សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលារៀនមួយកន្លែងនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺខ្វះបន្ទប់រៀននិងអគារប្រើប្រាស់

សាលាបឋមសិក្សភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ
សាលាបឋមសិក្សភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ចំងាយប្រមាណ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិតក្នុង​ភូមិ​ពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សាលាដែលនៅជាប់ជើងភ្នំ ដែលហ៊ុំព័ទ្ធដោយ​ចំការ​អំពៅដាច់កន្ទុយភ្នែកមួយកន្លែងនេះ បានជួបនឹងការខ្វះខាតអគារ និងហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន។​

បើតាមលោក យន់ វុធថេង ជានាយកសាលាផង និងជាគ្រូបង្រៀនផង បានឱ្យដឹងថា សាលា​បឋមសិក្សាភ្នំពិស្ស៍ គឺបង្កើតឡើងនៅឆ្នាំ២០១៤ ដោយក្រុមហ៊ុនភ្នំពេញ ស៊ូហ្គ័រ ជាអ្នក​សាង​សង់។ បច្ចុប្បន្ននេះ មានសិស្ស១៤២នាក់រាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦។ លោកបន្តថា បញ្ហា​ចម្បងដែលសាលានេះកំពុងជួបប្រទះ គឺខ្វះថ្នាក់រៀន គ្មានទីចាត់ការ គ្មានបណ្ណាល័យ និងថ្នាក់មត្តេយ្យសិក្សា ខណៈផ្លូវចូលទៅសាលាក៏លំបាកនៅរដូវវស្សា។

លោក ថេង ថ្លែងថា៖ «ទឹកហូរដាច់ផ្លូវ គ្មានភ្លើងអគ្គិសនីប្រើប្រាស់ទេ ខែប្រាំងក្ដៅហួតហែង ខ្វះទឹកប្រើប្រាស់ ហើយថ្នាក់រៀនមានតែ៣បន្ទប់ ពិបាកខ្លាំងក្នុងការបង្រៀនសិស្ស»។ លោក​បន្តថា៖ «ដូចបន្ទប់ខ្ញុំបង្រៀន៣ថ្នាក់ គឺថ្នាក់ទី១ ថ្នាក់ទី៥ និងទី៦ ហើយថ្នាក់ម្ខាង​ទៀតនោះ​ថ្នាក់ទី២ ហើយថ្នាក់កណ្ដាលនោះទី៣ ទី៤ យកស្អីបាំងបន្តិចដាក់សៀវភៅពុម្ព ដាក់ឯកសារ គឺរញ៉ែរញ៉ៃណាស់»។

លោក ថេង បន្តថា ដោយសារតែគ្មានបន្ទប់រៀនគ្រប់គ្រាន់ ទើបបានជាលោកចែកវេន​បង្រៀន​សិស្សព្រឹកផង ថ្ងៃផង។ លោកថាសាលានេះបង្កើតឡើងយូរឆ្នាំហើយ គ្មាន​សូម្បី​ទីចាត់ការ បណ្ណាល័យ និងថ្នាក់មត្តេយ្យសិក្សា។ លោកយល់ឃើញថា សាលានៅតាមជនបទ​ឆ្ងាយបែប​នេះ គួរតែទទួលបានការយកចិត្តទុកដាក់ និងមានថ្នាក់រៀនគ្រប់គ្រាន់សម្រាប់អប់រំ​សិស្សឱ្យ​បានចប់ថ្នាក់បឋមសិក្សា។

លោកថ្លែងថា៖ «ទីចាត់ការក៏អត់ បណ្ណាល័យក៏អត់ ហើយអាបណ្ណាល័យនឹងហើយចាំបាច់ ហើយមត្តេយ្យក៏អត់ទៀត។ អ៊ីចឹងសាលារៀនមួយដែលស្ថិតក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីគេ ត្រូវមានឱ្យគ្រប់ដើម្បីឱ្យសិស្សក្នុងភូមិបានរៀនយ៉ាងហោចណាស់ចប់ថ្នាក់ទី៦»។

លោក ថេង ឱ្យដឹងថា សព្វថ្ងៃមានគ្រូបង្រៀនតែ៣នាក់ប៉ុណ្ណោះ គឺគ្រូក្របខណ្ឌពីរនាក់ និងគ្រូ​កិច្ចសន្យាម្នាក់។ ចំពោះបញ្ហានេះ លោកធ្លាប់លើកទៅខាងក្រសួង និងមន្ទីរអប់រំដែរ តែថ្នាក់​លើ​ថា​មិនមានកញ្ចប់ថវិកាសម្រាប់សាងសង់សាលារៀនទេ ព្រោះថាថវិកានោះ​គេទម្លាក់​មក​ផ្នែក​រចនាសម្ព័ន្ធមហាផ្ទៃ ចូលសាលាស្រុកកាន់កាប់ថវិកាទាំងនោះ។

លោកបន្ថែមថា៖ «ខ្ញុំធ្លាប់សួរទៅមេដែរ គាត់ថាអត់ទេគេមិនមានអីឱ្យទេ។ ក្នុងភូមិអមលាំង​មានសាលាដទៃទៀតខ្វះខាតដែរ ដូចក្នុងស្រុកថ្ពងទើបឃើញធ្វើអនុវិទ្យាល័យមួយខ្នង ហើយ​សុំចង់១០ឆ្នាំហើយទើបបានមួយហ្នឹង»។

កូនសិស្សកំពុងអង្គុយរៀននៅក្នុងថ្នាក់នៃសាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិតក្នុង​ភូមិ​ពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២០ ខែមិថុនា ឆ្នំា២០២២។ រូបភាពផ្ដល់ឱ្យ

លោកអះអាងថា បញ្ហាខាងលើនេះក៏ជាមូលហេតុបណ្ដាលឱ្យសិស្សមួយចំនួនឈប់រៀន​ផងដែរ ហើយលោក​បារម្ភពីការសិក្សារបស់សិស្សសាលានៅតំបន់នេះ ត្បិតថានៅមិនទាន់​មានការយក​ចិត្តទុក​ដាក់​ពីអាជ្ញាធរនៅឡើយទាំងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និង​សាលានៅឆ្ងាយជាដើម។

លោកបញ្ជាក់ថា៖ «តំបន់នេះដាច់ស្រយាលហើយវាលំបាកខ្លាំង ប្រព័ន្ធទឹកក៏អត់ ភ្លើងក៏អត់ ផ្លូវហ្នឹងវេទនាទៀត។ បើសិនជាមានបន្ទប់គ្រប់គ្រាន់ ហោចណាស់ក៏ឱ្យពួកគាត់​បានរៀន​ចប់​ថ្នាក់ទី៦ ក៏គ្រាន់បើជាសិស្សវាឈប់រៀនដែរណា៎»។

ចំណែកលោក យន់ វុទ្ធី ជាគ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាភ្នំពិស្ស៍ បានឱ្យដឹងថា រយៈពេល៣ឆ្នាំដែលលោកមកបង្រៀនសិស្ស ឃើញថាសាលារៀននេះ ពិតមានការលំបាក​ពិតមែន។ លោកបន្តថា ខែវស្សាផ្លូវពិបាកធ្វើដំណើរ ហើយចំណែកថ្នាក់រៀនវិញ ក៏មិនមាន​គ្រប់គ្រាន់សម្រាប់សិស្សរៀនដែរ។

តែទោះជាយ៉ាងណាលោកក៏នៅតែជំនះ ដើម្បីទៅបង្រៀនសិស្សផងដែរ ដោយរំពឹងថា មន្ទីរអប់រំនឹងមានចំណាត់ការដោះស្រាយបញ្ហានេះសម្រាប់សាលាដាច់ស្រយាលមួយនេះ។

លោកប្រាប់ថា៖ «សាលាហ្នឹងមានតែមួយភូមិ ចឹងកង្វះខាតដឹងតែមាន មិនដឹងថាធ្វើម៉េច​ឱ្យ​បានលើសពីហ្នឹង។ ខ្ញុំស្នើចង់បានសាលានិងផ្លូវ ធ្វើម៉េចឱ្យមានបន្ទប់គ្រប់គ្រាន់»។

ចំណែកលោក ជា ចំរើន អាយុ៥៧ឆ្នាំ ជាមេភូមិពិស្ស៍ ប្រាប់ខេមបូចា​  សាលាបឋមសិក្សា​ក្នុង​ភូមិរបស់លោក ពិតជាលំបាកពិតមែន។ បញ្ហា គឺនៅត្រង់មិនមានបន្ទប់ឱ្យសិស្សរៀន​គ្រប់​គ្រាន់ និងគ្មានទីចាត់ការ បណ្ណាល័យពិតមែន ខណៈលោកធ្លាប់ស្នើទៅថ្នាក់លើពីរដងដែរ តែ​គ្មាន​ចម្លើយសោះ។

លោកថ្លែងថា៖ «ពិបាកពិតមែនហ្នឹង ទាល់ចុះមកផ្ទាល់ហ្មង៎បាន​ដឹងថាពិបាក​ហ្មង៎។ សាលា​រៀន​​ហ្នឹងពិបាក ខ្វះបន្ទប់មែនហ្នឹង។ រាល់ថ្ងៃចង់តែយំ ព្រោះពិបាករឿងផ្លូវ ទឹកឡើង​ចេញចូល​អត់រួច ស្នើទៅថ្នាក់លើគេអត់មានមាត់ គេអត់ឱ្យផង»។

កូនសិស្សនៃសាលាបឋមសិក្សាភ្នំពិស្ស៍ កំពុងរត់លេងក្នុងទីធ្លាសាលានៅម៉ោងសម្រាក ស្ថិតក្នុង​ភូមិ​ពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

លោក ថន ថារិន ប្រធានមន្ទីរអប់រំ ខេត្តកំពង់ស្ពឺ ថ្លែងប្រាប់ខេមបូចា ថា សាលានេះជារបស់រដ្ឋ តែជាអំណោយរបស់លោក លី យ៉ុង ផាត់  បានសាងសង់កាលពីឆ្នាំ២០១៤​ឱ្យកូនកម្មករ​ចំការ​អំពៅ​រៀន មាន៣បន្ទប់។

លោក ថារិន ពន្យល់ថា  មន្ទីរអប់រំខេត្តមិនមានថវិកាសម្រាប់សាងសង់សាលាបឋមសិក្សា​នេះទេ ហើយការសាងសង់អគារសិក្សាបាន ទាល់តែកម្រិតថ្នាក់ជាតិ។ អ្វីដែលមន្ទីរអាចធ្វើ​បាន​សម្រាប់សាលានេះ គឺមានកញ្ចប់ថវិកាសម្រាប់ដំណើរការបង្រៀន ការជួសជុល​តូចតាច​តែប៉ុណ្ណោះ។

លោកថ្លែងតាមសារតេលេក្រាមថា៖ «សាលាគ្មានថវិកាសម្រាប់សាងសង់ទេ ការសាងសង់​អគារទាល់តែថ្នាក់ជាតិ  ប៉ុន្តែសាលាមានកញ្ចប់សម្រាប់ដំណើរការបង្រៀន និងរៀន និង​ជួសជុល​តូចតាច ថវិកាតិចឬច្រើនគឺទៅតាមចំនួនសិស្ស»។

នៅពេលដែលសាកសួរថា តើមន្ទីរនឹងសាងសង់ផ្លូវ រៀបចំប្រព័ន្ធទឹកស្អាតសម្រាប់សាលាទេ? លោកថារិន ឆ្លើយតបថា ផ្លូវចូលមកសាលារៀនកាត់ចំការអំពៅមានស្រាប់ហើយ មិនលំបាក​ទេសម្រាប់កម្មករចំការអំពៅ ព្រោះមានផ្លូវរថយន្តអាចបើកបាននៅក្បែរវត្ត។

ប៉ុន្តែលោកមេភូមិ អះអាងថា​ ចំពោះបញ្ហាក្នុងភូមិសង្កាត់របស់លោក កាលពីមុនបោះឆ្នោត​ឃុំ​សង្កាត់ គណបក្សកាន់អំណាច បានមកឃោសនា និងសន្យាថាបើជាប់ឆ្នោតនឹងជួយសង់ផ្លូវ និងសាលារៀនជូនពលរដ្ឋ ប៉ុន្តែមកដល់ពេលនេះ គឺស្ងាត់សូន្យ។

លោក ចំរើន ថ្លែងថា៖ «គេសន្យាដែរថាបានជាប់គេទៅ គេធ្វើផ្លូវឱ្យ ដល់តែឥលូវ​មិនមែនត្រឹមស្ងាត់ទេ គឺអត់តែម្ដង»។

គ្រូបង្រៀននិងប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវមួយខ្សែឆ្ពោះទៅសាលាបឋមសិក្សាភ្នំពិស្ស៍ ខណៈផ្លូវត្រូវបានខូចខាត ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ។ រូបថតកាលពី​ខែ​វស្សា​ឆ្នាំ២០២១។ រូបភាពផ្ដល់ឱ្យ

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានមានប្រសាសន៍ថា  លោកស្រី​មានការងឿយឆ្ងល់ចំពោះបញ្ហានេះ ពីព្រោះថារដ្ឋាភិបាល និងក្រសួងអប់រំតែងតែ​ធ្វើ​របាយការណ៍​ថាមានការវិវត្តន៍នៅក្នុងវិស័យអប់រំល្អឥតខ្ចោះ ហេតុអ្វីបានជានៅតែ​មាន​បញ្ហា​ខ្វះខាតបន្ទប់សិក្សាទៀត? ឬក៏របាយការណ៍នោះ គ្រាន់តែសរសេរឱ្យតែល្អមើល? ហើយថាតើ ថវិកាដែលទទួលបានពីម្ចាស់ជំនួយរាល់ឆ្នាំយកទៅពង្រឹងផ្នែកអ្វី បានជានៅតែមាន​សាលារៀន​ខ្វះខាតដូច្នេះ?

លោកស្រីថ្លែងថា៖ «នៅពេលដែលមន្ត្រីថ្នាក់លើឆ្លើយថាអត់មានកញ្ចប់ថវិកា ខ្ញុំហាក់ដូចជា​អត់យល់ ព្រោះខ្ញុំទទួលបានព័ត៌មានពីម្ចាស់ជំនួយ ក្នុងមួយឆ្នាំៗ​ក្រសួងអប់រំចាយលុយ​អត់​អស់ផងហ្នឹង»។

លោកស្រីបន្ថែមថា ក្រសួងអប់រំទទួលបានថវិកាជំនួយច្រើនណាស់ក្នុងមួយឆ្នាំៗ ដូច្នេះ​គួរ​តែ​យកលុយទាំងនោះ មកឆ្លើយតបនឹងតម្រូវការរបស់សាលារៀនដែលប្រទះនឹងការលំបាក ដើម្បី​ឱ្យមានភាពល្អប្រសើរជាងនេះ។

អ្នកស្រី ឆាយ៉ាវី អះអាងថា ក្នុងករណីដែលតំបន់នោះនៅតែជួបប្រទះនឹងបញ្ហាលំបាកដូច្នេះ​ មានន័យថាមន្ទីរអប់រំ មិនបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងតែជួបបញ្ហា​ផ្នែក​សាលារៀន និងក្ដាប់ព័ត៌មានគ្រប់ជ្រុយជ្រោយ។

លោកស្រីថា៖ «ក្រសួងអប់រំគួរតែពិចារណាឡើងវិញ ហើយធ្វើឱ្យមានតម្លាភាពសម្រាប់​ពលរដ្ឋ​នៅតំបន់ដាច់ស្រយា​ល ព្រោះតំបន់ដាច់ស្រយាលគួរ​តែទទួលបានការយកចិត្ត​ទុកដាក់»។

យ៉ាងណាមិញមេភូមិពិស្ស៍​​ លោក ជា ចំរើន នៅតែរំពឹងថា អាជ្ញាធរ និងក្រសួងពាក់ព័ន្ធនឹង​ជួយ​ដោះស្រាយ​បញ្ហា​ដែលភូមិឃុំលោកកំពុងជួបប្រទះ ពិសេសគឺស្នើឱ្យមានការសង់​ថ្នាក់​រៀន​បន្ថែម​សម្រាប់​ក្មេងៗក្នុងភូមិបានរៀនសូត្រគ្រប់ៗគ្នា។

លោកថា៖ «ខ្ញុំចង់បានសាលា បើមានបណ្ណាល័យ ទីចាត់ការ សាលាមត្តេយ្យ គ្រូបង្រៀន​បានស្រួល»។

យោងតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០១៨ ក្រសួងអប់រំ មានគោលនយោបាយ២ គឺ​ទីមួយ ធានាឱ្យមានការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន និង​លើកម្ពស់​ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ទីពីរ ធានាភាព​ស័ក្តិសិទ្ធិ​នៃភាព​ជា​អ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់។

​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើន​បំផុត​នៃ​កញ្ចប់​ថវិកា​របស់​ខ្លួន ដើម្បី​ធានា​ថា​វិស័យអប់រំមានភាពប្រសើរឡើង។ នៅ​ឆ្នាំ​២០១៩​ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ចំនួន​ ៩១៥​លាន​ដុល្លារ​សម្រាប់​វិស័យ​នេះ។ ខណៈសេចក្តី​ព្រាង​នៃ​កញ្ចប់​ថវិកា​ឆ្នាំ​ ២០២១​ សម្រាប់​វិស័យ​អប់រំ​ ​មាន​ចំនួន​ប្រមាណ​ ៨២៥,៦៣​លាន​ដុល្លារ​ ហើយចំនួននេះត្រូវកាត់​បន្ថយជាង​ឆ្នាំ​មុនៗ​ ដោយ​សារ​​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-​១៩​ មក​លើវិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​៕

1,276 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម