សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជាប់ឃុំទាំងអស់នៅកម្ពុជានឹងធ្វើតេស្ត ក្រោយរកឃើញអ្នកជាប់ពន្ធនាគារនៅខេត្តព្រះសីហនុមានវិជ្ជមានកូវីដ១៩

អ្នកជាប់ពន្ធនាគារចេញពីរថយន្តដឹកអ្នកទោសដ៏ចង្អៀត ដើម្បីចូលរួមសវនាការនៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកជាប់ពន្ធនាគារចេញពីរថយន្តដឹកអ្នកទោសដ៏ចង្អៀត ដើម្បីចូលរួមសវនាការនៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អ្នក​ជាប់ព​ន្ធនាគារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវធ្វើ​តេស្ត​រក​កូវីដ១៩ ក្រោយពី​អ្នក​ជាប់ឃុំ​ចំនួន៣៤​នាក់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ ត្រូវ​រក​ឃើញថា​មាន​វិជ្ជមាន​កូវីដ១៩​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា មាន​ប្រ​សាសន៍​នៅ​ថ្ងៃអង្គារ​​ថា សំណាក​អ្នក​ជាប់​ពន្ធនាគារ​សរុប​ជាង​១ ៨០០​នាក់ នៅ​ខេត្ត​ព្រះ​សីហនុ ​ត្រូវ​បាន​យក​មក​ធ្វើ​តេស្ត​​រក​វីរុសកូវីដ១៩។ ការជំរុញ​​ធ្វើ​តេស្ត​នេះ គឺ​ធ្វើ​ឡើង​ជា​លើក​ដំបូង ដែល​រៀប​ចំ​ឲ្យ​មាន​យុទ្ធនាការ​តេស្ត​រកកូវីដ១៩ ដោយ​នាយក​រដ្ឋាន​ចំណុះ​ឲ្យ​ក្រ​សួង​មហាផ្ទៃ​មួយ​នេះ សម្រាប់​អ្នក​ជាប់ឃុំ​​នៅទូទាំង​ប្រទេសចំនួន​ជិត​៣៩ ០០០​នាក់​។​​

លោក​ សាវនា មិន​បាន​និយាយ​ថា​ពេលណា​យុទ្ធនាការ​នេះនឹង​ត្រូវ​ចាប់​ផ្ដើម​នោះទេ ប៉ុន្តែ​ថា​ឥឡូវនេះ មន្ត្រី​ព​ន្ធនាគារ​កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ដើម្បី​គ្រប់​គ្រង​ការ​ឆ្លង​ក្នុង​ពន្ធនាគារ​។​

លោក​​ឲ្យ​ដឹងថា​៖ «​យើង​បាន​ចាត់​វិធានការ​ភ្លាមៗ ដោយ​បាន​ដាក់ពួកគាត់​ឲ្យ​នៅ​ដាច់​ដោយឡែក និង​ព្យាបាល​ក្នុង​ពន្ធនាគារ»។ លោក​និយាយ​សំដៅ​ដល់​អ្នក​ជាប់​ពន្ធនាគារ​ដែល​មាន​វិជ្ជមាន​កូវីដ១៩ និង​ថា​អ្នក​ទាំង​នោះ​មើល​ទៅ​មាន​សុខភាព​ល្អ​ធម្មតា។​

លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះ​សីហនុ មាន​ប្រ​សាសន៍​ថា​រដ្ឋបាល​ខេត្ត​ មិន​គ្រប់​គ្រង​លើ​ពន្ធនាគារនោះទេ និង​បាន​បង្វែរ​សំណួរ​ទៅ​កាន់​នាយក​ដ្ឋាន​ពន្ធនាគារ​វិញ។ លោក ម៉ី ឌឿន ប្រធាន​ពន្ធនាគារខេត្តព្រះសីហនុ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះទេ នៅ​ថ្ងៃអង្គារ។

មន្ត្រី​ពន្ធនាគារ ឥឡូវនេះ​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​លើ​អ្នក​ជាប់​ពន្ធនាគារ និង​បុគ្គលិក​ពន្ធនាគារ​ទាំងនោះ​។

លោក​ នុត សាវនា ឲ្យ​ដឹង​ទៀតថា៖ «​យើង​មិន​ច្បាស់​១០០​ភាគ​រយ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួកគេ​អាច[ឆ្លង]​ពី​អ្នក​ទោស​ថ្មី។ កន្លង​មក​យើង​មិ​នមាន រ៉េបភីត​តេស្ត​ ​ទេប៉ុន្តែ​យើង​បាន​ឲ្យ​អ្នក​ទាំង​​នោះធ្វើចត្តាឡីស័កចំនួន​១៤​ថ្ងៃ»។ លោក​និយាយ​សំដៅ​ដល់​អ្នក​ទោសថ្មី​​ត្រូវ​បញ្ជូន​មក​ពន្ធនាគារ​។​

អ្នក​នាំពាក្យ​ដដែល​​ លើក​ឡើង​ដែរថា អ្នក​ជំងឺ​ខ្លះមិន​ចេញ​​រោគ​សញ្ញាទេ​ ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ការពារ បើមិន​មាន​ការ​ធ្វើ​តេស្ត​ត្រឹម​ត្រូវ។​

លោក​ នុត សាវនា មានប្រសាសន៍ថា៖ «ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ដែល​ឆ្លងកូវីដ១៩ រួម​មាន​ទាំង​ជនបរទេស​ផង​ដែរ យើងដឹងថាមានឆ្លងពេលដែល​ជនបរទេសម្នាក់មុន​ឡើង​យន្តហោះដើម្បីបណ្ដេញ​ចេញពី​កម្ពុជា​​ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែ​លោក​មិន​ប្រាប់​ពី​ចំនួន​ពិត​ប្រាកដ​នោះទេ»

នាយក​ដ្ឋាន​ពន្ធនាគារ​បាន​ស្នើ​ឲ្យ​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំង​អស់​ត្រូវ​ធ្វើតេស្ត​កូវីដ១៩ មុន​នឹង​ត្រូវបញ្ជូនទៅ​តុលាការ ឬ​ពន្ធនាគារ។ សម្រាប់​ពេល​នេះ លោក សាវនា ថាការ​ចេញចូល​របស់​មន្ត្រី​ពន្ធនាគារ​​នៅ​ពន្ធនាគាខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​កម្រិត និង​ធ្វើ​ឡើង​តែ​ក្នុង​ហេតុ​ផល​ចាំបាច់​តែ​ប៉ុណ្ណោះ។​

លោក​ នុត សាវនា លើក​ឡើង​ដែរថា កុំភ្ញាក់ផ្អើលពេក ការ​ឆ្លង​វីរុសកូវីដ១៩​ក្នុង​ពន្ធនាគារ​មិន​មែន​ជា​លើក​ដំបូង​ក្នុង​ពិភពលោកទេ ប្រទេស​មួយ​ចំនួនក៏មានកើតដែរ​ដូច​ជា ​ថៃ អាល្លឺម៉ង់ និង​បារាំង​ជាដើម។

លោក​បានបន្ថែមថា ៖ «សម្រាប់​កម្ពុជា វាទើបតែ​ធ្លោះធ្លោយ​ [នៅពេល​នេះ] ពីព្រោះ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំងណាស់ដែរ»។​

ក្នុង​លិខិត​មួយ​ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​នេះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រ​ជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​តេស្ត​កូវីដ១៩ លើ​អ្នក​ជាប់​ពន្ធ​នាគារ​ទាំង​អស់​ ដែល​អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធនាគារ លោក ឆែម សាវុធ បាន​ទៅ​ដល់ ដោយ​ហេតុ​ថា​ពេល​នោះ លោក ក៏​ត្រូវ​បាន​រកឃើញ​ថាមាន​វិជ្ជមាន​កូវីដ១៩​ ដែរ​។​

លិខិត​​បាន​សរសេរ​ថា៖ «​ព្រោះ​តែជា​បញ្ហា​បន្ទាន់ យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់អាទិភាព​ធ្វើ​តេស្តកូវីដ១៩ លើ​អ្នក​ជាប់ឃុំ​ទាំងអស់»។​

យ៉ាងណា ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយធំបែបនេះ​មិន​បាន​កើត​មាន​នោះទេ។​ នៅ​ថ្ងៃអង្គារ នេះការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​បង្ហាញ​ក្ដី​កង្វល់​បន្ថែម​លើ​ការ​ឆ្លង​រាល​ដាល​វីរុសកូវីដ១៩ ដែល​ទើប​រក​ឃើញ​នៅ​ខេត្តព្រះសីហនុ ដោយ​បាន​លើក​ឡើងថា អ្នក​ជាប់ឃុំ​ច្រើន​កកកុញ បង្ក​ឲ្យ​មាន​លក្ខខណ្ឌ​ពិបាក​ក្នុង​ការ​ទប់ទល់​នឹងការ​ឆ្លង​រាល​ដាល​វីរុសកូវីដ១៩​។​

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​មួយ​នេះ សរសេរ​ទៀតថា៖ «បន្ថែម​លើ​​វិធានការ​ធ្វើ​អនាម័យ និង​​ចត្តាឡីស័ក វិធានការ​សំខាន់​មួយ​ទៀត ដែល​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​អនុវត្ត​ក្នុងបរិបទ​វិរុស​ឆ្លងរាលដាល គឺ​ការ​ផ្ដោត​សំខាន់​លើ​ការ​ប្រើ​វិធី​ឃុំ​ខ្លួន​តាម​វិធី​ផ្សេងៗ និង​ដោះ​លែង​អ្នក​ជាប់ឃុំ ដូចជាអ្នក​ជាប់​ឃុំ​បណ្ដោះអាសន្ន ពិសេស​អ្នក​ដែល​ជាប់ទោស​ក្នុង​កម្រិត​ស្រាល និង​មិន​បង្កហិង្សា​ក្នុងទោស​ឧក្រិដ្ឋ ក៏​ដូចជា​អ្នក​ទោស​ដែល​ងាយ​រងគ្រោះ»។​

ការិយាល័យ​អង្គការ​សហប្រជាជាតិ​បានលើកឡើងទៀតថា៖ «​យើង​សប្បាយ​ចិត្ត​ពេល​បាន​ដឹង​ថា​សាលាដំបូង​ខេត្តព្រះ​សីហនុ បាន​ចាប់​ផ្ដើម​មាន​វិធានការ​លើ​បញ្ហា​នេះ ដែល​គួរ​តែ​មាន​ការ​ធ្វើ​ដូច​គ្នា​នៅ​ទូទាំងប្រទេស។ វាក៏ជា​សញ្ញា​វិជ្ជមាន​ដែរ ដែល​វ៉ាក់សាំង​បង្ការកូវីដ​១៩ បាន​ចាប់​ផ្ដើម​ចាក់តាមពន្ធនាគារ​ និង​បាន​ចាក់​រួច​រាល់​ហើយ​សម្រាប់ពន្ធនាគារនៅ​រាជធានី​ភ្នំពេញ​»។​​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​​កម្ពុជា ក៏​មាន​កង្វល់​ និង​អនុសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះដែរ​។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វណ្ណលី មាន​ប្រ​សាសន៍​ថា លោក​បាន​ឮពី​វិធានការ​ដាក់​អ្នក​ជាប់ឃុំ​ឲ្យ​នៅ​ដាច់​ពីគ្នា​នេះ ចំពោះ​អ្នក​មាន​វិជ្ជមាន​កូវីដ១៩​។ យ៉ាងណា លោក​ថា ទាំងអង្គការ​របស់​លោក និងក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារខេត្ត​ព្រះសីហនុ នៅ​តែ​បារម្ភពី​សុវត្ថិភាព​អ្នក​ជាប់ឃុំ​នៅទីនោះ​។​

លោក​បន្ថែមថា៖ «​ខ្ញុំ​គិត​ថា បើ​សិនជាអាច រដ្ឋាភិបាល​គួរតែ​កាត់​បន្ថយ​ទោស​ដល់​អ្នក​ជាប់ឃុំ​មួយ​ចំនួនទាក់ទងនឹង​បទល្មើស​ស្រាល ឲ្យ​ពួកគេ​អាចនៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន»។​ ​លោក បន្ត​ថា​សម្រាប់​អ្នកអនុវត្តទោស​បាន​ពីរ​ភាគ​បី គួរ​តែ​ពិចារណាឲ្យបានឆាប់ផងដែរ ដើម្បី​កាត់​បន្ថយ​ចំនួន​កកកុញ​ក្នុង​ពន្ធនាគារ។​

​ចំណែក​លោក នី សុខា ប្រធាន​ផ្នែក​ឃ្លាំមើលសិទ្ធិ​មនុស្ស​អង្គការ​អាដហុក មាន​ប្រ​សាសន៍​ដែរ​ថា វានឹង​ត្រូវ​ការ​ខិត​ខំ​រួម​គ្នា​រវាង​ពន្ធនាគារនានា និង​មន្ត្រី​រដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាលក្នុង​ពន្ធនាគារ​។​

លោក បន្ថែម៖ «​ខ្ញុំ​គិត​ថាការ​ធ្វើ​តេស្ត​គឺវាសំខាន់​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ពិចារណាថា​តើ​យើង​គួរធ្វើ​តេស្ត​លើ​អ្នក​ដែល​សង្ស័យ ឬ​ធ្វើ​តេស្ត​លើ​អ្នក​ជាប់ឃុំ​ទាំង​អស់…​នាយក​ដ្ឋាន​ពន្ធនាគារ​​ត្រូវ​តែហសការ​ជាមួយ​ក្រ​សួង​សុខាភិបាល ដើម្បី​ពិភាក្សាលើ​បញ្ហា​នេះ»។​

នៅ​ពេល​នេះ ​ទោះ​បីជា​នាយក​ដ្ឋាន​ពន្ធនាគារ​បាន​ប្រកាសពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃអង្គា​ដែរ មន្ត្រី​ពន្ធនាគារ​នៅ​តាមខេត្ត​បាន​ប្រាប់ខេមបូចា ថា​ពួកគេ​មិន​ទាន់បាន​ទទួល​ដំណឹង​ថា​យុទ្ធនាការនេះ​យ៉ាង​ម៉េច​នោះទេ​។​

លោក ចាប ស៊ីនាង ប្រធាន​ពន្ធនាការ​ខេត្ត​កណ្ដាល មាន​ប្រ​សាសន៍​ថា​លោក​មិន​ទាន់​បាន​ទទួល​បញ្ជា​ពីនាយក​ដ្ឋាន​ពន្ធនាការ​អំពី​ការ​ធ្វើតេស្ត​អ្ន​កជាប់ឃុំ​នៅ​ឡើយ​។

លោក បញ្ជាក់ថា៖​«​បើសិនជា​ធ្វើមែន វា​ពិត​ជា​អស្ចារ្យ​ណាស់»។

លោក ភៀន ឆវ័ន្ដ ប្រធានពន្ធនាគារ​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹងថា​លោក​ក៏​កំពុង​រង់ចាំ​ការ​ណែនាំ​ពី​នាយក​ដ្ឋាន​ពន្ធនាគារ​ដែរ​។

លោក​បន្ថែម​ថា៖ «​បើ​និយាយ​ពី​ហានិភ័យ វាគឺហានិភ័យ​ណាស់ ហើយ​ជាក់​ស្ដែង​ដូច​ជា​បញ្ហា​កើត​មាន​នៅខេត្តព្រសីហនុ ដូច្នេះពន្ធនាគារ​ផ្សេង​ទៀត​ក៏បារម្ភដែរ»។​

លោក​ឲ្យ​ដឹងថា ពន្ធនាគារ​របស់​លោក​មាន​អ្នក​ជាប់ឃុំ​ចំនួន​២ ៧០០​នាក់ ដែលភាគច្រើនអ្នក​ទាំង​នោះ​ជាប់​ពន្ធនាគារ​ពាក់ព័ទ្ធនឹង​​បទល្មើស​ថ្នាំញៀន។ លោក​បញ្ជាក់​ទៀតថា មន្ត្រី​ពន្ធនាគារ​បាន​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុងការ​ចម្លង​កូវីដ១៩ រូម​​មានម៉ាស៊ីនវាស់កម្ដៅ ប្រើ​អាល់កុលលាងដៃ ហើយ​ថាពន្ធនាគារខេត្តដទៃទៀតក៏​មានដូច​គ្នា​ដែរ។​

លោក​ឲ្យ​ដឹងទៀត​ថា៖ «​ខ្ញុំ​បាន​ស្នើ​ទៅ​កាន់​មន្ទីរ​សុខាភិបាលខេត្ត​សម្រាប់ឧបករណ៍រ៉េបភីតតេស្ត​​នេះ ហើយប្រហែល​ស្អែក ឬ​ខាងស្អែក យើង​នឹង​ទទួល​បាន​ឧបករណ៍​ទាំងនោះ»។ លោក​បន្ថែម​ថា លោក​នឹង​រង់​ចាំ​ទទួល​បញ្ជា​ពី​នាយក​ដ្ឋាន​ពន្ធនាគារ មុន​ដំណើរ​ការ​ធ្វើ​តេស្ត​នេះចាប់​ផ្ដើម​។​

នៅ​ថ្ងៃអង្គារ ក្រ​សួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន​៤៨០​ករណី​បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ឡើង​ដល់​២០ ២២៣ករណី គិត​តាំងពី​មាន​ការ​ឆ្លង​នៅ​ដើម​ឆ្នាំ​២០២០ មក។ មក​ដល់ពេល​នេះ ក្រ​សួង​ឲ្យ​ដឹងដែរថា​អ្នក​ជាសះស្បើយ​មាន​ចំនួន​៨ ១៧០ករណី និង​មាន​មនុស្ស​ចំនួន​១៣១នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After infections found in Preah Sihanouk facility, national Prison Department to test all Cambodian inmates for COVID-19

271 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម