ពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងរោងចក្រផលិតសាច់មាន់មួយកន្លែងនៅក្នុងខេត្តឈុនបុរីឱ្យដឹងថា ពួកគាត់ប្រមាណ៨០ភាគរយក្នុងចំណោមជាង៣០០០នាក់ បានឆ្លងមេរោគកូវីដ១៩ ហើយកំពុងជួបការលំបាកក្នុងការព្យាបាលជំងឺ។ ពួកគាត់កាន់តែជួបការលំបាក ខណៈមន្ត្រីសង្គមស៊ីវិលដែលជួយពួកគាត់ជាប្រចាំនៅទីនោះក៏ឆ្លងកូវីដដែរ។
ពលករដែលកំពុងបំពេញការងារនៅរោងចក្រកែច្នៃសាច់មាន់ឈ្មោះ ជី.អេហ្វ.អិន (GFN) នៅក្នុងខេត្តឈុនបុរីប្រទេសថៃ លោក បញ្ញា ឱ្យដឹងថា រូបលោករកឃើញមានមេរោគកូវីដ១៩ចំនួន១៥ថ្ងៃ ហើយដែលពេលនេះលោកកំពុងសម្រាកព្យាបាលនៅក្នុងរោងចក្រ។ លោកថាគ្រូពេទ្យមិនបានថែទាំ និងព្យាបាលដិតដល់នោះទេ ដោយសារមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់៨០ភាគរយនៅក្នុងរោងចក្រនេះ។
លោកបញ្ញា ថ្លែងថា៖«ថ្នាំគេឱ្យសម្រាប់ព្យាបាលដែរបង ប៉ុន្តែវាមិនគ្រប់គ្រាន់ ព្រោះថា មនុស្សច្រើនពេកតែពេទ្យមានតិច។ ពេលយើងឈឺ យើងតន់ហន់យើងហៅពេទ្យគឺពេទ្យមកអត់ទាន់ ព្រោះពេទ្យមានពីរបីនាក់ ប៉ុន្តែមនុស្សរាប់ពាន់ ដែលឈឺសឹងតែទាំងអស់គ្នា ឈឺរាល់ថ្ងៃ៨០ភាគរយហើយចំណែកអ្នកមិនឈឺនៅតែ២០ភាគរយហ្នឹង ហើយមនុស្សឡើង៣ពាន់នាក់»។
លោក បញ្ញា ឱ្យដឹងទៀតថា ពេលដែលមានអ្នកជំងឺច្រើនដេកព្យាបាលនៅក្នុងរោងចក្រនេះ ធ្វើឱ្យការផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ផ្សេងៗមិនគ្រប់គ្រាន់។
លោកបញ្ញា បន្ថែមថា៖«ពេលយើងឈឺចឹងពិបាករឿងហូបបង។ បាយក៏គេឱ្យមិនគ្រប់គ្រាន់។ អ្នកខ្លះហូបបានច្រើនគេឱ្យមកហូបមិនឆ្អែតធ្វើឱ្យយើងខ្សោយកម្លាំងបង»។
ជី.អេហ្វ.អិន មានកម្មករជាង៤០០០នាក់ ក្នុងនោះកម្មករស្ទើរទាំងអស់ជាជនជាតិខ្មែរ ប៉ុន្តែកាលពីសប្តាហ៍មុនក្រោយរដ្ឋាភិបាលកម្ពុជាបើកព្រំដែនជាមួយថៃវិញនោះ ពលករនៅរោងចក្រនេះជាង១០០០នាក់បានវិលត្រឡប់មកស្រុកកំណើតវិញ។
លោក បញ្ញា ដែលបានទៅធ្វើការងារនៅប្រទេសថៃជាមួយក្រុមគ្រួសាររបស់លោកជាង១០ឆ្នាំហើយនោះឱ្យដឹងទៀតថា លោក និងពលករផ្សេងទៀតមានការភ័យខ្លាចមេរោគកូវីដនេះ ហើយចង់ត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែលោកថា បើមកស្រុកកំណើតវិញនឹងមិនមានលុយសម្រាប់បង់សងធនាគារនោះទេ។
បើតាមពលរដ្ឋខ្មែរធ្វើការងារនៅរោងចក្រសាច់មាន់នេះអះអាងថា កាលពីសប្តាហ៍មុនពលករខ្មែរធ្វើការងារនៅទីនោះ២នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ ការណ៍នេះបានធ្វើឱ្យពលករខ្មែរផ្សេងទៀតមានការភ័យខ្លាច និងជ្រួលច្របល់។
ពលរដ្ឋខ្មែរធ្វើការងារនៅរោងចក្រសាច់មាន់នេះម្នាក់ទៀតគឺ លោកចន្ថា ឱ្យដឹងថា លោកឆ្លងមេរោគនេះប្រមាណ១០ថ្ងៃហើយ។ លោកថា រូបលោកក៏ដូចជាពលករផ្សេងទៀតដែលពិបាកក្នុងការស្វែងរកការព្យាបាល។
លោក ចន្ថា និយាយថា៖ «ពេលយើងឈឺល្មមៗគេថា យើងស្រាលគេអត់ទាន់មើលយើងទេ ដល់ពេលឈឺធ្ងន់ក៏គេអត់ទទួល គេថាព្យាបាលលែងកើតហើយ»។
លោកចន្ថា ឱ្យទៀតថា ក្នុងអំឡុងពេលដែលលោកឆ្លងនេះបានសម្រាកព្យាបាលនៅក្នុងបន្ទប់ជួលនៅទីនោះហើយនៅមិនទាន់ជាសះស្បើយនៅឡើយ។
មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឡឹង សុផុន ដែលតែងតែជួយដោះស្រាយបញ្ហាពលករថ្លែងថា ពេលនេះលោកមានផ្ទុកមេរោគកូវីដ១៩ដែរ។ លោកបញ្ជាក់ថា ពេលនេះសុខភាពចុះខ្សោយមិនអាចធ្វើកិច្ចការជួយពលករបានពេញលេញដូចមុនទេ។
លោក ឡឹង សុផុន និយាយថា៖«ពេលដែលយើងអត់ទាន់ឆ្លងចឹងយើងអាចទៅដល់កន្លែងស្នាក់នៅរបស់គាត់ យើងអាចជិះឡានទៅចឹងទៅ។ យើងអាចសួរគាត់បើថា ខ្វះស្បៀងអាហារចឹងយើងអាចយកស្បៀងអាហារទៅចែកជូនគាត់ ជួយគាត់ក្នុងការបកប្រែភាសាអីចឹងទៅ។ ដល់ពេលដែលយើងឆ្លងមេរោគចឹងហើយសូម្បីតែយើងនិយាយក៏ពិបាកនិយាយដែរវារំខានដល់ការងារយើង»។
លោក ឡឹង សុផុន ថ្លែងទៀតថា សម្រាប់រូបលោកបានត្រៀមទិញថ្នាំឬស្បៀងទុកប្រើខ្លះ ដោយមិនសូវជួបការលំបាកខ្លាំង ប៉ុន្តែសម្រាប់ពលករមួយចំនួនមិនសូវបានត្រៀមខ្លួនគឺមានការលំបាកខ្លាំងពិសេសមិនសូវចេះប្រើភាសា និងមិនសូវយល់នីតិវិធីផ្សេងៗក្នុងប្រទេសថៃ។
លោក ឡឹង សុផុន បន្ថែមថា៖ «ពលករពេលដែលគាត់មានជំងឺហើយ ពេលត្រូវទំនាក់ទំនងទៅពេទ្យអីគឺលំបាកជាងយើង ដោយសារតែគាត់ពិបាកប្រើភាសា[ថៃ]។»
អ្នកនាំពាក្យក្រសួងការងារកម្ពុជាលោក ហេង សួរ មិនបកស្រាយជុំវិញការលើកឡើងពីការលំបាករបស់ពលករនៅក្នុងប្រទេសថៃនេះទេ ដោយលោកបញ្ជាក់ថា ស្ថានទូតខ្មែរនៅក្នុងប្រទេសថៃបានធ្វើកិច្ចការងារនេះហើយ។
ខេមបូចា បានទាក់ទងទៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូត ដើម្បីសាកសួរពីបញ្ហាទាំងនេះដោយមានសញ្ញាថាបានឃើញសារ ប៉ុន្តែមិនមានការឆ្លើយតបពីស្ថានទូតទេ។
បើតាមលោក ឡឹង សុផុន គឺគិតរហូតដល់ដើមខែសីហាឆ្នាំ២០២១នេះ ពលករខ្មែរកំពុងធ្វើការងារនៅថៃមានជាង២លាននាក់ ក្នុងនោះជិតពាក់កណ្តាលរស់នៅ និងធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។ លោកថា អ្នកធ្វើការខុសច្បាប់ដោយសារពួកគេលួចឆ្លងដែនខុសច្បាប់ និង អ្នកខ្លះទៀតខកខានមិនបានបំពេញឯកសារផ្លូវច្បាប់បន្ត ពេលឯកសារចាស់ផុតកំណត់។ ការខកខាននេះដោយសារបញ្ហាមេរោគកូវីដ។
ដោយឡែកនៅក្នុងខេត្តឈុនបុរីមានពលករខ្មែរធ្វើការងារនៅទីនោះជាង៣សែន ហើយខេត្តនេះក៏ស្ថិតនៅក្នុងខេត្តដែលមានការឆ្លងជំងឺកូវីដខ្ពស់នៅក្នុងប្រទេសថៃផងដែរ។
ប៉ុន្តែសម្រាប់របាយការណ៍ក្រសួងការងារវិញគឺរហូតដល់ឆ្នាំ២០២១នេះ ពលករខ្មែរកំពុងបំពេញការងារនៅក្រៅប្រទេសមានប្រមាណ១លាន២សែននាក់ ក្នុងនោះធ្វើការនៅថៃមានជាង១លាន១សែននាក់។
របាយការណ៍ខាងរដ្ឋាភិបាលថៃបង្ហាញថា គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នៅក្នុងប្រទេសនេះមានអ្នកឆ្លងកូវីដជាង១លាន ៩ពាន់នាក់ និងមានអ្នកស្លាប់ជាង៨ពាន់៨រយនាក់។ យោងតាមរបាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ពលករខ្មែរនៅថៃដែលស្លាប់ដោយសារកូវីដ១៩មានចំនួន៤នាក់៕