នៅពេលសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ព្យាយាមធ្វើកូដកម្មឡើងវិញកាលថ្ងៃចន្ទ ប៉ូលិសបានប្រើប្រាស់ហេតុផលសុខភាពសាធារណៈ ដើម្បីឃុំខ្លួនកូដករប្រមាណ ៦០នាក់ ដោយចាប់ខ្លួនពួកគេឡើងរថយន្តក្រុងមួយ និងនាំខ្លួនទៅកាន់មណ្ឌលចត្តាឡីស័កនៅជាយរាជធានីភ្នំពេញ។
កាលពីថ្ងៃចន្ទ នគរបាល និងកងកម្លាំងសន្តិសុខដទៃទៀតបានបិទផ្លូវជិតអគារក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដើម្បីរារាំងការធ្វើកូដកម្មសាជាថ្មីដោយក្រុមកូដករ។ ក្រុមកូដករដែលត្រូវបានឃុំខ្លួន បានប្រឈមគ្នាជាមួយអាជ្ញាធរនៅចំណុចប្រសព្វរវាងមហាវិថីសុធារសនិងមហាវិថីសីហនុ។
ក្រុមអង្គការសង្គមស៊ីវិល ដែលតាមដានការធ្វើកូដកម្ម បានឃើញអាជ្ញាធរចាប់ទាញបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចូលក្នុងរថយន្តក្រុង។ វីដេអូឃ្លីបពីការចាប់ខ្លួននេះ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអាជ្ញាធរស្លៀកក្នុងសម្លៀកបំពាក់ធម្មតា ស្រែកមកលើអ្នកនៅលើរថយន្តក្រុងថា ការប្រមូលផ្តុំត្រូវបានហាមឃាត និងថា ក្រុមបុគ្គលិកណាហ្គាវើលដ៍នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក។
គេបានឮសម្តីស្រីម្នាក់ មុនពេលស្រ្តីរូបនេះត្រូវបានអាជ្ញាធរអូសទាញចូលក្នុងរថយន្តក្រុង និយាយថា៖ «ខ្ញុំមិនយល់ទេ យើងបានធ្វើតេស្តអវិជ្ជមានពីរដង និងធ្វើចត្តាឡីស័ករួចហើយ។ យើងគ្រាន់តែត្រូវការអាហារបីពេលក្នុងមួយថ្ងៃ ដោយសារក្រពះយើងឃ្លាន ហេតុអីបានជាប៉ូលិសបំពានដោយប្រើកម្លាំងដូចនេះ?»។
បន្ទាប់ពីកូដករម្នាក់ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី៤ ខែកុម្ភៈ អំឡុងពេលពិនិត្យផ្ទៃពោះធម្មតា មន្រ្តីសុខាភិបាលទាមទារឲ្យកូដករដទៃទៀតធ្វើតេស្ត និងដាក់ខ្លួនដោយឡែកមួយសប្តាហ៍ បើទោះបីលទ្ធផលតេស្តរកឃើញថា អវិជ្ជមានក៏ដោយ។ កូដករដែលធ្វើតេស្តឃើញវិជ្ជមាន រាយការណ៍ថា ខ្លួនមិនបានមកចូលរួមកូដកម្មបីសប្តាហ៍ទៅហើយ មុនពេលរកឃើញវិជ្ជមានកូវីដ១៩។ កូដកម្មកាលពីថ្ងៃចន្ទ គឺជាការត្រឡប់មកវិញសាជាថ្មីរបស់បុគ្គលិកណាហ្គាវើលដ៍ បន្ទាប់ពីគោរពតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល។
ស្របពេលដូចគ្នានេះដែរ មេធាវីតំណាងឲ្យកូដករណាហ្គាវើលដ៍បួននាក់ ដែលត្រូវកោះហៅឲ្យបង្ហាញខ្លួនដើម្បីសាកសួរ កាលពីថ្ងៃសុក្រសប្តាហ៍មុន ពីបទចោទប្រកាន់រារាំងវិធានការសុខាភិបាល ត្រូវបាននគរបាលប្រាប់ឲ្យត្រឡប់ទៅវិញ ដោយនិយាយថា រឿងក្តីរបស់ពួកគេត្រូវបានបញ្ជូនទៅតុលាការរួចហើយ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ ខេមបូចា ថាក្រុមកូដករត្រូវបាននាំខ្លួនទៅកាន់មណ្ឌលចត្តាឡីស័កមួយក្នុងខណ្ឌព្រែកព្នៅ។ លោកបានលើកឡើងថា ហេតុផលនៃការធ្វើដូចនេះគឺ ដើម្បីកំណត់ថាតើមានកូដករណាម្នាក់ក្នុងនោះ មិនទាន់បានធ្វើតេស្តរកជំងឺកូវីដ១៩ ចំនួនពីរលើកហើយឬនៅ។
លោកបាននិយាយថា បុគ្គលិកចំនួន ៨៧៩នាក់បានផ្តល់សំណាកដើម្បីធ្វើតេស្ត ហើយនៅក្នុងនោះ ៥០០នាក់ បានត្រឡប់មកធ្វើតេស្តសារជាថ្មី នៅពេលបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក។ លោកបានបន្តថា បុគ្គលិកប្រមាណ ៣០០នាក់ទៀត មិនទាន់បានធ្វើតេស្តលើកទីពីរនៅឡើយទេ។
លោកបានថ្លែងថា៖ «យើងបានយក [ពួកគេ] ដើម្បីបញ្ជាក់ថាតើពួកគេបានធ្វើតេស្តហើយឬនៅ»។
លោក កើត ឆែ បានបញ្ជាក់ថា បុគ្គលិកដែលត្រូវបានរកឃើញថា មិនបានគោរពតាមវិធានការសុខាភិបាលក្នុងការបង្ការជំងឺកូវីដ១៩ អាចប្រឈមនឹងការពិន័យដូចជា ការណែនាំ ឬការផាកពិន័យជាប្រាក់។ លោកក៏បានយោងទៅសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកុម្ភៈ ដែលថា កូដករមិនត្រូវបានអនុញ្ញាតឲ្យធ្វើកូដកម្ម និងត្រូវការការអនុញ្ញាតពីអាជ្ញាធរ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានព្រមានថា ប៉ូលិសនឹងចាប់ខ្លួនកូដករ ដែលចេញមកធ្វើកូដកម្ម អំឡុងពេលពេលមានការកើនឡើងករណីឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង នៅរាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «ដូច្នេះ [ពួកគេ] នៅតែចចេសចេញមកធ្វើកូដកម្ម ដោយមិនគោរពវិធានការសុខាភិបាល។ ជារឿងខុសក្នុងការធ្វើដូចនេះ ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តទៅតាមច្បាប់»។
លោកបានបន្តថា៖ «ខ្ញុំសូមអំពាវនាវទៅអ្នកដែលមកធ្វើកូដកម្ម ឲ្យពិចារណាគ្រប់ជ្រុងជ្រោយពីរឿងនេះ។ ប្រសិនបើមិនដូច្នេះទេ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់»។
លោកបានបញ្ជាក់ថា ក្រុមបុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានធ្វើតេស្តកូវីដ១៩ ត្រូវតែធ្វើចត្តាឡីស័កជាដាច់ខាត មិនថា លទ្ធផលយ៉ាងណានោះទេ។
សមាជិកសហជីព និងជាកូដករមួយរូប អ្នកស្រី ណុប ទិត្យបូរ៉ាវី ដែលធ្វើការផ្នែកអាហារនិងភេសជ្ជៈនៅក្រុមហ៊ុនណាហ្គាវើលដ៍ និយាយថា អ្នកស្រីអស់សង្ឃឹម ដោយសារការបង្រ្កាបរបស់អាជ្ញាធរមកលើវិវាទការងារនេះ។ អាជ្ញាធរក៏បានស្នើឲ្យកូដករផ្លាស់ទីតាំងកូដកម្មទៅកាន់ទីលានប្រជាធិបតេយ្យ នៅជាយភាគខាងជើងរាជធានីភ្នំពេញ តែក្រុមកូដករបានបដិសេធ។
អ្នកស្រីបានថ្លែងថា៖ «យើងនឹងមិនធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យនោះទេ ដោយសារតែយើងមានវិវាទការងារជាមួយក្រុមហ៊ុន។ យើងមិនមានសារណាមួយដើម្បីផ្សព្វផ្សាយនៅទីលានប្រជាធិបតេយ្យនោះទេ ពីព្រោះក្រុមហ៊ុននឹងមិនឮសំឡេងរបស់ពួកយើង»។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើកូដកម្មចាប់តាំងពីចុងខែវិច្ឆិកាមកដើម្បីទាមទារឲ្យមានការឲ្យចូលធ្វើការវិញបុគ្គលិកចំនួន ១.៣០០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារ។ ក្រុមកូដករក៏បានទាមទារការផ្តល់ប្រាក់អត្ថប្រយោជន៍ត្រឹមត្រូវចំពោះអ្នកដែលត្រូវបានបញ្ឈប់ពីការងារផងដែរ។ អាជ្ញាធរក៏បានចាប់ខ្លួន និងដាក់ពន្ធនាគារក្រុមមេដឹកនាំសហជីពចំនួន ១១នាក់ ក្នុងនោះរួមមាន ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងបទចោទប្រកាន់ផ្សេងៗ រួមមានការញុះញង់ជាដើម។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត និយាយថា អ្នកជំនាញផ្នែកសិទ្ធិមនុស្ស បានរិះគន់ការប្រើប្រាស់ច្បាប់ស្តីពីវិធានការសុខាភិបាល ដើម្បីដាក់កំហិតមកលើក្រុមកូដករ។
លោកបានបន្តថា វិធានការបង្ការជំងឺកូវីដ១៩ គួរតែរួមបញ្ចូល «ដំណោះស្រាយវិវាទការងារដែលមិនទាន់ត្រូវបានដោះស្រាយរួចរាល់» ដូចជា ករណីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាដើម។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ពួកគាត់នឹងធ្វើកូដកម្មនៅថ្ងៃណាមួយទៅមុខទៀត ប្រសិនបើនៅតែមិនមានដំណោះស្រាយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ About 60 NagaWorld strikers detained for quarantine after resuming protest