មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី សាលាបឋមសិក្សាត្រាំងកិត ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា មិនមានបង្គន់អនាម័យ និងមានអគារសិក្សាឈើចាស់មួយខ្នង ខណៈបណ្ណាល័យ ទីចាត់ការ សួនច្បារ និងផ្លូវពុំមានឡើយសម្រាប់សាលារៀនមួយនេះ។
ជាគ្រូបង្រៀនរយៈពេល៣ឆ្នាំនៅសាលាបឋមសិក្សាត្រាំងកិត លោក តាយ ក្រាញ់ ជនជាតិដើមភាគតិចពូនង បានឱ្យដឹងថា សាលាបឋមសិក្សាត្រាំងកិត កំពុងជួបប្រទះនឹងការខ្វះខាត ដោយសារតែសាលាមិនមានបង្គន់អនាម័យសម្រាប់គ្រូនិងសិស្ស បន្ថែមពីនេះ មិនមានទីចាត់ការ បណ្ណាល័យ សួនច្បារ នៅក្នុងបរិវេណសាលារៀន។
គ្រូបង្រៀនរូបនេះ ថ្លែងថា៖ «សម្រាប់ការខ្វះខាត គឺយើងខ្វះបង្គន់អនាម័យ ខ្វះហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យមានផលប៉ះពាល់ជាច្រើនដូចជា ធ្វើឱ្យការសិក្សារបស់សិស្សនៅមានកម្រិត»។
លោក តាយ ក្រាញ់ លើកឡើងទៀតថា សាលានេះមានសិស្សភាគច្រើនជាជនជាតិដើមភាគតិចពូនង ហើយមានសិស្សរៀនពីថ្នាក់ទី១ ដល់ទី៦ ដែលមានសិស្សសរុបចំនួន៤៧នាក់កំពុងរៀន។ ក្រៅតែពីខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ សាលាបឋមសិក្សាមួយនេះ មិនទាន់មានផ្លូវធ្វើដំណើរឱ្យបានសមរម្យឡើយ ហើយពិបាកខ្លាំងនារដូវវស្សា។
លោក ក្រាញ់ បន្តថា៖ «ផ្លូវពិបាកធ្វើដំណើរ ទាំងសិស្ស និងប្រជាពលរដ្ឋ ជាក់ស្ដែងខ្ញុំបង្រៀននៅទីនេះច្រើនឆ្នាំដែរ ខ្ញុំឃើញផលវិបាកច្រើនណាស់»។
សម្រាប់គ្រូបង្រៀនរូបនេះ បានលើកឡើងជាកង្វល់ ដោយបារម្ភអំពីការសិក្សារបស់ក្មេងៗក្នុងភូមិ ត្បិតថាកង្វះខាតសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នឹងជះឥទ្ធិពលដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។
លោក ក្រាញ់ បន្ថែមថា៖ «ការសិក្សារបស់កូនសិស្ស គ្មានសម្ភារៈសិក្សាធ្វើឱ្យការសិក្សារបស់ពួកគាត់នៅមានកម្រិត ហើយអនាម័យ និងការយល់ដឹងពួកគាត់នៅមានកម្រិតបើធៀបនឹងកុមារនៅទីប្រជុំជនផ្សេងៗ»។
ចំណែកគ្រូបង្រៀនមួយរូបទៀត គឺលោក យ៉ាន ចំរើន អាយុ២៥ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាត្រាំងកិតប្រមាណ២ឆ្នាំ លើកឡើងថា សាលារៀននេះ ស្ថិតនៅតំបន់ដាច់ស្រយាល គ្មានសូម្បីសេវាទូរសព្ទ មិនមានបង្គន់អនាម័យ ចំណែកផ្លូវធ្វើដំណើរគឺក្នុងព្រៃ ខែវស្សាមានទឹកអូរហូរកាត់ រអិលដួល និងងាយមានគ្រោះថ្នាក់ ដែលជាហេតុបង្កការលំបាកដល់គ្រូ និងសិស្ស។
លោក ចំរើន និយាយថា៖ «និយាយទៅសាលាជួបប្រទះច្រើនណាស់ ខែវស្សាវិញផ្លូវទឹកជន់ ទឹកលិច ខ្ញុំត្រូវងើបទៅបង្រៀនតាំងពីម៉ោង៥ព្រឹក ហើយទម្រាំដល់សាលាម៉ោង៨:៣០ ដោយសារតែផ្លូវពិបាក ដើមឈើបាក់ ដួល និយាយទៅប្រឈមគ្រោះថ្នាក់ច្រើន»។
លោកបញ្ជាក់ថា៖ «ចំណែកសិស្សដល់ខែវស្សា គាត់ក៏ពិបាកធ្វើដំណើរដោយសារតែនៅនោះ គ្មានផ្លូវ ទឹកលិចផ្លូវ កូនក្មេងគាត់ដើរទៅសាលាពិបាក ព្រៃវាញឹក អត់ដូចគេនៅទីប្រជុំជន»។
ថ្វីបើស្ថានភាពនៅតំបន់នោះមានបញ្ហាប្រឈមមួយចំនួន ក៏លោកចំរើន នៅតែប្ដេជ្ញា និងបន្តឆន្ទៈក្នុងការបង្រៀនសិស្សដដែល។ ទន្ទឹមនឹងនេះ លោក ចំរើន ចង់ឃើញមានការដោះស្រាយបញ្ហានៅក្នុងតំបន់នេះ ដើម្បីឱ្យសិស្សានុសិស្សទទួលបានការសិក្សាពេញលេញ។
លោក ចំរើន ថ្លែងទៀតថា៖ «ខ្ញុំក៏រាងស្រងាកចិត្តដែរ នៅពេលដែលផ្លូវក៏ពិបាក សេវាទូរសព្ទក៏អត់ បង្គន់ក៏អត់ តែធ្វើម៉េចតួនាទីយើងជាគ្រូបង្រៀន ទោះខែវស្សាផ្លូវពិបាក ជិះម៉ូតូដួលយ៉ាងម៉េចក៏ទៅបង្រៀនដែរ»។
ជំទប់ទី១នៃឃុំមេម៉ង់ លោក ជ្រូង ហ៊ន អាយុ៦១ឆ្នាំ អះអាងថា សាលានៅក្នុងសហគមន៍ដែលលោកកាន់កាប់ ពិតជាជួបប្រទះការលំបាកដូច្នេះពិតមែន ប៉ុន្តែអាជ្ញាធរតែងតែយកចិត្តទុកដាក់ដោះស្រាយទៅតាមលទ្ធភាព ត្បិតថានៅមានសាលាផ្សេងទៀតដែលមានតម្រូវការចាំបាច់ជាង។
លោក ហ៊ន មានប្រសាសន៍ថា៖ «គម្រោងធំ ធ្វើផ្លូវមិនទាន់មកដល់ ហើយសាលាខ្វះខាតព្រោះវាដាច់ស្រយាល ហើយផ្លូវហ្នឹងវាលំបាកទៀត ដោយសារតែការងារហ្នឹង[ដោះស្រាយបញ្ហាសាលា]វាច្រើនកន្លែងពេក គេជួយដែរមិនអត់ទេ តែជួយវាមិនទាន់ យើងក៏បានដាក់សំណើដែរ»។
យ៉ាងណាមិញ លោក ហ៊ន នៅតែទទូចឱ្យអ្នកពាក់ព័ន្ធនានា ដោះស្រាយបញ្ហានៅឃុំសង្កាត់លោកដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់កុមារ និងប្រជាពលរដ្ឋផ្សេងទៀតផងដែរ។
លោកមេឃុំថ្លែងថា៖ «សំណូមពរទៅសប្បុរសជន អង្គការឱ្យជួយ ទីមួយផ្លូវ ទីពីរសាលារៀន ដែលខ្វះខាតច្រើនណាស់»។
បើតាមលោក ប៉ុក ប្រាជ្ញពៅ ជានាយកសាលាបឋមសិក្សាត្រាំងកិត លើកឡើងថា សាលារបស់លោកស្ថិតនៅតំបន់ដាច់ស្រយាល មិនមានផ្លូវលំ ហើយប្រទះនឹងកង្វះខាតច្រើនណាស់ ដែលជះឥទ្ធិពលដល់ការរៀនសូត្ររបស់កុមារ ខណៈប្រជាជននៅតំបន់នោះមានជីវភាពខ្វះខាត មិនអាចបរិច្ចាគថវិកានៅពេលសាលាត្រូវការសាងសង់អ្វីមួយឡើយ ។
លោក ប្រាជ្ញពៅ បន្តថា៖«រឿងផលវិបាកមានច្រើនណាស់ គ្មានផ្លូវលំ គ្មានសេវា គ្មានអគ្គិសនីប្រើប្រាស់ ឆ្ងាយពីសាលាបង្គោលប្រហែល១០km គ្មានតុសម្រាប់គ្រូ និងសិស្ស គ្មានបង្គន់អនាម័យ មិនមានបណ្ណាល័យ បន្ទប់រៀនតូចចង្អៀត»។
ជុំវិញករណីនេះ ខេមបូចា បានព្យាយាមទាក់ទង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី លោក ទឹម សង្វាត នៅថ្ងៃទី២៧ ខែធ្នូ ប៉ុន្តែពុំអាចទាក់ទងបានឡើយ។
ចំណែក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ ក្នុងករណីចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។
លោក សុវាចា មានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបពីទិដ្ឋភាពរួមនៃការសាងសង់ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធអគារសិក្សាថា គឺបន្តជាអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិតសិក្សា។ ជាទូទៅ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធអគារសិក្សាមានដំណើរប្រព្រឹត្តទៅតាមផែនការសកម្មភាព, អាទិភាព, និងលទ្ធភាពជាក់ស្តែង»។
បើតាមអ្នកនាំពាក្យក្រសួងអប់រំរូបនេះ ប្រាប់ឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា២០២០-២០២១ ក្រោយវិចារណកម្មថវិកា ក្រសួងអប់រំ យុវជននិងកីឡា មានផែនការជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគារសិក្សានៅសាលារៀនចំនួន១៧ សរុបថវិកា ១១ ៩០០រៀល នៅតាមរាជធានី និងខេត្តចំនួន១០ ខណៈក្រសួងបានថវិកាបន្ថែមចំនួន ៤ ២៦៦ ៦៧៥ដុល្លារ ដើម្បីបំពេញតម្រូវការអគារសិក្សាដែលកំពុងដំណើរការសាងសង់ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅខេត្តកណ្តាល កំពង់ចាម រតនៈគិរី ស្វាយរៀង និងកំពត។
លោក សុវាចា ថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាប្រមាណ ១៥ ៥០០ លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការជួសជុល និងសាងសង់ក្នុងមួយឆ្នាំៗ (មិនគិតពីថវិកាសាងសង់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោទេ និងមិនគិតពីថវិកាគម្រោងដៃគូអភិវឌ្ឍន៍ដូចជា JICA, ADB, WB, China, etc.)»។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង ថ្លែងប្រាប់ខេមបូចា ថា ក្រសួងពាក់ព័ន្ធគប្បីរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវភាពស្មើគ្នា ពោលកុំឱ្យមានគម្លាតរវាងសិស្សនៅតាមទីជនបទ និងទីប្រជុំជន។
លោក គឹមអេង មានប្រសាសន៍ថា៖ «វាជារឿងមួយសំខាន់ កុំឱ្យមានគម្លាតរវាងទីក្រុងនិងទី ជនបទឆ្ងាយពេក យើងគួរធ្វើយ៉ាងម៉េចដើម្បីផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរ កុំឱ្យស្ថានភាពសាលានៅឆ្ងាយពីគេពេក»។
មន្រ្តីសង្គមស៊ីវិលរូបនេះ ថ្លែងទៀតថា ដើម្បីឱ្យមានការអភិវឌ្ឍនៅតាមសាលា គម្បីឱ្យមានការចាយវាយថវិកាប្រកបដោយតម្លាភាព និងមានការត្រួតពិនិត្យ។
លោក គឹមអេង និយាយថា៖ «សាលាដែលស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋ ត្រូវតែមានស្ដង់ដារមួយសមរម្យ ដើម្បីឱ្យគាត់អាចរៀនបាន ហើយការចាយវាយថវិកាត្រូវតែមានតម្លាភាព និងការតាមដាន»។
យោងតាមច្បាប់រដ្ឋធម្មនុញនៃប្រទេសកម្ពុជា មាត្រា៦៨ បានចែងថា រដ្ឋាភិបាលត្រូវផ្ដល់ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ ហើយម្នាក់ៗត្រូវបន្តការសិក្សា ជាមូលដ្ឋានយ៉ាងហោចណាស់៩ឆ្នាំ។
សូមជម្រាបជូនថា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលបានផ្ដល់ថវិកាចំនួន៩១៥ លានដុល្លារសម្រាប់វិស័យអប់រំ ស្របពេលដែលកម្ពុជា បានចាត់ទុកការអប់រំបានក្លាយជាអាទិភាពចំបង ហើយរដ្ឋាភិបាលបានចំណាយថវិកាច្រើនបំផុត ដើម្បីឱ្យមានការប្រសើរឡើងនៃការអប់រំ បង្កើនប្រាក់ខែគ្រូបង្រៀន និងធ្វើកំណែទម្រង់គោលនយោបាយ។
យោងតាមស្ថិតិ និងសូចនាករអប់រំសាធារណៈ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ មានសាលារៀនសរុបចំនួន ១៤ ៥២២ ខណៈសាលាចំនួន១៣ ៣០០ ជាសាលារដ្ឋ និង ១ ២២២ ជាសាលាឯកជន៕