អាជីវករផ្សារអូរឫស្សីប្រមាណ១០០នាក់នៅព្រឹកថ្ងៃចន្ទបានប្រមូលផ្ដុំគ្នាដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យជួយបញ្ចុះតម្លៃតូបលក់មកត្រឹមពាក់កណ្ដាលនៃតម្លៃដែលប្រធានផ្សារបានកំណត់ ពីព្រោះពួកគេគ្មានលទ្ធភាពនិងម៉្យាងទៀតកូវីដទើបធូរស្បើយ។
យោងតាមតំណាងអាជីវករផ្សារអូរឫស្សីបានឱ្យដឹងថា អាជីវករចំនួន១ ៣០០នាក់ ស្នើសុំអន្តរាគមន៍ទៅរដ្ឋាភិបាលបន្ធូរបន្ថយបង់ថ្លៃតូបមកត្រឹម៥០% នៃតម្លៃអាណត្តិចាស់ឆ្នាំ២០០០ និងសុំបន្តសុពលភាពអាណត្តិថ្មីរហូតឆ្នាំ២០៤០ ក្រោមមូលហេតុតម្លៃតូបដែលទើបកំណត់ថ្មីនេះថ្លៃ និងដោយសារសេដ្ឋកិច្ចអាជីវករមិនអំណោយផល។
ជាអាជីវករមួយរូបលោក តាំង គឹមពា បានអះអាងថា ការប្រមូលផ្ដុំគ្នាមកដាក់ញត្តិទៅនាយករដ្ឋមន្រ្តី គឺដើម្បីស្នើទៅរដ្ឋាភិបាលឱ្យអនុគ្រោះចុះតម្លៃតូបមកត្រឹមពាក់កណ្ដាលនៃតម្លៃដែលបានកំណត់ ព្រោះអាជីវករមិនមានលទ្ធភាពបង់ប្រាក់ក្នុងចំនួនច្រើនបែបនេះឡើយ។
លោក គឹមពា ថ្លែងថា៖ «យើងធ្វើញត្តិមកសុំឱ្យសម្ដេចជួយ ព្រោះអាជីវករយើងក្រោយពីកូវីដមកមានការខ្វះខាត ធម្មតាអាជីវករម្នាក់ៗអត់ដូចគ្នាទេ អ្នកខ្លះជំពាក់បំណុលគេ អ្នកខ្លះមានទុក្ខលំបាកផ្សេងៗគ្នា»។
អាជីវកររូបនេះបន្ថែមថា ថ្វីបើរដ្ឋបាលរាជធានីភ្នំពេញផ្ដល់ជម្រើ៣ឱ្យអាជីវករបង់ថ្លៃតូបក៏ដោយ ក៏អាជីវករមិនមានលទ្ធភាពបង់ថ្លៃដែរ ដោយសារតែតម្លៃតូបមានការឡើងថ្លៃ១០% ហើយពួកគេលក់មិនកាក់កប បន្ទាប់ពីបញ្ហាកូវីដបានស្រាកស្រាន្ត។
លោក គឹមពា បន្ថែមថា៖ «ការរំលោះហ្នឹង ខ្ញុំហើយអាជីវករទាំងអស់គិតទៅតម្លៃហ្នឹងវាច្រើនមិនអាចទទួលយកបាន ចឹងបានមកសុំសម្ដេចឱ្យជួយសម្រួលតម្លៃដើម យើងក៏វាធូរបន្ទុកដែរ»។
ចំណែកអាជីវករមួយរូបទៀតគឺអ្នកស្រី ឈុន អ៊ី ប្រាប់ឱ្យដឹងថា អ្នកស្រីចាប់ផ្ដើមអាជីវកម្មលក់ដូរនៅផ្សារអូរឫស្សីអស់១២ឆ្នាំមកហើយ។ ចំពោះការតំឡើងថ្លៃតូបនេះ អ្នកស្រីមិនមានលទ្ធភាពបង់ឡើយ ដោយសារតែការលក់ដូរមិនដាច់ដូចមុនដោយសារតែបញ្ហាកូវីដ ដូច្នេះទើបនាំគ្នាដាក់ញត្តិទៅថ្នាក់ដឹកនាំសុំបញ្ចុះតម្លៃពាក់កណ្ដាល។
អ្នកស្រីថ្លែងថា៖ «គាត់ទារតម្លៃហ្នឹងដូចលើសពេកហើយ សូមឱ្យសម្ដេចចុះតម្លៃ៥០%នៃតម្លៃតូប កូវីដផងអីផងអ្នកណាទៅមានលុយហ៎ តូបថ្លៃមិនអាចទទួលយកបានទេហើយឥឡូវលក់អត់ដាច់ទេគេទិញតែតាមអនឡាញ»។
អ្នកស្រីបន្តថា អ្នកស្រីធ្លាប់ឮសម្ដេចប្រកាសថា មិនឱ្យយកថ្លៃតូបចំពោះអ្នកលក់ដូរនៅផ្សាររដ្ឋឡើយ បើសិនជាអាចសូមកុំយកលុយថ្លៃតូបអីព្រោះអាជីវករលក់ដូរយូរឆ្នាំមកហើយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ឱ្យសម្ដេចជួយមិនឱ្យបង់ ព្រោះកូនចៅអត់មានលុយទេ និយាយទៅតាំងពីជំនាន់ពីដើមមកយើងទិញតូបមានអាណត្តិ២០ឆ្នាំ តែខ្ញុំឮសម្ដេចផ្សាយថាអត់ត្រូវបង់លុយទៀតទេគ្រប់ផ្សាររដ្ឋទាំងអស់»។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ជម្រើស៣ចំណុចសម្រាប់អាជីវករផ្សារអូរឫស្សីជ្រើសរើស ដើម្បីបញ្ចប់ការតវ៉ា ដែលអាជីវករក្នុងផ្សារបានទាមទារចំនួន៤ រួមមានកំណត់អាណត្តិ២០ឆ្នាំបន្តទៀត ផ្តល់បណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន ស្នើសុំបង់ត្រឹម៥០%នៃតម្លៃអាណត្តិចាស់ និងស្នើឱ្យជួសជុលផ្សារនៅឆ្នាំ២០២៣បន្ទាប់ពីបង់អាណត្តិថ្មីរួចរាល់។
ជុំវិញករណីនេះ ប្រធានផ្សារអូរឫស្សី លោក ហ៊ត វ៉ាន់ធី ថ្លែងប្រាប់ ខេមបូចា ថា អាជីវករនៅផ្សារអូរឫស្សីមានប្រមាណ៥ពាន់តូប ខណៈអ្នកដែលទៅតវ៉ារឿងតម្លៃតូបអាណត្តិថ្មីមានមិនដល់១០០នាក់ផង។
លោកបន្តថា ខាងគណៈកម្មការផ្សារបានដោះស្រាយ និងសម្រួលជូនអាជីវករតាមដែលអាចធ្វើទៅបានហើយ មានតែអាជីវករប្រមាណ១០០នាក់ប៉ុណ្ណោះដែលមិនមានឆន្ទៈក្នុងការចូលរួម ខណៈអាជីវករផ្សេងមិនមានការតវ៉ាអ្វីឡើយ។
លោកអះអាងថា តម្លៃដែលដាក់ជូន គឺមិនលើសពីលទ្ធភាពអាជីវករឡើយ ហើយក្នុងលក្ខខណ្ឌមិនទាន់មានលទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញមានជម្រើសឱ្យ៣ គឺបង់ផ្ដាច់បង់១០ឆ្នំាម្ដង និងបង់៥ឆ្នាំម្ដង។
លោកថ្លែងថា៖ «អ្វីដែលសមហេតុផលគឺថ្នាក់ដឹកនាំបានដោះស្រាយជូនហើយ តែគាត់នៅតែមិនព្រមមិនដឹងធ្វើម៉េច បើគាត់អេចអូចមិនប្រឹងរកស៊ីប្រឹងតែអ៊ីចឹង ផ្សេងៗគេយល់គេអត់ចូលរួមជាមួយទេ វាហួសហេតុពេក ទារម៉ែឪទារប្រុងម៉េចខ្ញុំឆ្ងល់គាត់ដែរ»។
ចំណែកលោក គង់ ចម្រើន មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្រ្តី បញ្ជាក់ប្រាប់ថា លោកមិនទាន់មានចម្លើយសម្រាប់ញត្តិរបស់អាជីវករផ្សារអូរឫស្សីទេ ដោយសារតែលោកទើបតែទទួលលិខិត និងទើបបញ្ជូនបន្តទៅលោកនាយករដ្ឋមន្រ្តី។
លោកថ្លែងថា៖ «បាទ ខ្ញុំកំពុងបញ្ជូនលិខិតសិន ដល់តែខ្ញុំបញ្ជូនលិខិតដល់គោលដៅ ហើយបានគោលដៅសម្រចយ៉ាងណា បានសួរទៀតបាន ព្រោះព្រឹកមិញនៅវត្តបទុម ត្រូវយកឯកសារហ្នឹងមកតាខ្មៅ»។
ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មិនអាចទាក់ទងសុំការបំភ្លឺបានឡើយនៅរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២២នេះ។
ដោយឡែក សេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញកន្លងមក បានបញ្ជាក់ថា អាជីវករអាចបន្តលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន។
សេចក្ដីប្រកាសដដែល ចំពោះតម្លៃនៃការបង់រយៈពេល២០ឆ្នាំ គឺជាតម្លៃកាលពី២០ឆ្នាំមុន ដែលអាជីវករធ្លាប់បានបង់រួចមកហើយ។ ចំណែកប្រភេទតូប ឬស្តង់តម្លៃខ្ពស់បំផុតមានតម្លៃ ៣ ៣០០ដុល្លារ ក្នុងរយៈពេល២០ឆ្នាំ បើចែកជាប្រចាំឆ្នាំ គឺទឹកប្រាក់ដែលត្រូវបង់ចំនួន១៦៥ដុល្លារក្នុងមួយឆ្នាំ តែបើចែកជាខែត្រូវបង់១៣,៧៥ ដុល្លារ ក្នុងមួយខែ ហើយបើចែកជាថ្ងៃត្រូវបង់០,៤៥ដុល្លារក្នុងមួយថ្ងៃ ឬស្មើ១,៨០០រៀលតែប៉ុណ្ណោះ។
គួរជម្រាបជូនថា អាជីវករផ្សារអូរឫស្សី បានផ្ទុះការតវ៉ា ជុំវិញការតំឡើងថ្លៃតូបអាណត្តិថ្មី។ តែបើយោងតាមលិខិតរបស់គណៈកម្មការផ្សារអូរឫស្សី ប្រកាសកាលពីថ្ងៃទី១៨ ខែកក្កដា តម្រូវឱ្យអាជីវករដែលជាម្ចាស់តូបនៅផ្សារអូរឫស្សីទាំងអស់បំពេញបែបបទ នៃកិច្ចសន្យាជួលតួបនៅអាណត្តិថ្មី គិតចាប់ពីចុងខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤២។
លិខិតដដែលបញ្ជា់ថា ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មីនៃកិច្ចសន្យា អាជីវករអាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្តែង ដោយអាចជ្រើសយកជម្រើសមួយក្នុងចំណោមជម្រើស០៣ ដែលគណៈកម្មការផ្សារផ្ដល់ឱ្យ៖ ទី១) បង់ប្រាក់១លើក សម្រាប់អាណត្តិរយៈពេល២០ឆ្នាំ ទី២) បង់ប្រាក់២លើក សម្រាប់អាណត្តិរយៈពេល២០ឆ្នាំ ដោយបង់១០ឆ្នាំម្តង ទី៣) បង់ប្រាក់០៤លើក សម្រាប់អាណត្តិរយៈពេល២០ឆ្នាំ ដោយបង់០៥ឆ្នាំម្តង។
ជុំវិញតម្លៃតូបដែលតម្រូវឱ្យអាជីវករបង់នូវក្នុងអាណត្តិថ្មីនេះ គឺមាន៥ប្រភេទនៃតូបលក់ រីឯ តម្លៃវិញចាប់ពី ២,១៧៨ដុល្លារ ទៅដល់៣,៦៣០ដុល្លារ សម្រាប់កិច្ចសន្យា២០ឆ្នាំ ៕