បន្ទាប់ពីក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis Transport បានពន្យារពេលការចរចាចុងក្រោយជាមួយបុគ្គលិកសហជីព ៣០នាក់ដែលត្រូវបានឱ្យឈប់ពីការងារ ពួកគេបាននាំគ្នាបន្តការតវ៉ាជាថ្មីឡើងវិញនៅឯស្ថានីយចំណតរថយន្តរបស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ។
កាលពីថ្ងៃចន្ទ កម្មករនិយោជិតបាននាំគ្នាបន្តការតវ៉ាជាថ្មីឡើងវិញនៅឯស្ថានីយចំណតរថយន្តរបស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បន្ទាប់ពីក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis Transport បានពន្យារពេលការចរចាចុងក្រោយជាមួយបុគ្គលិកសហជីព ៣០នាក់ដែលត្រូវបានឱ្យឈប់ពីការងារ កាលពីថ្ងៃចន្ទ កម្មករនិយោជិតបាននាំគ្នាបន្តការតវ៉ាជាថ្មីឡើងវិញនៅឯស្ថានីយចំណតរថយន្តរបស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis បានពន្យារម្ដងហើយម្ដងទៀតនូវពេលកំណត់ដើម្បីបញ្ចប់ការចរចា ដែលដើមឡើយត្រូវបានកំណត់ថានឹងត្រូវធ្វើឡើងនៅចុងខែឧសភា ។
សមាជិកសហជីពបានប៉ាន់ស្មានថា ក្រុមហ៊ុនបានជំពាក់ប្រាក់ពួកគេទាំងអស់គ្នាចំនួនជាង ១០០.០០០ដុល្លារសហរដ្ឋអាមេរិក បើយោងតាមច្បាប់ការងារ ឬប្រហែល ៧.០០០ដុល្លារ ទៅ ៨.០០០ដុល្លារក្នុងមួយនាក់ ។ នេះបើតាមការឱ្យដឹងរបស់ប្រធានសហជីពលោក សៀម ម៉ូរ៉ាឌី ។
លោក ម៉ារ៉ាឌី និយាយថា ក្រុមហ៊ុនបានពន្យារពេលការចរចា ៣ដងរួចមកហើយ គិតចាប់តាំងពីថ្ងៃកំណត់ដែលបានព្រមព្រៀងគ្នាថានឹងធ្វើឡើងនៅចុងខែឧសភាមក ដែលជំរុញឱ្យសហជីពបន្តការតវ៉ារបស់ខ្លួនជាថ្មីឡើងវិញ ដើម្បីទាមទារផលប្រយោជន៍ដែលក្រុមហ៊ុនមិនទាន់បានសងដល់ពួកគេ បន្ទាប់ពីពួកគេត្រូវបានព្យួរពីការងារកាលពីខែមេសា ឆ្នាំ២០២០មក ។
លោក ម៉ូរ៉ាឌី បានប្រាប់ ខេមបូចា យ៉ាងដូច្នេះថា៖ «យើងនាំគ្នាមកទីនេះដើម្បីរក្សាជំហររបស់យើង ដើម្បីស្នើឱ្យក្រុមហ៊ុនទទួលយកពួកយើងចូលធ្វើការវិញ ដោះស្រាយការទូទាត់ពេញលេញនូវប្រាក់បំណាច់ការងារនិងផលប្រយោជន៍អតីតភាពការងារដែលក្រុមហ៊ុនមិនទាន់បានផ្ដល់ជាសំណងដល់ពួកយើង។ ហើយយើងទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ការបំភិតបំភ័យមកលើសហជីពរបស់ពួកយើង» ។
លោក ម៉ូរ៉ាឌី ក៏បានអំពាវនាវទៅដល់អ្នកឧកញ៉ា គិត ម៉េង ផងដែរ ដែលជាម្ចាស់ក្រុមហ៊ុន Royal Group ដែលបានបើកឱ្យដំណើរការនូវក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis Transport នេះ ដោយពុំមានការបង្ហាញពីការលក់ ឬការផ្លាស់ប្ដូរណាមួយនៅក្នុងស្ថានភាពជាម្ចាស់នៅឡើយ ។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Royal Group ។
អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Royal Group ពុំបានឆ្លើយតបនឹងសំណើសុំការអធិប្បាយឡើយ ។
លោក ម៉ូរ៉ាឌី និយាយថា ក្នុងអំឡុងពេលនៃការតវ៉ា តំណាងក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis Transport ឈ្មោះ អ៊ូ ផានី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាក្នុងនាមជាតំណាងរបស់ក្រុមហ៊ុននៅឯជំនួបចរចាគ្នានៅក្រសួងការងារ ត្រូវបានចោទប្រកាន់ថា បានស្រែកសម្លុតនិងប្រព្រឹត្តអាកប្បកិរិយាបែបបំពានមកលើសមាជិកសហជីព ។
លោក ម៉ូរ៉ាឌី និយាយថា៖ «គាត់ស្រែកឡូឡាដោយប្រើពាក្យសម្ដីមិនសមរម្យមកលើសមាជិកសហជីពរបស់ពួកយើង ។ គាត់ហួសព្រំដែនហ្មង ធ្វើបែបនឹង» ។
ក្រុមហ៊ុន Giant Ibis Transport និងលោក អ៊ូ ផាន់នី ដែលជាតំណាងក្រុមហ៊ុននៅក្នុងការចរចា ពុំបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយលើរឿងនេះ ឡើយ ។
លោក ម៉ូរ៉ាឌី និយាយថា ក្រសួងការងារដែលជាអ្នកសម្របសម្រួលការចរចា កាលពីខែមិថុនា បានស្នើសុំឱ្យសហជីពរង់ចាំរហូតដល់ក្រោយការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា ដើម្បីដោះស្រាយការចរចា ប៉ុន្តែ ចាប់តាំងពីពេលនោះមក ពុំមានដំណោះស្រាយអ្វីឡើយ ។
លោក ម៉ូរ៉ាឌី លើកឡើងថា៖ «បុគ្គលដែលធ្វើជាតំណាងរបស់ក្រុមហ៊ុនពុំមានសមត្ថកិច្ចក្នុងការធ្វើការដោះស្រាយជាក់លាក់ណាមួយដល់ពួកយើងឡើយ» ។ លោកបានបន្តថា លោកកាន់តែសង្ស័យថា នេះអាចជាអ្វីដែលលោកចាត់ទុកថាជាល្បិចរបស់ក្រុមហ៊ុនដើម្បីពន្យារពេលការចរចាដោយគ្មានពេលវេលាកំណត់ច្បាស់លាស់ ។
លោកបានបន្ថែមថា៖ «យើងមិនមានលទ្ធភាពផ្សេងពីនេះដើម្បីប្រឈមមុខនឹងក្រុមហ៊ុននោះទេ ដោយសារតែកន្លងមក យើងបានធ្វើអ្វីៗដោយឈរលើច្បាប់ ។ យើងអាចត្រឹមតែបន្តការតវ៉ាដោយទាំងដែរអស់សង្ឃឹមប៉ុណ្ណោះ» ។
សហជីពបានធ្វើការតវ៉ាជាហូរហែចាប់តាំងពីខែមេសាមក ប៉ុន្តែ បានជួបការលំបាកក្នុងការស្វែងរកថវិកាគាំទ្រដល់ការជួបជុំគ្នាដោយសារកម្មករជាច្រើននាក់មិនអាចស្នាក់នៅក្នុងទីក្រុងបាន និងកំពុងធ្វើការងារសំណង់និងការងារស៊ីឈ្នួលគេបណ្ដោះអាសន្ននៅឯស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាព ។ អ្នកខ្លះចែកអាហារគ្នាហូប ឬស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះតូចមួយរបស់លោក ម៉ូរ៉ាឌី នៅក្នុងរាជធានីភ្នំពេញ ។
លោក ម៉ូរ៉ាឌី បាននិយាយថា៖ «គ្រប់គ្នាធ្វើការងារនាយអាយតិចតួចដើម្បីរស់ ដូច្នេះ ការតវ៉ាអាចធ្វើឡើងតែនៅចុងសប្ដាហ៍ប៉ុណ្ណោះ» ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជួយបង្កើតសហជីពឱ្យកម្មករនិយោជិតនៅក្នុងក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis កាលពីឆ្នាំ២០២០ បាននិយាយថា ការអះអាងម្ដងហើយម្ដងទៀតរបស់ក្រុមហ៊ុនអំពីការគណនាមិនត្រឹមត្រូវនូវប្រាក់បំណាច់ការងារនិងប្រាក់អតីតភាពការងារសម្រាប់កម្មករនិយោជិតដែលត្រូវបានបញ្ឈប់ការងារបានក្លាយជាលេសដោះសារដ៏គួរឱ្យធុញទ្រាន់ ។ លោកនិយាយថា បញ្ហានេះ«មិនពិបាកដោះស្រាយ»ទេ ។
លោកនិយាយយ៉ាងដូច្នេះ៖ «ក្រសួងការងារត្រូវតែធ្វើការងារដើម្បីពង្រឹងការអនុវត្តច្បាប់ ហើយប្រសិនបើក្រុមហ៊ុនយកលេសដោះសារគេចវេះពីការដោះស្រាយ ក្រសួងមានសមត្ថភាពដើម្បីចាប់ឱ្យក្រុមហ៊ុនទទួលខុសត្រូវបាន» ។ លោកបានបន្ថែមថា៖ «បើមិនដូច្នេះទេ វាបង្ហាញថា ច្បាប់ការងារធូររលុង» ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ពុំបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះឡើយ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After Bus Company Reneges on Promises, A Desperate Union Resumes Protests