ផ្លូវលំមួយខ្សែប្រវែង១០គីឡូម៉ែត្រលាតសន្ធឹងក្នុងឃុំឫស្សីស្រុកនិងឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង បានរងការខូចខាតរយៈពេលយូរឆ្នាំបង្កការលំបាកដល់ការរស់នៅ និងប៉ះពាល់ដល់ការប្រកបរបររកស៊ី សិស្សសាលាអាក់ខានរៀនសូត្រ ខណៈពលរដ្ឋអះអាងថាផ្លូវលំមួយខ្សែនេះមិនទាន់ឃើញមានអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធណាចុះមកជួសជុលឬស្ថាបនាឡើយ។
ព្រះចៅអធិការវត្តស្វាយអណ្ដូង ព្រះតេជគុណ វ៉ែន បុនណាត មានសង្ឃដីការថា ផ្លូវលំមួយខ្សែនេះលាតសន្ធឹងក្នុងឃុំចំនួន២ គឺឃុំឫស្សីស្រុក និងឃុំកោះសំពៅ។ ព្រះតេជគុណបន្តមានសង្ឃដីការថា ផ្លូវនេះខូចខាតមុនព្រះអង្គមកគង់នៅវត្តទៅទៀត ហើយ១០ឆ្នាំហើយតាំងពីព្រះអង្គគង់នៅវត្តនេះ ផ្លូវនៅទេវេទនាដដែល។ ដោយហេតុដូច្នេះ ព្រះតេជគុណ បាន កៀរគរថវិកាពីសប្បុរសជន ដើម្បីជួសជុលផ្លូវលំដែលខូចខាតនេះ ដោយសារតែទ្រាំឃើញប្រជាពលរដ្ឋ កុមារី កុមារា ធ្វើដំណើរពិបាកពេក ម្យ៉ាងមិនឃើញអាជ្ញាធរភូមិឃុំចុះមកអន្តរាគមន៍សោះ។
ព្រះអង្គមានសង្ឃដីកាថា៖ «និយាយរឿងផ្លូវម្ដងៗពិបាកវេទនា រអិលជាប់ផុងជើង ធ្វើឱ្យសិស្សសាលាអត់មករៀនតែម្ដងប្រឡាក់ខោអាវ និយាយទៅគឺពិបាកណាស់។ និយាយរួមទៅមន្រ្តីអាជ្ញាធរភូមិឃុំទាំងអស់ គឺគាត់អត់គិតគូរដល់ភាពលំបាកពលរដ្ឋ និយាយទៅគាត់ប្រងើយកន្តើយ»។
ព្រះតេជគុណ បុនណាត មានសង្ឃដីកាថា ព្រះអង្គចង់ឃើញអាជ្ញាធរឃុំឫស្សីស្រុកមានការឈឺឆ្អាលនឹងបញ្ហាផ្លូវខូចខាតនេះ ហើយចូលរួមជាថវិកា ដើម្បីជួសជុលបណ្ដោះអាសន្នតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរបានស្រួលខ្លះ ជាជាងមិនអើពើហើយថែមទាំងចាំយកលទ្ធផលនៃការចំណាយជួសជុលផ្លូវរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទទៅរាយការណ៍ជូនថ្នាក់លើ។
ព្រះអង្គបន្ថែមថា៖ «អាត្មាចង់ឱ្យមន្រ្តីភូមិឃុំសម្រួលជាខ្សាច់បាន សម្រួលឱ្យពលរដ្ឋធ្វើដំណើរសិន។ ដល់តែពេលលទ្ធផលដែលគេស្រង់ស្ថិតិបំណាច់ឆ្នាំ គឺគេបញ្ជូនឡើងទៅលើ គេយកលទ្ធផលពីអាត្មាទៅតែម្ដង ចំណាយអស់ប៉ុន្មានភូមិឃុំហ្នឹងក្នុងការអភិវឌ្ឍមួយឆ្នាំៗ គេយកពីអាត្មារាយការណ៍ទៅថ្នាក់លើ»។
នាយកសាលាស្វាយអណ្ដូង លោក ជុន សុផល មានប្រសាសន៍ថា ផ្លូវនេះបង្កការលំបាកណាស់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងឃុំ ចំណែកសិស្សសាលាជាច្រើនកម្រិតថ្នាក់បានផ្អាករៀនពីរទៅបីថ្ងៃ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ត្បិតថាមិនអាចធ្វើដំណើរទៅទីណាកើត ទោះបីថ្មើរជើងក៏ដោយ។
លោកថ្លែងថា៖ «ការធ្វើដំណើររបស់ប្រជាពលរដ្ឋហ្នឹង សិស្សានុសិស្ស ពុទ្ធបរិស័ទទៅបុណ្យទានគឺថាវាពិបាកណាស់ ពិបាកហួសការនិយាយហើយ។ កាលណាពេលភ្លៀង សិស្សទាំងអស់នៅក្នុងឃុំ៦សាលាគឺត្រូវតែឈប់ពីរឬបីថ្ងៃ ព្រោះអត់ធ្វើដំណើរទៅកើតទេ កុំថាឡើយម៉ូតូ តែដើរហ្នឹងដើរមិនកើតផង»។
នាយកសាលារូបនេះ អះអាងថា ដោយសារតែមិនឃើញមានក្រសួងពាក់ព័ន្ធចុះមកធ្វើផ្លូវ ប្រជាពលរដ្ឋ ព្រះសង្ឃ បានប្រមូលលុយគ្នាដើម្បីជួសជុលផ្លូវបណ្ដោះអាសន្ន។ លោករំពឹងថា ក្រសួងពាក់ព័ន្ធនឹងដោះស្រាយបញ្ហាផ្លូវលំក្នុងមូលដ្ឋានលោកឱ្យបានឆាប់ៗនេះ។
ចំណែកលោក ហៀង ប៊ុនធឿន ជាស្មៀននៅឃុំកោះសំពៅ លើកឡើងថា កន្លងមកផ្លូវនេះ ធ្លាប់មានកងវិស្វកម្មក្រសួងមហាផ្ទៃចុះមកធ្វើម្ដងដែរ តែមិនបានបញ្ចប់ការជួលជុលទេ រួចក៏ទៅវិញបាត់ទៅ និងបណ្ដាលឱ្យផ្លូវខូចលើសដើម។លោកថា ជាង៣០ឆ្នាំហើយ តាំងពីលោកធំដឹងក្ដីមក គឺឃើញតែផ្លូវពិបាក មិនដែលឃើញមានផ្លូវស្អាតធ្វើដំណើរនឹងគេទេ។
លោក ប៊ុនធឿន បញ្ជាក់ថា៖ «បើនិយាយទៅជាប់៣០ឆ្នាំហើយ ដែលខ្ញុំនៅស្រុកនេះ ខាងកោះសំពៅគឺពិបាកណាស់ មិនដែលមានផ្លូវប្រើប្រាស់បានល្អនឹងគេទេ ហើយបើមានផ្លូវល្អក៏ប្រើមិនបានយូរដែរ ដោយសារស្ដង់ដារនៃការធ្វើវានៅមានកម្រិត» ។
លោកបន្ថែមថា កន្លងមកភូមិឃុំបានបញ្ចេញថវិកាដើម្បីធ្វើផ្លូវដែរ តែមិនដែលបានបញ្ចប់ទេដោយសារបញ្ហាគ្រោះធម្មជាតិ។ តួយ៉ាង ដល់រដូវបិណ្ឌភ្ជុំ កាន់តែពិបាកក្នុងការធ្វើដំណើរ សិស្សក៏មិនអាចទៅរៀន ហើយមិនអាចទៅវត្តធ្វើបុណ្យទៀតផង។
លោកថា៖ «ពិបាកណាស់ ឥឡូវហ្នឹងដល់រដូវកាន់បិណ្ឌហ្នឹងប្រហែលជាទៅវត្តមិនរួចទេខាងខ្ញុំនេះ។ កូនខ្ញុំវិញទៅរៀនបានតែ២ថ្ងៃអីទេ ភ្លៀងមួយថ្ងៃចឹងខាន៣ថ្ងៃ កូនខ្ញុំខានរៀនមួយអាទិត្យអីចឹងគាត់ខ្មាស់លែងចង់ទៅ ក្មេងខ្លះតស៊ូគាត់ដើរទៅរៀន»។
បើតាមមេឃុំកោះសំពៅ លោក ម៉ម សំបូរ មានប្រសាសន៍ថា ផ្លូវលំមួយខ្សែក្នុងភូមិកោះសំពៅប្រវែងប្រមាណ១០គីឡូម៉ែត្រទទួលស្គាល់ថាផ្លូវលំនេះ រងការខូចខាត និងបង្កការលំបាកដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សិស្សសាលាមិនបានទៅរៀន និងរាំងស្ទះការងារមន្រ្តីភូមិឃុំយូរឆ្នាំមកហើយ។
លោក សំបូរ ឱ្យដឹងថា៖ «វាមិនមែនតែផ្លូវហ្នឹងទេ ផ្លូវផ្សេងក៏ខូចដែរ ជួបការលំបាកនោះ សិស្សទៅរៀនរអិលដួលទទឹកអស់អ៊ីចឹងទៅក៏ខានរៀនទៅ និយាយរួមការធ្វើដំណើរ វាពិបាកគ្រប់សព្វតែម្ដង សូម្បីតែខ្ញុំមន្រ្តីរបស់យើងត្រូវប្រជុំក៏យើងអាក់ខានដែរ ព្រោះទៅមិនរួច»។
លោកបន្តថា លោកបានបង្កើតជាគណៈកម្មការថែទាំងផ្លូវប្រចាំភូមិ ដើម្បីមើលថែផ្លូវ ប៉ុន្តែដោយសារតែមេឃភ្លៀង និងតម្រូវការប្រើប្រាស់ផ្លូវមមាញឹក ទើបបណ្ដាលឱ្យផ្លូវខូចធ្ងន់ធ្ងរ គួបផ្សំផ្លូវនេះក្រសួងពាក់ព័ន្ធមិនមកស្ថាបនាត្រឹមត្រូវតាមស្ដង់ដារកំណត់ទើបបង្កផលលំបាកដូច្នេះ។
លោកថ្លែងថា៖ «ផ្លូវនេះក្រសួងទទួលខុសត្រូវធ្វើហ្នឹងចាប់ពីឆ្នាំ២០១៣ ទើបតែដើមឆ្នាំទៅហ្នឹងទេក្រសួងបានចុះមកបំពេញកន្លែងខូចៗទៀត ហើយក៏ដកគ្រឿងចក្រទៅអស់ទៅ។ អ៊ីចឹងថ្នល់នេះវាជួបការលំបាកត្រង់ថាស្រុកនេះជាស្រុកធ្វើស្រែប្រាំង ចឹងការដឹកជញ្ជូនស្រូវវាច្រើន ចឹងវាមានការផុង តែដឹកធ្ងន់វាត្រូវតែផុង»។
លោករំលឹកថា ផ្លូវលំនេះរដ្ឋបាលភូមិឃុំធ្លាប់បានលើកទៅថ្នាក់លើជារឿយៗ តែមិនឃើញមានចំណាត់ការឡើយ ដោយក្រសួងសាមីបានត្រឹមតែមកជួសជុលបន្តិច រួចក៏មិនឃើញមកទៀត រហូតមកទល់ពេលនេះប្រជាជននាំគ្នារៃលុយគ្នាជួសជុលផ្លូវដោយទិញថ្មភ្នំក្រាលដើម្បីសម្រួលការធ្វើដំណើរបានខ្លះ។
លោក សំបូរ បញ្ជាក់ទៀតថា៖ «ចំពោះរដ្ឋបាលឃុំសំណើរជាបន្តបន្ទាប់ តាមរយៈការប្រជុំថ្នាក់ស្រុក និយាយរួមយើងបានជម្រាបជូនខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ឃើញលទ្ធផល។ ផ្លូវហ្នឹងក្រសួងអភិវឌ្ឍន៍ជនបទធ្វើតែ១០គីឡូ គឺវា[ខូច]ទាំងអស់តែម្ដង»។
ចំពោះលោកមេឃុំរូបនេះ លោកពិតជាចង់បានផ្លូវល្អស្អាតសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ពិសេសលោកចង់ឃើញក្រសួងដែលទទួលខុសត្រូវកិច្ចការការងារផ្លូវនេះ ស្ថាបនាផ្លូវទៅតាមការកំណត់ស្ដង់ដារថ្នាក់ជាតិ។
លោកបន្ថែមថា៖ «បើផ្លូវមូលនិធិឃុំ ឃុំជាអ្នកធ្វើ ហើយផ្លូវណាដែលក្រសួងទទួលខុសត្រូវ អាហ្នឹងជារឿងរបស់ក្រសួង ចឹងខ្ញុំតំណាងឱ្យប្រជាពលរដ្ឋទាំងមូលចង់បានផ្លូវតាមប្រសាសន៍របស់ថ្នាក់ដឹកនាំ គឺសម្ដេចក្រឡាហោម ផ្លូវជនបទគឺក្រាលកៅស៊ូ»។
លោក សេង ធា អភិបាលស្រុកពាមជរ មានប្រសាសន៍ថា បញ្ហាផ្លូវលំនេះ គឺស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយខាងស្រុកមិនមានលទ្ធភាព ឬលូកដៃក្នុងគម្រោងរបស់ថ្នាក់ជាតិឡើយ ខាងស្រុកចាំតែទទួលយកផ្លូវដែលក្រសួងធ្វើឱ្យតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ្នកកាន់គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទអ្នកកាន់ អ្នកទទួលខុសត្រូវ ថ្នាក់ស្រុក ថ្នាក់ឃុំហ្នឹងគ្មានលទ្ធភាពអីទៅធ្វើផ្លូវរបស់ថ្នាក់ជាតិហ្នឹងដែរ ធ្វើម៉េចខែភ្លៀងពលរដ្ឋគាត់ចេះតែរអ៊ូហើយ»។
លោកបន្តថា ថ្នាក់ស្រុកមិនមានសិទ្ធិអ្វីទៅស្នើសុំដល់ថ្នាក់ជាតិទេ ហើយលោករំពឹងថាក្រសួងហិរញ្ញវត្ថុនឹងទម្លាក់ថវិកាទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានឆាប់ នឹងបានស្ថាបនាផ្លូវលំនេះ។
ជុំវិញករណីនេះ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់ ខេមបូចា ថា លោកមិនដែលបានដឹងព័ត៌មានលម្អិតពីផ្លូវលំមួយខ្សែដែលកំពុងខូចខាតនេះទេ ត្បិតថាផ្លូវលំមានច្រើនខ្សែច្រើនតំបន់ ដូច្នេះលោកស្នើឱ្យខាងអាជ្ញាធរឃុំ ស្រុក ខេត្ត រាយការយ៍ពីផលប៉ះពាល់មកកាន់ក្រសួងតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នោះលោកនឹងឱ្យមន្រ្តីជំនាញចុះទៅពិនិត្យ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់បានដឹងទេណា៎ព័ត៌មានហ្នឹង ចាំខ្ញុំដឹងច្បាស់បានខ្ញុំឆ្លើយកើត។ បើសិនក្នុងករណីខ្សែផ្លូវវាច្រើនក្នុងស្រុកនីមួយៗ ចឹងយើងរាយការណ៍ឱ្យអាជ្ញាធរដែនដីធ្វើលិខិតស្នើសុំមកស្រុក មកខេត្តតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ហើយផ្ញើមកក្រសួងមក ព្រោះខ្ញុំអត់ដឹងខ្សែផ្លូវមួយណាទេ ចឹងឱ្យធ្វើសំណើរឡើងមកលើមកណា៎»។
ដោយសារតែផ្លូវលំមួយខ្សែនេះភ្ជាប់ពីឃុំមួយទៅឃុំមួយទៀត ចំពោះលោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា វាជាការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូច្នេះអាជ្ញាធរមូលដ្ឋានគម្បីដាក់សំណើរទៅក្រសួងពាក់ព័ន្ធសុំអន្តរាគមន៍ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមទៀតថា៖ «យើងលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់ រវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ធ្វើការកំណត់លក្ខខណ្ឌថាតើផ្លូវនោះគួរតែជាការឆ្លើយតបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឬរបស់ឃុំ ព្រោះតម្រូវការត្រូវបានកំណត់ហើយ គឺអាជ្ញាធរមូលដ្ឋានអាចសុំការអន្តរាគមន៍ដើម្បីដោះស្រាយផ្លូវថ្នល់ជូនពលរដ្ឋក្នុងសហគមន៍»។
គួររំលឹកថា កាលពីឆ្នាំ២០២០ នាយកដ្ឋានផ្លូវលំជនបទ ធ្លាប់លើកឡើងថា ក្នុងមួយឆ្នាំ ក្រសួងទទួលបានសំណើសុំស្ថាបនា ជួសជុល និងថែទាំផ្លូវលំជនបទទូទាំងប្រទេសជាង២ពាន់ករណី។
សូមជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទបានចេញគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ ដើម្បីពង្រឹងស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ និងគុណភាពសេវាសាធារណៈនៅទីជនបទ ព្រមទាំងធានាអំពីគុណភាពនៃការរស់នៅ តាមរយៈការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចបរិយាប័ន្ននៅតាមទីជនបទ៕