សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករចម្ការចេកជិត១ពាន់នាក់ផ្ទុះការតវ៉ា ក្រោយក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យជិត២ខែ

កម្មករនិងមេការជិត១០០០នាក់ប្រមូលផ្តុំគ្នានៅក្រុមហ៊ុនចម្ការចេក ដូនពេញ អាគ្រីកូ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីទាមទារប្រាក់ខែដែលក្រុមហ៊ុនជំពាក់ជិតពីរខែ។ រូបភាពថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។( ផ្តល់ឲ្យ)
កម្មករនិងមេការជិត១០០០នាក់ប្រមូលផ្តុំគ្នានៅក្រុមហ៊ុនចម្ការចេក ដូនពេញ អាគ្រីកូ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីទាមទារប្រាក់ខែដែលក្រុមហ៊ុនជំពាក់ជិតពីរខែ។ រូបភាពថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។( ផ្តល់ឲ្យ)

មេការ និងកម្មករអះអាងថា ក្រុមហ៊ុនចម្ការចេក ដូនពេញ អាគ្រីកូ ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី ជិត១០០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាដោយស្នើឲ្យក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកគាត់ ខណៈក្រុមហ៊ុននេះអាក់ខានបើកប្រាក់ខែឲ្យពួកគាត់រយៈពេលជិត២ខែមកហើយ។

មេការ និងកម្មករធ្វើការក្នុងក្រុមហ៊ុនចម្ការចេក ដែលជាក្រុមហ៊ុនវៀតណាម បានតវ៉ានៅថ្ងៃទី១០ ខែតុលា ដោយទាមទារបើកប្រាក់ខែដែលក្រុមហ៊ុនជំពាក់ដើម្បីបានលុយមកលេងស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនាចុងសប្តាហ៍នេះ។

ជាមេការម្នាក់ក្នុងចំណោមមេការច្រើននាក់ទៀត ដែលធ្វើការនៅក្រុមហ៊ុនចម្ការចេក អ្នកស្រី សរ ស្រីនាង ថ្លែងប្រាប់ខេមបូចាថា ក្រុមហ៊ុនមិនទាន់បើកប្រាក់ខែឲ្យអ្នកស្រីចាប់តាំងពីខែសីហា មកដល់ពាក់កណ្តាលខែតុលានេះ។

អ្នកស្រីនាង និយាយថា៖ «ធ្វើអ៊ីចឹងងាប់ហើយ! បានលុយអីមកដោះស្រាយ យកកម្លាំងមេការអស់ហើយលុយក៏អត់បើកឲ្យមេការ ធ្វើអ៊ីចឹងដូចបោកទំនុកចិត្តមេការអ៊ីចឹង»។

អ្នកស្រីប្រាប់ឲ្យដឹងទៀតថា មេការដែលក្រុមហ៊ុនមិនទាន់បើកប្រាក់ខែឲ្យមានចំនួន៣៤នាក់។ កាលពីខែសីហាកន្លងទៅក្រុមហ៊ុនក៏ធ្លាប់ធ្វើកិច្ចសន្យាជាមួយមេការទាំងអស់ថានឹងបើកប្រាក់ឲ្យ៥០ភាគរយសិន  ប៉ុន្តែអ្នកស្រីនិងមេការដ៏ទៃទៀតនៅតែមិនទទួលបានប្រាក់ដដែល ត្បិតក្រុមហ៊ុនសន្យាខ្យល់។

អ្នកស្រីនាង​ និយាយថា៖ «ធ្វើអ៊ីចឹង គឺធ្វើបាបមេការ ពេលត្រូវការកម្មករ យកកម្មករពីមេការហើយដល់ពេលលុយប្រាក់ខែមេការអត់បើកឲ្យធ្វើអ៊ីចឹងមេការ[មិន]មែនមនុស្សមែន?»។

អ្នកស្រី ស្រីនាង បានបន្ថែមទៀតថា ក្រុមហ៊ុននៅតែសន្យាថាមួយសប្តាហ៍ទៀតក្រុមហ៊ុននឹងបើកប្រាក់ឲ្យមេការ ដែលធ្វើឲ្យអ្នកស្រីមិនអាចចាំបានព្រោះនឹងផុតរដូវភ្ជុំបិណ្ឌ។ អ្នកស្រីថា៖ «ក្រុមហ៊ុនថាមួយអាទិត្យទៀត ចឹងមេការបានលុយមកពីណា? ហើយជំពាក់ម្ហូបអាហារគេត្រូវទូទាត់ឲ្យហើយមុនភ្ជុំ ឥឡូវអត់បានលុយផង ហើយសន្យាថាមួយអាទិត្យទៀតមិនងាប់ហើយមេការហ្នឹង!»។

មេការមួយរូបទៀត គឺលោក ភ័ក្រ ថ្លែងឲ្យដឹងថា កម្មករដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកមានចំនួនជាង៨០នាក់។ លោកថា នៅពេលក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលឲ្យលោក លោកក៏ពុំមានលុយសម្រាប់បើកឲ្យកម្មករទាំងនោះដែរ ដែលធ្វើឲ្យពួកគេពុំមានលុយទិញអាហារ និងការចំណាយផ្សេងៗ។ មកដល់ថ្ងៃទី១២ ខែតុលានេះ លោកនៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយដែលសមស្របទេ បើទោះបីជាមានការជួយអន្តរាគមន៍ពីអាជ្ញាធរក្តី ព្រោះក្រុមហ៊ុនមិនគោរពតាមការសន្យា។ លោកបន្តទៀតថា ក្រុមហ៊ុនមិនទាន់បើកប្រាក់ឲ្យគ្រប់ចំនួន ហើយលោកទើបតែទទួលបានប្រាក់គិតជាថ្ងៃគឺត្រឹមតែ៧ថ្លៃកន្លះ ក្នុងរយៈពេលជាង៧០ថ្ងៃដែលលោកធ្វើការឲ្យក្រុមហ៊ុន។

លោកថា៖ «ដំបូងថាបើកឲ្យ២ខែដាច់ ឥឡូវអត់បាន២ខែដាច់ទេ គឺបានតែ៧ថ្ងៃកន្លះ បើកលុយឲ្យ»

ចំណែកឯ លោក វ៉ែន សាន ជាអ្នកគ្រប់គ្រង និងមើលការខុសត្រូវក្នុងក្រុមហ៊ុនថ្លែងថា កម្មករបានប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃទី១០ ខែតុលានៅម៉ោង៧ព្រឹក។ បន្ទាប់ពីការតវ៉ានេះក្រុមហ៊ុនសន្យាថានឹងបើកប្រាក់ឲ្យកម្មករនៅម៉ោង២រសៀល ប៉ុន្តែដល់ពេលកំណត់ក្រុមហ៊ុននៅតែមិនបើកប្រាក់ឲ្យកម្មករ លុះដល់ម៉ោង៣រសៀលកម្មករក៏ប្រមូលផ្តុំគ្នាតវ៉ាម្តងទៀត ទើបធ្វើឲ្យក្រុមហ៊ុនបើកប្រាក់ជូនពួកគេនៅម៉ោង៧ល្ងាច រហូតដល់ម៉ោង១០យប់។

លោក​ សាន បានបន្តថា៖ «បានបើកប្រហែលជាម៉ោង១០យប់ អត់មានកម្មករតវ៉ាទៀតទេ បើគេបើកហើយទាំងអស់គ្នាហើយ»។

លោក ដេន ចាន់ថន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តរតនគិរី ប្រាប់ឲ្យដឹងថា អាជ្ញាធរបានចុះដោះស្រាយ ដោយធ្វើការសម្របសម្រួលរវាងកម្មករ មេការ និងក្រុមហ៊ុនចម្ការចេក ដូនពេញ អាគ្រីកូ ដោយក្រុមហ៊ុនបានយល់ព្រមបើកប្រាក់ខែក្នុងខែកញ្ញា ទៅឲ្យកម្មករមួយដំណាក់កាលសិន ចំណែកមេការជាង៥០នាក់ ក្រុមហ៊ុនបានបើកឲ្យប្រាក់ខែឲ្យ៥០ភាគរយនៃខែសីហា។​ ដោយឡែកប្រាក់ខែដែលនៅសល់ ក្រុមហ៊ុននឹងដោះស្រាយជូនជាបន្តបន្ទាប់ក្រោយចប់ពិធីភ្ជុំបិណ្ឌ ត្បិតក្រុមហ៊ុនមិនទាន់មានលុយគ្រប់គ្រាន់បើកជូនកម្មករ។

បើតាម លោក ចាន់ថន ប្រាប់ឲ្យដឹងទៀតថានៅក្នុងក្រុមហ៊ុនចម្ការចេក គឺមានការបែងចែកកម្មកជាពីរប្រភេទ គឺកម្មករ១ ៦០០នាក់ ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រុមហ៊ុន ចំណែកជិត២ពាន់នាក់ទៀត ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីមេការ។

ជុំវិញបញ្ហារាំងស្ទះក្នុងការបើកប្រាក់ខែជូនកម្មករ លោក ចាន់ថន បកស្រាយថា៖ «ពាក់ព័ន្ធទៅលើការមិនបានទូទាត់ពីរខែនេះ តាមពិតទៅមិនមែនជាប្រាក់ឈ្នួលរបស់កម្មករទេ គឺជាការទូទាត់តម្លៃសរុបរបស់ក្រុមហ៊ុនជាមួយមេការ។ មេការប្រៀបដូចជាថៅកែមួយដែរ ដូច្នេះការទូទាត់លោតទៅដល់៧០ថ្ងៃ ដោយសារតែមានភាពយឺតយ៉ាវឯកសារ និងការផ្ទេរប្រាក់ពីវៀតណាមមកកម្ពុជាចំនួនច្រើន ទើបយឺតយ៉ាវ។ មានន័យថានៅតែមេការទេអត់បានលុយ ព្រោះគាត់យកលុយខ្លួនឯងបើកឲ្យកម្មករ នៅតែប្រាក់ចំណេញ និងថ្លៃឈ្នួលកម្មកររយៈពេល២ខែ មិនមែនមានន័យថាកម្មករអត់លុយពីរខែទេ»។

បើតាមលោកចាន់ថន បញ្ជាក់ថាចំនួនទឹកប្រាក់ដែលក្រុមហ៊ុនជំពាក់មិនទាន់បើកឲ្យកម្មករ និងមេការមានចន្លោះពី៣ ទៅ៥លានដុល្លារ និងបានទទួលស្គាល់ថានេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមហ៊ុនមានភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែជូនកម្មករដូច្នេះ។

លោកចាន់ថន និយាយថា៖«អាជ្ញាធរ និងមន្ទីរតែងជំរុញក្រុមហ៊ុនជាប្រចាំ ហើយយើងទទួលស្គាល់ថាមានភាពយឺតយ៉ាវតែងតែកើតមានឡើង»។

អភិបាលស្រុកលំផាត់ លោក នូ ថេរ ថ្លែងថាពាក់ព័ន្ធនឹងការតវ៉ារបស់កម្មករក្នុងក្រុមហ៊ុនចម្ការចេក លោកបានដោះស្រាយរួចរាល់អស់ហើយ ប៉ុន្តែកម្មករនិងមេការមួយចំនួនទៀតលើកឡើងថាក្រុមហ៊ុននៅមិនមានដំណោះស្រាយសម្រាប់ពួកគេទេ។

នៅពេលដែលខេមបូចាបន្តសួរសំណួរ លោកបដិសេធមិនផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធទូរសព្ទនោះទេ ដោយប្រាប់ថា បើចង់បានព័ត៌មានពិត គឺត្រូវទៅការិយាល័យរបស់លោកផ្ទាល់។

លោក  ថេរ ថ្លែងយ៉ាងដូច្នេះថា៖ «ករណីដែលសារព័ត៌មានចង់បានព័ត៌មានពិតប្រាកដសុំអញ្ជើញមកOfficeខ្ញុំ។ ខ្ញុំមិនផ្តល់ព័ត៌មានតាមរយៈរលកធាតុអាកាសទេ អរគុណ»

ខេមបូចាមិនអាចទាក់ទងសុំការឆ្លើយតបពីមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនដូនពេញ អាគ្រីកូឡើយ គិតមកត្រឹមថ្ងៃទី១២នេះ។

មន្ត្រីអង្កេតអង្គការអាដហុកប្រចាំខេត្តរតនគិរី លោក តឿ សង្ហារ លើកឡើងថា ថ្វីត្បិតតែមន្ទីរការងារខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានចុះអន្តរាគមន៍ហើយក៏ពិតមែន ប៉ុន្តែគប្បីចុះអធិការកិច្ចឲ្យបានទៀងទាត់ ដើម្បីបញ្ជៀសបញ្ហាដដែលៗនេះកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ។

លោកសង្ហារ ថ្លែងថា៖«អាជ្ញាធរត្រូវតែចុះអធិការកិច្ចជាប្រចាំ ដើម្បីកុំឲ្យមានការរំលោភសិទ្ធិកម្មករនិយោជិតបន្តទៀត ដែលគាត់មានជីវភាពខ្វះខាត កុំឲ្យប៉ះពាល់សិទ្ធិរបស់ពួកគាត់»។

យោងតាមសេចក្ដីប្រកាសជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន ដូនពេញ អាគ្រីកូ តាមរយៈវេបសាយ ឈ្មោះ«បងស្រី» ឲ្យដឹងថា ក្រុមហ៊ុន​ ដូនពេញ​ អា​គ្រីកូ គឺជា​ក្រុមហ៊ុន ធ្វើ​​សកម្មភាព​ក្នុង​វិស័យ​កសិកម្មនៅប្រទេសកម្ពុជា​ដែលមានផ្ទៃដី ​ប្រមាណ​ជិត​ ៨ ០០០ ហិច​តា​ដាំដំណាំ​បណ្ដា​ឈើ​ហូប​ផ្លែ​ដូចជា​៖ ចេក​ តាង៉ែន ម្នាស់​ និងខ្នុ​រ។ ក្នុង​ថ្ងៃ​អនាគត​ ក្រុមហ៊ុន​បន្ត​ការកំណត់​ និង​វិនិយោគ​ផ្ទៃដី​ដាំ​ថ្មី​ជិត​ ៦ ៤០០ ហិច​តា​ និង​បង្កើន​ផ្ទៃ​ដែដាំ​សរុប​ ៣០ ៨៥០ ហិច​តា ៕

494 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម