សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លើសពីការវាយតប់គ្នាលើសង្វៀន អ្នកប្រដាល់គុនខ្មែរត្រូវ​បាន​ធានា​​ឱ្យ​សិក្សា​មហាវិទ្យាល័យឥតគិតថ្លៃ

កីឡាករកីឡាការិនីជាច្រើនកំពុងហ្វឹកហាត់ក្រោមការមើលថែពីគ្រូបង្ហាត់របស់ពួកគេ គឺលោក ធន់ សុភា នៅក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/ប៉ា តុងចិន)
កីឡាករកីឡាការិនីជាច្រើនកំពុងហ្វឹកហាត់ក្រោមការមើលថែពីគ្រូបង្ហាត់របស់ពួកគេ គឺលោក ធន់ សុភា នៅក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/ប៉ា តុងចិន)

ជាទូទៅនៅពេលនឹកឃើញពាក្យថា«ប្រដាល់គុនខ្មែរ» រូបភាពដំបូងដែលលេចឡើង​ក្នុង​ចិត្ត​មហាជន គឺស្នាមញើស ស្នាមបែកលោហិត ដង្ហើមញាប់ញ័រ និងការតស៊ូនៅលើ​សង្វៀន ដើម្បីប្រាក់រង្វាន់។ ក៏ប៉ុន្តែ នៅពីក្រោយវាំងនននៃការវាយតប់គ្នា និងសំឡេង​ហ៊ោ​​កញ្ជ្រៀវរបស់មហាជន អនាគតរបស់កីឡាករជាច្រើនប្រឈមនឹងភាពស្រអាប់។

កន្លងមក ក្រោយបញ្ចប់អាជីពដោយសារវ័យកាន់តែច្រើន និងកម្លាំងថយចុះ អ្នកប្រដាល់​ខ្លះត្រូវរត់ម៉ូតូឌុប ខ្លះធ្វើការសំណង់ និងខ្លះទៀតធ្វើការលីសែងធ្ងន់ៗ ដើម្បីបានចំណូល​ជួយ​​គ្រួសារ ដោយសារតែពួកគេគ្មានជម្រើសការងារផ្សេង។

ដើម្បីផ្លាស់ប្តូរបរិបទនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសធានា​រក​អាហារូបករណ៍ ១០០ភាគរយ សម្រាប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង នៅតាមបណ្តា​គ្រឹះស្ថានសិក្សានានា ជូនដល់កីឡាករកីឡាការិនីគុនខ្មែរដែលបានបញ្ចប់បាក់ឌុប ដើម្បី​ឱ្យ​ពួកគេមានជំនាញផ្សេងទៀតសម្រាប់អនាគត បន្ថែមលើជំនាញប្រដាល់។ ក្រៅពីនេះ​លោក​ថា នៅមានការបង្រៀនជំនាញបច្ចេកទេសផ្សេងៗដែលជាកម្មវិធីរបស់​ក្រសួង​ការងារ​​ផងដែរ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានបញ្ជាក់ថា កន្លងមកអត្តពលិក​ភាគច្រើន​បញ្ចប់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ ឬវិទ្យាល័យប៉ុណ្ណោះ ដោយសារកត្តា​ជីវភាព​​បង្ខំ​ឱ្យពួកគេបោះបង់ប៊ិចសៀវភៅ ងាកទៅផ្តោតលើការហ្វឹកហាត់ទាំងស្រុង។ រីឯអ្នកអាចតស៊ូដល់មហាវិទ្យាល័យ លោកថាមានតិចតួចបំផុត។

លោកបន្តថា៖ «គិតមកដល់បច្ចុប្បន្នគឺមានតិចណាស់ កីឡាករកីឡាការិនីដែលអាចរៀន​ដល់​ចប់ថ្នាក់ទី១២ ចប់សញ្ញាបត្រទុតិយភូមិ»។

ក្រសួងអប់រំតាមរយៈមន្ត្រីរបស់ខ្លួនបានបញ្ជាក់កាលពីខែកុម្ភៈកន្លងទៅថា អត្រា​បោះបង់​ការ​សិក្សា​នៅ​កម្ពុជា​មានលើសកម្រិតហានិភ័យរបស់និន្នាការសកល។ លោកបញ្ជាក់ថា និន្នាការសកលបាន​កំណត់​ថា​​ការ​បោះបង់​ការ​សិក្សា​ដែល​លើស​ពី​ ៥ភាគរយ​នៃ​អត្រា​រួម ​គឺ​ជា​ហានិភ័យ។ ដោយឡែក ការ​បោះបង់​ការ​សិក្សា​នៅ​កម្ពុជា​មាន​កម្រិត​ដល់​ ១៤ភាគរយ សម្រាប់​សិស្ស​អនុវិទ្យាល័យ និង១១,១២ភាគរយ សម្រាប់សិស្ស​ថ្នាក់​វិទ្យាល័យ​។

បើតាមលោក ខូវ ឆាយ បច្ចុប្បន្នកម្ពុជាមានអត្តពលិកគុនខ្មែរសរុបប្រមាណ ១ ៥០០នាក់ ក្នុងនោះ​ជិត ១ ០០០នាក់ មានអាយុក្រោម ១៨ឆ្នាំ។ សម្រាប់ឆ្នាំ២០២៦នេះ មានបេក្ខជន​ជា​កីឡាករប្រមាណ ២០ ទៅ ៣០នាក់ ប៉ុណ្ណោះដែលបានចូលរួមប្រឡងបាក់ឌុប។ លោក​បន្ត​ថា ដើម្បីលើកទឹកចិត្តឱ្យពួកគេរៀនបានខ្ពង់ខ្ពស់ សហព័ន្ធបានសហការជាមួយ​សាកលវិទ្យាល័យដៃគូ ដូចជា សាកលវិទ្យាល័យវ៉ាន់ដា និងសាកលវិទ្យាល័យចេនឡា ជាដើម ដោយផ្តល់អាហាររូបករណ៍ពេញ១០០ភាគរយ ​ព្រមទាំងអាច​ជួយផ្គត់ផ្គង់​សម្ភារ​សិក្សាបន្ថែមផង បើករណីចាំបាច់។

លោក ខូវ ឆាយ ថ្លែងថា៖​ «បើសិនជាកីឡាករកីឡាការិនីដែលគាត់ជាប់បាក់ឌុប ឬធ្លាក់បាក់ឌុប ហើយ​ចង់រៀន​ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង យើងអាចស្នើសុំបាន។ អត់ខ្វះ​ទេសាលា​។ រាល់ថ្ងៃយើងខ្លាចតែអត់មានអ្នករៀនផង។ ប៉ុន្តែឱ្យតែមាន​កីឡាករ​ណា​ចង់​រៀន សូម​ទាក់ទងមក សហព័ន្ធនឹងស្នើសុំ ព្រោះសាលាច្រើនណាស់»។

ក្រៅពីការសិក្សាថ្នាក់ឧត្តមសិក្សានេះ សហព័ន្ធក៏លើកទឹកចិត្តឱ្យកីឡាករកីឡាការិនី​ចូលរួម​រៀនជំនាញផ្សេៗតាមរយៈកម្មវិធីការងាររបស់ក្រសួងការងារដែរ។ លោកយល់ថា ចំណេះ​ដឹង ភាសាបរទេស បូករួមនឹងជំនាញក្បាច់គុន នឹងជួយឱ្យអត្តពលិកមានឱកាស​ការងារល្អ​នាពេលអនាគត ខណៈលោកថា សូម្បីការធ្វើជាគ្រូបង្គោលបង្ហាត់​នៅក្រៅប្រទេសក៏​ទទួល​បានប្រាក់ខែរាប់ពាន់ដុល្លារដែរ។

លោកមានប្រសាសន៍ថា៖ «លើកទឹកចិត្តឱ្យបន្តរៀនសូត្រតទៅទៀត ព្រោះអីអនាគតនៅ​វែងឆ្ងាយ […] ខ្ញុំគិតថាជាផលចំណេញមួយ បើសិនគាត់មានចំណេះច្បាស់លាស់ មានជំនាញច្បាស់​លាស់ ហើយចេះភាសាទៀត គឺគាត់ដឹងតែ​អាចមាន​ជីវិតមួយដែល​រុងរឿង ទោះបីជាកំពុងប្រកបអាជីព ឬក៏ឈប់ប្រកបអាជីពជាកីឡាករ»។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ និងអគ្គនាយកទូរទស្សន៍ហង្សមាស បំពាក់ខ្សែក្រវាត់ជូនកីឡាករ លន បញ្ញា ដែលជាម្ចាស់ជើងឯក ក្រោយឈ្នះកីឡាករបរទេសនៅចុងឆ្នាំ២០២៥។ (ខេមបូចា/ប៉ា តុងចិន)

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងជាទីប្រឹក្សាសហព័ន្ធគុនខ្មែរ លោក អ៊ី លីម៉ា មានប្រសាសន៍ថា ឆ្នាំនេះលោកត្រៀមអាហាររូបករណ៍ចំនួន ៥កន្លែងសម្រាប់​អត្តពលិក​​គុនខ្មែរ ឬអាចលើសនេះបើមានតម្រូវការ។ ការជួយជ្រោមជ្រែងនេះ ដោយថា​លោកបានចាកចេញពីភាពក្រីក្រ ដោយសារចំណេះដឹង ដូច្នេះលោកក៏ត្រូវ​ជួយអ្នកជំនាន់​ក្រោយវិញដែរ។ លោកជឿថាការជួយកីឡាករម្នាក់ ជាការរួមចំណែក​ជួយសង្គមជាតិ​ទាំងមូល។

លោកបន្តថា ប្រសិនបើកីឡាករមានចំណេះដឹង ពួកគេនឹងអាចអភិវឌ្ឍខ្លួនបានលឿន​ទៅ​តាមការវិវត្តនៃសង្គម ដោយថាអាចក្លាយជាបុគ្គលឆ្នើមក្នុងវិស័យគុនខ្មែរនៅថ្ងៃមុខ។

លោកសម្លឹងឃើញថា៖ «បើថ្ងៃក្រោយទៅគាត់ក្លាយជាអនុបណ្ឌិត ឬក្លាយជាបណ្ឌិត នោះ​គាត់មិនត្រឹមតែជាអ្នកប្រដាល់ ឬអ្នកក្បាច់គុន ហើយគាត់ក្លាយជាសាស្ត្រចារ្យ​នៅ​ក្នុង​វិជ្ជាគុន ហើយគាត់អាចចងក្រងរឿងរ៉ាវជាច្រើនឱ្យយុវជនជំនាន់ក្រោយសិក្សា ឬការ​ស្រាវ​ជ្រាវផ្សេងៗទៀត»។

ទោះជាយ៉ាងណា លោកក៏ស្នើឱ្យសហព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សានានា ប្រឹក្សាគ្នាពីការ​យោគយល់ និងសម្រួលពេលវេលាសិក្សាដល់អត្តពលិកផង ដើម្បីកុំឱ្យពួកគេត្រូវបង្ខំចិត្ត​បោះបង់ការសិក្សា នៅពេលមានភារកិច្ចចេញទៅប្រកួត។

បើតាមលោក លីម៉ា គិតមកទល់ពេលនេះលោកបានផ្តល់អាហាររូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់កីឡាករកីឡាការិនី និងអ្នកពាក់ព័ន្ធវិស័យប្រដាល់ចំនួន ៩នាក់ រួមនិងផ្តល់ឱ្យយុវជន​ដែល​មកពីគ្រួសារខ្វះខាតនៅតាមបណ្តាខេត្តរាប់រយនាក់ជារៀងរាល់ឆ្នាំ ផ្នែកច្បាប់ សុខាភិបាល និងអាយធីជាដើម។

ឱកាសសិក្សានេះ បានក្លាយជាក្តីសង្ឃឹមសម្រាប់អត្តពលិកវ័យក្មេង។ កីឡាការិនីវ័យ១៧ឆ្នាំ អេន គឹមឡាង បានលើកឡើងថា នាងក៏កំពុងស្វែងរកអាហាររូបករណ៍ដើម្បី​បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ដែរ  ក្រោយរំពឹងខ្ពស់គួរសមថានឹងទទួលបានលទ្ធផលល្អពីការ​ប្រឡងបាក់ឌុបដែលទើបបញ្ចប់ថ្មីៗនេះ។

សិស្សគុននៃក្លិបបញ្ជាការដ្ឋានកាំភ្លើងធំរូបនេះយល់ថា ជារឿងល្អដែលសហព័ន្ធ​បានរៀបចំ​ឱកាសសិក្សាដោយឥតគិតថ្លៃបែបនេះ។

កញ្ញាប្រាប់ថា៖ «ខ្ញុំគិតថាល្អ ចង់ដាក់ពាក្យអាហាររូបករណ៍ដែរ។ ដោយសារយើងខ្វះខាត ទើបប្រឡងចប់អុីចឹង យើងអត់ទាន់មានការងារធ្វើ អត់ទាន់រកលុយបាន»។

ទោះបីជាគំនិតផ្តួចផ្តើមនេះជារឿងដ៏ល្អក៏ដោយ ប៉ុន្តែអ្នកស្និទនឹងវិស័យនេះ​សង្កេត​ឃើញ​ថា ឧបសគ្គដ៏ធំបំផុតសម្រាប់អ្នកប្រដាល់គុនខ្មែរ គឺ«ភាពក្រីក្រ»។

គ្រូបង្ហាត់គុនខ្មែរនៃក្លិបអភិរក្សគុនខ្មែរុងរឿង លោក សួង បញ្ញា យល់ថា ប្រសិនបើចង់​ឱ្យ​គំនិត​ផ្តួចផ្តើមនេះជោគជ័យ រដ្ឋគួរបញ្ចូលគុនខ្មែរទៅក្នុងកម្មវិធីសិក្សានៅតាមសាលារដ្ឋ ដើម្បីឱ្យសិស្សឱ្យអាចហ្វឹកហាត់ផង និងរៀនសូត្រផងបាន។

លោកលើកឡើងដូច្នេះ ដោយសង្កេតឃើញថា កីឡាករភាគច្រើនបានបោះបង់ការសិក្សា​តាំង​ពី​មុន​ថ្នាក់វិទ្យាល័យ ដោយសារបំណុល និងបន្ទុកគ្រួសារ ហើយងាកមក​ចូលហ្វឹក​ហាត់គុនខ្មែរ ដើម្បីរកចំណូលដោះស្រាយជីវភាព។

លោកថ្លែងថា៖ «ការផ្តល់អាហាររូបករណ៍ឱ្យកីឡាកររៀន គឺល្អមែនទែន ដែលអាចធ្វើឱ្យ​ពួកគាត់ដែលកំពុងប្រឡូកគុនខ្មែរ អាចរៀនបន្តបាន តែខ្ញុំគិតថាពិបាកបន្តិច។ លោកថា​ពិបាកត្រង់៖ «ពួកគាត់សុទ្ធសឹងតែជាកូនអ្នកក្រីក្រ ឡើងប្រកួតដើម្បីស្វែងរកថវិកាចិញ្ចឹម​គ្រួសារ។ អ៊ីចឹងមុននឹងគាត់ចូលប្រកួត គឺគាត់បោះបង់ចោលការសិក្សា​មុនបាត់ទៅ​ហើយ​»​។

គ្រូជំនួយនៃក្លិបប្រដាល់ខ្លារខិនគុនខ្មែរ កំពុងណែនាំសិស្សក្នុងក្លិប បន្ទាប់ពីបញ្ចប់​ការហ្វឹកហាត់ពេលល្ងាច និងត្រៀមបំបែកជួរ កាលពីខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ប៉ា តុងចិន)

ជាក់ស្តែង ដោយសារជីវភាពខ្វះខាតខ្លាំងកាលពីអំឡុងឆ្នាំ២០១៦ កុមារ ផានិត វណ្ណហួន បានសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៤ ដែលមានអាយុ១១ឆ្នាំ ដើម្បីទៅ​តាមម្តាយ​ឪពុក​ធ្វើការ​នៅប្រទេសថៃ។ បច្ចុប្បន្ន វណ្ណហួន ដែលមានវ័យ ២១ឆ្នាំ ជាកីឡាករគុនខ្មែរម្នាក់​ដែលមានកេរ្តិ៍ឈ្មោះគួរសម ក្រោយចូលហាត់គុនខ្មែរប្រមាណ៦ឆ្នាំមកនេះ។

ក៏ប៉ុន្តែនៅពេលរំលឹកពីការសិក្សា កូនសិស្សនៃក្លិបសុវណ្ណកុមារម្នាក់នេះ នៅតែសោក​ស្តាយ​ឱកាស ដោយថាបច្ចុប្បន្នអ្នករៀនបានជ្រៅជ្រះមានឱកាសច្រើន ប៉ុន្តែហួសពេល​សម្រាប់រូបគេ។ 

កីឡាករ វណ្ណហួន ប្រាប់ថា៖ «ស្តាយណាស់បង។ តែមិនដឹងធ្វើម៉េច បើហួសបាត់ហើយ។ កាលហ្នឹងខ្វះខាតខ្លាំងបង។ កាលហ្នឹងនៅខ្មែរសឹងតែរកអីហូបអត់ចង់បាន ហើយបានសម្រេចចិត្តថាទៅថៃជាមួយប៉ា និងម៉ែ»។

កីឡាករគុនខ្មែរវ័យ២១ឆ្នាំរូបនេះឱ្យដឹងថា បច្ចុប្បន្នរូបគេអាចរកចំណូលបានចន្លោះ ៥០​ម៉ឺន​រៀល ទៅ ១លានរៀលក្នុងមួយប្រកួត ដើម្បីជួយផ្គត់ផ្គង់គ្រួសារដែលមានបងប្អូន ៥នាក់។

ទន្ទឹមនេះ ក្រុមការងារផ្គូរផ្គងកីឡាករប្រចាំសង្វៀននៃស្ថានីយទូរទស្សន៍បាយ័ន លោក កាន់ សុភ័ក្ត្រ សង្ឃឹមថា គំនិតផ្តួចផ្តើមរបស់សហព័ន្ធ នឹងអាចជួយឱ្យអ្នកប្រដាល់​គុនខ្មែរ​កាន់តែមានចំណេះជំនាញបន្ថែមលើអាជីពប្រដាល់ ដើម្បីអនាគតវែងឆ្ងាយ។

លោកថាក្នុងនាមជាអ្នកចាប់គូប្រកួត លោកតែងតែងផ្តល់ឱកាសឱ្យកីឡាករកីឡាការិនី​គ្រប់​រូប​ដែលប្រឹងប្រែង ជាពិសេសកីឡាករដែលមានជីវភាពខ្វះខាត និងអ្នកដែលរៀនផង ប្រកួតផង ដើម្បីជាការលើកទឹកចិត្ត។

លោកមានប្រសាសន៍ថា៖ «ជារឿងមួយដែលយើងអាចឱ្យគាត់រកប្រាក់ចំណូលដើម្បី​ចិញ្ចឹម​គ្រួសារ ចិញ្ចឹមខ្លួនឯង។ ទោះបីអ្នកខ្លះគាត់អត់បន្តការសិក្សា ក៏ប៉ុន្តែគាត់អាចរក​ប្រាក់​ចំណូល​បានពីការប្រកួតហ្នឹង ដើម្បីចិញ្ចឹមខ្លួនឯង។ សម្រាប់ខ្ញុំគឺនៅតែផ្តល់ឱកាស​ឱ្យគាត់បានប្រកួតនៅតាមកម្មវិធីប្រចាំទូរទស្សន៍បាយ័ន ទាំងកីឡាករគីឡូតូច និង​គីឡូធំ»។

ជុំវិញការលើកកម្ពស់ចំណេះដឹងអត្តពលិកនេះ អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ឈត ប៊ុនថង លើកឡើងថា ការបំពាក់បំប៉នចំណេះដឹង​ទូទៅ សីលធម៌ និងភាសាបរទេស គឺជាកត្តាចាំបាច់បំផុតកីឡាករកីឡាការិនីគ្រប់វិស័យ។

លោកថ្លែងថា៖ «ការរៀនទាំងចំណេះដឹងទូទៅ ទាំងសីលធម៌ ទាំងភាសាផ្សេងៗ សុទ្ធតែ​ជារឿងដែលត្រូវគិតគូរ។ បើពួកគាត់មានចំណេះដឹងខ្ពស់បន្តិចទៅ ក៏វាជួយតម្រង់​ទិស​តម្រង់ផ្លូវឱ្យការប្រកបអាជីពរបស់គាត់កាន់តែល្អ»។

លោកបន្ថែមថា ចំណេះដឹង នឹងជួយសម្រួលដល់ការទំនាក់ទំនងរបស់កីឡាករជាមួយក្លិប សហព័ន្ធ ឬដៃគូអន្តរជាតិបានយ៉ាងរលូន ព្រមទាំងជួយការពារពួកគេពីការចាញ់​បោកគេ​ផងដែរ។ លើសពីនេះ វាក៏ជាទុនដ៏រឹងមាំសម្រាប់ពួកគេចាប់យកអាជីពថ្មី នៅពេលបញ្ចប់​អាជីពកីឡា។

តាមរយៈផែនទីបង្ហាញផ្លូវការអប់រំមធ្យមសិក្សាកម្ពុជាឆ្នាំ២០៣០ ក្រសួងអប់រំមាន​ចក្ខុវិស័យ​​កសាង និងអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និង គុណធម៌ ប្រសើរ​បំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយទៅជាសង្គមរីកចម្រើន ផ្អែកលើ​ចំណេះ​ដឹង និងចំណេះធ្វើជាមូលដ្ឋាន។

ងាកមកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក ខូវ ឆាយ វិញបានបង្ហាញភាព​ជឿជាក់​ថា​៖ «នៅក្នុងវិស័យនេះ បើសិនជាគាត់មានចំណេះជំនាញខាងគុនខ្មែរ ហើយមាន​ចំណេះ​​ដឹង​ខ្ពស់ទៀត គឺគាត់អាចជួយជីវភាពខ្លួនឯង​បានរុងរឿងនៅថ្ងៃក្រោយ ហើយ​ក៏អាច​មាន​បាន ដោយសារវិស័យនេះដែរ។ អ៊ីចឹងត្រូវតែតស៊ូទាំងអស់គ្នាថែមទៀត»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម