស​របស់សហព័ន្ធ ហើយលោក​ទទួលស្គាល់​ថា ការ​សម្រេច​ដាក់ពិន័យ​រយៈពេល​៦​ខែ​ទៅ​លើ​លោក អេ ភូថង និង​ភរិយា រួមទាំង​កូន​ស្រី រាង​ធ្ងន់បន្តិច​មែន។

លោក​បញ្ជាក់​ថា៖ «​ជា​គោលការណ៍​យើង​ឃើញ​ថា ការដាក់​វិន័យ​ហ្នឹង បើ​ថា​ធ្ងន់ វារាង​ធ្ងន់បន្តិ​ច​ដែរ ប៉ុន្តែ​ពេល​ខ្លះ​ករណី និងរូប​ភាព​បែបនេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់ការ​អភិវឌ្ឍ​គុនខ្មែរ​ ព្រោះ​នៅពេល​ (ពួកគាត់) បដិសេធ​ទៅនឹងការ​សម្រេច​លទ្ធផល​របស់គណៈកម្មការ ហើយ​បង្ក​ឱ្យមាន​រូប​ភាព​បែប​នេះ វា​មិន​ល្អ​ទេ អ៊ីចឹង​បើ​សិនជា​មិន​មានការពិន័យ​ វាច្បាស់​ជា​មាន​ករណី​បែប​ហ្នឹង​កើត​មានជា​បន្ត​ទៀត​ វាអាចរាំង​ស្ទះ​ដល់ការ​អភិវឌ្ឍ​វិស័យកីឡាគុនខ្មែរ​ទាំង​មូល»​

យ៉ាង​ណាក៏​ដោយ ចំពោះ​អ្នកគាំ​ទ្រ​ដល់​ក្រុមគ្រួសារ​របស់​លោកគ្រូ អេ ភូថង នៅតែ​សម្តែង​ការ​មិនសូវពេញ​ចិត្ត​ទៅលើ​ចំណាត់ការ​របស់សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​ ព្រោះពួកគេ​បាន​លើក​ឡើង​ថា ​ប្តីប្រពន្ធ​ អេ ភូថង បាន​ពុះ​ពារ និង​លះ​បង់​ច្រើន​ណាស់ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​គុនខ្មែរ តាំងពី​លោក​នៅជា​កីឡាករ ហើយ​ពេល​នេះ កូនប្រុស-ស្រី​ទាំង​៤នាក់​របស់​គាត់ ក៏បាន​ចូលរួម​ចំណែក​ក្នុងនាមជា​កីឡាករ កីឡាការិនី​ប្រដាល់​គុនខ្មែរ​ទាំងអស់ ចុះ​ហេតុអ្វី​ទើបមានការ​ដាក់​ពិន័យ​ភ្លាមៗ ដោយមិន​មានការ​ប្រមាន​ជាមុន​បែបនេះ។

សិល្បៈការិនីអ្នកនាង លី ចិន្តាលីស បានបង្ហាញទស្សនៈរបស់ខ្លួន​ទៅលើ​បញ្ហា​នេះ ដោយនាង​បានបង្ហោះសារ​បែបនេះ​ កាល​ពី​យប់ថ្ងៃទី២២ ខែកក្កដា ថា ៖ «ខ្ញុំជា​មនុស្ស​ធម្មតា​ម្នាក់ នៅតែ​គាំទ្រ​រាល់​ទង្វើ ​និង​ការ​ផ្សព្វផ្សាយ​បណ្តុះ​បណ្តាល​ ថ្នាល​គុន​ខ្មែរ​ជាច្រើន​របស់​លោក​គ្រូ ​អេ ភូថង សម្រាប់​ប្រទេស​កម្ពុជា​មួយ​នេះ ខ្ញុំ​មាន​មោទនភាព ​ដែល​មាន​លោកគ្រូ​ជា​ធនធាន​ដ៏​សំខាន់​របស់​កម្ពុជា»

លី ចិន្តាលីស បាន​បន្ថែម​ថា លោក​គ្រូ អេ និង​ភរិយា មាន​​ប្រវត្តិ​តស៊ូ​ខ្លាំង​ណាស់​ក្នុង​វិស័យ​ប្រដាល់គុនខ្មែរ ​រហូត​បណ្តុះ​បណ្តាល​ជំនាញ​តរហូត​ដល់​កូនៗ និង​ក្មេងៗ​ជា​ច្រើន​។ «​នាង​ខ្ញុំ​ធ្លាប់​ធ្វើ​កិច្ច​សម្ភាស​ជា​មួយ​ពួកគាត់​កាល​គ្រាលំបាក​ គាត់​នៅ​តែ​មិន​បោះ​បង់​តស៊ូ​រហូត​បច្ចុប្បន្ន កំហុស​អចេតនា​ខ្លះ​បើ​មាន​គួរ​កោះ​ហៅ ទៅនិយាយ​ មិន​មែន​បញ្ឈប់​រហូត​៦​ខែ​បែប​នេះ​ទេ ពិសេស ភរិយា​លោក​គ្រូ​ក៏​បាន​ចេញ​សារ​សុំទោសជា​សាធារណៈ រួច​ទៅហើយ​»

ចំពោះ​ហេតុផលនេះ លោក ខូវ ឆាយ បាន​ទទួលស្គាល់​ថា ត្រកូល «អេ» ពិត​ជា​បានរួមចំណែក​ជួយ​ដល់​​វិស័យ​​កីឡាគុនខ្មែរ​ច្រើន​មែន ប៉ុន្តែមិនអាច​មើលរំលង​ច្បាប់​បាននោះ​ទេ។ លោក​បញ្ជាក់​ថា៖​ «យើង​ទទួលស្គាល់​ថា គ្រួសារ​លោក​គ្រូ​ អេ ភូថង ​មានគុណ​សម្បត្តិ​ច្រើន ប៉ុន្តែ​ការអនុវត្ត​ច្បាប់​ ត្រូវតែ​ធ្វើ​ឱ្យ​បានខ្ចប់ខ្ជួន ព្រោះ​គុនខ្មែរ​អភិវឌ្ឍ​ទៅមុខ មិន​អាច​គ្មានការ​អនុវត្តច្បាប់បាន​ទេ»

យ៉ាង​ណាក៏​ដោយ​​លោក ខូវ ឆាយ ដែល​ទើប​បានជ្រើស​តាំង​ឱ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ជំនួសប្រធាន​ចាស់ គឺ​លោក តែម ម៉ឺន កាល​ពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤​នោះ បានអះអាង​ថា ការពិន័យ​រយៈពេល​៦ខែ​ទៅលើ​ក្រុមគ្រួសារ​លោក អេ ភូថង នេះ អាច​នឹង​មានការបន្ធូរ​បន្ថយ​វិញ ដែល​វាអាស្រ័យ​ទៅលើ​ប្តី​ប្រពន្ធ​របស់លោក អេ ភូថង ផ្ទាល់​ថា ចេះទទួល​កំហុសដែរ​អត់។

លោក​បានសង្កត់​ធ្ងន់​ថា៖ «នៅក្នុងករណី​នេះ មិន​មែន​ថា យើងមិនទុក​ផ្លូវសម្រាប់​សម្របសម្រួល​ដល់គាត់​នោះ​ទេ។ បានន័យ​ថា យើង​ចេញ​​លិខិតពិន័យនេះ​ទៅតាម​ច្បាប់​ ហើយ​យើង​នៅមាន​យន្ត​ការសម្របសម្រួល​ទៀត​ បើ​សិនជា​គាត់ទទួលខុស សូមទោស​ ហើយគាត់យល់​ព្រម​កែ​កំហុស អាហ្នឹង​ក៏​យើង​នៅអាច​សម្រប​សម្រួល​​បន្ធូរ​បន្ថយ​ទោស​របស់គាត់ទៅតាម​ហ្នឹង»

លោក ខូវ ឆាយ បាន​បន្ថែម​ថា៖ «អ៊ីចឹង​ដល់​ពេលនេះ​យើង​បាន​ទទួល​ការ​ស្នើសុំ​ពី​គាត់ (អេ ភូថង) ​ហើយ​។ គាត់ថា គាត់​នឹង​មក​ធ្វើការ​សូម​ទោស​ និង​ទទួល​ការណែនាំ​ពី​សហព័ន្ធ​ ហើយ​យើងនឹង​ប្រជុំសម្រេច​ថា នឹង​បន្ធូរបន្ថយ​ដាក់​ទោសគាត់បែបណា​ទៀត»

យ៉ាង​ណា​ក៏​ដោយ លោក ឆាយ នៅមិនទាន់កំណត់​ពេលជាក់លាក់ សម្រាប់ការ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​លោក អេ ភូថង មក​ជួប​នោះ​ទេ ដោយ​លោក​នឹងស្នើ​ទៅ​កាន់ក្រុម​​គណៈកម្មការ​បច្ចេក​ទេស​ ជាមុន​សិន ចំណែក​ការ​បន្ធូរ​បន្ថយ​ទោស​កម្រិត​ណា លោក​ថា វាអាស្រ័យ​ទៅ​ការ​សម្រេច​​របស់គណៈកម្មការ​វិន័យ​របស់សហព័ន្ធ បន្ទាប់ពី​មានការ​ជួបជុំពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​លោក​ អេ ភូថង បានបញ្ចប់៕

ធ្វើបច្ចុប្បន្នភាពអត្ថបទនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤៖ នៅរសៀលថ្ងៃដដែល លោក អេ ភូថង និងប្រពន្ធ កូនស្រីរបស់គាត់បានជួបជាមួយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកគ្រូអាជ្ញាកណ្ដាល ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ហើយពួកគាត់បានយល់ព្រមទទួលកំហុស​ និងសុំទោសជាសាធារណៈ​ ដោយសារតែពួកគាត់ទប់អារម្មណ៍មិនបាន និងឆេវឆាវនៅពេលនោះ។

474 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម