ដូចទៅនឹងមន្ត្រីបក្សប្រឆាំងផ្សេងទៀតដែរដែលត្រូវជាប់បម្រាមមិនឲ្យធ្វើនយោបាយកាលពីឆ្នាំ២០១៧ លោក ជា ប៉ូច ជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពត បានរក្សាភាពស្ងៀមស្ងាត់របស់ខ្លួនអស់រយៈពេលប្រាំឆ្នាំ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
លោក ជា ប៉ូច ជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ក្នុងចំណោន ១១៨នាក់ ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយបន្ទាប់ពីគណបក្សប្រឆាំងដ៏មានប្រជាប្រិយមួយនេះត្រូវតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧។ ពេលនេះ បម្រាមលើរូបលោកមិនឲ្យធ្វើនយោបាយត្រូវបានបញ្ចប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដែលនាំឲ្យលោកបានសិទ្ធិពេញលេញវិញសម្រាប់ធ្វើនយោបាយ។
លោក ជា ប៉ូច ជាមន្ត្រីម្នាក់ស្និទ្ធនឹងលោក សម រង្ស៊ី។ ក្នុងកិច្ចសម្ភាន៍ជាមួយនឹងខេមបូចា លោកថាលោកមានគម្រោងចូលរួមជាមួយគណបក្សភ្លើងទៀន តែមិនទាន់ភ្លាមៗនេះទេ។
លោកឲ្យដឹងថា៖ «ខ្ញុំកំពុងរង់ចាំឲ្យស្ថានភាពនយោបាយមានភាពល្អប្រសើរ ដូចនេះខ្ញុំគិតថាវាមិនទាន់ប្រញាប់ពេកទេសម្រាប់ខ្ញុំ»។ លោកបន្តថា៖ «ខ្ញុំនឹងមិនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ មិនមែនខ្ញុំ ស្អប់គណបក្សប្រជាជនទេ ប៉ុន្តែយើងមានទស្សន: ខុសគ្នា ដែលធ្វើឲ្យខ្ញុំមិនអាចចូលជាមួយគណបក្សប្រជាជនកម្ពុជាបាន»។
សម្រាប់រយៈពេលប្រាំឆ្នាំកន្លងមកនេះ លោក ជា ប៉ូច បានប្រកបរបរជាអ្នកលក់ដូរដីធ្លី និងជួយសាច់ញាតិរបស់លោកលក់សម្ភារៈសំណង់ ខណៈដែលភរិយារបស់លោកជាអ្នកប្រកបរបរប្ដូរប្រាក់នៅផ្សារចាស់។
លោកបន្ថែមថា៖ «ខ្ញុំមិបញ្ចេញឈ្មោះទេ ព្រោះខ្ញុំគិតថាវានឹងមានការលំបាក ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ ប៉ុន្តែវាអាចនឹងជួបការពិបាកច្រើនជាមួយនឹងអាជ្ញាធរ»។
នេះជាលើកទីមួយហើយដែលលោកនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយថាក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ សកម្មភាពរបស់លោកត្រូវគេតាមដានយ៉ាងខ្លាំង។
លោកអះអាងថា៖ «ខ្ញុំត្រូវគេហាមឃាត់ធ្វើនយោបាយអស់ប្រាំឆ្នាំ ទាំងដែលខ្ញុំមិនបានធ្វើអ្វីខុសសោះ។ ខ្ញុំត្រូវបានគេគំរាមថានឹងវាយខ្នោះភ្លាមៗបើសិនជាខ្ញុំធ្វើរឿងអ្វីមួយទាក់ទងនឹងនយោបាយ»។ លោកថា៖ «ខ្ញុំត្រូវគេតាមមើលរហូតមក…សូម្បីពេលខ្ញុំចេញក្រៅទៅញ៉ាំកាហ្វេ ក៏មានអ្នកតាមខ្ញុំដែរ»។
លោកកត់សម្គាល់ថាទូរស័ព្ទរបស់លោកក៏ត្រូវបានគេលួចចូលតាមដានដែរ ដែលសូម្បីកិច្ចសន្ទនាឯកជនរបស់លោកនិយាយរិះគន់លោកនាយករដ្ឋមន្ត្រីក៏ត្រូវបានគេយកទៅផ្សាយនៅលើសារព័ត៌មាន Fresh News ដែរ។
លោកបន្ថែមថា៖ «ខ្ញុំមិនហ៊ានសូម្បីនិយាយពីឈ្មោះ លោក សម រង្ស៊ី នៅទីសាធារណៈ ពីព្រោះខ្ញុំខ្លាចគេចោទខ្ញុំថាជាប់ពាក់ព័ន្ធនឹងគាត់»។
ចាប់ពីពេលដែលបម្រាមនយោបាយត្រូវបានដកចេញ អតីតមន្ត្រីគណបក្សប្រឆាំងមានផែនការផ្សេងៗគ្នា។
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក គឹមសួរ ភីរិទ្ធ បានប្រកាសភ្លាមៗថាលោកនឹងចូលរួមជាមួយគណបក្សភ្លើងទៀន។
ថ្លែងកាលពីសប្តាហ៍មុនក្នុងខួប ២៧ឆ្នាំ នៃការបង្កើតគណបក្សភ្លើងទៀន ដែលដំបូងឡើយផ្ដើមដោយឈ្មោះគណបក្សសម រង្ស៊ី លោក គឹមសួរ ភីរិទ្ធ ថាគណបក្សនឹងអាចបានលទ្ធផលល្អក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ខាងមុខ។
លោកថ្លែងថា៖ «វាមិនទាន់យឺតពេលទេ ដរាបណាយើងមានជំហរច្បាស់លាស់ និងផ្ដោតលើគោលដៅដែលយើងត្រូវទៅ នោះថ្ងៃណាមួយជោគជ័យច្បាស់ណាស់នឹងកើតមានមកលើយើង»។
ពាក្យស្លោកនយោបាយថា «ប្ដូរ» កាលពីឆ្នាំ២០១៧ ត្រូវបានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនចាត់ទុកថាជាភស្តុតាងដែលបង្ហាញថាអតីតគណបក្សសង្គ្រោះជាតិមានចេតនាផ្ដួលរំលំរដ្ឋាភិបាល ហើយពេលនេះពាក្យស្លោកនេះត្រូវបានកែសម្រួលក្នុងខួបអនុស្សាវរីយ៍គណបក្ស។
លោកថា៖ «ពាក្យថា «ដូរ ឬមិនដូរ» បានធ្វើឲ្យយើងជាប់បម្រាមនយោបាយប្រាំឆ្នាំ ប៉ុន្តែយើងនៅតែបន្តសារមួយនេះ»។
ខណៈមន្ត្រីជាប់បម្រាមមួយចំនួនបានប្រកាសភ្លាមៗថានឹងចូលជាមួយគណបក្សភ្លើងទៀន អ្នកខ្លះទៀតថាខ្លួនបានចូលនិវត្តន៍ និងខ្លះទៀតមិនទាន់បង្ហាញជំហរជាសាធារណៈនៅឡើយ»។
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក យន្ត ថារូ មានប្រសាសន៍ថាលោកបានសម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ដើម្បីបាននៅបន្តដឹកនាំមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ដែលលោកសព្វថ្ងៃជាប្រធាន។
លោកបញ្ជាក់ថា៖ «បញ្ហាដែលខ្ញុំសម្រេចចិត្តមិនត្រឡប់ទៅឆាកនយោបាយវិញព្រោះខ្ញុំអាយុច្រើនហើយ ហើយសុខភាពក៏មិនសូវល្អ»។ លោកបន្ថែមៀតថា លោកនៅតែពេញចិត្តនឹងគណបក្សភ្លើងទៀន។
លោកឲ្យដឹងទៀតថា៖ «ពេលខ្ញុំបានសិទ្ធិធ្វើនយោបាយវិញ ខ្ញុំមិនអាចបន្ត ជីវិតនយោបាយបាន ប៉ុន្តែបេះដូងខ្ញុំនៅតែនៅជាមួយអ្នកប្រជាធិបតេយ្យ ខ្ញុំក៏សោកស្ដាយដែលត្រូវបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ»។
លោក ហ៊ីង សុខសាន្ត អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ និងកំពុងរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក មានប្រសាសន៍ថាថ្ងៃណាមួយលោកនឹងអាចវិលមកកម្ពុជាវិញ។
លោកបន្តថា៖ «ខ្ញុំមិនបានខ្វល់ពីរឿងនេះទេ ព្រោះសិទ្ធិធ្វើនយោបាយត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញ»។ លោកថាការដែលគណបក្សប្រជាជនកម្ពុជាបានដាក់បម្រាមនយោបាយលើមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំង១១៨រូប គឺជារឿងនយោបាយ និងបានបំពានលើរដ្ឋធម្មនុញ្ញ។
លោកបន្ថែមទៀតថា៖ «ខ្ញុំនឹងមិនបោះបង់ការតស៊ូផ្នែកនយោបាយរបស់ខ្ញុំដោយអហិង្សាដែលនាំឲ្យមានការផ្លាស់ប្តូរនៅកម្ពុជានោះទេ»។ លោកថា៖ «ខ្ញុំនឹងត្រឡប់មកកម្ពុជាវិញពេលដែលស្ថានភាពល្អប្រសើរ ដូចនេះខ្ញុំអាចធ្វើនយោបាយបានដោយសេរី»។
លោក សុខសាន្ត ជាអ្នកគាំទ្រអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ លោកថា លោកបានរង់ចាំមើលសេចក្ដីសន្និដ្ឋាន លើសំណុំរឿងលោក កឹម សុខា ដែលនឹងត្រូវធ្វើ នៅថ្ងៃទី២១ ខែធ្នូ មុននឹងលោកសម្រេចចិត្តថាគណបក្សណាដែលលោកនឹងត្រូវចូលរួមជាមួយ។
លោកបន្តថា៖ «ខ្ញុំមិនទាន់មើលឃើញថាគណបក្សណាមួយដែលត្រូវចូលរួមជាមួយនោះទេ ពីព្រោះថាខ្ញុំត្រូវរង់ចាំមើលស្ថានភាពនយោបាយសិន ថាតើគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញ ឬយើងត្រូវបង្កើតថ្មីមួយ»។
គណបក្សសង្គ្រោះជាតិបង្កើតឡើងនៅឆ្នាំ២០១២ តាមរយៈការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងបានឈ្នះអាសនៈនៅរដ្ឋសភាចំនួន៥៥ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ភាពខ្លាំងរបស់គណបក្សនៅកម្រិងឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ពោលគឺមុនការបោះឆ្នោតជាតិមួយឆ្នាំ បាននាំឲ្យគណបក្សនេះត្រូវតុលាការកំពូលរំលាយ ហើយការរំលាយនេះបានធ្វើឲ្យមានការគាបសង្កត់ខ្លាំងលើក្រុមប្រឆាំង ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានចាប់ខ្លួន និងដាក់ពន្ធធនាគារ ក្រោមបទចោទថាក្បត់ជាតិ ដោយបានសន្និដ្ឋិភាពជាមួយបរទេស។ មួយឆ្នាំក្រោយមកលោកក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែលោកត្រូវដាក់ឲ្យនៅក្នុងផ្ទះអស់ពេលមួយឆ្នាំថែមទៀត។ សំណុំរឿងរបស់លោក ដែលបានអូសបន្លាយអស់ពេលប្រាំឆ្នាំមកហើយនោះ អាចនឹងត្រូវប្រកាសសាលក្រមនៅក្នុងខែធ្នូនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិត្រូវជាប់បម្រាមនយោបាយ ក្រោយការរំលាយគណបក្ស។ យ៉ាងណា ក្នុងរយៈពេលប្រាំឆ្នាំមកនេះ មានមន្ត្រីជាន់ខ្ពស់មួយចំនួនបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបានបង្កើតគណបក្សនយោបាយមួយចំនួនផងដែរ។
បើតាមបញ្ជីឈ្មោះរបស់អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បានឲ្យដឹងថាក្នុងកំណោមមន្ត្រីជាប់បម្រាមទាំង១១៨រូប មានប្រហែល៣០រូបបានវិលចូលឆាកនយោបាយវិញ ហើយថា១១រូបក្នុងចំណោមនោះបានដាក់ពាក្យសុំចូលជីវភាពនយោបាយតាំងពីមុនមានការលើកកម្រាមទៅទៀត។
បើតាមបញ្ជីឈ្មោះ មន្ត្រីស្និទ្ធនឹងលោក កឹម សុខា ប្រហែល៣០រូបមិនទាន់ចូលរួមជាមួយគណបក្សណាមួយនៅឡើយ ខណៈដែលមន្ត្រីដែលស្និទ្ធនឹងលោក សម រង្ស៊ី បានចូលរួមជាមួយគណបក្សភ្លើងទៀន។ ក្រៅពីនេះមានមន្រ្តីប្រាំមួយរូបបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ខណៈមាន១៤រូបផ្សេងទៀតកំពុងជាប់បណ្ដឹងព្រហ្មទណ្ឌ ហើយមានមួយចំនួនកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសគេចពីការចាប់ខ្លួន។
លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលអាចចូលធ្វើនយោបាយវិញមានប្រមាណ៧០រូប ខណៈអ្នកខ្លះកំពុងរស់នៅនិរទេសខ្លូននៅក្រៅប្រទេសគេចពីការចាប់ខ្លួន និងមិនអាចត្រឡប់មកកម្ពុជាវិញបាន។
លោកលើកឡើងថា៖ «អ្នកខ្លះបានទទួលមរណភាព និងអ្នកខ្លះឈប់ពីនយោបាយ ខ្លះបានចូលរួមជាមួយគណបក្សភ្លើងទៀន និងខ្លះទៀតដែលស្មោះត្រង់នឹងលោក កឹម សុខា កំពុងនៅស្ងៀមស្ងាត់រង់ចាំលោក កឹម សុខា»។ លោកបន្ថែមថាលោកនឹងប្រឡូកនយោបាយវិញបន្ទាប់ពីលោក កឹម សុខា បានទទួលសិទ្ធនយោបាយ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់ខេមបូចា ថាមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបីរូបបានប្រកាសថានឹងចូលរួមជាមួយគណបក្សភ្លើងទៀន។
លោក អ៊ូ ចន្ទរ័ត្ន ស្ថាបនិកគណបក្សកំណែទម្រង់កម្ពុជា មានប្រសាសន៍ថាគណបក្សមិនទាន់បានទទួលមន្ត្រីណាម្នាក់ដែលទើបបានរួចបំរាមនយោបាយនោះទេ។
លោកឲ្យដឹងថា៖ «ខ្ញុំគ្រាន់តែដឹងថាអ្នកដែលស្មោះត្រង់នឹងលោក សម រង្ស៊ី បានត្រឡប់ទៅគណបក្សភ្លើងទៀន ខណៈដែលអ្នកមកពីគណបក្សសិទ្ធិមនុស្សនៅមិនទាន់សម្រេចចិត្តនៅឡើយ»។ លោកបន្ថែមថា៖ «យើងបានព្យាយាមបង្ហាញជំហររបស់យើង ដូចនេះការសម្រេចចិត្តណាមួយជារឿងរបស់ពួកគាត់ យើងមិនចាំបាច់ អូសទាញពួកគាត់នោះទេ ព្រោះថាពួកគាត់សុទ្ធជាមន្ត្រីជាន់ខ្ពស់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ ថាសមាជិកទាំងនោះមានសិទ្ធិចូលរួមជាមួយគណបក្សណាក៏បាន ដោយថាការលើកបម្រាមនេះគឺបានបង្ហាញពីជំហរប្រជាធិបតេយ្យរបស់រដ្ឋាភិបាល។
លោកអះអាងថា៖ «នេះបង្ហាញថាលំហនយោបាយនៅកម្ពុជាបើកទូលាយ មិនដូចប្រព័ន្ធផ្សព្វផ្សាយខ្លះរាយការណ៍នមិនពិតនោះទេ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ គ្មានជម្រើសអ្វីក្រៅពីទៅចូលរួមជាមួយគណបក្សភ្លើងទៀនដែលជាផ្ទះចាស់របស់ខ្លួននោះទេ។
លោកបន្ថែមថា៖ «វានឹងធ្វើឲ្យគណបក្សភ្លើងទៀនមានសកម្មភាពខ្លាំងជាងឆ្នាំ២០២២ ប៉ុន្តែនៅតែមិនអាចសន្និដ្ឋានថានឹងបានការគាំទ្រខ្លាំងដូច[គណបក្ស] សង្គ្រោះជាតិ»។
លោកថាការបោះឆ្នោតជាតិឆ្នាំ២០២៣នឹងមានតែគណបក្សពីរសំខាន់ មួយគឺគណបក្សភ្លើងទៀន និងមួយទៀតគឺគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកថាលោកមានសង្ឃឹមតិចតួចថាគណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ។ លោកថា៖ «ខ្ញុំមិនគិតថាវាអាចទៅរួចទេដែលគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញ»
(រាយការណ៍បន្ថែមដោយ៖ អ៊ូ លាងឆៃ)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After CNRP Political Ban Lifted, Some Officials Join Candlelight While Others Remain Undecided