សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនត្រូវបានផ្តន្ទាទោសជុំវិញការតវ៉ានៅមុខស្ថានទូតចិននៅថ្ងៃខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

សកម្មជនដែលកំពុងជាប់ពន្ធនាគារមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់ការប្រកាសសាលក្រមរបស់ពួកគេនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សកម្មជនដែលកំពុងជាប់ពន្ធនាគារមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់ការប្រកាសសាលក្រមរបស់ពួកគេនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជន៩រូប រួមទាំងអតីតមន្រ្តីគណបក្សសង្រ្គោះជាតិពីបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គមនិងផ្តន្ទាទោសពួកគេដាក់ពន្ធនាគារពី១២ខែទៅ២០ខែ ទាក់ទងនឹងការតវ៉ាកាលពីខែតុលានៅខាងក្រៅស្ថានទូតចិន។

លោក ហូរ វ៉ាន់ អតីតតំណាងរាស្ត្រនិងលោក សាន សីហាក់ ជាមេដឹកនាំយុវជនគណបក្សសង្គ្រោះជាតិត្រូវបានផ្តន្ទាទោស២០ខែដោយកំបាំងមុខ ខណៈសកម្មជន លឹម សាន អាយុ៥៧ឆ្នាំ យ៉យ ស្រីមុំ អាយុ៥០ឆ្នាំ តុន និមល អាយុ៤០ឆ្នាំ ហុង អាន អាយុ៤៥ឆ្នាំ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។ សាត ផា អាយុ៤៧ឆ្នាំ ប៉ៃ រ៉េន អាយុ៤៣ឆ្នាំ សាន់ ស្រីនាថ អាយុ៤១ឆ្នាំត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ខែ។ អ្នកទាំងអស់ត្រូវបានពិន័យជាប្រាក់ចំនួនពីរលានរៀល (៥០០ដុល្លារ)។

កាលពីថ្ងៃទី២៣ ខែតុលា ក្រុមនេះបានតវ៉ានៅខាងក្រៅស្ថានទូតចិនអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងប្រឆាំងនឹងវត្តមានយោធាចិន។

បន្ទាប់ពីចៅក្រម អ៊ុក រ៉េតគន្ធា បានអានសេចក្តីសម្រេចនេះសកម្មជនមួយចំនួនបានស្រែកនៅក្នុងបន្ទប់សវនាការដោយហៅការសម្រេចនេះថាអយុត្តិធម៌។

អ្នកស្រី សាត ផា បាននិយាយថា អ្នកស្រីមានបញ្ហាសុខភាព ប៉ុន្តែគ្រូពេទ្យនៅពន្ធនាគារ PJ បានបដិសេធមិនព្យាបាលអ្នកស្រីដោយសារអ្នកស្រីមិនមានលុយ។

អ្នកស្រី សាត ផា បាននិយាយថា៖ «ខ្ញុំជួបការលំបាកច្រើននៅក្នុងពន្ធនាគារ ដូច្នេះខ្ញុំឈឺចាប់ខ្លាំងណាស់។ ការសម្រេចនេះ គឺអយុត្តិធម៌សម្រាប់ខ្ញុំ»។

យ៉យ ស្រីមុំ ជាជនជាប់ចោទម្នាក់ទៀតបាននិយាយថា៖ «វាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ»។

ចំណែកអ្នកស្រី ជ័យ ស្រីនី ភរិយារបស់លោក តុន និមល បានអះអាងពីភាពគ្មានកំហុសរបស់ប្តីអ្នកស្រី។

អ្នកស្រី ជ័យ ស្រីនី បាននិយាយថា៖ «ខ្ញុំគិតថា វាអយុត្តិធម៌ណាស់ព្រោះប្តីខ្ញុំគ្មានកំហុសទេ ហើយពួកគេបានផ្តន្ទាទោសគាត់ដាក់ពន្ធនាគារនិងពិន័យពីរលានរៀល។ ខ្ញុំឈឺចាប់ណាស់ ហើយខ្ញុំមិនអាចនិយាយអ្វីបានទេ»។

អ្នកស្រីបានបន្ថែមថា គាត់នឹងសុំមេធាវីរបស់គាត់ប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការសម្រេចនេះមិនផ្តល់យុត្តិធម៌ដល់ពួកគាត់ទេ ពីព្រោះពួកគាត់គ្រាន់តែប្រើសិទ្ធិរបស់ពួកគាត់ ដើម្បីបញ្ចេញមតិនិងប្រមូលផ្តុំដោយសន្តិវិធី ហើយការងាររបស់ពួកគាត់ទាក់ទងនឹងសង្គម»។ ដោយលោកបន្ថែមថា៖ «ពួកគាត់គ្មានគោលបំណងណាញុះញង់ទេ ប៉ុន្តែពួកគាត់ស្នើសុំឱ្យ [រដ្ឋាភិបាល] គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។

លោកបានមានប្រសាសន៍ថា លោកនឹងជួបជាមួយកូនក្តីរបស់លោក ដើម្បីពិភាក្សាថាតើពួកគាត់ចង់ប្តឹងឧទ្ធរណ៍ឬយ៉ាងណា ហើយនឹងប្តឹងឧទ្ធរណ៍ប្រសិនបើពួកគាត់ចង់ប្តឹង។

លោក សំ សុគង់ បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ពួកគាត់គ្រាន់តែអនុវត្តសិទ្ធិរបស់ពួកគាត់ ហើយពួកគាត់ត្រូវបានផ្តន្ទាទោស ដូច្នេះវានឹងធ្វើឱ្យមនុស្សផ្សេងទៀតដែលចង់ការពារសិទ្ធិមនុស្សភ័យខ្លាច ហើយពួកគាត់នឹងមិនហ៊ានធ្វើសកម្មភាពណាមួយដើម្បីការពារខ្លួនឡើយ»។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគសង្គមនិងនយោបាយបានគាំទ្រការលើកឡើងរបស់​លោក សំ សុគង់ ដោយនិយាយថា វាមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យទេ​ក្នុង​ការផ្តន្ទាទោសប្រជាពលរដ្ឋដែលធ្វើការទាមទារ​ដោយ​សន្តិវិធី។

លោក សុវណ្ណារ៉ា បានមានប្រសាសន៍ថា៖ «វាមិនល្អទេ។ វាផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ ហើយវាអាចធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាឈប់ជឿលើប្រព័ន្ធច្បាប់»។ ដោយលោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាពលរដ្ឋ ប្រសិនបើពួកគេមិនអាចឆ្លើយតប … មានន័យថា ពួកគេនឹងប្រឈមមុខនឹងការបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋហើយនឹងបាត់បង់អំណាចនាពេលអនាគត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activists are convicted for protesting in front of Chinese embassy on the anniversary of the Paris Peace Agreement

367 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម