សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃុំដាច់ស្រយាលមួយនៅមណ្ឌលគិរីប្រឈមកង្វះថវិកាជួសជុលផ្លូវខូច

ផ្លូវមួយខ្សែឆ្ពោះទៅកាន់ភូមិពូទ្រូ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាតំបន់ដាច់ស្រយាលដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើ ខ្ពង់រាប ភ្នំ និងជ្រោះ។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុត បាន
ផ្លូវមួយខ្សែឆ្ពោះទៅកាន់ភូមិពូទ្រូ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាតំបន់ដាច់ស្រយាលដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើ ខ្ពង់រាប ភ្នំ និងជ្រោះ។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុត បាន

ខេត្តមណ្ឌលគិរី៖ ផ្លូវក្រួសក្រហមមួយខ្សែប្រវែងប្រមាណ១០គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិ​លេខ​៧ចូលទៅកាន់ភូមិពូទ្រូ ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង មានជង្ហុកធំៗ ធូលីដី​ហុយ​ខ្លាំង និង​ចំណោត​ឡើងចុះ ហ៊ុមព័ទ្ធដោយព្រៃឈើស្ងាត់ បានបង្កការលំបាកដល់ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋនៅ​តំបន់​នោះ​ជាង៣០ឆ្នាំមកហើយ។

នាព្រឹកព្រលឹម វេលាម៉ោង៧ នៅដើមខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិដាច់ស្រយាលមួយនេះ ស្រ្តីជនជាតិដើមភាគតិចពូនង វ័យចំណាស់ជិត១០នាក់ កំពុងវាយឧបករណ៍តន្រ្តីគងលាន់ឮ​កងរំពងពេញភូមិ តាមបែបបទប្រពៃណី ដើម្បីរក្សាវប្បធម៌របស់ពួកគេ។ នៅលាយឡំជាមួយ​សម្លេងតន្រ្តីនេះ អ្នកស្រី ព្យើស ភិនអើ វ័យ៦៥ឆ្នាំ ដែលជាអ្នកដឹកនាំបង្ហាត់របៀបវាយគង បាន​ប្រាប់អ្នកសារព័ត៌មានពីគ្រោះថ្នាក់ដែលកើតឡើងដោយសារតែស្ថានភាពផ្លូវលំបាក។

អ្នកស្រី ប្រាប់ថា៖ «[ក្នុងភូមិ]ខ្វះមែនក្មួយ! ផ្លូវក៏ខ្វះដែរ មើលផ្លូវហ្នឹងប៉ុន្មាននាក់ហើយ! ធ្លាក់​គ្រលុក​​ហ្នឹង! មណ្ឌលសុខភាពក៏អត់មានដែរ ទិញថ្នាំគេលក់ក្រៅហ្នឹង! ខ្លះត្រូវ ខ្លះអត់ត្រូវ អស់​តែលុយចឹង! ខ្វះខាតច្រើនណាស់ភូមិហ្នឹង»

អ្នកស្រីកាន់តែមានក្តីព្រួយបារម្ភ ចំពោះមនុស្សចាស់ ស្រ្តីមានផ្ទៃពោះ និងកុមារជាដើម ពេល​ឈឺ​ធ្ងន់បន្ទាន់ៗ ពិបាកធ្វើដំណើរទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយសារផ្លូវមាន​ជង្ហុកធំៗ ជាពិសេសមានភក់ល្បាប់ និងរអិលខ្លាំង នៅរដូវវស្សា។

សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃដំណើរការអនុវត្តកម្មវិធី​អភិវឌ្ឍន៍តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់សម្រាប់ថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឱ្យដឹងថា រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ​ក្នុង​​ឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិបានទទួលថវិកាសរុបចំនួនជាង ១ពាន់លាន​ដុល្លារ​(១០៤៣ លានដុល្លារ )។

ការបង្កើនធនធានហិរញ្ញវត្ថុនេះ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រងចាត់ចែង​ប្រើប្រាស់​ថវិកាក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​​នីមួយៗ។

យ៉ាងណាក្តី ជនជាតិដើមភាគតិចពូនងជាង១០០គ្រួសាររស់នៅក្នុងភូមិពូទ្រូ ក្នុងឃុំ​សែនមនោរម្យ ក្នុងស្រុកអូររាំង មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី មិនទាន់ទទួលបានការអភិវឌ្ឍនៅមូលដ្ឋាន ដែលជាតម្រូវការ​អាទិភាពរបស់ពួកគេនៅ​ឡើយ​ទេ។

បើតាម អ្នកស្រី ព្យើស ភិនអើប្រាប់ថាគាត់ចង់ឱ្យអាជ្ញាធរស្ថាបនាផ្លូវចូលក្នុងភូមិពូទ្រូ​ឱ្យបាន​ឆាប់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋដែលឆ្លងកាត់ផ្លូវនេះ។ អ្នកស្រីថា ក្នុង​ខែកញ្ញា ឆ្នាំ២០២២ អភិបាលស្រុកអូររាំង បានមកពិនិត្យផ្លូវនៅក្នុងភូមិដែលគាត់រស់នៅ ដោយ​សន្យាថា នឹងចាប់ផ្តើមជួសជុល ក្នុងខែមករា ឆ្នាំ២០២៣ ប៉ុន្តែមកដល់បច្ចុប្បន្ន​ស្ថានភាព​ផ្លូវនៅតែដដែល។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំស្នើ [ស្ថាបនាផ្លូវ] កាលខាងស្រុកគាត់ [មក] មើល។ [ខ្ញុំ] ថា ឱ្យ​ធ្វើ​ផ្លូវ​កៅស៊ូ ចាក់កៅស៊ូ បើធ្វើអ៊ីចឹង! នៅតែបាក់ដដែលៗហ្នឹង! ទឹក [ភ្លៀងហូរ] កាត់​ដដែលៗ​ហ្នឹង!»

អ្នកស្រី ព្យើស ភិនអើ វ័យ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចពូនង រស់នៅក្នុងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុត បាន

មានមាឌតូចល្អិត សម្បុរស្រអែម លោក ប្រុង ភើង វ័យ ៤៩ឆ្នាំ បានរៀបរាប់ថា ក្មួយស្រី​របស់​គាត់ វ័យ១៧ឆ្នាំ កំពុងសិក្សាថ្នាក់ទី៧ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី បានគ្រោះថ្នាក់បាក់​ដៃឆ្វេង នៅពេលធ្វើដំណើរទៅសិក្សា ព្រោះតែផ្លូវរអិលខ្លាំង ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២។ លោកថា នាងត្រូវអាក់ខានរៀនសូត្ររយៈពេលជាង៣ខែ ដើម្បីព្យាបាលរបួសដៃឱ្យជា​សះស្បើយ។ ជាមួយគ្នានេះ លោកបង្ហាញក្តីបារម្ភ ចំពោះសិស្សសាលាផ្សេងៗទៀត ដែល​តែង​តែ​ធ្វើដំណើរតាមផ្លូវដែលហុយនេះជាប្រចាំ។

លោកបន្តថា៖ «[ផ្លូវចូលភូមិមាន] សារៈសំខាន់ទី១ រឿងសិស្សគេចេញចូលរៀនសូត្រ។ ទី២ រឿងដែលយើងមនុស្សពោះធំ [ស្រ្តីមានផ្ទៃពោះ] លំបាកផ្លូវយប់ព្រលប់! សំខាន់ម៉ងអាហ្នឹង»

អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ លោក ចាន់ សុធា ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ឃុំសង្កាត់នីមួយៗទទួលបាន​ថវិកា​ជាមធ្យមចំនួនប្រមាណ ៦៤២ លានរៀល (១៥៨.៥១៨ ដុល្លារ) ក្នុងនោះថវិកាចំនួន ៣៦៨ លានរៀល (៩០.៨៦៤ ដុល្លារ) សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ចំណែក ថវិកា​នៅ​សល់​សម្រាប់ចំណាយឧបត្ថម្ភដល់មន្រ្តីឃុំ មេភូមិ និងចំណាយប្រតិបត្តិការរដ្ឋបាលឃុំ ជាដើម​។ ទន្ទឹមនេះ លោកបន្ថែមថា ចំពោះឃុំសង្កាត់ខ្លះ គឺអាចទទួលបានថវិកា ប្រចាំឆ្នាំ២០២៣ រហូត​ដល់ប្រមាណ ១​ ៥៥៤លានរៀល (៣៨៣.៧០០ ដុល្លារ) ទៅតាមកំណើន​ប្រជាជន​ជាក់​ស្តែង។

ថវិកាជាតិ ឬថវិការដ្ឋ ត្រូវបានបែងចែកជាថវិកាថ្នាក់ជាតិ និងក្រោមជាតិ។ ថវិកាថ្នាក់​ក្រោម​ជាតិ​សំដៅដល់ថវិកា របស់រដ្ឋបាលក្រោមជាតិដែលរួមមាន រដ្ឋបាលរាជធានី- ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់។ ថវិកាថ្នាក់ជាតិសំដៅដល់ថវិកា របស់ក្រសួងស្ថាប័ន​អង្គភាព​សាធារណៈប្រហាក់ប្រហែល និងមន្ទីរជំនាញក្រោមឱវាទ។

ជនជាតិដើមភាគតិចពូនងរស់នៅភូមិពូទ្រូជាង១០នាក់ដែលបានផ្តល់បទសម្ភាស​ឱ្យ​អ្នកសារព័ត៌មាន បានអះអាងដូចៗគ្នាថា ពួកគេមិនបានដឹងព័ត៌មានអំពីថវិកាថ្នាក់ក្រោមជាតិ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍស្របតាមតម្រូវការចាំបាច់ក្នុងសហគមន៍របស់ពួកគេនោះទេ។

សម្រាប់ លោក ប្រុង ភើងជាពលរដ្ឋរស់នៅភូមិពូទ្រូតាំងពីធំដឹងក្តីមកបាននិយាយថា លោក​ធ្លាប់​បានចូលរួមប្រជុំជាមួយអាជ្ញាធរថ្នាក់ឃុំជាច្រើនដង និងធ្លាប់ស្នើសុំឱ្យ​បង្ហាញ​ពីថវិកា ដែល​ឃុំទទួលបានសម្រាប់សាងសង់ផ្លូវដែលខូចខាតឱ្យល្អប្រសើរ ប៉ុន្តែអាជ្ញាធរប្រាប់ថា មិន​មាន​ថវិកាគ្រប់គា្រន់។ ជាមួយគ្នានេះ លោកថា ការបង្ហាញពីទិន្នន័យចំណូល​ចំណាយផ្សេងៗ​ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏អាជ្ញាធរឃុំមិនបានពន្យល់ឱ្យបានច្បាស់លាស់ដែរ។

លោកបន្ថែមថា៖ «ទាល់គេប្រាប់ថា ប៉ុណ្ណេះៗ ថវិកាទម្លាក់ឱ្យយើង ប៉ុណ្ណោះៗ អាហ្នឹងបាន​យើង​ដឹង ព្រោះគាត់ [អាជ្ញាធរឃុំ] អត់ប្រាប់! យើងមិចដឹង! យើងចេះតែនិយាយនឹងមាត់ យើងអត់ដឹងឮជាមួយគេផង គេថាយើងខុសទៀត»។

ជនជាតិដើមភាគតិចពូនងរូបនេះ ស្នើឱ្យអាជ្ញាធរមូលដ្ឋានពន្យល់ពីការទទួលបានថវិកា និង​ខ្ទង់​ចំណាយផ្សេងៗលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបង្ហាញពីតម្លាភាព។

លោកបន្តថា៖​ «ខ្ញុំចង់ថា ដូចថាមេឃុំអ៊ីចឹង មេឃុំហ្នឹង ដើម្បីឱ្យគាត់ប្រាប់ថា ថវិកាហ្នឹងគាត់​ចេញ [ចំណាយ] ខាងណា ធ្វើអស់ចំណាយប៉ុណ្ណេះៗទៅ ឱ្យយើងដឹងឮអ៊ីចឹង!»

លោក ប្រុង ភើង ជនជាតិដើមភាគតិចពូនង ជាប្រជាការពារ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុត បាន

កំពុងអង្គុយលើគ្រែឈើ សម្បុរសណ្តែកបាយ និយាយសំនៀងរដឺនៗ អ្នកស្រី ភឺង បាត់ជា​ជនជាតិដើមភាគតិចពូនងម្នាក់ទៀត ប្រាប់ថា អ្នកស្រីក៏មិនបានដឹងច្បាស់​ពីព័ត៌មានស្តី​ពី​ថវិកា​ជាតិ​ក្នុងការអភិវឌ្ឍនៅក្នុងភូមិរបស់ខ្លួននេះដែរ។ស្រ្តីវ័យ ២៨ឆ្នាំ រូបនេះ ថា តម្រូវការ​ចម្បង​ដែល​ពលរដ្ឋក្នុងភូមិចង់បានមុនគេ និងការជួសជុសផ្លូវ ដោយចាក់បេតុង ឬចាក់កៅស៊ូ​តែ​ម្តង។

អ្នកស្រីបន្តថា៖ «បើខ្ញុំទៅប្រជុំម្តងៗ អត់ដែលឃើញគេ [អាជ្ញាធរ] ប្រាប់ [ចំណូលចំណាយ] អ៊ីចឹងទេលោកគ្រូ! គ្រាន់គេប្រាប់ថា គម្រោងធ្វើផ្លូវខែនេះៗ តែអត់ឃើញដល់ឥឡូវ»

អ្នកស្រីថា បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ខណៈដែលថវិកាថ្នាក់ក្រោមជាតិក្នុង​មូលដ្ឋាន​របស់គាត់មិនត្រូវបានបើកចំហឱ្យបានទូលំទូលាយ។

អ្នកស្រីបន្ថែមថា៖ «បើយើងអត់ដឹងថវិការគេហ្នឹង យើងអត់សប្បាយចិត្ត គេប្រាប់ទៅ​យើងសប្បាយ​ចិត្តបន្តិច! »

គ្រូពេទ្យកម្រិតបឋមមួយរូប អ្នកស្រី ឈួន ឆន្នី វ័យ៣១ ឆ្នាំបានមករស់នៅក្នុង​ភូមិពូទ្រូ​ប្រមាណ​៧ឆ្នាំមកហើយ។ អ្នកស្រីសង្កេតឃើញថា ពលរដ្ឋក្នុងភូមិពូទ្រូ កំពុងប្រឈមការ​ប៉ះពាល់ខ្លាំងដល់សុខភាពផ្លូវដង្ហើម ដោយសារតែផ្លូវចូលទៅកាន់ភូមិមានដីហុយខ្លាំង។

អ្នកស្រី ឈួន ឆន្នី ដែលមានជំនាញជាគ្រូពេទ្យឆ្មបផងនេះ បានសម្រេចចិត្ត​បើកលក់​ថ្នាំ​ពេទ្យ​សម្រាប់អ្នកភូមិ ដែលមានអាការៈស្រាលៗដូចជា ក្តៅខ្លួន ផ្តាសាយ និងឈឺក្បាល ដើម្បីជួយ​សម្រាលបន្ទុកក្នុងភូមិនេះ ដោយសារផ្លូវចេញពីភូមិទៅកាន់មន្ទីរពេទ្យខេត្តមានការលំបាក។

អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់បានផ្លូវចាក់កៅស៊ូ ចាក់អីដូចគេដែរ! បើមិនបានទេ បានត្រឹមតែចាក់​ក្រួសអីក៏ដោយ កុំឱ្យតែរអិលពេក ពេលភ្លៀងរអិលខ្លាំងណាស់ពិបាកធ្វើដំណើរ ចោតឡើង​ខ្ពស់ហើយរអិលទៀត»

អ្នកស្រីបញ្ជាក់ថា៖ «បើខែភ្លៀងគាត់ [ពលរដ្ឋ] ទៅ[ពេទ្យខេត្ត] មិនកើតឈឺល្មមៗ​គាត់មិន​ទៅទេបើផ្លូវលំបាកគ្រាន់តែផ្លូវប្រវែងហ្នឹងទៅឡើងទួលនេះ ឡើងមិនកើតផង​ហ្នឹងរអិល​ណាស់ ឈឺល្មមៗគាត់សុខចិត្តដេកកន្ទេល ទាល់តែឈឺខ្លាំងបានទៅពេទ្យធំ»

មេភូមិពូទ្រូ លោក ម៉ូយ ធឿន វ័យ៤៤ឆ្នាំ ប្រាប់ថា ក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋ​ចំនួន​១២០គ្រួសារ ដែលមានគ្រួសារ ប្រមាណ៩០ភាគរយ គឺជាជាជនជាតិដើមភាគតិច​ពូនង។ លោក​ទទួលស្គាល់ថា ផ្លូវចូលភូមិពិតជាតម្រូវកាចាំបាច់ពិតប្រាកកដមែន ប៉ុន្តែលោកថា​អាជ្ញាធរ​មិនមានថវិកាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍតាមការចង់បានរបស់ពលរដ្ឋទេ។ ក្នុងនាមជា​មេភូមិលោកបានត្រឹមតែដាក់សំណើនេះ ទៅមន្រ្តីថ្នាក់ឃុំ និងស្រុក តែប៉ុណ្ណោះ។ លោកថា ចំពោះការគ្រប់គ្រងចំណូល ​និងចំណាយថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់លោក គឺស្ថិតនៅក្រោម​ការ​គ្រប់គ្រងរបស់អាជ្ញាធរឃុំ ហើយលោកមិនបានដឹងលម្អិតនោះដែរ។

លោក ធឿន ឱ្យដឹងថា៖ «ថ្នាក់ឃុំគេកាន់ខាងហ្នឹង! ថវិកាគម្រោងហ្នឹងគេដឹងច្បាស់ ព្រោះ​ឯកសារ​គេនៅដៃ ប៉ុន្តែខ្ញុំអត់មានឯកសារទេ ឮគេប្រកាសម្តងៗ ខ្ញុំក៏ភ្លេចទៅមិនបានចាំដែរ»

មេភូមិពូទ្រូ លោក ម៉ូយ ធឿន វ័យ៤៤ឆ្នាំ ជាជនជាតិដើមភាគតិចពូនង រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុត បាន

ចំណែក មេឃុំសែនមនោរម្យ អ្នកស្រី ខ្វាន ត្រែលមានប្រសាសន៍ថា ក្នុងឃុំនេះ មានភូមិ​ចំនួន​៤ រួមមាន ភូមិពូរ៉ាង ភូមិអណ្តូងក្រឡឹង ភូមិពូហ្សាម និងភូមិពូទ្រូ សុទ្ធតែជួបបញ្ហាខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធដូចៗគ្នា។ អ្នកស្រីថា ការចាត់ចែងអភិវឌ្ឍន៍ គឺតម្រូវទៅភូមិណា​ដែល​ប្រឈម​ការខ្វះខាតខ្លាំង និងជាលក្ខណៈវិលជុំ។

អ្នកស្រីថ្លែងថា៖ «[ពលរដ្ឋ]គាត់សំណូមពរឱ្យបានច្រើន តែធ្វើម៉េច! ថវិកាយើង តាមជំហាន គីង្គក់ វាធ្វើម៉េច! ប្រជាពលរដ្ឋគាត់ចេះតែសំណូមពឱ្យបាន[ផ្លូវ]វែង ឱ្យបានច្រើន ឱ្យបាន​អភិវឌ្ឍន៍​ឱ្យទាន់ពេលវេលា។ ចុះនៅភូមិផ្សេងៗ គេលំបាកជាងយើងទៀត ល្បាប់ ភក់ អីខែវស្សាហ្នឹង ចេញក៏មិនរួច ស្រ្តី មានផ្ទៃពោះឆ្លងទន្លេមកពេទ្យអត់ទាន់ស្លាប់២[ទៅ] ៣នាក់ហើយ»

នៅពេលអ្នកសារព័ត៌មានបានស្នើសុំការបង្ហាញពីទិន្នន័យចំណូលចំណាយផ្សេងៗ និងថវិកា​ដែល​ឃុំទទួលបានក្នុងមួយឆ្នាំ​ៗ អ្នកស្រី ខ្វាន ត្រែល មិនបានផ្តល់ព័ត៌មានឱ្យនោះទេ ដោយ​ថា​ទាល់តែមន្រ្តីស្មៀនឃុំទើបដឹងច្បាស់។

អ្នកស្រីគ្រាន់តែនិយាយថា៖ «មិនមែនទៅចំណាយខុសខ្ទង់អី! ខាងអធិការកិច្ចគេចុះត្រួត​ពិនិត្យដែរហ្នឹង»។

ស្មៀនឃុំសែនមនោរម្យ លោក ឈុំ ដា វ័យ៤០ឆ្នាំ បានឱ្យដឹងថា ក្នុងឃុំនេះមានពលរដ្ឋចំនួន ១ ០៨៣គ្រួសារ ហើយក្នុងមួយឆ្នាំ​ៗ​ឃុំរបស់លោកទទួលបានថវិកាជាមធ្យម​ចំនួនទឹកប្រាក់​ទំហំ​ជាង ១០០លានរៀល។ លោកថា ក្នុងឆ្នាំ២០២២ និង២០២៣ ខាងឃុំរបស់លោក​បាន​អភិវឌ្ឍ​ផ្លូវនៅភូមិពូហ្សាមដែលកំពុងខ្វះខាតខ្លាំង ហើយក្នុងពូទ្រូនឹងគ្រោងជួសជុលផ្លូវ ក្នុងឆ្នាំ​២០២៤។ លោកវាយតម្លៃថា ប្រភេទផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់១​តឹក​កន្លះ ត្រូវចំណាយថវិការចន្លោះពី៤០០ ទៅ៥០០លានរៀល។

លោកថ្លែងថា៖ «លុយហ្នឹងវាមានកម្រិតដែរ លុយថវិកាហ្នឹង រាជរដ្ឋាភិបាលគាត់​ទម្លាក់​មក​ហ្នឹង​គឺ យើងពិនិត្យមើលទៅ មិនមែនថាជួយតែភូមិពូទ្រូហ្នឹងមួយទេ មានភូមិផ្សេងទៀតគេ​លំបាក​ជាងហ្នឹងទៅទៀតផ្លូវ!»

យ៉ាងណាក្តី លោកបន្តថា មុននឹងលើកគម្រោងអភិវឌ្ឍន៍ គឺតែងតែមានការចូលរួមពីមេភូមិ ឬតំណាងពលរដ្ឋ ដើម្បីបង្ហាញពីតម្លាភាពថវិកាផងដែរ។ ប៉ុន្តែលោកទទួលស្គាល់ថា ពលរដ្ឋ​ក្នុងភូមិពូទ្រូ មិនសូវទទួលបានព័ត៌មានស្តីពីចំណូលចំណាយថវិកាអភិវឌ្ឍ​នៅក្នុងមូលដ្ឋាន​នោះ​ទេ ដោយសារភូមិនេះគឺស្ថិតនៅតំបន់ដាច់ស្រយាលពីសាលាឃុំ ទើបមិនមានការ​ផ្សព្វផ្សាយ​ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកបន្ថែមថា៖ «ភូមិហ្នឹងគាត់រាងឆ្ងាយដែរ យើងអត់សូវ [ផ្សព្វផ្សាយ] ភាគច្រើនយើង [ផ្សព្វផ្សាយ]  ភូមិនៅឃុំជិតៗ។ គាត់នៅពូទ្រួនៅរាងឆ្ងាយគីឡូដែរ ពេលខ្លះគាត់អត់ដឹង ប៉ុន្តែមេភូមិអីគាត់ដឹងតើ! គាត់មកប្រជុំមកអី ខ្ញុំធ្លាប់បង្ហាញគាត់ គម្រោងអភិវឌ្ឍន៍​ប៉ុន្មាន​អីប៉ុន្មានអ៊ីចឹង!»

ចំណែក អភិបាលស្រុកអូររាំង លោកសៀក មុន្នី បានឆ្លើយតបថា អាជ្ញាធរថ្នាក់ស្រុក​នឹង​គ្រោង​ជុសជុលផ្លូវចូលភូមិពូទ្រូនេះ នៅក្នុងអំឡុងដើមឆ្នាំ២០២៤ ខាងមុខ។លោកថា ការ​អូសបន្លាយពេលនៃការជួសជុលផ្លូវមួយខ្សែនេះ ព្រោះតែអាជ្ញាធរថ្នាក់ស្រុក​ក៏មិនមានថវិកា​គ្រប់គ្រាន់ដែរ។ លោកថា ក្នុងឆ្នាំនេះ អាជ្ញាធរស្រុកនិងឃុំបានសហការគ្នាស្ថាបនាផ្លូវនៅ​ភូមិ​ផ្សេងទៀតដែលខ្វះខាតខ្លាំងជាមុនសិន។

 លោកមានប្រសាសន៍ថា៖ «អត់អីទេប្រហែលឆ្នាំក្រោយ យើងធ្វើហើយ ព្រោះប្រជាពលរដ្ឋ​គាត់​សំណូមពរក្នុងវេទិការសាធារណៈដែរ តែយើងមិនអាចធ្វើទៅម្តងទាំងអស់បានទេ! ចង់​និយាយចឹង ឆ្នាំនេះ យើងដាក់ភូមិនេះ ឆ្នាំនោះយើងដាក់នៅភូមិនេះអ៊ីចឹងទៅ»។

យ៉ាងណាលោកមិនប្រាប់លម្អិតពីថវិកា​ដែលរដ្ឋបាលស្រុកទទួលបានក្នុងមួយឆ្នាំៗនោះទេ ដោយគ្រាន់តែប្រាប់ថា ក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកអូររាំងទទួលបានថវិកាសរុបជាង​៦០០លានរៀល ដែលនឹងទទួលបាននៅចុងឆ្នាំ​២០២៣។

របាយការណ៍មួយរបស់អង្គការ អន្តរជាតិគម្រោងភាពជាដៃគូ (International Budget Partnership) ដែលបានស្ទង់មតិ ពីសន្ទស្សន៍នៃការបើកចំហថវិកា ចេញផ្សាយក្នុងឆ្នាំ២០១៩ រកឃើញថា ការចូលរួមតាមដានរបស់ប្រជាពលរដ្ឋកម្ពុជាស្តីពីការទទួលបានថវិកាជាតិ គឺ​មាន​ពិន្ទុ០(ចំណោម១០០ពិន្ទុ)។ ចំណែកការត្រួតពិនិត្យការវាយតម្លៃថវិកា​ពីភាគីពាក់ព័ន្ធ​ដែល​ឯករាជ្យមាន៤១ពិន្ទុ(ចំណោម១០០ពិន្ទុ) ខណៈ តម្លាភាពនៃការគ្រប់គ្រងថវិការដ្ឋនៅកម្ពុជា មានពិន្ទុ៣៣(ចំណោម១០០ពិន្ទុ)។

ម៉ូតូកង់បីកំពុងបើកបរលើផ្លូវមួយខ្សែ ស្ថិតក្នុងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុត បាន

តាមរយៈរបាយការណ៍នេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ពន្យល់ថា តម្លាភាព នៃការបើកចំហថវិកាជាតិនៅកម្ពុជានៅមានកំរិតទាបនៅឡើយ។ លោកបន្តថា ការ​ផ្សព្វផ្សាយព័ត៌មានថវិកាជាតិរបស់អាជ្ញាធរ មិនមានលក្ខណៈទូលំទូលាយ ហើយមាន​លក្ខណៈ​ស្មុគស្មាញ ដែលមិនអាចឱ្យពលរដ្ឋយល់ដឹងបាន។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនសកម្មភាព ដើម្បីជំរុញឱ្យពលរដ្ឋបានដឹងពីចំណូលចំណាយថវិកា​នៅតាមមូលដ្ឋាន​របស់ខ្លួន ឬផែនការអភិវឌ្ឍន៍ភូមិឃុំលើវិស័យអាទិភាពផ្សេងៗទៀត ដើម្បីបង្ហាញ​ពី​គណនេយ្យភាព​សង្គម។

លោកថ្លែងថា៖ «ការបង្កើននូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការបង់ពន្ធ នៅក្នុងការបំពេញ​កាតព្វកិច្ចស្របទៅតាមគោលការណ៍ច្បាប់ដ៏ទៃទៀត នៅក្នុងការបង់​ពន្ធអាករកម្រៃ​ជើងសារ​ផ្សេងៗ ទៅតាមច្បាប់រដ្ឋាភិបាល គឺថ្នាក់ដឹកនាំនៅថ្នាក់ជាតិក្តី ថ្នាក់ក្រោមជាតិក្តី មាន​កាតព្វកិក្ច​ក្នុងការចែកចាយព័ត៌មាន ផ្តល់ព័ត៌មានឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅ​បាន»

ចំណែក នាយិការអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACP) ប្រចាំខេត្តមណ្ឌលគិរី អ្នកស្រី ស្រី សុធាវីថ្លែងថាបញ្ហាផ្លូវលំបាកនៅតាមភូមិក្នុងខេត្តមណ្ឌលគិរី​នៅតែជាកង្វល់​របស់ប្រជាពលរដ្ឋជាច្រើនឆ្នាំ​មកហើយ។អ្នកស្រីសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន​ក៏​បាន​ចូលរួមលើកផែនការស្នើសុំឱ្យមានការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់គាត់ដែរ ប៉ុន្តែ​អាជ្ញាធរ​បានត្រឹមប្រាប់ថា ថវិកាមិនគ្រប់គ្រាន់ក្នុងការចំណាយ។ អ្នកស្រីថា បញ្ហានេះគឺជា​ផ្នែក​មួយដែលជំរុញឱ្យប្រជាពលរដ្ឋអស់ជំនឿក្នុងការចូលរួមតាមដានតម្លាភាពនៃថវិកាក្នុង​មូលដ្ឋានរបស់ពួកគាត់។

អ្នកស្រីបន្តថា កង្វះការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីប្រជុំជាមួយអាជ្ញាធរឃុំ គឺមានន័យថា ខ្វះតួអង្គសំខាន់មួយដែលឃ្លាំមើលពីសុចរិតភាពសាច់ប្រាក់ដែលរដ្ឋាភិបាលទទួលបានពីការប្រមូលពន្ធអាករពីប្រជាពលរដ្ឋ។

អ្នកស្រីបន្ថែមថា៖ «កង្វះនូវអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិហ្នឹង នៅតែជាបញ្ហា ហើយ​[ខ្ញុំ]​នៅ​តែទទូចសុំឱ្យមានការចូលរួមធ្វើការងារជិតស្និទ្ធ ឱ្យកៀកកិតជាមួយនឹងប្រជាពលរដ្ឋ ហើយ​ជូនដំណឹងដល់ប្រជាពលរដ្ឋ»

អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ លោក ចាន់ សុធា ថ្លែងថា ​មានពលរដ្ឋតិចតួចប៉ុណ្ណោះមិនដឹង អំពីទំហំ​ថវិកា​​ប្រចាំឆ្នាំ​នៅមូលដ្ឋានរបស់ខ្លួន។លោកបន្តថា ក្រសួងមហាផ្ទៃតម្រូវឱ្យអាជ្ញាធរឃុំត្រូវ​ផ្សព្វផ្សាយព័ត៌មានពីទំហំថវិកា និងរបាយការណ៍ចំណូលចំណាយប្រចាំឆ្នាំឱ្យបាន​ទូលំ​ទូលាយ​ប្រាប់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយប្រើប្រាស់គ្រប់​មធ្យោបាយ​ដែលមាន រួមទាំងការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមផងដែរ។ លោកថា មធ្យោបាយទាំងនោះ រួមមាន ការប្រជុំជាមួយពលរដ្ឋជាប្រចាំនៅពេលមានគម្រោងអភិវឌ្ឍន៍ ការបិទផ្សាយព័ត៌មាននៅលើក្តារព័ត៌មាននៅតាមឃុំសង្កាត់ និងត្រូវរៀបចំគម្រោងថវិកា​របស់​ខ្លួនតាមនីតិវិធី និងប្រតិទិនកំណត់ជាដើម។

ជុំវិញកណីនៅឃុំសែនមនោរម្យវិញ បើតាម លោក ចាន់ សុធា ពន្យល់ថា ឃុំសែនមនោរម្យ​គឺ​ជាឃុំតូចមានសមាជិកក្រុមប្រឹក្សាចំនួន៥រូប និងមានភូមិចំនួន៤ ដូចនេះក្នុងឆ្នាំ២០២៣នេះ ឃុំនេះ​ទទួលបានថវិកាសរុបចំនួន៤៦០លានរៀល(១១៣ ៥៨០ដុល្លារ) ក្នុងនោះថវិកាចំនួន ២៩០លានរៀល(៧១,៦០៥ ដុល្លារ) សម្រាប់ ចំណាយលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ចំណែក ថវិកា​នៅសល់សម្រាប់ចំណាយប្រាក់ឧបត្ថម្ភដល់មន្ត្រីភូមិ-ឃុំ និងចំណាយ ប្រតិបត្តិការរដ្ឋបាលឃុំជាដើម។

លោកបញ្ជាក់ថា៖ «អាស្រ័យដោយឃុំនេះជាឃុំតូច ប្រជាពលរដ្ឋតិច ដូច្នេះធនធានថវិកា​ដែល​ឃុំទទួលបានពីថ្នាក់ជាតិក៏មានចំនួនក្នុងទំហំតូចដែរបើធៀបនឹងទំហំធនធានជា​មធ្យមដែល ឃុំ សង្កាត់នីមួយៗទទួលបាន»

លោកពន្យល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគណនា ចែកធនធានមូលនិធិឃុំ-សង្កាត់ បន្ថែមពីថវិការដ្ឋចំនួន១ភាគរយ និងចែករំលែកពីចំណូលពន្ធរបស់រដ្ឋបាលរាជធានីខេត្ត ៥,៥០​ភាគរយ ដោយប្រើប្រាស់រូបមន្ត និងសន្ទស្សន៍ជាក់លាក់ ដោយកំណត់តាមចំនួន​ប្រជាពលរដ្ឋ សន្ទស្សន៍ភាពក្រីក្រ និងចំនួនភូមិជាដើម។

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ស្តីពីលទ្ធផល ប្រមូលចំណូលពន្ធសរុប រយៈពេល១១ខែ ក្នុងឆ្នាំ២០២២ ប្រមូលបានជាង៣ ពាន់លានដុល្លារ(៣ ២១៤,០៦លានដុល្លារ) បើធៀបនឹងចំណូលពន្ធអាកររយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ កើនឡើងចំនួនជាង ៦០០លានដុល្លារ (៦៤៨,១៧លានដុល្លារ)។

អ្នកស្រី ភឹង បាត់ ជនជាតិដើមភាគតិចពូនង រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុត បាន

ទោះជាបែបណាក្តី ងាកទៅកាន់ អ្នកស្រី ភឹង បាត់ នៅតែទន្ទឹមរង់ចាំការស្ថាបនា​ផ្លូវបេតុង​ចូលភូមិរបស់គាត់ ដោយបារម្ភខ្លាចមានមនុស្សបាត់បង់ជីវិត ជាពិសេស ស្រ្តីមានផ្ទៃពោះ ដែលមានតម្រូវការប្រើប្រាស់ផ្លូវជាចាំបាច់ ដោយថា បើរដូវរស្សាចូលមកដល់ស្ថានភាព​ផ្លូវ​កាន់តែលំបាកខ្លាំង។

 អ្នកស្រីបន្ថែមថា៖ «[ផ្លូវ]មានសារសំខាន់ណាស់លោកគ្រូ បើអត់បាន[ផ្លូវ]! យើងខែភ្លៀងពិបាកមែនទែនណាលោកគ្រូ! ដូចថា យើងទៅអត់ទាន់ ទៅពេទ្យទៅអី អ្នកពោះធំពោះអីទៅ[មន្ទីរពេទ្យខេត្ត] អត់ទាន់»

573 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម