សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មណ្ឌលសុខភាពមួយក្នុងក្រុងសៀមរាបនៅតែខ្វះខាតថ្នាំ និងមិនមានពេទ្យប្រចំាការដិតដល់

មណ្ឌលសុខភាពស្រង៉ែ ស្ថិតនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលពលរដ្ឋលើកឡើងពីបញ្ហាខ្វះថ្នាំ និងមិនមានពេទ្យយាមដិតដល់។ រូបថតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
មណ្ឌលសុខភាពស្រង៉ែ ស្ថិតនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលពលរដ្ឋលើកឡើងពីបញ្ហាខ្វះថ្នាំ និងមិនមានពេទ្យយាមដិតដល់។ រូបថតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ប្រជាពលរដ្ឋក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ស្នើឱ្យមណ្ឌលសុខភាពស្រង៉ែ កែលម្អឡើងវិញ នូវចំណុចខ្វះខាត ដោយសារតែពេលពលរដ្ឋមកទទួលសេវា មានការខ្វះខាតថ្នាំ និងមិនមាន​ពេទ្យប្រចាំការវេនយប់ដិតដល់។ បញ្ហានេះជាហេតុបង្កការលំបាកដល់ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយពួកគេងាកទៅរកពេទ្យឯកជន និងមណ្ឌលសុខភាពផ្សេងទៀតដែលនៅឆ្ងាយ​ពី​លំនៅឋាន។

មិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប សង្កាត់ស្រង៉ែ គឺជាសង្កាត់មួយដែលមាន​ប្រជាជនច្រើន​រស់នៅ ហើយក៏មានមណ្ឌលសុខភាពមួយក្បែរសាលាសង្កាត់ផងដែរ ដែលជាហេតុបង្កការ​ងាយស្រួលដល់ពលរដ្ឋក្នុងមូលដ្ឋានមកទទួលសេវា ពេលពួកគេឈឺស្កាត់ម្ដងៗ។  

ប៉ុន្តែបើតាមប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានត្អូញត្អែរថា ថ្វីបើមណ្ឌលសុខភាពនៅក្បែរផ្ទះក្ដី តែនៅពេលដែលពួកគេទៅទទួលសេវាមិនមានថ្នាំគ្រប់គ្រាន់ តម្រូវទៅតាមសភាពជំងឺរបស់​ពួកគេឡើយ។ ម្យ៉ាងពេលពលរដ្ឋឈឺថ្កាត់ពេលយប់ នៅមណ្ឌលសុខភាព មិនមានពេទ្យប្រចាំ​ការ​ដិតដល់ឡើយ។

អ្នកស្រី ទឹម សុងហៀក អាយុ៣៥ឆ្នាំ រស់នៅភូមិចន្លោង ឃុំស្រង៉ែ ក្រុងសៀមរាប បានប្រាប់ឱ្យ​ដឹងថា​ បញ្ហាខ្វះខាតថ្នាំសង្កូវនៅមណ្ឌលសុខភាពស្រង៉ែ កើតមានយូរក្រែងដែរហើយ។ ថ្វីបើ​ការ​ខ្វះខាតថ្នាំសង្កូវនេះ មិនស្ថិតក្នុងកម្រិតមួយធ្ងន់ធ្ងរ ប៉ុន្តែអ្នកស្រីមិនចង់ឃើញភាពខ្វះ​ចន្លោះ​បែបនេះបន្តទៀតឡើយ និងស្នើសុំអ្នកពាក់ព័ន្ធដោះស្រាយជូនប្រជាពលរដ្ឋក្នុងតំបន់ឱ្យបាន​ឆាប់។

អ្នកស្រីថ្លែងថា៖ «បញ្ហានេះវាមានយូរគ្រាន់ហើយ ហើយចង់ឱ្យវាល្អជាងនឹងទៀត។ ពេលមក​ខ្វះថ្នាំទៅវាប៉ះពាល់[ជីវភាព]ដែរណា៎ បើថាយើងមកមានថ្នាំទៅវាអត់ចុះលុយហ្នឹងឯង»។

អ្នកស្រី ហៀក បន្ថែមថា កាលបើមណ្ឌលសុខភាពក្នុងឃុំសង្កាត់ មិនមានថ្នាំឱ្យ​អ្នកជំងឺគ្រប់​គ្រាន់​ធ្វើឱ្យពលរដ្ឋដូចជាអ្នកស្រីត្រូវចំណាយលុយច្រើន​លើសលប់ហួសពីសមត្ថភាព ដើម្បី​ទៅទិញថ្នាំនៅពេទ្យឯកជន។  សម្រាប់ពលរដ្ឋរូបនេះរំពឹងថា មណ្ឌលសុខភាពក្នុង​មូលដ្ឋាន​របស់គាត់នឹងមានថ្នាំសង្កូវសម្រាប់ព្យាបាលអ្នកជំងឺ ព្រោះវាបានជួយសម្រាលបន្ទុក​គ្រួសារ​មួយ​ផ្នែកធំ ពិសេសប្រជាពលរដ្ឋមានជីវភាពក្រីក្រដូចជាអ្នកស្រី។

អ្នកស្រីបន្តថា៖ «បើទៅទិញនៅហ្វាម៉ាស៊ីវាថ្លៃដែរ វាប៉ះពាល់ជីវភាពយើងហ្នឹងហើយ។ មាន​តែសំណូមពរឱ្យមានថ្នាំឱ្យច្រើន និងប្រចាំឱ្យគ្រប់គ្រាន់ទៅណា»។

ពលរដ្ឋជួបជុំគ្នាពិភាក្សាអំពីបញ្ហាសេវាសាធារណៈនៅតាមឃុំសង្កាត់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ រូបថតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

មិនខុសពីពលរដ្ឋខាងលើ អ្នកនាង ប្រុស ហេង អាយុ២០ឆ្នាំ​ រស់នៅភូមិរកាធំ សង្កាត់ស្រង៉ែ ប្រាប់ឱ្យដឹងថា មណ្ឌលសុខភាពស្រង៉ែខ្វះខាតច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ តែអ្វីដែលអ្នកនាង​ចាប់អារម្មណ៍គឺកង្វះខាតឱសថតែម្ដង។

អ្នកនាងរៀបរាប់ថា៖ «ចង់ឱ្យបន្ថែមថ្នាំឱ្យគ្រប់គ្រាន់ពេលប្រជាពលរដ្ឋមករកថ្នាំទៅមាន​គ្រប់​គ្រាន់ ព្រោះពេលឈឺអីអត់សូវមានឱសថគ្រប់គ្រាន់ លក្ខណៈថាខ្វះខាត ចង់ស្នើឱ្យបាន​បបូរណ៍»។

នារីវ័យ២០ឆ្នាំរូបនេះ អះអាងថា ពេលឈឺថ្កាត់បន្តិចបន្តូចទៅបើកថ្នាំនៅមណ្ឌលសុខភាព​តែមិនមានថ្នាំគ្រប់គ្រាន់ ជួនកាលលេបហើយមិនជាសះស្បើយ ទើបចំណាយលុយទៅផ្សំថ្នាំ​នៅពេទ្យឯកជនក៏មាន។ អ្នកនាង ហេង បន្ថែមថា ប្រសិនបើបញ្ហាទាំងនេះដោះស្រាយឆាប់ៗ អ្នកនាងពិតជារំភើបព្រោះទទួលបានអារម្មណ៍កក់ក្ដៅ ហើយមិនចំណាយលុយច្រើន​ទៀត​ផង។

អ្នកនាង ហេង បន្ថែមថា៖ «ពេលខ្លះនៅមណ្ឌលលេបអត់ជា ទៅទិញថ្នាំក្រៅ តែបើនៅមណ្ឌល​មានថ្នាំលេបជាទៅ ក៏មិនបាច់ទៅក្រៅ។  វាធូរលុយយើងដែរ ព្រោះទៅពេទ្យក្រៅអស់ច្រើន បើមកពេទ្យមណ្ឌលអត់អស់លុយច្រើន​ ធូរក្នុងជីវភាពគ្រួសារយើងទៀត»។

ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី អឿន សំណាន អាយុ៣៥ឆ្នាំ បានលើកឡើងស្រដៀងគ្នាថា​ ជានិច្ចជាកាល ​នៅពេលកូនអ្នកស្រីឈឺថ្កាត់ម្ដងៗមិនដែលរំលងមណ្ឌលសុខភាពឡើយ តែ​ពេលមកបើកថ្នាំ មិនមានថ្នាំត្រូវនឹងជំងឺកូនអ្នកស្រីឡើយ មានតែថ្នាំប៉ារ៉ាសេតាមុល ដែល​ពេទ្យ​បើកឱ្យដើម្បីលេបបណ្ដោះអាសន្ន។

អ្នកស្រីបន្តថា នៅពេលកូនអ្នកស្រីគ្រុនផ្ដាសាយ ពេទ្យឱ្យតែថ្នាំប៉ារ៉ាមកលេប ព្រោះមិនមានថ្នាំ​ល្អៗ ឬចំមុខជំងឺ ដូច្នេះកូនអ្នកស្រីមិនអាចសះស្បើយទេ ទើបអ្នកស្រីយកកូនទៅ​ពេទ្យឯកជន​ព្យាបាលអស់ប្រាក់ក្នុងចំនួនច្រើនគួរសម ហើយប្រាក់ទាំងនោះគឺអ្នកស្រីខ្ចីលុយគេ ដើម្បីយក​កូនទៅពេទ្យ។ 

អ្នកស្រី សំណាន អះអាងថា៖ «នៅពេលអត់ថ្នាំទៅ ពេទ្យឱ្យតែប៉ារ៉ាយើងដើម្បីលេបកាត់​បន្ថយ​សិនទៅណា ដូចកូនខ្ញុំគ្រុនផ្ដាសាយឱ្យតែថ្នាំប៉ារ៉ាលេបវាអត់បាត់ទេ។ ចឹងទាល់ខ្ញុំ​ទៅរកពេទ្យឈ្នួល ចុះលុយណាស់ព្រោះគ្រួសារខ្ញុំក្រីក្រ បើមកពេទ្យមណ្ឌល​អត់អស់​លុយទេ»។  

អ្នកស្រីបន្តថា៖ «ខ្ញុំខ្ចីលុយគេយកកូនទៅពេទ្យអស់២០ ៣០ម៉ឺន ដាក់សេរ៉ូម ខកចិត្តដែរណា​ តែមិនដឹងធ្វើម៉េចបើមណ្ឌលអត់មាន[ថ្នាំ]ដែរ មានតែខ្ចីលុយគេទៅពេទ្យឯកជន»។

អ្នកស្រីបន្ថែមទៀតថា បញ្ហាមួយទៀតដែលអ្នកស្រីចង់ឱ្យដោះស្រាយនោះគឺ ស្នើឱ្យមានពេទ្យ​ប្រចាំការវេនយប់គ្រប់គ្រាន់ ព្រោះធ្លាប់មានករណីអ្នកឆ្លងទន្លេពេលយប់មករកពេទ្យ តែគ្មាន​ពេទ្យប្រចាំការ តម្រូវឱ្យអ្នកឆ្លងទន្លេនោះត្រូវធ្វើដំណើរទៅមណ្ឌលសុខភាពផ្សេង ប៉ុន្តែទម្រាំតែ​ដល់មណ្ឌលសុខភាពផ្សេង ធ្វើឱ្យកូននោះស្លាប់ក្នុងផ្ទៃទៅវិញ។

អ្នកស្រី ចំណាន បញ្ជាក់ថា៖«ដូចថាវេនយាមអត់ប៉ះពេទ្យឆ្មបនោះណា ទម្រាំមកដល់គ្នានេះ កូនវាស្លាប់តាមតុកៗហ្នឹង ករណីហ្នឹងយូរហើយ។ ខ្ញុំចង់ឱ្យមានពេទ្យប្រចាំការពេលយើង​មក​យប់ប្រលប់ចឹងមានពេទ្យនៅប្រចាំការគ្រប់គ្រាន់»។

សម្រាប់អ្នកស្រីចំណាន ពិតជាចង់ឃើញមណ្ឌលសុខភាពក្នុងតំបន់អ្នកស្រីមានការកែលម្អ​ឡើងវិញនូវបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ព្រោះប្រជាជនដែលមានជីវភាព​ខ្វះខាត​ងាយស្រួលក្នុងការទទួលសេវា ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។

សាលាសង្កាត់ស្រង៉ែ ស្ថិតក្នុងភូមិពោធិ៍ធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ រូបថតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ចំណែកចៅសង្កាត់រងទី១ នៃសង្កាត់ស្រង៉ែ អ្នកស្រី ធីវ រួន  បានឱ្យដឹងថា បញ្ហាខ្វះខាតថ្នាំ​នេះ​ពិតជាកើតមានពិតមែន ហើយពលរដ្ឋក៏ធ្លាប់បានរាយការណ៍ទៅសមាជិកភូមិផងដែរ។ ចំណែក​បញ្ហាខ្វះពេទ្យយាមកាម អ្នកស្រីបដិសេធ ថាមានពេទ្យយាមពេលយប់​គ្រាន់តែ​ពេទ្យ​ប្រចាំការនៅអគារក្រោយ ហើយពលរដ្ឋមកស្រែកហៅខាងមុខមណ្ឌលសុខភាព ដូច្នេះទើប​មានការយល់ច្រលំ។

អ្នកស្រីពន្យល់ថា៖ «ថ្នាំក្នុងមណ្ឌលវាមានការខ្វះខាតមែន ជួនកាលអត់គ្រប់មែន ដូចជាថ្នាំណាដែលត្រូវអត់មានអត់មានទេ នេះរឿងពិត»។

អ្នកស្រីចៅសង្កាត់រងបន្តថា ពលរដ្ឋគាត់អត់សូវយល់ គេ[ពេទ្យ]យាម តែកន្លែងយាមនៅ​សាលខាងលិច ហើយពលរដ្ឋហៅតែពីមុខ ចឹងគាត់ក៏និយាយថាអត់យាមកាមទៀងទាត់។

ចំពោះបញ្ហានេះ អ្នកស្រី រួន បញ្ជាក់ថាខាងសង្កាត់បានប្រជុំរកដំណោះស្រាយ ហើយ​បាន​ជំរុញឱ្យមណ្ឌលសុខភាពមានថ្នាំគ្រប់ប្រភេទ ដើម្បីផ្ដល់ជូនពលរដ្ឋឱ្យបានដិតដល់ ត្បិត​ថាតម្រូវការប្រើប្រាស់មានច្រើន ដូច្នេះពលរដ្ឋដែលមកបើកថ្នាំខ្លះចំពេលអស់ថ្នាំ ទើបមាន​ការត្អូញត្អែរ។

ប្រធានមណ្ឌលសុខភាពស្រង៉ែ លោក ហ៊ីង ពីរ៉ា អះអាងថា នៅមណ្ឌលសុខភាពស្រង៉ែ មានថ្នាំសម្រាប់ព្យាបាលពលរដ្ឋគ្រប់គ្រាន់ មិនខ្វះខាតដូចការលើកឡើងរបស់ពលរដ្ឋឡើយ ហើយលោកទទួលស្គាល់ថាបញ្ហាពេទ្យប្រចាំការនៅពេលយប់មានភាពខ្វះចន្លោះពិតមែន តែលោកបានពង្រឹងបុគ្គលិកហើយ។

ប្រធានមណ្ឌលសុខភាពរូបនេះថ្លែងថា៖«បញ្ហាហ្នឹង ពេលយប់ជ្រៅពេក ខ្លះអ្នកយាម​គាត់គេង​លក់ តែយើងបានដោះស្រាយដាក់កណ្ដឹង និងផ្សព្វផ្សាយឱ្យគាត់[ពលរដ្ឋ]មកចុចកណ្ដឹង។ បញ្ហាថ្នាំវិញ យើងអត់អត់ទេ យើងទិញដាក់ជាប្រចាំ»។

លោកបន្ថែមថា មណ្ឌលសុខភាពស្រង៉ែ មិនខ្វះថ្នាំទេ គឺមានថ្នាំ៣៣មុខ ត្រៀមទុកសម្រាប់​ព្យាបាលអ្នកជំងឺជានិច្ច ហើយលោកនឹងប្ដេជ្ញាពង្រឹងសេវាកម្មនៅមណ្ឌលសុខភាព​នេះឱ្យ​កាន់តែ​ល្អប្រសើរថែមទៀត។

ដោយឡែកលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចបក​ស្រាយ​បានឡើយនៅពេល ខេមបូចា សួរសំណូរទៅកាន់លោកតាមទូរសព្ទ ដោយលោកថា​មិនបាន​ចុះទៅជួបប្រជាពលរដ្ឋ និងឱ្យទៅសួរនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​សៀមរាប​វិញ។

ទន្ទឹមនឹងនេះ ប្រធានមន្ទីរូបនេះ លើកឡើងថា ធ្វើជាអ្នកសារព័ត៌មានកុំធ្វើការតាមទូរសព្ទ គួរចុះទៅទីតាំងផ្ទាល់ដើម្បីសម្ភាស ប៉ុន្តែខេមបូចា បានចុះទៅផ្ទាល់រួចហើយ​ទើបសុំការ​បកស្រាយបន្ថែមពីប្រធានមន្ទីរសុខាភិបាល។

លោកថ្លែងថា៖ «ខេមបូចាហ្នឹងបានចុះទៅផ្ទាល់នៅមណ្ឌលសុខភាពស្រង៉ែនៅ? ចុះទៅ​ផ្ទាល់ហើយទៅជួបជាមួយប្រធានមណ្ឌលសុខភាពស្រង៉ែហ្នឹងទៅ អានឹងបានវាជាក់ស្ដែង ចុះទៅផ្ទាល់ហើយទៅសួរគាត់ ហើយចុះទៅស្រុកប្រតិបត្តិ អាហ្នឹងបានជាអ្នកកាសែត។ ហើយបើអ្នកកាសែតបើអង្គុយចាំតែសួរគេអ៊ីចេះ អាហ្នឹងវាអត់ទេ អាហ្នឹងឱ្យច្បាស់អ៊ីចឹង កុំទម្លាប់យកព័ត៌មានតាមរយៈទូរសព្ទ»។

ប្រជាពលរដ្ឋមកពីភូមិផ្សេងៗក្នុងសង្កាត់ស្រង៉ែ មកជួបប្រជុំជាមួយអ្នកផ្តល់សេវា ដើម្បីលើកឡើងពីបញ្ហាក្នុងសង្កាត់ និងរកដំណោះស្រាយ។ រូបថតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា សេវានៅតាម​មណ្ឌលសុខភាពក្នុងមូលដ្ឋាន គឺជារឿងមួយចំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះអ្នក​ទាំងនោះភាគច្រើនជ្រើសយកមណ្ឌលសុខភាពជាជម្រើសដំបូង មុននឹងពួកគេទៅ​ពេទ្យ​ឯកជន។ ដូច្នេះ ការពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋមូលដ្ឋាន គឺជារឿងចាំបាច់។

លោកបន្តថា៖ «ខ្ញុំគិតថាបើសិនការផ្ដល់សេវាមិនត្រឹមត្រូវ មានបញ្ហាមិនប្រក្រតី ឬការមិន​យកចិត្តទុកដាក់ ពលរដ្ឋគួរតែមានការបញ្ចូនព័ត៌មានទៅថ្នាក់លើ ដើម្បីចុះត្រួតពិនិត្យ​រាល់បញ្ហាដែលកើតមានឡើង»។

លោកបញ្ជាក់ថា ក្រសួងសុខាភិបាល គួរពនិត្យឡើងវិញចំពោះក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញប្រសិទ្ធភាពទៅតាមក្របខណ្ឌដែលក្រសួងដាក់ជូន ក្នុងការផ្ដល់សេវាកម្ម​ល្អទៅកាន់ពលរដ្ឋ។

គួររំលឹកជូនថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអំពាវនាវ​ឱ្យ​ពង្រាយ​ក្រុម​គ្រូពេទ្យ​ជំនាញ​បន្ថែម​ទៀត​ នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តាម​ទី​ប្រជុំ​ជន​ដាច់​ស្រយាល​ ដើម្បី​បំពេញ​តម្រូវការ​​ខ្វះខាត​ និង​ពង្រឹង​វិស័យសុខាភិបាលនេះ​ឡើង​វិញ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​ក្រៅ​ប្រទេស។

យ៉ាងណាមិញ រដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ច ជាវិស័យអាទិភាពទីមួយ ដើម្បី​គាំទ្រ​និងពង្រីកដល់វិស័យមួយចំនួនក្នុងនោះវិស័យសុខាភិបាលត្រូវបានលើកកម្ពស់ និងជំរុញ ពង្រីកសេវានេះឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ៕

680 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម