ខេត្តតាកែវ៖ ផ្លូវកៅស៊ូមួយខ្សែក្នុងស្រុកព្រៃកប្បាស ខេត្ដតាកែវ មានប្រវែង១១គីឡូបានរងការខូចខាតស្ទើរទាំងស្រុង ដោយសារតែបើកបរដឹកលើសទម្ងន់ និងអាកាសធាតុ ក្រោយពីសាងសង់បានរយៈពេល១ឆ្នាំ ក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋស្នើឱ្យសាងសង់ឡើងវិញ និងមិនឱ្យក្រុមហ៊ុនដដែលបន្ដនោះទេ។
បញ្ហានេះបង្កផលលំបាកជាច្រើនដល់ពួកគាត់ទាំងការធ្វើដំណើរ និងបញ្ហាជីវភាព ខណៈអង្គការសង្គមស៊ីវិលបានចាត់ទុកថាវាជាអំពើពុករលួយ និងគ្មានតម្លាភាព គណនេយ្យភាពសង្គមនឹងជាការខាតបង់ថវិកាជាតិថែមទៀត។
ពលរដ្ឋម្នាក់មានសម្បុរខ្មៅស្រអែម ស្លៀកខោខៅប៊យជើងខ្លី និងពាក់អាវពណ៌ខៀវដៃខ្លី លោក ប្រាក់ ស៊ីថា អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស បានត្អូញត្អែរថា ក្រោយពីផ្លូវខូចធ្វើឱ្យពលរដ្ឋពិបាករកស៊ី។ បើគិតពីផ្លូវមិនទាន់ចាក់កៅស៊ូលោកថាអាចនៅគ្រាន់បើជាងពេលនេះ។ លោកបន្ដថា ទាំងលោក និងពលរដ្ឋផ្សេងទៀតមិនខុសគ្នាទេ គឺចង់ឱ្យមានការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។ បើមិនអ៊ីចឹងទេ ពលរដ្ឋពិបាករស់នៅណាស់។
ពលរដ្ឋមានមុខរបរជាអ្នកលក់គ្រឿងអគ្គិសនីរូបនេះបានបន្តថា បើនិយាយពីគ្រោះថ្នាក់វិញសឹងតែលែងនិយាយហើយរហូតមានពលរដ្ឋមិនចង់ឱ្យកូនទៅរៀនទេ ព្រោះគ្រោះថ្នាក់បុកគ្នាញយពេក ដូច្នេះហើយបានជាម្នាក់ៗខ្លាចរអារក្នុងការធ្វើដំណើរចេញទៅណាម្ដងៗ។
ឈរចង្អុលជង្ហុកមុខផ្ទះខ្លួនដោយទឹកមុខក្រៀមក្រំ ដោយបាននិយាយថា៖ «យើងនិយាយមិនស្រួលគេថាយើង[អញ្ចេះអញ្ចុះ] បានត្រឹមតែម៉ាឃើញ ជួនកាលខ្ញុំកាយលុបខ្លះ ព្រោះខ្ញុំអ្នកលក់ដូរចឹង កាលណាផ្លូវមុខផ្ទះលំបាកមិនសូវមានអ្នកមកចង់ទិញអីទេ ការរកស៊ីក៏លំបាកដែរ។ គ្រលុកពេញទឹកពេញដីចឹង ពួកខ្ញុំពិបាកដល់ហើយបង មិនដឹងពេលណាគេធ្វើឱ្យបានស្រួលទេ ម្នាក់ៗលែងចង់ចេញពីផ្ទះអស់ហើយ»។
ពេលអ្នកសារព័ត៌មានចុះទៅផ្ទាល់សង្កេតឃើញថា ផ្លូវមួយខ្សែចាប់ពីចំណុចផ្សារសៃវ៉ាទៅភ្ជាប់នឹងផ្សារជ្រៃ ដោយឆ្លងកាត់ឃុំចំនួន៣ គឺឃុំព្រៃផ្តៅ ឃុំកំពែង និងឃុំអង្កាញ់ ដោយផ្ដើមស្ថាបនាក្នុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះគឺខូចខាតស្ទើតែទាំងស្រុងដោយអាជ្ញាធរ និងពលរដ្ឋបានអះអាងថា ក្រុមហ៊ុនអមតៈធ្វើផ្លូវមួយខ្សែក្រាលកៅស៊ូមានប្រវែង១១គីឡូម៉ែត្រ មានជង្ហុក និងហុយខ្លាំង ពេលដែលពលរដ្ឋ និងសិស្សសាលាធ្វើដំណើរគឺពិបាក ជាពិសេសពួកគាត់អះអាងថាឧស្សាហ៍មានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតកើតឡើងថែមទៀត។
ហាក់មិនខុសពីគ្នានោះទេ ពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ុក សម្ភស្ស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស បានលើកឡើងថា ចាប់តាំងពីផ្លូវនេះខូចមក ពលរដ្ឋនៅក្នុងតំបន់អ្នកស្រីឧស្សាហ៍មានករណីគ្រោះថ្នាក់ចរាចរណ៍ណាស់។ កាលពីពេលថ្មីៗកន្លងទៅមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងសិស្សសាលាចេញពីរៀនបានបើកគេចជង្ហុកបុកអ៊ុំស្រីម្នាក់ដែលជិះកង់ក្បែរផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗ។
អ្នកស្រីបានឱ្យដឹងទៀតថា ដោយសារតែផ្លូវមានសភាពហុយខ្លាំង ទើបបណ្តាលឱ្យក្មេងៗក្នុងភូមិឈឺដោយមិនមានខាងណាស្រោចទឹកទេ។ អ្នកស្រីបន្តថា បើនិយាយពីរឿងលក់ដូររកស៊ីវិញរឹតតែលំបាកថែមទៀត ជាពិសេសអ្នកស្រីថា ផ្លូវតូចមានជង្ហុកធំៗ ពេលកម្មកររោងចក្រចេញពីធ្វើការម្ដងៗបើមិនបានប្រុងប្រយ័ត្នទេគឺអាចបង្កគ្រោះថ្នាក់ដល់កូនទៀតផង។ យ៉ាងណាក្ដីអ្នកស្រីចង់ឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្ដាជួយពន្លឿនដោះស្រាយបញ្ហានេះឱ្យពលរដ្ឋផង ដើម្បីជាប្រយោជន៍ដល់ពួកគាត់។
អ្នកស្រីបានបញ្ជាក់ថា៖ «បុកគ្នាភាគច្រើនសិស្សសាលា និងពួករោងចក្រតែហ្មង។ វាអត់មានគុណភាព វាឆាប់ខូចពេក។ ផ្លូវវាតូច ប្រជាជនធ្វើដំណើរច្រើនដល់ចឹងគ្រោះថ្នាក់។ សំណូមពរឱ្យធ្វើផ្លូវធំជាងមុន ខាងក្រសួងខាងធ្វើផ្លូវថ្នល់អីហ្នឹង មេត្ដាជួយគិតគូរប្រជាជនផង»។
បើតាមលោក គុជ សុផល មេភូមិព្រៃផ្ដៅ អាយុ៥៧ឆ្នាំ បានថ្លែងថា ពលរដ្ឋប្រើប្រាស់ផ្លូវមានចំនួនច្រើនដូចជាប្រកបមុខរបរ និងធ្វើដំណើរទៅរៀនសម្រាប់សិស្សសាលាជាដើម ពេលផ្លូវខ្ទេចខ្ទី ពលរដ្ឋពិបាកធ្វើដំណើរណាស់រាល់ថ្ងៃនេះ។ លោកថា បើគុណភាពវិញធ្វើមិនទាន់១ឆ្នាំស្រួលបួលផងគឺខូចអស់ លោកថាលោកមានការសោកស្ដាយណាស់នឹងថវិកាដែលខាងក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយ។
មេភូមិព្រៃផ្ដៅរូបនេះបន្ដថា កន្លងមកលោកនិងឃុំតែងតែផ្ដល់ព័ត៌មាននឹងស្នើឱ្យខាងក្រសួងចុះមកស្ថាបនាផ្លូវនេះឱ្យបានលឿនសម្រាប់ពលរដ្ឋដែរ។ ប៉ុន្ដែហាក់មិនទាន់មានចំណាត់ការណាមួយនៅឡើយទេ។ លោកថាក្នុងនាមជាអាជ្ញាធរពិបាកដោះស្រាយនឹងពលរដ្ឋ។
យ៉ាងណាលោក ថ្លែងថា៖ «វាលំបាកហើយ តែយើងក៏ត្រូវដោះតាមដំណាក់កាលដែរ។ ខ្ញុំចង់ឱ្យតែផ្លូវហ្នឹងល្អហើយក្រុមហ៊ុនដែលចូលធ្វើក៏ធ្វើឱ្យមានគុណភាពផង អីផងអឹចឹងទៅ។ ខ្ញុំអត់សូវបានដឹងទេ ព្រោះគម្រោងគេដេញនៅខេត្ដ ព្រោះផ្លូវលេខរបស់ខេត្ដ។ ផ្លូវហ្នឹងគេមានការឆ្ងល់ច្រើនដែរថាហេតុអីបានជាឆ្នាំហ្នឹងក្រុមហ៊ុនគ្រឿងចក្រដែលកសាងផ្លូវនេះ អត់បានមួយឆ្នាំពេញផងចាប់ផ្ដើមខូចហ្មងនេះជាការសង្កេតរបស់ខ្ញុំផ្ទាល់»។
លោកបន្ថែមថា លោកមិនហ៊ានវាយតម្លៃយ៉ាងណាទេ។ ម្យ៉ាងវិញទៀតលោកមិនចង់ឱ្យមានវត្ដមានក្រុមហ៊ុនមួយហ្នឹងក្នុងការដេញថ្លៃសាងសង់ទៀតទៅលើការធ្វើផ្លូវ គួរតែរកក្រុមហ៊ុនណាដែលមានបច្ចេកទេស និងមានគុណភាពត្រឹមត្រូវមក ជាការល្អសម្រាប់ពលរដ្ឋប្រើប្រាស់បានយូរ។

ស្រដៀងគ្នានេះដែរលោក ចាន់ អិន មេឃុំព្រៃផ្ដៅ អាយុ៦៦ឆ្នាំ និងទើបតែបានឡើងកាន់តំណែងក្នុងអាណត្ដិទី៦នេះ បានប្រាប់ដោយផ្ទាល់ថា ផ្លូវដែលកំពុងតែរងការខូចខាតទាំងស្រុងនេះគឺជាជាការចំណាយថវិកាដោយក្រសួងអភិវឌ្ឍន៍ជនបទ ប៉ុន្ដែលោកមិនបានដឹងថាការចំណាយសាងសង់នេះអស់ខ្ទង់ប៉ុន្មាននោះទេ។ លោកថា ក្រុមហ៊ុនដែលមកម៉ៅការសាងសង់មានឈ្មោះថាក្រុមហ៊ុន អមតៈ ប៉ុន្ដែមិនបានដឹងថាក្រុមហ៊ុនហ្នឹងជារបស់អ្នកណា ហើយមកពីណានឹងទៅសាងសង់នៅឯណាបន្ដនោះទេ។ លោកដឹងតែផ្លូវនេះមានប្រវែង១១គីឡូម៉ែត្រ និងឆ្លងកាត់ឃុំចំនួន២គឺឃុំព្រៃផ្ដៅ និងឃុំកំពែង ក្នុងស្រុកព្រៃកប្បាស និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រើប្រាស់ផ្លូវមួយខ្សែនេះ។
មេឃុំព្រៃផ្ដៅរូបនេះបន្ដថា៖ «កាលហ្នឹងបោះឆ្នោត២០១៨ហើយគេចាប់ផ្ដើម២០១៩។ ក្រុមហ៊ុនទទួលម៉ៅការហ្នឹងគ្រាន់តែធ្វើហើយមិនទាន់បាន១ឆ្នាំស្រួលបួលផងវាចេះតែខូចបណ្ដើរៗ ហើយក៏មិនឃើញជុសជុលអីផង។ ខ្ញុំអត់ដឹងការចំណាយចំណូលទេ ខ្ញុំអត់ដឹងដែរក្មួយ»។
លោកលើកឡើងថា ក្រសួងគួរតែប្រើប្រាស់ក្រុមហ៊ុនណាដែលមានស្ដង់ដារត្រឹមត្រូវដើម្បីឱ្យការចំណាយទៅមានគុណភាព ហើយពលរដ្ឋគឺពួកគាត់ចាំតែប្រើប្រាស់ទេ។ បើមិនល្អពួកគាត់នឹងរិះគន់ពីសមិទ្ធិផលទាំងអស់ហ្នឹង។ លោកបន្តថា មូលហេតុដែលធ្វើឱ្យផ្លូវមួយខ្សែនេះខូចក៏ជាការរួមចំណែករបស់អាជីកររកស៊ីខាងដឹកស្រូវលើសទម្ងន់ទៅប្រទេសវៀតណាម និងអាកាសធាតុដូចជាភ្លៀងជាដើម។
លោក ចាន់ អិន បន្ថែមថា៖ «ពេលផ្លូវខូចចឹងគឺពិបាកជិះ ជាពិសេសពេលកូនសិស្សជិះដល់ពេលផ្លូវវាគ្រលិកគ្រលុកហ្នឹងវាចេះតែគ្រោះថ្នាក់ពេលវាគេចប៉ះគ្នាញឹក មានបាត់បង់ជីវិតទើបតែថ្មីៗហ្នឹង កូនសិស្សវាគេចទៅបុកអ៊ុំស្រីម្នាក់ស្លាប់ភ្លាមៗទៅ។ ពលរដ្ឋគាត់ត្អូញត្អែរថាមិនដឹងបានកាលគេធ្វើផ្លូវឡើងវិញទេ ពិបាករកស៊ីណាស់។ ផ្លូវនេះខូចដោយសារឡានដឹកស្រូវទៅយួនដាក់លើសទម្ងន់ ហើយភ្លៀងបានជាវាឆាប់ខូចចឹងក្មួយ»។
អ្នកសារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីខាងក្រុមហ៊ុនអមតៈដែលជាអ្នកដេញថ្លៃសាងសង់ផ្លូវកៅស៊ូដែលរងការខូចខាតស្ទើតែទាំងស្រុង ប៉ុន្ដែមិនអាចទាក់ទងបានឡើយជុំវិញការទទួលសាងសង់ផ្លូវគ្មានគុណភាពមួយខ្សែក្នុងស្រុកព្រៃកប្បាស។
សេចក្ដីព្រាងច្បាប់លទ្ធកម្មសាធារណៈ២០២២ និងលិខិតបទដ្ឋានពាក់ព័ន្ធកម្ពុជាដែលកំពុងតែពិនិត្យលើបញ្ហាធំៗចំនួន៣ត្រង់ចំណុចទី៧អំពីការបើកចំហ និងបរិយាបន្ន។
ទី១ ការលុបចោលនូវរនាំងការិយាធិបតេយ្យនៃការចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអាចចូលរួមដេញថ្លៃ។ ទី២ ការពិចារណាទៅលើការជម្រុញឱ្យមានការចូលរួមពីសហគ្រាសធុនតូច និងមធ្យម។ ទី៣ ការបង្កើតឱ្យមានបទដ្ឋាននៃនីតិវិធីដែលអាចឆ្លើយតបទៅនឹងគោលនយោបាយសេដ្ឋកិច្ច និងសង្គម សម្រាប់ប្រើប្រាស់វិធីសាស្រ្ដ«កិច្ចសន្យាជាមួយនឹងសហគមន៍»ឱ្យមានប្រសិទ្ធភាព ដូចដែលបានកំណត់ក្នុងច្បាប់ និងសេចក្ដីព្រាងច្បាប់លទ្ធកម្មសាធារណៈ។
តាមការបញ្ជាក់របស់លោក ឆឹង សុវណ្ណារ៉ា ជាអ្នកដេញថ្លៃសាងសង់ផ្លូវក្នុងឃុំព្រៃផ្ដៅ បានថ្លែងថា រឿងផ្លូវមានគុណភាព ឬមិនមានគុណភាពវាអាស្រ័យលើបច្ចេកទេសក្នុងការសាងសង់ បើមើលនឹងភ្នែកគឺយើងពិបាកវាយតម្លៃណាស់។
លោកបន្ដថា រាល់ការដេញរបស់លោកក្នុងឃុំគឺវាទៅតាមគម្រោងដែលគេបានដាក់ដើម្បីឱ្យក្រុមហ៊ុនដេញថាចំនួនលុយមានប៉ុណ្ណឹងហើយប្រវែងប៉ុណ្ណឹងគឺខាងអ្នកដេញថ្លៃហ្នឹងថាអាចធ្វើបានដេញយកទៅ ពីព្រោះតម្លៃ និងគុណភាពផ្លូវគេមានប្រាប់ច្បាស់ហើយ។ លោកបន្តថា លោកទើបតែសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៥៦០ម៉ែត្រហើយចំណាយថវិកាអស់១៤៦លានរៀល និងកម្រាស់១តឹកកន្លះកាលពីចុងឆ្នាំ២០២២រួចរាល់ហើយ។
អ្នកដេញថ្លៃរូបនេះបន្ដថា៖ «អាហ្នឹងវាពាក់ព័ន្ធនឹងបច្ចេកទេសទើបយើងអាចនិយាយបាន។ មួយទៀតយើងត្រូវសិក្សាគម្រោងសិនទើបយើងងាយស្រួលក្នុងការធ្វើ ព្រោះទឹកលុយគឺគេបានបញ្ជាក់ក្នុងគម្រោងច្បាស់ហើយ បើយើងហ៊ានយើងដេញថ្លៃយកទៅបង»។
ចំណែកឯលោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស បានមានប្រសាសន៍ថា បើនិយាយពីគុណភាពផ្លូវដែលរងការខូចខាតនេះលោកមិនមានជំនាញនោះទេ។ លោកថា បញ្ហានេះលោកតែងតែធ្វើរបាយការណ៍នឹងស្នើទៅថ្នាក់លើ និងក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយជូនពលរដ្ឋក្នុងមូលដ្ឋាន។ យ៉ាងណាក្ដីលោកបានបញ្ជាក់ថា ផ្លូវនេះជាផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកសាងសង់ រីឯការចំណាយថវិកាអស់ប៉ុន្មានលោកពិតជាមិនបានដឹងទេ។
លោកថ្លែងថា៖ «និយាយរឿងគុណភាពខ្ញុំអត់មានជំនាញខាងហ្នឹងទេ។ ពេលផ្លូវខូចខ្ញុំលើកឱ្យទៅខេត្ដ ទៅស្ថាប័ននានាហ្នឹងគឺសុំឱ្យជុសជុលផ្លូវឡើងវិញ។ ផ្លូវហ្នឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកសាងសង់។ ខ្ញុំអត់ដឹងថាគេចំណាយអស់ប៉ុន្មានទេ»។
ជាមួយគ្នានេះដែរលោក មាស អ៊ុយ ប្រធានរដ្ឋបាលខេត្ដតាកែវ បានមានប្រសាសន៍ថា ផ្លូវដែលរងការខូចនេះដំបូងជាគម្រោងរបស់ខេត្ដទេ ប៉ុន្ដែក្រោយមកក៏ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកទទួលខុសត្រូវវិញ។
លោកបញ្ជាក់ថា៖ «ផ្លូវរបស់ខេត្ដទេដំបូង ប៉ុន្ដែលូវនេះខាងក្រសួងអ្នកទទួលខុសត្រូវវិញ ហើយរាល់ការចំណាយផ្លូវហ្នឹងខាងសាធារណការបានដឹងអូន ពូអត់ដឹងទេ»។

ពាក់ព័ន្ធនឹងបញ្ហាលទ្ធកម្មសាធារណៈនេះត្រូវបានលោក ឡាំ សុជាតិ នាយករងនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានថ្លែងថា ដោយសារមានបញ្ហាមួយចំនួនក្នុងការដេញថ្លៃសម្រាប់ការសាងសង់ផ្លូវដែលគ្មានគុណភាពនេះហើយ បានខាងរដ្ឋាភិបាលកំពុងតែធ្វើសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងបញ្ហាលទ្ធកម្មសាធារណៈ។ ហើយច្បាប់នេះផ្ដោតលើការដាក់ដេញថ្លៃ ក្រុមហ៊ុនដេញថ្លៃ និងបច្ចេកទេសក្នុងការសាងសង់ផ្លូវដើម្បីឱ្យវាមានគុណភាព និងដើម្បីជំរុញឱ្យបង្ហាញទៅកាន់ពលរដ្ឋឱ្យបានដឹងជាសាធារណៈ និងដើម្បីទប់ស្កាត់អំពើពុករលួយ ទើបតម្រូវឱ្យមានច្បាប់ស្ដីពីលទ្ធកម្មសាធារណៈហ្នឹង។ លោកបានបញ្ជាក់ថា ក្រោយពីច្បាប់លទ្ធកម្មសាធារណៈចេញជាផ្លូវការ គឺបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយក៏ត្រូវបានកាត់បន្ថយនឹងមានភាពល្អប្រសើរជាងមុនផងដែរ។
លោក សុជាតិ បន្ដថា៖ «រដ្ឋាភិបាលកំពុងតែកែច្បាប់លទ្ធកម្មសាធារណៈ២០១២ទៅជាច្បាប់លទ្ធកម្មសាធារណៈថ្មី២០២៣ដោយមើលឃើញពីករណីរឿងគុណភាពធ្វើផ្លូវ និងគម្រោងដេញថ្លៃផ្សេងៗហ្នឹងវាមិនទាន់គ្រប់គ្រាន់ដើម្បីធានាអនុវត្ដទៅវាមានលទ្ធផលសមនឹងការចំណាយ។ វាអាចល្អប្រសើរជាងមុនបើសិនច្បាប់ស្ដីពីលទ្ធកម្មសាធារណៈបានចេញជាផ្លូវការ។ វាអាចកាត់បន្ថយអំពើពុករលួយ និងអាចឱ្យក្រុមហ៊ុនដេញថ្លៃហ្នឹងផ្ដោតលើគុណភាពជាងមុនដែរ»។
ជុំវិញរឿងសាងសង់ផ្លូវគ្មានគុណភាពនេះកន្លងមកត្រូវបានរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងថ្ងៃចុះពិនិត្យគុណភាពផ្លូវជាតិលេខ២និងលេខ២២ កាលពីខែមេសាឆ្នាំ២០២២ថា ក្រុមហ៊ុនកូរ៉េ ហាន់ស៊ីន បានអនុវត្តផ្ទុយពីកិច្ចសន្យា ដោយសាងសង់ផ្លូវនេះមានភាពយឺតយ៉ាវ។ លោកថា ក្នុងកិច្ចសន្យាជាមួយក្រសួង ក្រុមហ៊ុនសន្យាថា នឹងប្រើរយៈពេល៣០ខែប៉ុណ្ណោះ ដើម្បីសាងសង់ផ្លូវទាំងពីរខ្សែនេះ គិតត្រឹមថ្ងៃទី១៥ឬថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ប៉ុន្ដែក្រុមហ៊ុននេះសាងសង់មិនទាន់ពេលវេលា ហើយថែមទាំងគ្មានគុណភាពទៀតផង។
លោកថ្លែងបន្តទៀតថា ក្រោយពីការធ្វើតេស្ដគុណភាពជិត ១ ០០០កន្លែងមក ឃើញថា ធ្លាក់សឹងតែទាំងអស់ ជាពិសេសគ្រឿងចក្រមិនដឹងតាំងពីសម័យណានោះទេ យកមកប្រើប្រាស់ក្នុងការសាងសង់នេះ ដែលលោកបានអះអាងថា មិនអាចទទួលយកបាននោះទេ។ យ៉ាងណាក្តី ក្រោយពីចរចាគ្នាមក លោកបានទុកពេលឱ្យក្រុមហ៊ុន៤ខែបន្ថែមទៀត ដើម្បីពន្លឿនការសាងសង់។
លោកបានបន្ថែមថា៖ «ខ្ញុំសុំទោសដល់បងប្អូនផង ចំពោះការយឺតយ៉ាវរបស់ក្រុមហ៊ុន ខ្ញុំកំពុងគិតគូរដោះស្រាយ ហើយក្រុមហ៊ុនកុំយកបញ្ហាកូវីដមកបាំងមុខ ខ្ញុំទទួលយកមិនបានទេ ខ្ញុំនឹងពិចារណាថា ក្រោយៗនឹងដកឈ្មោះក្រុមហ៊ុនហាន់ស៊ីនចេញមិនឱ្យចូលរួមដេញថ្លៃទៀត ទេ»។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចំណាយថវិកាសរុបចំនួន៥៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសងផ្លូវជាតិលេខ២ ដែលមានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ រហូតដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២ មានប្រវែងសរុបចំនួន ៩,៦១គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ៣។ គម្រោងនេះឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមាន ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងប្រាប់ខេមបូចាដោយផ្ទាល់ថា ចំពោះផ្លូវដែលរងការខូចខាតនៅស្រុកព្រៃកប្បាសមិនមែនជាផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកសាងសង់នោះទេ ប៉ុន្ដែក្រសួងមានគោលការណ៍មួយសម្រាប់ផ្ដល់អត្ថិភាពដល់អ្នកដែលមានបំណងចង់ចូលរួមកសាងប្រទេសតាមរយៈការសាងសង់ផ្លូវគឺខាងក្រសួងអនុញ្ញាតនឹងឃ្លាំមើលលើកិច្ចការទាំងអស់ហ្នឹង។
លោកក៏បានបញ្ជាក់បន្ថែមលើបញ្ហាគុណភាពផ្លូវថា សម្រាប់ក្រសួងរាល់ក្រុមហ៊ុនដែលបានដេញថ្លៃពីក្រសួងគឺមានកិច្ចសន្យាច្បាស់លាស់ និងមានការធានាគុណភាពក្នុងរយៈពេលយ៉ាងតិចគឺមួយឆ្នាំ នឹងមានដាក់ស្លាកបញ្ជាក់ថាជារបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ លោកបានពន្យល់ទៀតថា ជាទូទៅផ្លូវគឺត្រូវបានទទួលខុសចំនួន៣ស្ថាប័នគឺ ក្រសួងសាធារណៈការគ្រប់គ្រងផ្លូវជាតិ ផ្លូវខេត្ដ និងផ្លូវល្បឿនលឿន រីឯក្រសួងអភិវឌ្ឍន៍ជនបទគ្រប់គ្រងផ្លូវជនបទ និងផ្លូវផ្សេងទៀតតាមគោលការណ៍រដ្ឋាភិបាលផ្ដល់ឱ្យ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖ «ផ្លូវខូចខាតនៅស្រុកព្រៃកប្បាសហ្នឹងមិនមែនជារបស់ក្រសួងទេ ប៉ុន្ដែយើងមានគោលការមួយសម្រាប់ឱ្យអ្នកដែលចង់ជួយកសាងប្រទេសអាចចូលរួមបានហើយយើងជាអ្នកឃ្លាំមើលពីខាងលើដែរ ពីការសាងសង់ផ្លូវហ្នឹងអាហ្នឹងយើងមាន។ ក្រសួងអភិវឌ្ឍន៍ជនបទធ្វើផ្លូវមានកិច្ចសន្យាច្បាស់លាស់ និងមានសុពលភាព នៅពេលចាប់ផ្ដើមអ្នកទទួលការអនុវត្ដទទួលធ្វើជាស្រទាប់ៗ»។ លោកបន្តថា៖ «ហើយខាងបច្ចេកទេសគេនឹងចុះត្រួតពិនិត្យដើម្បីមើលថាតើគុណភាពផ្លូវហ្នឹងអាចឱ្យគាត់ជាប់ឬក៏ធ្លាក់អាស្រ័យលើការធ្វើតេស្ដដី ដូច្នេះយើងត្រូវយល់ឱ្យច្បាស់ត្រូវចំណុច។ខាងខេត្ដគេដឹងច្បាស់ណាស់ព្រោះជាដែនសមត្ថកិច្ចរបស់គេប្អូន»។
យ៉ាងណាក្ដី លោកបន្ដថា សម្រាប់សេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈដែលកំពុងត្រួតពិនិត្យនេះ គឺមិនបានពាក់ព័ន្ធនឹងក្រសួងអភិវឌ្ឍន៍ជនបទនោះទេ ដោយលោករុញឱ្យអ្នកសារព័ត៌មានទៅសួរខាងអ្នកទទួលបន្ទុកខាងផ្នែកលទ្ធកម្មសាធារណៈតែម្ដង។ យ៉ាងណាមិញ លោកក៏បានស្នើសុំទៅដល់ពលរដ្ឋដែលតែងតែងប្រើប្រាស់ផ្លូវថា ដើម្បីឱ្យផ្លូវជាប់បានយូរ គឺត្រូវអនុវត្ដតាមច្បាប់ចរាចរណ៍ និងកុំដឹកលើសទម្ងន់ ទើបផ្លូវជាប់បានយូរ និងអាចធានាគុណភាពបាន។
បើតាមលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថា រាល់គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ទោះស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងអភិវឌ្ឍន៍ជនបទក្ដី ថ្នាក់ក្រោមជាតិក្ដី ឬក៏ក្រោមក្រសួងសាធារណការ និងដឹកជញ្ជូនក្ដី គឺលោកចង់ឱ្យមានតម្លាភាពនៃព័ត៌មានរបស់គម្រោងដូចជាផ្លូវដែលបានសាងសង់ហើយចំណាយថវិកាអស់ប៉ុន្មានវាមានប្រវែងប៉ុណ្ណានឹងជាគម្រោងដែលមានគុណភាពស្ដង់ដារដែរឬទេ ចំណុចទាំងអស់នេះគួរតែត្រូវបានបង្ហាញជាសាធារណៈទើបវាមានតម្លាភាពដល់ពលរដ្ឋ។
លោក សន ជ័យ លើកឡើងថា៖ «ការបង្ហាញសាធារណៈក៏អាចឱ្យអ្នកជំនាញបានដឹងបានឮដើម្បីឱ្យពួកគេជួយពិនិត្យ និងតាមដាន និងរួមចំណែកដើម្បីមើលថាតើគុណភាពផ្លូវហ្នឹងវាធានាបានដូចការកំណត់ដែរឬទេ។ គ្រប់គម្រោងរបស់ជាតិ តម្លាភាពថវិកាលក្ខណៈសម្បត្ដិនៃផ្លូវថ្នល់ដែលត្រូវសាងសង់គួរតែត្រូវបានបង្ហាញជាសាធារណៈនៅចុងផ្លូវឬក៏ដើមផ្លូវបានពលរដ្ឋបានដឹងផង ក៏វាជាផ្នែកមួយបង្ហាញពីគណនេយ្យភាពសង្គមមួយដែរ។ ខ្វះព័ត៌មាន ខ្វះតម្លាភាព និងគណនេយ្យភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធវាជាការនាំឱ្យខាតបង់នូវថវិកាជាតិទៅលើរឿងដដែលៗ»។
ការគ្រប់គ្រងថវិកាចំណាយថ្នាក់ជាតិ២០១៩ទាំងមូលមានចំនួនសរុប ៤ ៨៤៣ ៩៨០លានរៀល និងអនុវត្ដមានចំនួន ៤ ៤២៣ ៧៤១លានរៀល បើគិតជាភាគរយចំនួន៩១,៣% មានការចំណាយតិចជាងផែនការ ៤២០ ២៣៨លានរៀល។ តែសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទមានចំនួន ៣៣១ ០០០លានរៀលតែអនុវត្ដ២៦០.៨៧៩លានរៀល បើគិតជាភាគរយមានចំនួន៧៨,៨% មានការចំណាយតិចជាងផែនការ ៧០ ១២០លានរៀល។
ចំណែកឯច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង់២០២០មានចំនួនសរុប១ ១៩០ ១០៤លានរៀល អនុវត្ដមានចំនួន១ ១៧២ ៦២៨លានរៀល បើគិតជាភាគរយ៩៨,៥%មានការចំណាយតិចជាងផែនការ ១៧ ៤៧៥ ៥៥៦ ៣៤២លានរៀល។ ចំណាយលើក្រសួងអភិវឌ្ឍន៍ជនបទមានចំនួន ១ ៨៦០ ៧៣៨លានរៀល សម្រាប់ការអនុត្ដមានចំនួន១៧៩ ២២៥លានរៀល បើគិតជាភាគរយស្មើនឹង៩៦,៣% មានការចំណាយតិចជាងផែនការ ៦ ៨៤៨លានរៀល។

ចំណែកលោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា បានថ្លែងថា ចំពោះបញ្ហាផ្លូវធ្វើម្ដងហើយម្ដងទៀតមិនចេះចប់នេះ លោកថាអាចជាការកិបកេង ការស៊ីសំណូកសូកប៉ាន់ និងជាការកេងបន្លំផ្សេងទៀតដែលធ្វើឱ្យគុណភាពផ្លូវមិនមានភាពរឹងមាំទៅតាមគម្រោងរបស់រដ្ឋាភិបាលខ្លួនឯង។
លោកបន្ដថា ដើម្បីបានផ្លូវមួយមានគុណភាព យើងត្រូវផ្អែកលើ៣ចំណុច តម្លាភាព គណនេយ្យភាពសង្គម និងសុចរិតភាពនៃការដេញថ្លៃ ជាពិសេសក្រុមហ៊ុនដែលមកដេញថ្លៃទាំងអស់ហ្នឹងវាតម្លាភាព សុចរិតភាពដែរទេ? ព្រោះបើរដ្ឋាភិបាលមិនបានគិតគូរលើបញ្ហាអស់ហ្នឹងគឺបញ្ហាប្រឈមជាច្រើននៅតែបន្ដ ហើយរដ្ឋចេះតែចំណាយច្រើនបំណុលកើនឡើងនឹងជាអំពើពុករលួយ រីឯពលរដ្ឋគ្មានទទួលបានអ្វីសោះ នេះជាកត្ដាសំខាន់សម្រាប់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
លោក ពិសី លើកឡើងថា៖ «ក្រុមហ៊ុនធ្វើផ្លូវនិងក្រសួងអភិវឌ្ឍន៍ជនបទគឺមានកិច្ចព្រមព្រៀងមួយក្នុងការធានាពេលផ្លូវខូចត្រូវតែជួសជុលឡើងវិញហើយក្រសួងខ្លួនឯងជាអ្នកត្រួតពិនិត្យលើករណីនេះ។ ការចំណាយលើហេដ្ឋារចនាសម័្ពន្ធនេះគឺជាការចំណាយធំធេង ដូច្នេះការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាពគ្មានអំពើពុករលួយហ្នឹងគឺជាកិច្ចការសំខាន់ណាស់។ព្រោះចំណាយមូលធនលើការវិនិយោគសុទ្ធចេញពីថវិកាជាតិដែលពលរដ្ឋខ្លួនឯងជាអ្នកបង់ពន្ធ ដូច្នេះយើងជាស្ថាប័នសាធារណៈហ្នឹងត្រូវធានាថាយើងជាតំណាងត្រូវប្រើប្រាស់ថវិការបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ»។
ចំណែកឯមេឃុំព្រៃផ្ដៅ ចាន់ អិន បានបន្តទៀតថា ផ្លូវបេតុងក្នុងឃុំទាំងអស់សុទ្ធតែធ្វើតាមស្ដង់ដារដូច្នេះវាមិនងាយនឹងខូចដូចផ្លូវចាក់កៅស៊ូរបស់ក្រសួងអភិវឌ្ឍន៍នោះទេ។ យ៉ាងណាលោកសង្ឃឹមថា ខាងថ្នាក់លើនឹងពន្លឿនការដោះស្រាយបញ្ហានេះជូនប្រជាជនផងចុះ បើមិនដូច្នេះទេគឺលោកពិបាកនឹងដោះស្រាយជាមួយពលរដ្ឋមូលដ្ឋានណាស់។
លោកបន្ថែមថា៖ «តាមគម្រោងឃុំគឺមានស្ដង់ដារ គុណភាពរបស់គេល្អគេចាក់១តឹកកន្លះ គេចាក់លាយស៊ីម៉ងមានគុណភាពល្អ បើតាមខ្ញុំពិនិត្យគម្រោងឃុំ»។
សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា នៅឆ្នាំ២០២១ គ្រោងចំណាយថវិកាជាតិប្រមាណ ៧ ៥០០លានដុល្លារ គឺថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ការបន្ថយនេះដោយហេតុផលថា ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា។
កាលពីថ្ងៃ២៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ តាមគម្រោងចំណូលថវិកាជាតិមានចំនួន ១៩ ៩២៧ ១៨៦លានរៀល(ប្រមាណ៤៩០២លានដុល្លារអាមេរិក)ត្រូវជា ១៦,៩៦% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)។
ប៉ុន្តែនៅឆ្នាំ២០២១ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រមាណ ៣០ ៤៩១ ៣៣៦លានរៀល (ប្រមាណ៧ ៥០០លានដុល្លារ) នៃ ផ.ស.ស ពោលមានការថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ។
ថវិកាឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យមួយចំនួន ទាំងក្នុងនិងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា ធានាសុខសន្តិភាព ស្ថិរភាព និងការពារអាយុជីវិតប្រជាជន ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម៕