សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកកាសែតម្នាក់និងពលរដ្ឋបីនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ាមិនឱ្យមន្ត្រីជញ្ជីងចល័តចាប់ផាកពិន័យរថយន្តថៃដឹកពោត

ប្រជាពលតវ៉ាមិនឱ្យមន្រ្តីសមត្ថកិច្ចចម្រុះនាំយករថយន្តថៃដែលដឹកលើសទម្ងន់ទៅស្នងការនគរបាលខេត្ត ដើម្បីផាកពិន័យ។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ
ប្រជាពលតវ៉ាមិនឱ្យមន្រ្តីសមត្ថកិច្ចចម្រុះនាំយករថយន្តថៃដែលដឹកលើសទម្ងន់ទៅស្នងការនគរបាលខេត្ត ដើម្បីផាកពិន័យ។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

អ្នកកាសែតក្នុងស្រុកម្នាក់និងពលរដ្ឋ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋរាប់រយនាក់ដែលរារាំងមិនឱ្យមន្រ្តី​ជញ្ជីង​ចល័តនិងប៉ូលិសចាប់ផាកពិន័យរថយន្តថៃដែលដឹកលើសទម្ងន់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងរបាយការណ៍សមត្ថកិច្ច ពួកគេទាំងបួននាក់រងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីញុះញង់​ឱ្យប្រព្រឹត្តបទល្មើស ក្នុងព្រឹត្តិការតវ៉ារបស់ប្រជាពលរដ្ឋមិនឱ្យសមត្ថកិច្ចនាំរថយន្ត​ដឹក​លើស​ទម្ងន់របស់ឈ្មួញថៃទៅអនុវត្តតាមច្បាប់។

លោក ហេង បារាំង អធិការនគបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា អ្នកទាំង៤នាក់ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋមិនឱ្យក្រុមអន្តរក្រសួងយករថយន្តថៃដឹកលើសទម្ងន់ទៅធ្វើការផាកពិន័យ និងប្រើសម្តីអសុរោះជាដើម ។

លោក បារាំង មានប្រសាសន៍ថា៖ «យើងអនុវត្តតាមបទបញ្ជាថ្នាក់លើ តែប៉ុណ្ណោះ ឥឡូវ​ជនសង្ស័យខាងលើ ខាងខេត្ត[ប៉ូលិស]គេមកយកទៅខេត្តហើយ»

បើតាមសមត្ថកិច្ចអោយដឹងថា ជនសង្ស័យ៤នាក់ដែលត្រូវឃាត់ខ្លួននេះរួមមាន ឈ្មោះ សែម  ឌី យ៉ា  ភេទប្រុស  អាយុ៤៣ឆ្នាំ  មានទីលំនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកគ្រប់គ្រង ផេកព័ត៌មានបាត់ដំបងប៉ុស៍ ដែលបានចុះទៅឡាយព័ត៌មាននៅកន្លែងតវ៉ានោះ។

រីឯពលរដ្ឋ៣នាក់ទៀតមាន​ ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ដន ឌី ភេទស្រី អាយុ៤២ឆ្នាំ អ្នកទិញម្ហូបឱ្យអ្នកតវ៉ា និងឈ្មោះ ហ៊ឹម  ចាន់ គ្រឹស្នា ភេទប្រុស អាយុ២២ឆ្នាំ ជាឈ្មួញ​ទិញពោត អ្នកទាំង៣នាក់មានទីលំនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ ដូចគ្នា។

អ្នកស្រី ចក់ ភ្លី អាយុ៧០ឆ្នាំ ជាម្តាយរបស់ប្តីប្រពន្ធពីរនាក់ដែលត្រូវសមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ បានប្រាប់ថា កូនរបស់គាត់ត្រូវបានលោកអធិការ កោះហៅឱ្យទៅអធិការស្រុក​នា​ម៉ោង​៩ព្រឹក ថ្ងៃអាទិត្យ ដោយគេប្រាប់ថាអោយទៅធ្វើរបាយការណ៍ ហើយពេលទៅដល់ក៏ ត្រូវបានកម្លាំងស្នងការខេត្តឃាត់ខ្លួននៅទីនោះតែម្តង គេចោទប្រកាន់ថា ទិញបាយឱ្យ​អ្នកតវ៉ា ហើយកៀគរឱ្យមានការតវ៉ា។

អ្នកស្រី ភ្លី ឱ្យដឹងថា៖ «គេសួរកូនខ្ញុំថាពេលយប់ធ្វើអីខ្លះ វាឆ្លើយតាមដំណើរទៅ វាថាទិញបាយអោយអ្នកតវ៉ាហូប និងមានសមត្ថកិច្ចនៅទីនោះហូបផងដែរ ហើយក៏ត្រូវគេឃាត់ខ្លួន បញ្ជូនមកស្នងការខេត្តទៅ»

អ្នកស្រីបានបន្តថា ការចាប់ឃាត់ខ្លួនកូនគាត់នេះវាមិនត្រឹមត្រូវនោះទេ ព្រោះកូន​របស់​គាត់​ជាអ្នកធ្វើតែបុណ្យ វាឃើញគេតវ៉ាអញ្ចឹង អាណិតក៏ទៅទិញបាយ៥០កញ្ចប់ ពីប្អូនរបស់គេ ទៅចែកឱ្យអ្នកតវ៉ា និងមានសមត្ថកិច្ចទទួលទានជាមួយខ្លះដែរ នាម៉ោង​៨ទៅ៩យប់ នោះ តែគេចោទថាបានកៀគរឱ្យមានការត៉វាទៅវិញ។

អ្នកស្រី ភ្លី ថ្លែងទៀតថា៖ «កូនប្រុសស្រីខ្ញុំធ្វើតែបុណ្យ តែអញ្ចឹង ថ្ងៃពិសាខបូជា ចូល​វស្សា​អីវាទិញទឹកភេសជ្ជៈ អង្ករ ពេញឡានដើរចែកនិងដាក់តាមវត្ត ព្រោះវាអ្នកធ្វើ​បុណ្យទាន គ្រួសារ​ខ្ញុំធ្វើតែបុណ្យទេ តែយើងអ្នកធ្វើបុណ្យ យើងយល់តែរឿងបុណ្យ មិនបានគិតរឿង​អាក្រក់ទេ តែគេគិតផ្លូវច្បាប់គេយល់ថាយើងខុស គេចោទថាកៀគរឱ្យតវ៉ាហ្នឹង»

អ្នកស្រី ភ្លី បានសំណូមពរឱ្យមានការដោះលែងកូនប្រុសស្រីរបស់គាត់ផង ព្រោះ​ពួកគេ​មិនបានដឹងថា ការទិញបាយឱ្យគេទទួលទានហ្នឹង វាខុសនឹងច្បាប់នោះទេ ។

ប្រជាពលតវ៉ាមិនឱ្យមន្រ្តីសមត្ថកិច្ចចម្រុះនាំយករថយន្តថៃដែលដឹកលើសទម្ងន់ទៅ​ស្នងការនគរបាលខេត្ត ដើម្បីផាកពិន័យ។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សូមបញ្ជាក់ថា ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណៈការនឹងដឹកជញ្ជូនបានសហការ​ជាមួយមន្រ្តីជំនាញខេត្តបាត់ដំបង ចុះធ្វើការផាកពិន័យរថយន្តដឹកលើសទម្ងន់នៅតំបន់​ស្រុក​ជាប់ព្រំដែន ខេត្តបាត់ដំបង ដោយបាន ធ្វើការផាកពិន័យរថយន្តថៃបីគ្រឿង​ដឹក​លើស​ទម្ងន់​កំណត់កាលពីថ្ងៃទី៥ខែកក្កដា និងត្រូវបានផាកពិន័យនៅនឹងកន្លែង ក្រោយពីមានការ​សម្រប​សម្រួលគ្នា។

បន្ទាប់មកនៅថ្ងៃទី៩ ខែកក្កដា មានការចាប់រថយន្តថៃពីរគ្រឿងដែលចូលដឹកពោតលើសទម្ងន់ នៅស្រុកភ្នំព្រឹកនេះដែរ ក៏មានការផ្ទុះការតវ៉ាជាថ្មី ពីសំណាក់ប្រជាពលរដ្ឋតំបន់នោះ​រាប់រយ​នាក់ ដែលរារាំងមិនអោយអាជ្ញាធរយករថយន្តថៃទៅខេត្តទាំងយប់ ដោយពលរដ្ឋថាបើបញ្ជូន​រថយន្តទៅ ធ្វើឱ្យក្រុមឈ្មួញថៃលែងចូលមកទិញពោតកសិករខ្មែរ ដូច្នេះនាំឱ្យតម្លៃពោត​ធ្លាក់​ចុះ។ ទោះបីមានការរារាំងយ៉ាងណានៅព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២២ សមត្ថកិច្ចជាច្រើន​នាក់បានទម្លោះការរារាំងរបស់ពលរដ្ឋ ដោយយករថយន្តថៃដែលដឹកលើសទម្ងន់ទៅខេត្ត ដើម្បីចាត់ការតាមច្បាប់បាន ។

លោក លឹម ពុទ្ធាឡា ស្នងការរងនគបាលខេត្តបាត់ដំបង ទទួលបន្ទុកព្រហ្មទណ្ឌ បានឱ្យដឹងថា សមត្ថកិច្ចកំពុងសួរដើម្បីកសាងសំណុំរឿងជនសង្ស័យទាំងបួននាក់ទៅកាន់តុលាការមកទល់ព្រឹកថ្ងៃច័ន្ទនេះ។

លោក ពុទ្ធាឡា មាន​ប្រសាសន៍៖ ​«នៅពេលសមត្ថកិច្ចចុះដកហូតរថយន្តដែលដឹកលើស​ចំណុះ ក្រោមការបញ្ជាផ្ទាល់ពីលោកព្រះរាជ្ញអាជ្ញាឱ្យឃាត់ខ្លួនបុគ្គល៤នាក់ហ្នឹង យើងកំពុង​សួរនាំនៅឡើយ»

ជុំវិញការចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ៣នាក់ និងអ្នកកាសែតម្នាក់ខាងលើនេះ អ្នកស្រី ជា ចាន់រស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ខ្លីប្រាប់ ខេមបូចា ថា អ្នកស្រីមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ។

អ្នកស្រី ចាន់រស្មី ថ្លែងថា៖ «ខ្ញុំអត់ទទួលបានព័ត៌មានហ្នឹងផង ម្សិលមិញអត់ទាន់​មាន​សំណុំ​រឿង​ហ្នឹងចូលតុលាការ អត់ទាន់មានទេ »។

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង បានយល់ថា ប្រជាពលរដ្ឋគាត់ចង់ធ្វើការសម្តែងមតិដើម្បីឱ្យថ្នាក់ដឹកនាំបានដឹង និង ជួយរកដំណោះ​ស្រាយ​ឱ្យគាត់  បើមិនបានជួយរកទីផ្សារពោតជូនគាត់ទេ កុំធ្វើឱ្យតម្លៃពោតរបស់ពួកគាត់ចុះថោក ខណៈពេលដែលពួកគាត់ប្រមូលផលពោត ដើម្បីប្រមូលទុនដែលបានចំណាយមកវិញ។

លោក គង់ជិត មានប្រសាសន៍ថា៖ «ខ្ញុំយល់ថាការចាប់ ឃាត់ខ្លួន ប្រជាពលរដ្ឋនិងអ្នកកាសែត​ខាងលើនេះ គឺពិតជាប៉ះពាល់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ធ្វើឲ្យពួក​គាត់​មានការភ័យខ្លាច តក់ស្លុត ហើយដំណោះស្រាយរបស់ពួកគាត់នៅតែមិនមាន»

លោក គង់ជិត បានបន្ថែមថា​ លោកសំណូមពរឱ្យសមត្ថកិច្ចអនុវត្តច្បាប់ដោយមាន​ការ​បត់​បែន​និងអនុគ្រោះដល់ពលរដ្ឋ ព្រោះពួកគាត់មិនមានចំណេះដឹងអីនោះទេ ពួកគាត់ធ្វើ​សកម្មភាព​ទាំងមានអារម្មណ៍ភ័យព្រួយ អត់បានពិចារណាថាអាចមានទំនាស់នឹងផ្លូវច្បាប់៕

1,344 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម