មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់លើកឡើងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃមានជាង២លាននាក់ ក្នុងនោះពាក់កណ្តាល ឬស្មើនឹងប្រមាណ១លាននាក់ ដែលមិនមានឯកសារស្របច្បាប់ហើយកំពុងប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបារម្ភពីសមត្ថកិច្ចថៃចាប់ខ្លួន។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា ថ្លែងថា ក្នុងចំណោមពលករខ្មែរជាង១លាននាក់ដែលមិនមានឯកសារផ្លូវច្បាប់នេះគឺមួយចំនួនចូលទៅទឹកដីថៃដោយខុសច្បាប់ និងមួយចំនួនទៀតឯកសារផ្លូវច្បាប់ផុតកំណត់តែមិនបានធ្វើបន្ត។
លោក ឌីថេ អូយ៉ា ថ្លែងថា៖ «តាមការប៉ាន់ប្រមាណរបស់យើងពលករកំពុងធ្វើការងារនៅថៃមានជាង២លាននាក់ ហើយក្នុងចំណោមជាង២លាននាក់ហ្នឹង យើងឃើញថា គាត់ផុតសុពលភាពឯកសារស្របច្បាប់ និងមិនមានឯកសារស្របច្បាប់ហ្នឹងចូលមិនក្រោមពី៥០ភាគរយទេ ចឹងវាចូលប្រមាណ១លាននាក់»។
ពលករដែលរស់នៅ និងធ្វើការងារនៅថៃមិនមានឯកសារស្របច្បាប់ ឬអាចហៅថា ខុសច្បាប់នេះ ជួបបញ្ហាប្រឈមច្រើន។ លោក ឌីថេ ហូយ៉ា បញ្ជាក់ថា ពួកគេទទួលបានប្រាក់ឈ្នួលពលកម្មទាប និងរួមទាំងប្រឈមមុខការអនុវត្តវិធានការច្បាប់របស់អាជ្ញាធរថៃទៀតផង។
លោក ឌីថេ អូយ៉ា៖ «បើប្រាក់ឈ្នួលតាមផ្លូវច្បាប់ឱ្យ៣០០បាតក្នុង១ថ្ងៃអញ្ចឹង! គេអាចកេងប្រវ័ញ្ចកម្លាំងពលកម្មមិនឱ្យប្រាក់ឈ្នួលគ្រប់នេះទី១។ ទី២ ជួញដូរកម្លាំងពលកម្មឱ្យធ្វើការលើសម៉ោងជាដើមដោយមិនមានប្រាក់ឈ្នួល។ ទី៣ ការបញ្ឈប់ពីការងារដោយអយុត្តិធម៌ដោយមិនបានទូទាត់សំណងជាដើម។ ទី៤ នៅពេលដែលគាត់មានឯកសារគាត់អាចស្វះស្វែងរកមេខ្យល់ស៊ីឈ្នួលរត់ឯកសារអីហ្នឹងគាត់អាចចាញ់បោកគេ។ ទី៥ គាត់អាចប្រឈមការអនុវត្តច្បាប់ពីប្រទេសទទួលដែលអនុវត្តចំពោះការចូលក្នុងប្រទេសដែលមិនស្របច្បាប់ជាដើម»។
តាមការចុះផ្សាយរបស់សារព័ត៌មានThe Nation របស់ថៃកាលពីខែកុម្ភៈឆ្នាំ២០១៨ បង្ហាញថា ពលរដ្ឋខ្មែរជាប់ពន្ធនាគារនៅក្នុងប្រទេសថៃមានប្រមាណ២០០០នាក់ ចំណែកពលរដ្ឋថៃជាប់ពន្ធនាគារនៅកម្ពុជាមានតែ៥២នាក់ប៉ុណ្ណោះ។
លោក ហ៊ំ ប្រុស អតីតពលករខុសច្បាប់នៅប្រទេសថៃ ហើយបានវិលត្រលប់ចូលប្រទេសកម្ពុជាវិញកាលពីឆ្នាំ២០២២អំឡុងពេលកូវីដ។ លោកបញ្ជាក់ថា លោកឆ្លងដែនតាមមេខ្យល់ទៅធ្វើការដោយខុសច្បាប់ជួបបញ្ហាប្រឈមច្រើន ហើយអំឡុងពេលកូវីដកាន់តែមានការលំបាកខ្លាំងដោយថៅកែ ឃាត់រូបលោកនៅកន្លែងការងារ៨ខែដោយមិនឱ្យប្រាក់ខែ ហើយលោកមិនដឹងតវ៉ាទាមទារនៅទីណា។
ទន្ទឹមនឹងការឃាត់ខ្លួននៅកន្លែងការងារដោយមិនមានប្រាក់ឈ្នួលហើយ លោកត្រូវថៅកែថៃបញ្ជូនត្រលប់មកកម្ពុជាវិញតាមផ្លូវកាត់ត្រូវចំណាយលុយច្រើនកន្លែង។
លោក ហ៊ំ ប្រុស៖ «ម្នាក់ថ្លៃឡានអស់២៥០០បាត ហើយឡានហ្នឹងជិះ១២នាក់។ កូនឡានកាម៉ារីយើងធម្មតាហ្នឹង១២នាក់។ ទិដ្ឋភាពហ្នឹងយើងដឹងហើយ១២នាក់ កូនឡានហ្នឹងជិះតែ៤ទៅ៦នាក់ទេ។ ខាងខ្មែរយើងថា ពលរដ្ឋចេញមកអត់អស់លុយ អត់អីទេ។ ប៉ុន្តែដល់ពួកខ្ញុំចេញមក មួយកន្លែង២០០ កន្លែងខ្លះ ៤០០ ទម្រាំដល់ព្រំដែនខ្មែរអស់១២០០បន្ថែមទៀត ទាំងអស់ អស់៣៧០០បាត។ អាហ្នឹងតែថ្លៃធ្វើដំណើរទេ ហើយមកដល់ច្រកព្រំដែនគេឃាត់ខ្លួនមួយយប់ទៀត ម្នាក់៥០០លុយបាតទៀតខាងថៃ»។
លោកបញ្ជាក់ថា ជីវិតជួបការលំបាកវេទនាខ្លាំងណាស់៖ «លំបាកគឺលំបាកសព្វគ្រប់បែបយ៉ាងហើយ មិនដឹងនិយាយថាម៉េច។ លំបាកទី១ ការងារ លុយកាក់ហ្នឹង»។
លោក ហ៊ំ ប្រុស ឱ្យដឹងទៀតថា អំឡុងពេលដែលលោកត្រូវប្តូរទីតាំងពីកន្លែងមួយទៅកន្លែង មួយទៀតដើម្បីរកការងារធ្វើ និងមានការរឹតត្បិតខ្លាំងពីអាជ្ញាធរថៃ នោះធ្វើឱ្យមិត្តរួមការងារជាមួយលោកជាពលករខ្មែរដូចគ្នា ប៉ុនប៉ងសម្លាប់ខ្លួនតែត្រូវអាជ្ញាធរថៃអន្តរាគមន៍ទាន់។
អ្នកស្រី ទឿន សារ៉ាមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យឱ្យដឹងថា រូបគាត់សម្រេចចិត្តឆ្លងដែនខុសច្បាប់ញឹកញាប់។ អ្នកស្រីក៏បានដឹងខ្លះៗពីគ្រោះថ្នាក់ដែលត្រូវឆ្លងដែនខុសច្បាប់ទៅធ្វើការងារនៅប្រទេសថៃដែរ ប៉ុន្តែគាត់ថា ដោយសារមិនមានលុយរៀបចំឯកសារទៅលួចឆ្លងដែនតាមមេខ្យល់ទាំងប្រថុយ។
អ្នកស្រី ទឿន សារ៉ា៖ «ខ្ញុំទៅខុសច្បាប់ទេ មានលុយឯណាទៅស្របច្បាប់!»។
លោក ឡឹង សុផុន មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ លើកឡើងថា បញ្ហាចម្បងមួយដែលពលរដ្ឋនៅតែបន្តធ្វើដំណើរទៅរកការងារនៅប្រទេសថៃដោយខុសច្បាប់ គឺដោយសារពួកគេខ្វះការយល់ដឹង និងមិនមានលុយសម្រាប់រៀបចំឯកសារ។
លោក ឡឹង សុផុន៖ «សម្រាប់ថ្លៃឯកសារគាត់ត្រូវធ្វើប៉ាស្ទ័រ ត្រូវធ្វើបណ្ណការងារ បណ្ណស៊ីជម្ពូហ្នឹងវា ចំណាយច្រើន។ ការចំណាយច្រើនហ្នឹងហើយវាធ្វើទាំងលំបាកទៀត ជួនការចំណាយលុយហើយធ្វើឯកសារមិនបានទៀត»។
លោក បន្តថា ពលករខ្មែរនៅថៃភាគច្រើនពឹងឈ្មួញកណ្តាលរត់ការធ្វើឯកសារឱ្យ ចំណែកតម្លៃទាមទារតាមចិត្តរបស់ឈ្មួញកណ្តាល។
លោក ឡឹង សុផុន៖ «ដូចជាការតបណ្ណការងារ តវីសា ហ្នឹង បើថៅកែគាត់ធ្វើផ្ទាល់ម៉ងតែ៥ទៅ៦ពាន់ហ្នឹងចប់ហើយ ហើយថៅកែហ្នឹងក៏បានចំណេញខ្លះដែរ។ តែបើឱ្យឈ្មួញកណ្តាលធ្វើគាត់ដាក់ ១៥ ០០០ទៅ១៨ ០០០បាតអីចឹងទៅ។ អាហ្នឹងសម្រាប់ពួកគាត់ដែលមានប៉ាស្ព័រស្រាប់អីទេ។ ហើយបើយើងរាប់តាំងធ្វើប៉ាស្ព័រត្រូវគិតថ្លៃផ្សេងទៀត ធ្វើតាមឈ្មួញកណ្តាល ទៅធ្វើនៅស្រុកខ្មែរ»។
លោក ឡឹង សុផុន ឱ្យដឹងទៀតថា ពលករខ្មែរជួបការលំបាកជាងពលករមីយ៉ាន់ម៉ា និងពលករឡាវ ដោយលោកបញ្ជាក់ថា ពលករខ្មែរពេលធ្វើលិខិតឆ្លងដែន(ប៉ាស្ព័រ) ត្រូវធ្វើត្រលប់មកកម្ពុជាវិញ តែសម្រាប់ពលករមីយ៉ាន់ម៉ា និងពលករឡាវគេអាចធ្វើនៅស្ថានទូតពួកគេនៅក្នុងប្រទេសថៃបាន។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារថៃបង្ហាញថា ការពន្យារពេលឱ្យពលករបរទេសបំពេញឯកសារដើម្បីធ្វើការងារស្របច្បាប់នៅក្នុងប្រទេសថៃ ពន្យារពេលដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះពលករមីយ៉ាន់កំពុងបំពេញឯកសារតែលអាចនឹងចប់នៅត្រឹមថ្ងៃទី១៣ខែកុម្ភៈខាងមុខ។
ក្រសួងការងារថៃក៏បានបញ្ជាក់ដែលថា ពលករមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ភាគច្រើនកំពុងជួបបញ្ហាប្រឈមដូចគ្នាគឺលិខិតឆ្លងដែនផុតកំណត់ដែលធ្វើឱ្យហើយនៅចុងខែកុម្ភៈ ឬ ដើមខែមីនា ដើម្បីរៀបចំនីតិវិធីបន្តជាមួយអាជ្ញាធរថៃ។
របាយការណ៍ក្រសួងការងារកម្ពុជាបង្ហាញនៅឆ្នាំ២០២២ គឺពលករធ្វើការងារនៅក្រៅប្រទេសបានផ្ញើលុយមកស្រុកកំណើតចំនួនជាង៣ពាន់លានដុល្លារក្នុង១ឆ្នាំៗ ដែលចំនួននេះបានជួយច្រើនដល់ដំណើរការសេដ្ឋកិច្ចក្នុងស្រុក។
បើទោះជារបាយការណ៍របស់អង្គការសង់ត្រាល់បញ្ជាក់ថា ពលករខ្មែរនៅថៃមានជាង២លាននាក់ក៏ដោយ ប៉ុន្តែរបាយការណ៍ក្រសួងការងារកម្ពុជាបញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការងារនៅក្រៅប្រទេសមានតែ១លាន៣សែននាក់ ក្នុងជាង១លាន២សែននាក់ប៉ុណ្ណោះដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃក្នុងវិស័យកសិកម្ម សំណង់ នេសាទ និងជាកម្មកររោងចក្រនៅក្នុងប្រទេសថៃ។
ខេមបូចាបានទាក់ទងទូរសព្ទទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីសួរពីស្ថានភាព ពលករនៅទីនោះ តែមិនមានអ្នកទទួល ខណៈលេខទូរសព្ទរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ ដែលដាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះ គឺមិនមានក្នុងប្រព័ន្ធផងទេ។ ជាមួយគ្នានេះ ក្រុមការងារក៏បានផ្ញើសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការទៅកាន់ស្ថាប័នទាំងពីរខាងលើនេះ អស់រយៈពេលជាង១សប្តាហ៍មកហើយ ក៏មិនមានអ្នកឆ្លើយតប ដោយគ្រាន់តែមានលោតសញ្ញាបញ្ជាក់ថាមានអ្នកបានចូលអានសារ។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានខេមបូចា លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា មិនបានបញ្ជាក់ថា ពលករខ្មែរដែលផុតឯកសារស្របច្បាប់ និងមិនមានឯកសារស្របច្បាប់នៅប្រទេសថៃមានប៉ុន្មាននាក់នោះទេ ប៉ុន្តែលោកឱ្យដឹងថា ពលករខ្មែរនៅថៃមានបណ្ណស៊ីជម្ពូមាន១១ម៉ឺននាក់។ លោកឱ្យដឹងទៀតថា ចំណែកពលករដែលទៅធ្វើការងារតាមរដូវ ទៅព្រឹកវិលល្ងាច ដែលស្នាក់នៅក្នុងប្រទេសថៃហួសការកំណត់មានតែ៣ម៉ឺននាក់ប៉ុណ្ណោះ។
លោក ហេង សួរ បន្តថា ប្រទេសទាំងពីរកម្ពុជា និងថៃ មានកិច្ចព្រមព្រៀងយកចិត្តទុកដាក់ការពារសិទ្ធិពលករ ធ្វើឱ្យមិនសូវមានបញ្ហាជម្លោះការងារដូចកាលពីជាង១០ឆ្នាំមុនទេ។
លោក ហេង សួរ៖ «តាមការព្រមព្រៀងជាមួយភាគីថៃ បងប្អូនពលករដែលកាន់បណ្ណស៊ីជម្ពូគឺចាត់ទុកជាពលករដែលមានសិទ្ធិពេញលេញ និងទទួលបានការការពារពេញលេញពីច្បាប់របស់ថៃ។ ប្រទេសថៃក៏ជាប្រទេសនាំចេញផលិតផលកែច្នៃម្ហូបអាហារ គ្រឿងសមុទ្ទ និងកសិកម្មទៅអឺរ៉ុប អាមេរិក និងប្រទេសអ្នកមានផ្សេងទៀត។ ដើម្បីនាំចេញ រោងចក្រ និងរដ្ឋាភិបាលថៃក៏មានកាតព្វកិច្ចគោរព និងការពារសិទ្ធិពលករទេសន្តប្រវេសន៍»។
លោក ឌិន ពុទ្ធីប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងថា ពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើមិនមានការថយចុះទេ។ លោកថា ពលករទាំងនោះប្រឈមការជំរិតទារប្រាក់ពីអាជ្ញាធរ ការកេងប្រវ័ញ្ចពីថៅកែថៃ និងប្រឈមការចាប់ខ្លួន។
លោក ឌិន ពុទ្ធី ជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ការពារសិទ្ធិពលករខ្មែរ។ លោកបន្តថា បើពលករជួបការលំបាក ពួកគេផ្ញើលុយមកស្រុកបានតិចក៏ជាផ្នែកមួយប៉ះពាល់ដល់ចំណូលក្នុងស្រុកដែរ។
លោក ឌិន ពុទ្ធី៖ «យឺតយ៉ាវឯកសារ ឬពួកគាត់រងគ្រោះដោយសារមេខ្យល់បោកប្រាស់អីហ្នឹង ហើយពួកមន្ត្រីនៅតាមព្រំដែនបើកទ្វារឱ្យពួកគាត់ចេញ ហើយជំរិតយកលុយច្រើនៗ ហើយគាត់ចេញទៅរងគ្រោះទៀតគឺជាការខាតបង់គ្រួសារខ្មែរធ្ងន់ធ្ងរណាស់។ កាលណាគាត់អត់មានប្រាក់ចំណូលគាត់លក់ដីស្រែ គាត់អត់មានលុយទិញម្ហូបអាហារ អត់មានលុយទិញសម្លៀកបំពាក់ស្អាតៗ ឬទំនិញនៅលើទីផ្សារ ព្រោះទំនិញទីផ្សារបង់ពន្ធឱ្យរដ្ឋ [អ៊ី]ចឹងរាស្ត្រក៏ខាត រដ្ឋក៏ខាតដូចតែគ្នាទេ»។
កម្ពុជាមានខេត្តជាប់ព្រំដែនជាមួយថៃចំនួន៧គឺខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ក្នុងចំណោមខេត្តទាំងនេះគឺច្រកព្រំដែនខេត្តបន្ទាយមានជ័យមានពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើការងារនៅក្នុងប្រទេសថៃច្រើនជាងគេ។
របាយការណ៍អាជ្ញាធរខេត្តបន្ទាយមានជ័យនៅឆ្នាំ២០២២ បង្ហាញថា ពលរដ្ឋខ្មែររាប់ពាន់នាក់ឆ្លងដែនក្នុង១ថ្ងៃៗទៅរកការងារធ្វើនៅក្នុងប្រទេសថៃក្រោយស្ថានភាពកូវីដធូរស្រាល ហើយក្នុងនោះប្រមាណ៧០ភាគរយឆ្លងដែនដោយខុសច្បាប់។
ថៃជាប្រទេសមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានពលរដ្ឋនៅប្រទេសក្បែរខាងសម្រុកទៅរកការងារធ្វើមានចំនួនច្រើន។ ស្របពេលដែលការឆ្លងដែនមានទាំងខុសច្បាប់និងស្របច្បាប់នេះ ការរំលោភបំពានលើសិទ្ធិ និងការជួញដូរកម្លាំងពលកម្មនៅក្នុងប្រទេសថៃក៏ក្លាយជាក្តីបារម្ភមួយនៅក្នុងតំបន់។
កាលពីឆ្នាំ២០១៤ អង្គការអន្តរជាតិខាងការងារ(ILO) ការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបោះពុម្ពសៀវភៅណែនាំជាភាសាខ្មែរស្តីពីការទៅធ្វើការងារដោយវ័យឆ្លាតនិងសុវត្ថិភាពនៅក្នុងប្រទេសថៃ។ សៀវភៅនេះ បានលើកឡើងថា ថៃជាគោលដៅដែលពលករពីប្រទេសជិតខាងទៅស្វែងរកការងារធ្វើ ហើយមួយចំនួនក៏រងការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ។ អង្គការអន្តរជាតិមួយនេះបញ្ជាក់ថា មិនថាពលករឆ្លងដែនដោយខុសច្បាប់ ឬស្របច្បាប់ទេគឺមានសិទ្ធិការពារខ្លួនមិនឱ្យគេរំលោភបំពានដូចគ្នា។
សៀវភៅណែនាំរបស់ILO រំឭកដល់ពលករចំណាកស្រុកទៅថៃទាំងនោះ ត្រូវការងារនៅកន្លែងដែលមានកិច្ចសន្យាច្បាស់លាស់ដែលកិច្ចសន្យាត្រូវមាន ឈ្មោះពលករខ្លួនឯង ឈ្មោះថៅកែ កន្លែងការងារ ម៉ោងធ្វើការ ចំនួនប្រាក់ខែ និងភារកិច្ចដែលទទួលខុសត្រូវជាដើម។
ងាកមកតាមដានអារម្មណ៍អតីតពលករទៅថៃដែលទើបត្រលប់មកវិញនាអំឡុងវិបត្តិកូវីដឆ្នាំ២០២២ លោក ហ៊ំ ប្រុស នៅតែមានអារម្មណ៍ភ័យខ្លាចមិនហ៊ានទៅធ្វើការងារនៅស្រុកថៃទៀតទេ។
លោក ហ៊ំ ប្រុស វ័យ៣៧ឆ្នាំ ឱ្យដឹងថា លោកនឹងរៀបការនៅខែមីនា ខាងមុខ ហើយជ្រើសរើសយកការប្រកបរបរនៅក្នុងប្រទេសជាជាងនាំប្រពន្ធទៅធ្វើការងារនៅក្នុងប្រទេសថៃ។ លោក ហ៊ំ ប្រុស បញ្ជាក់ថា៖ «មិនយកប្រពន្ធ យកគ្រួសារទៅថៃនាំតែពិបាកទេ សុខចិត្តបានតិច បានច្រើននៅស្រុកខ្មែរយើងហើយ។ គេរស់កើតយើងក៏រស់កើតដូចតែគ្នាហ្នឹង។ ទៅស្រុកគេវេទនាណាស់»៕