ចាងហ្វាងកាសែតអនឡាញមួយរូប បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងបរិហាកេរ្តិ៍ និងញុះញង់ នៅរសៀលថ្ងៃអង្គារជុំវិញការចុះផ្សាយអត្ថបទព័ត៌មានរបស់ខ្លួនដែលប្ដឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូប។
យោងតាមដីកាកោះចុះថ្ងៃទី១៩ ខែកុម្ភៈ ព្រះរាជអាជ្ញារង លោក ទុង រតនា បានកោះហៅលោក កែវ រតនា ចាងហ្វាងកាសែត ធីអ៊ិន មកបំភ្លឺនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២ ខែមីនា អំពីដំណើររឿង «បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» តាមបណ្ដឹងរបស់បុគ្គលឈ្មោះ អ៊ុក កោសា ដែលជាឧត្តមសេនីយ៍ឯកយោធា។
បន្ទាប់ពីបានចូលបំភ្លឺ លោក កែវ រតនា និយាយថា តំណាងអយ្យការបានសួរនាំលោកអំពីការចុះផ្សាយព័ត៌មានដែលបានបរិយាយដើមបណ្ដឹងថា បានជំពាក់ប្រាក់ លោកស្រី លឹម ហ៊ុយហ្គេច ហើយមិនបានសងតាមការកំណត់។
លោក រតនា បានបដិសេធចំពោះការចោទប្រកាន់ ក្រោមហេតុផលថា ព័ត៌មានរបស់លោកមានប្រភពច្បាស់លាស់ ហើយលោកក៏ បានព្យាយាមសុំការអត្ថាធិប្បាយពី លោក កោសា ប៉ុន្តែដើមបណ្ដឹងនេះពុំបានឆ្លើយបំភ្លឺនោះទេ។
ជំនួសមកវិញ លោក រតនា អះអាងថា លោក កោសា បែរជាចាត់មេធាវីមកប្រាប់លោកឱ្យលុបព័ត៌មានដែលបានចុះផ្សាយនោះវិញ។
នៅចំពោះមុខតំណាងអយ្យការ លោក រតនា ស្នើសុំឱ្យរក្សាទុកសំណុំរឿងនេះមិនចាត់ការ។ យ៉ាងណាលោក បញ្ជាក់ថា តំណាងអយ្យការថា រងចាំមើលនីតិវិធីបន្តទៀត។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនបានបរិហារកេរ្តិ៍ ឬញុះញង់ទេ អ្វីដែលខ្ញុំបានផ្សាយហ្នឹង គឺទៅតាមឯកសារដែលលោកស្រី លឹម ហ៊ុយហ្គេច បានប្រគល់មកឱ្យខ្ញុំ […] ។ ខ្ញុំយល់ឃើញថាហាក់បីដូចជាមិនមានភាពត្រឹមត្រូវ ដោយសារខ្ញុំអ្នកសារព័ត៌មាន ខ្ញុំផ្សាយតែអ្វីដែលភាគីម្ខាងទៀតគាត់បានផ្ដល់ឯកសារ ហើយសូម្បីលោក អ៊ុក កោសា ក៏ខ្ញុំទាមទារឱ្យបង្ហាញឯកសារដែរ [តែមិនព្រមឱ្យ]»។
បើតាម លោក រតនា បានឱ្យដឹងដែរថា ករណីនេះ លោក កោសា ក៏បានប្ដឹងទៅក្រសួងព័ត៌មាន ឱ្យដកអាជ្ញាបណ្ណព័ត៌មានរបស់លោកទៀតផង។
បន្ទាប់ពីមានការដាក់ពាក្យបណ្ដឹង ក្រសួងព័ត៌មាន ក៏បានកោះហៅលោក កែវ រតនា មកពិភាក្សាអំពីការអនុវត្តក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានផងដែរ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០៤។
លោក រតនា ថា កាលនោះ មន្រ្តីក្រសួងព័ត៌មានបានសួរនាំលោកអំពីវិជ្ជាជីវៈសារព័ត៌មាន ហើយលោកឆ្លើយតបថា «ព័ត៌មានខ្ញុំបានធ្វើ គឺស្ថិតក្នុងវិជ្ជាជីវៈសារព័ត៌មាន ដោយខ្ញុំមានឯកសារ ភស្តុតាង និងប្រភពច្បាស់លាស់ ផ្ទុយទៅវិញមានតែខាងលោក អ៊ុក កោសា ទេ ដែលមិនសហការ ដោយមិនផ្តល់ឯកសារ គឺបង្ខំឱ្យលុបព័ត៌មានទៅវិញ បើមិនលុប គឺនឹងចាត់វិធានការច្បាប់»។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា និង អ្នកនាំពាក្យ លោក ទេព អស្នារិទ្ធ មិនអាចសូមការអត្ថាធិប្បាយបានឡើយ ដោយទូរសព្ទចូល តែមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាមតេឡេក្រាមលោកមិនទាន់មានការឆ្លើយតបនៅឡើយ។
យោងតាមលិខិតរបស់មេធាវីដើមបណ្ដឹង ផ្ញើទៅកាន់ លោក កែវ រតនា បានឱ្យដឹងថា លោក អ៊ុក កោសា និងភរិយា លោកស្រី ជៀម លីណា នៅតែមានឆន្ទៈក្នុងការទូទាត់សងប្រាក់ដែលបានជំពាក់។ លិខិតនេះ បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់សារព័ត៌មានអំពីចំណុចផ្សេងៗ គឺផ្ទុយពីការពិត ដោយលោក កោសា គ្រាន់តែជាអ្នកដាក់ទ្រព្យធានាឱ្យបុគ្គលឈ្មោះ តាំង សុជាតិ ដែលត្រូវជាមិត្តភក្តិ ដើម្បីខ្ចីប្រាក់ពីម្ចាស់បំណុល។
ហើយថា ការចុះផ្សាយព័ត៌មាន ក៏មិនបានសួរបញ្ជាក់ពីកូនក្ដីរបស់ខ្លួនទាល់តែសោះ គឺជាការបង្ហោះព័ត៌មានតែម្ខាង ហើយព័ត៌មានហាក់បង្កប់ដោយចេតនាញុះញង់ ធ្វើឱ្យមានការភ័ន្តច្រឡំមកលើកូនក្ដីរបស់ខ្លួន។
បន្ថែមពីលើនេះ លិខិតរបស់មេធាវីដើមបណ្ដឹង ក៏បានព្រមានថា ប្រសិនបើលោក កែវ រតនា មិនព្រមលុបចោលព័ត៌មានដែលបានចុះផ្សាយនោះ គេនឹងស្នើសុំចំណាត់ការពីក្រសួងពាក់ព័ន្ធ ព្រមទាំងចាត់វិធានការតាមច្បាប់។
មេធាវីដើមបណ្ដឹង លោក ដន ហុកលី ថ្លែងយ៉ាងខ្លីថា ករណីនេះទុកឱ្យតុលាការបន្តតាមនីតិវិធីច្បាប់។
លោកលើកឡើងថា៖ «ចាំទុកឱ្យតុលាការអ្នកចាត់ចែង ព្រោះនៅក្នុងចំណាត់ការរបស់តុលាការ»។
លោក អ៊ិត សុធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងថា មុនឈានដល់ការដាក់ពាក្យប្ដឹងនៅតុលាការ ប្រជាពលរដ្ឋគួរសរសេរលិខិតសុំកែតម្រូវអត្ថបទព័ត៌មានទៅកាន់ស្ថាប័នសារព័ត៌មានដែលចុះផ្សាយជាមុនសិន ប្រសិនបើខ្លួនយល់ថា ការចុះផ្សាយនោះ មានភាពមិនត្រឹមត្រូវ។
លោកបញ្ជាក់ថា៖«នៅក្នុងច្បាប់គេបើកឱកាសឱ្យសាធារណជនទូទៅ គាត់អាចសរសេរទៅស្ថាប័នសារព័ត៌មានណុង ដើម្បីស្នើសុំឱ្យកែតម្រូវនូវព័ត៌មានណាដែលគាត់គិតថាមិនត្រឹមត្រូវ»។
កាលពីថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋបាលស្រុកបាទី បានចេញលិខិតច្រានចោលការចុះផ្សាយព័ត៌មានថា រោងចក្រផលិតបារីមួយកន្លែង មានទីតាំងនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បើកដំណើរការដោយគ្មានច្បាប់អនុញ្ញាត។ រដ្ឋបាលស្រុកបាទី ក៏បានណែនាំដល់ស្ថាប័នសារព័ត៌មាននានាដែលបានចុះផ្សាយអំពីករណីនេះ ត្រូវកែសម្រួលព័ត៌មានរបស់ខ្លួនឡើងវិញផងដែរ។
លោក ស៊ិន ខ្វាន់ឆា និពន្ធនាយកគេហទំព័រពេញចិត្ត (អនឡាញ) មានប្រសាសន៍ថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ពោលគឺទើបតែចុះផ្សាយបានមួយថ្ងៃ លោកក៏យល់ព្រមចំពោះសំណើសុំលុបព័ត៌មានដែលបានចុះផ្សាយពាក់ព័ន្ធនឹងទីតាំងរោងចក្រផលិតបារីមួយកន្លែងដែលស្ថាប័នលោកបានចុះផ្សាយថា មិនមានច្បាប់អនុញ្ញាត។
ការសម្រេចលុបព័ត៌មាន លោក ខ្វាន់ឆា ថា ដោយសារការយោគយល់ដល់សន្តិសុខពីររូបបម្រើការងារនៅរោងចក្រផលិតបារីនោះ ដែលមកប្រាប់លោកថា ប្រសិនបើលោកមិនលុបព័ត៌មាន គេទាំង២នាក់នឹងត្រូវបណ្ដេញចេញពីការងារ ព្រមទាំងមានការស្នើសុំពីអាជ្ញាធរពាក់ព័ន្ធផងដែរ។
លោកថា៖ «គេ(សន្តិសុខ២នាក់) ស្នើសុំលុបព័ត៌មាន រាប់អានគ្នាចឹង។ ខ្ញុំ អាណិតសន្តិសុខ២នាក់ បើសិនជាខ្ញុំនៅតតាំងជាមួយពួកគាត់ ពួកគាត់ ប្រឈមជាមួយការបណ្ដេញចេញពីរោងចក្រ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនគិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែបន្តធ្លាក់ចុះ។
របាយការណ៍នេះ បញ្ជាក់ទៀតថា មានអ្នកកាសែត១៦នាក់ និងអ្នកការពារសិទ្ធិមនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការច្បាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣៕










