សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ឌួង ឆាយ ដែលប្រើហិង្សាលើប្រពន្ធប្រឈមនឹងផ្លូវច្បាប់ បន្ទាប់ពីលាចាកសិក្ខាបទ

អតីតឧកញ៉ា ឌួង ឆាយ បង្ហោះរូបភាពមួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុកក្នុងសម្លៀកបំពាក់អាវសខោខ្មៅ ដើម្បីប្រកាសថា លោកបានលាចាកសិក្ខាបទហើយកាលពីថ្ងៃទី១៧ ខែឧសភា។
អតីតឧកញ៉ា ឌួង ឆាយ បង្ហោះរូបភាពមួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុកក្នុងសម្លៀកបំពាក់អាវសខោខ្មៅ ដើម្បីប្រកាសថា លោកបានលាចាកសិក្ខាបទហើយកាលពីថ្ងៃទី១៧ ខែឧសភា។

នគរបាលរាជធានីភ្នំពេញនៅតែរង់ចាំបញ្ជាពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញមុនពេលខ្លួនអាចបន្តការស៊ើបអង្កេតលើលោក ឌួង ឆាយ ដែលគេចោទថា ប្រើហិង្សាលើប្រពន្ធ បន្ទាប់ពីឧក ញ៉ារូបនេះសម្រេចចិត្តលាចាកសិក្ខាបទកាលពីថ្ងៃចន្ទ។ ដំបូងឡើយ នគរបាលបានខកខានសួរចម្លើយលោក ឌួង ឆាយ ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពឃើញវាយធ្វើបាបភរិយារបស់លោក បន្ទាប់ពីឧកញ៉ារូបនេះបានសម្រេចចូលសាងផ្នួស។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍ថា មន្ត្រីប៉ូលីសបាន បញ្ចប់ការស៊ើបអង្កេតបឋមរបស់ខ្លួន ដែលក្នុងនោះនគរបាលបានសម្ភាសសាក្សីជា ច្រើនរួមទាំងដើមបណ្តឹងជាអតីតភរិយារបស់លោក ឆាយ។ ក្រោយមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីនគរបាលបញ្ជូនសំណុំរឿងនេះទៅតុលាការ ដែលលោកស្នងការនគរបាលរូបនេះ បាននិយាយថា បានបញ្ជូនតាំងពីយូរមកហើយ។

លោក ស ថេត បានមានប្រសាសន៍ថា៖ «ខ្ញុំរង់ចាំតែបញ្ជាពីព្រះរាជអាជ្ញាដើម្បីអនុវត្តបន្ត»។

លោក ស ថេត បានមានប្រសាសន៍ថា លោកមិនទាន់ដឹងថា តើលោក ឌួង ឆាយ នឹងនៅតែមានសេរីភាពឬយ៉ាងណា បន្ទាប់ពីលាចាកសិក្ខាបទ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតបន្ថែម ដោយបង្វែរសំណួរទៅព្រះរាជអាជ្ញា។ លោក តាំងស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយផ្អែកមូលហេតុស្រដៀងគ្នានេះដែរ។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញក៏ដូចជាលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ឌួង ឆាយ បានបង្ហោះលើហ្វេសប៊ុកថា លោកបានលាចាកសិក្ខាបទកាលពីថ្ងៃចន្ទ។ នៅក្នុងសារដែលលោកបង្ហោះនោះ លោកបានថ្លែងអំណរគុណដល់អ្នកគាំទ្រក៏ដូចជាបុព្វជិតនិងគណៈកម្មាធិការវត្តមុន្នីប្រសិទ្ធីវង្ស ជាវត្តដែលលោកស្នាក់នៅកំឡុងពេលលោកបួសជាព្រះសង្ឃ។

លោកបានបង្ហោះសារដាច់ដោយឡែកមួយទៀតនៅថ្ងៃអង្គារ ដោយសូមអភ័យទោសរាល់កំហុសឆ្គងរបស់លោកដែលបានធ្វើកន្លងមក ប៉ុន្តែមិនបានបញ្ជាប់ពីហិង្សាលើអតីតប្រពន្ធរបស់លោកនោះទេ។

លោក ឌួង ឆាយ សរសេរថា៖ «ខ្ញុំបាទសូមទោសនៅរាល់កំហុសខុសឆ្គងរបស់ខ្ញុំបាទកន្លងរហូតមក»។

អ្នកស្រី ម៉ាលីណា បានដាក់ពាក្យបណ្តឹងទៅតុលាការកាលពីខែមីនា បន្ទាប់ពីបានបង្ហោះវីដេអូទៅទំព័រហ្វេសប៊ុករបស់អ្នកស្រី ដែលដកស្រង់ចេញពីកាម៉េរ៉ាសុវត្ថិភាពនៅក្នុងផ្ទះរបស់ពួកគេ។ វីដេអូនេះបានបង្ហាញថា លោក ឆាយ បានអូសអ្នកស្រី ម៉ាលីណា វាយនាងនិងទាត់នាងនៅចំពោះមុខកូនៗរបស់ពួកគេខណៈមនុស្សពេញវ័យផ្សេងទៀត​ព្យាយាមឃាត់។ អ្នកស្រីបានសរសេរថា អ្នកស្រីបានបង្ហោះវីដេអូ អំឡុងពេលមានជម្លោះទាក់ទងនឹងសិទ្ធិគ្រប់គ្រងលើកូនទាំងបីរបស់ខ្លួន។ នៅក្នុងវីដេអូមួយផ្សេងទៀតកាលពីថ្ងៃទី១៩ ខែមីនា អ្នកស្រី ម៉ារីណា បានសរសេរថា អ្នកស្រីរងការវាយដំ «ប្រហែល១០០ដង»។

លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) មានប្រសាសន៍ថា ចំណាត់ការព្រហ្មទណ្ឌលើលោក ឌួង ឆាយ ហាក់ដូចជាមិនផ្អែកលើច្បាប់ទេ។

លោកស្រី សុភាព បានមានប្រសាសន៍ថា៖ «ការផ្តល់ពេលវេលាឲ្យគាត់បួសជាព្រះសង្ឃមិនមែនជានីតិវិធី ដើម្បីបញ្ឈប់អំពើហិង្សាទេ»។ លោកស្រីបានមានប្រសាសន៍ថាការដែលមិនអនុវត្តតាមច្បាប់ អំពើហិង្សាលើស្ត្រីនៅក្នុងសង្គម​ មិនអាចលុបបំបាត់បានការប្រើហឹង្សាលើស្ត្រីបានទេ ប៉ុន្តែរឹតតែធ្វើឲ្យជនរងគ្រោះរងទុក្ខកាន់តែខ្លាំងឡើង ខណៈដែលអ្នកប្រព្រឹត្តនៅតែបន្តមានអំណាច។

លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកក៏បានរិះគន់ផងដែរអំពីកង្វះចំណាត់ការលើលោក ឌួង ឆាយ ប៉ុន្តែលោកថា លោកមិនបានដឹងស៊ីជម្រៅអំពីករណីនេះទេ។

លោកបានមានប្រសាសន៍ថា៖ «ក្នុងសំណុំរឿងព្រហ្មទណ្ឌ យើងមិនអាចគេចវេះទៅបួសជាព្រះសង្ឃ ដើម្បីរួចផុតពីច្បាប់បានឡើយ»។

លោកបានបន្ថែមថា៖ «ផ្អែកលើច្បាប់ យើងមិនគិតអំពីថា តើបុគ្គលនោះជាឧកញ៉ាឬជា ឯកឧត្តមទេ។ ប៉ុន្តែជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា​ ការអនុវត្តច្បាប់មានស្តង់ដា។ គេតែងតែនិយាយថា ប្រជាជនក្រីក្រឬអ្នកដែលគ្មានអំណាចមិនអាចគេចផុតពីការដាក់ទណ្ឌកម្មបានទេ ទោះបីជាពួកគេបានប្រព្រឹត្តបទល្មើសតូចតាចក៏ដោយ។ ផ្ទុយទៅវិញ អ្នកមាននិងអ្នកមានអំណាចអាចគេចផុតពីច្បាប់បាន»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Accused wife-beater Duong Chhay faces stalled investigation after leaving monkhood

352 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម