សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បន្ទាប់ដោះលែងឱ្យនៅក្រៅឃុំ បេក្ខជនមេឃុំជាប់ឆ្នោតបក្សភ្លើងទៀននៅតែមានក្តីកង្វល់ក្នុងចិត្ត

លោក ញឹម សារ៉ុម បេក្ខភាពជាប់ឆ្នោតមេឃុំមកពីបក្សភ្លើងទៀន នៅឃុំចំណាលើ ខេត្តកំពង់ធំ ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅផ្ទះរបស់លោកក្នុងភូមិ ផ្តៅជ័រ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត
លោក ញឹម សារ៉ុម បេក្ខភាពជាប់ឆ្នោតមេឃុំមកពីបក្សភ្លើងទៀន នៅឃុំចំណាលើ ខេត្តកំពង់ធំ ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅផ្ទះរបស់លោកក្នុងភូមិ ផ្តៅជ័រ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

លោក ញឹម សារ៉ុម បេក្ខភាព​មេឃុំជាប់​ឆ្នោតមកពីគណបក្សភ្លើងទៀន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ​ពីបទប្លន់កាលពី២០ឆ្នាំមុន និង​ត្រូវបានដោះលែងនៅក្រៅឃុំកាលពីថ្ងៃពុធ យល់​ថា​​ការ​ចាប់ខ្លួន​លោក​ធ្វើ​ឡើង​ដោយ​ខុស​និតិវិធីច្បាប់​ និងជាការ​​រំខាន​​ផ្នែក​នយោបាយ។​

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​​ការ​ជាប់​​សំណុំរឿង​ក្នុង​តុលាការ​នឹង​រំខាន​ដល់​ការងារ​របស់​ខ្ញុំ​ជា​មេឃុំ។ ខ្ញុំ​សុំ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​នេះ ដើម្បី​ខ្ញុំ​អាច​បំពេញ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋបានពេញលេញ ខ្ញុំគិត​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌ដល់​រូបខ្ញុំ»

លោក ញឹម សារ៉ុម បាននិយាយថា ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកមិនដែលបានទទួលដីការបស់តុលាការពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្លន់នោះទេ ហើយ​លោកបារម្ភថាសំណុំរឿងដែលកំពុងបន្តនឹងធ្វើឱ្យរំខានដល់តួនាទីរបស់លោកជាមេឃុំ។

លោក សារ៉ុម គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនបក្សប្រឆាំងចំនួនបួនរូប ដែលបានឈ្នះអាសនៈមេឃុំនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា។ អាសនៈមេឃុំ ចៅសង្កាត់ចំនួន ​១ ៦៤៨​ ផ្សេង​ទៀត​បាន​ទៅ​បក្ស​កាន់​អំណាច។ ការចាប់ខ្លួន​លោក​បាន​ធ្វើឱ្យមានការរិះគន់​ពី​ក្រុមអង្គការ​សិទ្ធិមនុស្ស ​ដែល​ពួកគេថាធ្វើឡើងក្រោម​​ហេតុផល​នយោបាយ​។

ការចោទប្រកាន់​ប្លន់នេះបានធ្វើ​ឡើងតាំងពី​ឆ្នាំ ២០០២ ប៉ុន្តែ​ដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ធំត្រូវបានចេញ១០ ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១២។ បើតាមលោក សូ សុវណ្ណារ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ជនជាប់ចោទ មាន៤នាក់ក្នុងនោះក៏មានលោក សារ៉ុម ផងដែរ ត្រូវបានកាត់ទោសកំបាំងមុខកាលពីឆ្នាំ២០១៤ ឲ្យ​ជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។

លោក សារ៉ុម បានប្រាប់ខេមបូចាថា លោក​មិន​បាន​ដឹង​ពី​ដីកា​ចាប់​ខ្លួន​ឆ្នាំ ២០១២ ឬ​ថា​លោកត្រូវ​បាន​កាត់​ទោស​កំបាំង​មុខនោះឡើយ។

អ្នកស្រី ខាត់ សាឃាង ភរិយា​របស់​លោក សារ៉ុម បាន​និយាយ​ថា ដើម​បណ្តឹង​បាន​ចោទ​ប្តី​គាត់​ថាប្លន់​​ម៉ាស៊ីន​ភ្លើង​បន្ទាប់ពីគ្រួសារអ្នកស្រីបានទៅដកយកម៉ាស៊ីនភ្លើងនោះ ពីកូនបំណុលដែលជំពាក់ប្រាក់មិនសង។ អ្នកស្រីបាន​បន្ត​ថា​ដើម​បណ្តឹង​បាន​ប្ដឹង​ពី​បទចូល​ផ្ទះ​ដោយគ្មានការអនុញ្ញាត ​និង​លួច ហើយ​បានប្តឹងទៅតុលាការ។ ប៉ុន្តែ​លោក សារ៉ុម បានសម្របសម្រួល​នៅ​​ក្រៅប្រព័ន្ធ​​តុលាការ​ ដោយ​យល់​ព្រម​បង់​ប្រាក់​ចំនួន ១០០០ ដុល្លារទៅ​ឲ្យ​ដើម​បណ្តឹង​ និង​​បាន​សុំ​ដើម​បណ្តឹង​ដក​ពាក្យ​បណ្តឹង​វិញ។

ខណៈ​លោក សារ៉ុម បានលើកឡើងពីការព្រួយបារម្ភថា ករណីដែលកំពុងបន្តអាចរំខានដល់ការងារជាមេឃុំថ្មីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង​ថា លោក សារ៉ុម នៅតែអាចត្រូវបានតែងតាំងជាមេឃុំ។

លោក​​ថ្លែង​ថា​៖ «​សំណុំ​រឿង​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ហើយ [គាត់] នៅ​តែ​បន្តប្តឹង​ជំទាស់​បន្ត​ទៀត​។ ដូច្នេះ គ.ជ.ប រក្សា​ឈ្មោះ​គាត់​ជា​បេក្ខជន​ជាប់​ឆ្នោតដដែល»

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ គណបក្សភ្លើងទៀនបានលើកឡើងថា អាជ្ញាធរកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅទង្វើរ​របស់​គណបក្សភ្លើងទៀនថា ជាការបរិហារ ដែល​ត្រូវ​ប្រឈមផ្លូវច្បាប់។  ក្នុងករណីនេះ គណបក្ស​ប្រជាជន​កម្ពុជា​បានប្តឹង​​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បន្ទាប់ពី​ថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះ​បាន​រិះគន់​ការបោះឆ្នោត​ឃុំ​សង្កាត់នាពេល​ថ្មីៗ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ថាមិន​ភាព​មិន​សេរី និង​យុត្តិធម៌ និងបង្ខូច​ឈ្មោះគណបក្សប្រជាជន។​

លោកថ្លែង​ថា៖ «គេ [CPP] ជា​ជនរងគ្រោះ មិនឃើញ​រក​រឿងអីផង តែ​ពេលខាង​​ប្រឆាំងនិយាយបរិហាកេរ្តិ៍គេដោយគ្មានភស្តុតាង អាហ្នឹងមិនមែនជាសិទ្ធិទេ។ អ្នកមានសិទ្ធិ [ធ្វើអ្វីក៏ដោយ] ប៉ុន្តែកុំប៉ះពាល់សិទ្ធិអ្នកដទៃ»។

មេឃុំ​បក្ស​ប្រឆាំង​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ផ្សេង​ទៀត​​​និយាយ​ថា​ករណី​របស់​សារ៉ុម ក៏ធ្វើ​ឱ្យ​ពួក​គេ​ព្រួយ​បារម្ភដែរ។

លោក យ៉ាប់ យ៉ូត អាយុ ៥២ ឆ្នាំ ដែលឈ្នះជាមេឃុំក្រយា ខេត្តកំពង់ធំ ត្រូវបានប្ដឹងពីបទគំរាមកំហែងទារប្រាក់កាលពីឆ្នាំ ២០១៣ ដោយ​សារតែគាត់​បាន​សម្របសម្រួល​ករណី​ស្នេហា។ បើទោះបីជាសំណុំរឿងនេះត្រូវបានទម្លាក់កាលពីឆ្នាំមុនក្តី លោកនៅតែមានការព្រួយបារម្ភថាវាអាចត្រូវបានសើរើឡើងវិញ។

លោកបន្ត​ថា៖ «ខ្ញុំក៏មានការព្រួយបារម្ភដែរ ព្រោះកាលពីមុនខ្ញុំត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់អំឡុងពេលខ្ញុំធ្វើជាមេឃុំរបស់គណបក្ស សម រង្ស៊ី កាលពីឆ្នាំ ២០១៣»។ លោកបន្ត​ថា មេឃុំមកពីបក្សក្រៅរដ្ឋាភិបាល​ត្រូវ​ការប្រុងប្រយ័ត្នខ្ពស់​ពេលបំពេញការងារ។

លោកថ្លែងថា៖ «បើមិនអ៊ីចឹងទេ យើងអាចប្រឈមមុខនឹងការចោទប្រកាន់រឿងផ្សេងៗ ពីព្រោះគេឈរឃ្លាំមើល​យើង​រហូត ហើយវាពិតណាស់ នៅពេលដែលយើងធ្វើអ្វី​ខុស គេនឹងចាប់​យើងភ្លាម គេមិនដែល​អត់អោន​ឡើយ»។

លោក ពឹង​ សុខហន់ នៅឃុំដូង ដែលជាមេឃុំទើបជាប់ឆ្នោតថ្មីមកពីបក្សភ្លើងទៀនដែរនោះ  បានថ្លែងថាការគំរាមកំហែងបែបនោះតែងកើតមានលើអ្នក​តស៊ូបក្សប្រឆាំងដូចលោក។

លោក​ថ្លែង​ថា៖ «អ្នក​តស៊ូ​​តែង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​បែប​នេះ។ អ្នក​តស៊ូ​​ប្រៀបដូច​ជា​ទាហាន​នៅ​សមរភូមិ​ដែលតែង​តែជួប​​ឧបសគ្គ​គ្រប់​ពេល​វេលា។ ខ្ញុំតែងតែណែនាំក្រុមការងាររបស់ខ្ញុំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើអ្វីមួយ។ យើងត្រូវតែអនុវត្តតាមច្បាប់ អ្វីដែលខុស​ច្បាប់ កំធ្វើ​»។

អ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា កត់​សម្គាល់​ថា ចាប់​តាំង​ពី​ការផ្តើមយុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំងបាន​នឹង​កំពុង​​​ប្រឈម​​សម្ពាធ​យ៉ាង​ខ្លាំង។

លោក​បន្ត​ថា​៖ «​នៅ​ពេល​សេរីភាព​ត្រូវ​បាន​រឹតត្បិត វា​ប៉ះពាល់​ដល់​យន្តការ​ប្រជាធិបតេយ្យ​ជាទូទៅ​​​។ ប្រសិនបើសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ និងសកម្មជនបរិស្ថានត្រូវបានរំលោភបំពាន និងឃុំខ្លួន វានឹងនាំឱ្យបាត់បង់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After release on bail, Candlelight Party commune chief remains in limbo

594 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម