សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេង ធារី បដិសេធការចោទប្រកាន់អំឡុងសវនាការក្នុងសំណុំរឿងដែលមានជនជាប់ចោទច្រើន

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្សមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្សមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

នៅក្នុងសវនាការថ្មីបំផុតនៃការកាត់ក្តីទ្រង់ទ្រាយធំលើអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ១៣៩នាក់ ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងនោះឈរតែម្នាក់ឯងកាលពីថ្ងៃអង្គារ ដើម្បីផ្តល់សក្ខីកម្មទាក់ទងនឹងការងាររយៈពេលជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។

មេធាវី សេង ធារី បានចូលរួមសវនាការលើកដំបូងកាលពីថ្ងៃទី៧ ខែធ្នូ នៅសាលាដំបូងរាជធានីភ្នំពេញដោយស្លៀកពាក់ជាអ្នករាំរបាំអប្សរា ជាអ្វីដែលកញ្ញា សេង ធារីបញ្ជាក់ថាសមទៅនឹង «ល្ខោននយោបាយ» នៃសវនាការដែលមានមនុស្សច្រើន ។ កាល​ពី​ថ្ងៃ​អង្គារ កញ្ញា សេង ធារី ​បាន​វិលត្រឡប់​មកតុលាការ​ជាថ្មី​ក្នុង​សម្លៀក​បំពាក់​បែប​សុភាព​ ដោយ​ស្លៀក​ឈុត​អាវធំ ខោជើងវែង​និង​ក្រវ៉ាត់​ក​ឆ្នូត។

អំឡុងពេលសវនាការរយៈពេលពីរម៉ោង ចៅក្រមបានជជីកសួរអំពីជីវប្រវត្តិនិងគោលបំណងរបស់ជនជាប់ចោទនៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ ១៩៩៥ពីការរស់នៅជាជនភៀសខ្លួននៅសហរដ្ឋអាមេរិករហូតមកដល់សព្វថ្ងៃនេះ ។

សំណួរ​ជា​បន្តបន្ទាប់​នេះ​មាន​គោលបំណងគាំទ្រដល់​សំណុំរឿង​ដែល​ចោទប្រកាន់កញ្ញា ធារី ថា​ រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​គាំទ្រ​ផែនការ​វិល​ត្រឡប់​មិនបានសម្រេចរបស់​លោក សម រង្ស៊ី ដែល​កំពុងរស់នៅ​និរទេស​ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

មេធាវីរូបនេះ ដែលតំណាងឲ្យខ្លួនឯងបានប្រាប់តុលាការថា កញ្ញាគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ពីការនិរទេសខ្លួនមកកម្ពុជាថា ជា «និមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ» ប៉ុន្តែបានបដិសេធការចោទប្រកាន់ទាំងអស់អំពីការជាប់ពាក់ព័ន្ធក្នុងការសមគំនិតប្រព្រឹត្តិបទឧក្រិដ្ឋមណាមួយ។

កញ្ញាបាននិយាយថា៖​ «ខ្ញុំ​គាំទ្រ​គណបក្ស​ប្រឆាំង​ស្រប​តាម​ឆន្ទៈ​របស់​ខ្ញុំ​ទាក់​ទង​នឹង​ការ​ផ្សះផ្សានិង​សន្តិភាព ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​សមាជិក​បក្ស​ទេ។ ខ្ញុំគាំទ្រលោក សម រង្ស៊ី ជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដែលជាសិទ្ធិស្របច្បាប់របស់ខ្ញុំ»។

កញ្ញា ធារី ក៏​បាន​ច្រានចោល​សំណួរ​របស់​ចៅក្រម​ដែល​ចោទ​លោក សម រង្ស៊ី ពី​បទ​ជំរុញ​ឲ្យ​មាន​ការ​បះបោរ។ 

កញ្ញាបានប្រាប់តុលាការថា៖ «ខ្ញុំមិនទទួលស្គាល់រដ្ឋាភិបាលក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដោយសារតែគ្មានគណបក្សសង្គ្រោះជាតិ»។ ដោយបន្ថែមថា៖ «អ្វី​ដែល​ខ្ញុំ​យល់​អំពី​ចរិត​របស់​គាត់ [សម រង្ស៊ី] គឺ​គាត់​ជំរុញ​ពលរដ្ឋ​ឲ្យ​ប្រើ​សិទ្ធិនិង​អហិង្សា» 

សវនាការត្រូវបានពន្យារពេលនៅពេលដែលកញ្ញា សេង ធារី ស្នើសុំច្បាប់ចម្លងឯកសារដែលគាំទ្រដល់ការចោទប្រកាន់បទឧក្រិដ្ឋថ្មីលើកញ្ញា ដែលផ្តើមចេញពីការសរសេរនៅលើហ្វេសប៊ុកថា «ខ្ញុំត្រឡប់មកកម្ពុជា ដើម្បីបន្តការងាររបស់យើង ដើម្បីឲ្យមានប្រព័ន្ធផ្សព្វផ្សាយប្រឆាំងនិងប្រមូលកម្មករធ្វើបាតុកម្ម»

សវនាការនឹងបន្តនៅថ្ងៃទី៤ ខែមករា។ 

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្សមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្សមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កាលពីថ្ងៃទី៧ ខែធ្នូ តុលាការក្រុងភ្នំពេញបានបន្តសវនាការលើអតីតមន្ត្រីគណបក្សសង្គ្រោះជាតិនិងសកម្មជននយោបាយរួមទាំងកញ្ញា សេង ធារី ផងដែរ បន្ទាប់ពីមានការពន្យារពេលយ៉ាងយូរដោយសារជំងឺកូវីដ-១៩។ តុលាការ​កំណត់ពេលបើក​សវនាការ​កាត់ទោស​សកម្មជននិង​សមាជិក​បក្ស​ប្រឆាំង​រៀងរាល់​ថ្ងៃ​អង្គារនិង​ថ្ងៃ​ព្រហស្បតិ៍។

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានចូលរួមសវនាការបានមានប្រសាសន៍ថា សង្គមស៊ីវិលមើលឃើញថា សំណុំរឿងចោទប្រកាន់លើកញ្ញា សេង ធារី និងអ្នកផ្សេងទៀតគឺជារឿងនយោបាយហើយផ្តោតលើអ្នកគាំទ្រគណបក្សនយោបាយប្រឆាំង។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​​រំពឹង​ថា​ នឹង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នោះទេ ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ថា ​ករណី​នេះ​គឺជារឿង​នយោបាយ ហើយ​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ដំណោះស្រាយ​​នយោបាយ»

ទោះ​យ៉ាង​ណា លោក​មានប្រសាសន៍ថា តុលាការ​បាន​ផ្តល់​សិទ្ធិ​ដល់​ជន​ជាប់​ចោទ រួម​ទាំង​ការ​ស្នើ​សុំ​ច្បាប់​ចម្លង​ឯកសារ​សម្រាប់​មេធាវី សេង ធារី ​​​ប្រើប្រាស់​ក្នុង​សវនាការ​លើក​ក្រោយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activist Seng Theary rejects charges in mass trial

435 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម