ក្រុមយុវជនស្រីប្រុសប្រមាណ៣០នាក់ ដែលជាក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ បានដើរដង្ហែរក្បួនស្លៀកសម្លៀកបំពាក់ហែរសព ដើម្បីទៅដាក់ញត្តិ ស្នើឱ្យក្រសួងបរិស្ថានបញ្ឈប់ការរឹតត្បិតពលរដ្ឋ និងសកម្មជនព្រៃឈើ ក្នុងការការពារព្រៃនៅតំបន់ធម្មជាតិមួយចំនួន ដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ។
យុវជនប្រមាណ៣០នាក់ ដើរជាក្បួននាំគ្នាស្លៀកសពាក់សក្នុងទម្រង់ដង្ហែសពដើមឈើ ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង ឆ្ពោះទៅកាន់ទីស្ដីការក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិ ដោយយុវជនខ្លះមានកាន់បដា និងមេក្រូ ស្រែកតាមផ្លូវសាធារណៈថា «ការពារព្រៃឈើ ព្រៃឈើវិនាសហើយ» មានយុវជនខ្លះទៀតកាន់ផ្កា កាន់ទង់ព្រលឹង និងសែងមឈូស។
បើតាមសេចក្ដីជូនដំណឹងពីក្រុមយុវជន ការដង្ហែក្បួននេះ ក្នុងគោលបំណងដើម្បីទាមទារឱ្យក្រសួងបរិស្ថាន បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់សហគមន៍មូលដ្ឋាន យុវជន អង្គការសង្គមស៊ីវិល និងមហាជនទូទៅក្នុងកិច្ចអភិរក្សថែរក្សាការពារធនធានព្រៃឈើ។
កញ្ញា ភួន កែវរស្មី ជាសកម្មជនព្រៃឈើ បានប្រាប់ឱ្យដឹងថា ការហែក្បួននេះ មិនគ្រាន់តែជាការហែក្បួនដើម្បីទៅដាក់ញត្តិទេ ប៉ុន្តែអត្ថន័យនៃពិធីហែសពព្រៃឈើ គឺចង់បញ្ជាក់ប្រាប់ទៅសាធារណៈជនថា ព្រៃឈើនៅកម្ពុជាបានស្លាប់បាត់បង់ហើយ ពិសេសព្រៃឈើនៅតំបន់ព្រៃឡង់ ព្រៃព្រះរកា ព្រៃមេត្តាធម្មជាតិ និងភ្នំតាម៉ៅជាដើម។
កញ្ញាបន្ថែមថា៖ «យើងដង្ហែសពដើមឈើទៅក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិទាមទារឱ្យពួកយើងចូលល្បាតព្រៃឡើងវិញ ព្រោះថាមានការបិទការចូលល្បាតព្រៃហ្នឹងយូរហើយតាំងពីអំឡុងឆ្នាំ២០២០រហូតមកដល់ឥឡូវ»។
កញ្ញាបបានឱ្យដឹងថា ការដាក់ញត្តិនេះ គឺគ្រាន់តែស្នើសុំឱ្យក្រសួងបើកសិទ្ធិសេរីភាពឱ្យប្រជាសហគមន៍ ពលរដ្ឋ យុវជន អាចចូលល្បាតព្រៃឡើងវិញ ដើម្បីការពារព្រៃឈើនៅតំបន់ធម្មជាតិទាំងនោះ។
កញ្ញាបញ្ជាក់ថា៖ «យើងចង់បានពីក្រសួង ធ្វើយ៉ាងណាឱ្យក្រសួងបង្ហាញពីឆន្ទៈនៃការស្រឡាញ់ព្រៃឈើ ដូច្នេះបើមន្រ្តីឧទ្យានុរក្សល្បាតព្រៃឈើបាន ហើយអ្នកកាប់ឈើនៅតែអាចចូលកាប់ឈើបាន ហេតុអ្វីបានជាប្រជាសហគម ក៏ដូចជាយុវជន និងអង្គការសង្គមស៊ីវិលចូលទៅល្បាតព្រៃអត់បាន»។
កញ្ញាបន្តថា ដោយសារតែការរឹតត្បិតសិទ្ធិពលរដ្ឋក្នុងការថែរក្សាព្រៃឈើនេះហើយ ទើបប្រជាសហគមន៍ព្រៃឈើទាំងអស់ ធ្លាប់រងនូវការគំរាមកំហែង និងការរើសអើងពីមន្រ្តីសាធារណៈ ឬអាជ្ញាធរមូលដ្ឋាន និងរងការចោទប្រកាន់នានាថា ជាអ្នកបម្រើបរទេស ឬបក្សប្រឆាំងជាដើម។
យ៉ាងណាមិញ កញ្ញាកែវរស្មី អះអាងថា ការហែរក្បួនព្រឹកមិញនេះ ក៏មានវត្តមានអាជ្ញាធរចេញមករារាំងត្រង់ចំណុចទូតចិនផងដែរ។ កញ្ញាយល់ឃើញថា អាជ្ញាធរទាំងនោះ គប្បីសម្រួលសណ្ដាប់ធ្នាប់ និងសម្រួលដល់យុវជនក្នុងការដាក់ញត្តិ ជាជាងចេញមករារាំង ឬតាមដានយុវជនបញ្ចេញមតិចំពោះបញ្ហាប្រទេសជាតិ។
កញ្ញាថា៖ «ដំបូងឡើយគេឃាត់យើងខ្លាំងមែនទែន ដល់ពួកយើងបង្ហាញគោលជំហរថាចង់ដើរទៅក្រសួងបរិស្ថាន គេក៏បើកឱ្យយើងទៅ ដោយមានការឃ្លាំមើល តាមថត»។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)លោក អួត ឡាទីន ថ្លែងថា ក្រសួងបរិស្ថានបានរឹតត្បិតសេរីភាពប្រជាសហគមន៍ យុវជន មិនឱ្យចូលល្បាតព្រៃនៅតំបន់ធម្មជាតិ តាំងពីពាក់កណ្ដាលឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២២នេះ។ ដូច្នេះ ទើប យុវជនដាក់ញត្តិស្នើទៅក្រសួងបរិស្ថានបើកទូលាយឡើងវិញ ចំពោះប្រជាសហគមន៍ និងយុវជនមានសិទ្ធិទៅល្បាតព្រៃឈើ ដោយគ្មានការរើសអើង និងគំរាមកំហែង។
លោកនិយាយថា៖ «ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩មក ដល់បច្ចុប្បន្ន ក្រសួងបរិស្ថានបានធ្វើការហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់ និងបណ្ដាញសហគមន៍ព្រៃព្រះរកា មិនឱ្យរៀបចំពិធីបុណ្យបំបួសដើមឈើតាមបែបប្រពៃណី និងមិនឱ្យអនុវត្តសិទ្ធិស្ម័គ្រចិត្តចូលរួមល្បាត ការពារព្រៃឡង់ ព្រៃព្រះរកានោះទេ» ។
លោក ឡាទីន បន្ថែមថា គោលបំណងនៃយុទ្ធនាការ មាន៣សំខាន់ៗ គឺទី១) ទាមទារឱ្យក្រសួងបរិស្ថានបញ្ឈប់ការរឹតត្បិត និងរារាំងមកលើសកម្មភាពការពារព្រៃឈើមកលើសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងសកម្មបរិស្ថាន។ ទី២)ផ្សព្វផ្សាយសារទៅកាន់សាធារណជនអំពីបច្ចុប្បន្នភាពនៃមហន្តរាយមកលើព្រៃឈើ និងចុងក្រោយលើកទឹកចិត្ត និងជម្រុញយុវជន មហាជនចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិរក្ស។
កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ មន្រ្តីបរិស្ថានខេត្តកំពង់ធំ បានឃាត់សកម្មជនព្រៃឡង់ចំនួន១៦នាក់ បន្ទាប់ពីពួកគេមកចូលរួមកម្មវិធីបំបួសដើមឈើ និងប្រជុំសហគមន៍ នៅក្នុងសហគមន៍ក្បាលខ្លា ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់ពីលោក ឡាទីន។
លោក ឡាទីន ចាត់ទុកថា ការហាមឃាត់នេះ គឺវាផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៤ និងមាត្រា៥៩ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា២១ និងច្បាប់ស្ដីពីកិច្ចគាំពារបរិស្ថាន និងការការពារធនធានធម្មជាតិ មាត្រា១ មាត្រា១៦ និងមាត្រា១៧ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឆ្លើយតបតាមតេឡេក្រាមថា ក្រសួងបរិស្ថានស្វាគមន៍រាល់សកម្មភាស្របច្បាប់ និងសមាគមនិងអង្គការស្របច្បាប់ទាំងអស់ក្នុងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ។ រាល់សហគមន៍ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីស្របច្បាប់ និងមានកិច្ចព្រមព្រៀងត្រឹមត្រូវ ត្រូវបានលើកទឹកចិត្តនិងស្វាគមន៍ដោយក្រសួងក្នុងការចូលរួមការពារធនធានព្រៃឈើសត្វព្រៃដូចដែលយើងបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគមនិងអង្គការជាតិនិងអន្តរជាតិក្នុងកិច្ចការងារអភិរក្សធនធានធម្មជាតិ ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិជាង១៩០ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ។
លោក ភក្ត្រា មានប្រសាសន៍ថា៖ «សកម្មភាពដែលក្រុមសកម្មជននយោបាយមួយក្តាប់តូចដែលស្ថិតក្រោមការបញ្ជាដោយជនបរទេសជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិដែលបាននិងកំពុងធ្វើសកម្មភាពក្រោមទម្រង់រូបភាពផ្សេងៗ ជាការស្រឡាញ់ធម្មជាតិក្លែងក្លាយ និងវាគ្រាន់តែជាការសម្តែងឱ្យល្អមើល ដើម្បីទាក់ទាញការចាប់អារម្មណ៍តាមខ្សែញាក់របស់ជនបរទេសខ្លះ និងបំពេញចិត្តម្ចាស់ជំនួយខ្លួន ហើយធ្វើឡើងក្នុងគោលដៅរបៀបវារៈនយោបាយទុច្ចរិតមួយពិតប្រាកដក្នុងចេតនាបំផ្លាញមុខមាត់កម្ពុជា»។
លោក ភក្ត្រា បន្ថែមថា៖ «ពួកគេគ្រាន់តែជាជនឱកាសនិយមយកការសម្តែងជាការស្រឡាញ់ធនធានធម្មជាតិដើម្បីផលប្រយោជន៍បកកខពួកខ្លួនប៉ុណ្ណោះ។ ក្រសួងបរិស្ថានដែលមានដែនយុត្តាធិការក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនឹងបន្តសហការយ៉ាងស្អិតរមួតជាមួយសហគមន៍ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលស្របច្បាប់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស»។
បើតាមរបាយការណ៍របស់CYN បានចេញផ្សាយថា បានបន្តរកឃើញបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការចំនួន ២៤៩ករណី ក្នុងខែសីហា ឆ្នាំ២០២២។ ចំណែក អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ធ្លាប់បានចេញរបាយការណ៍មួយកាល ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ថា ក្នុងឆ្នាំ២០២១ ព្រៃឈើចំនួនជាង ៦ពាន់ហិកតា (៦ ២៧១ហិកតារ) ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរកា។
យ៉ាងណាមិញ លោកឡាទីន សង្ឈឹមថា រាជរដ្ឋាភិបាលនឹងបើកចំហសិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរគ្រប់និន្នាការឱ្យអាចចូលរួមការពារបរិស្ថាន ព្រៃឈើដោយស្ម័គ្រដោយសេរី ក៏ដូចជាធ្វើការសម្រេចចិត្តតាមការស្នើរបស់ពលរដ្ឋ និងយុវជនជាម្ចាស់ឆ្នោត។ ខណៈ រដ្ឋាភិបាលធ្លាប់អះអាងថា នឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយត្រឹមឆ្នាំ២០២៩ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិ ដែលដាក់ឱ្យអនុវត្តពីឆ្នាំ២០១០ ដល់ ២០២៩៕