សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រោយចុះកិច្ចព្រមព្រៀង ជនជាតិដើមពូនងខ្លាចក្រុមហ៊ុនកៅស៊ូមិនគោរពសន្យា ខណៈការចុះបញ្ជីកាន់កាប់ដីធ្លីមានភាពមិនច្បាស់លាស់

តំណាងសហគមន៍ភូមិពូលុ លោក ម៉ាលី គីម កាន់កិច្ចព្រមព្រៀងមួយដែលលោកបានចុះហត្ថលេខាបន្ទាប់ពីការចរចារយៈពេលប្រាំឆ្នាំជាមួយក្រុមហ៊ុន ប៉ុន្តែលោកនៅតែបារម្ភថាក្រុមហ៊ុននឹងមិនធ្វើតាមការសន្យារបស់ខ្លួន។ (Jack Brook/CamboJA)
តំណាងសហគមន៍ភូមិពូលុ លោក ម៉ាលី គីម កាន់កិច្ចព្រមព្រៀងមួយដែលលោកបានចុះហត្ថលេខាបន្ទាប់ពីការចរចារយៈពេលប្រាំឆ្នាំជាមួយក្រុមហ៊ុន ប៉ុន្តែលោកនៅតែបារម្ភថាក្រុមហ៊ុននឹងមិនធ្វើតាមការសន្យារបស់ខ្លួន។ (Jack Brook/CamboJA)

ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៖ មួយឆ្នាំបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកៅស៊ូអឺរ៉ុប លោក​ ម៉ាលី គីម បានទួញសោកថាសហគមន៍​ជនជាតិ​ដើមភាគតិចពូនង​របស់​លោកយល់ថាពួកគាត់ត្រូវបានគេបោកប្រាស់។​

កិច្ច​ព្រម​ព្រៀង​នេះ​មាន​គោល​បំណង​ដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​យូរ​បំផុត​មួយ​ក្នុងប្រទេសកម្ពុជា ប៉ុន្តែ​ដូច​នឹងតំណាង​ភូមិ​ពូនងផ្សេង​ទៀត​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន​នោះ លោក ម៉ាលី និយាយ​ថា ភូមិ​ពូលុ​របស់​លោក​មិន​បាន​ទទួល​ផល​ប្រយោជន៍​ភាគ​ច្រើន​ដែល​បាន​សន្យាដោយក្រុមហ៊ុនដើម្បីជា​ថ្នូរក្នុង​ការ​បោះបង់​ការ​ទាមទារ​ដីសមូហភាព​ដូនតា​របស់​ពូកគេ។​

លោក ម៉ាលី​ បានរំឮកកាលពីពាក់កណ្តាលខែតុលាថា៖ «សហគមន៍សប្បាយរីករាយ​នៅពេល​ដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ​ឥឡូវ​នេះ យើង​មិន​សប្បាយ​ចិត្ត​ទេ។ ពលរដ្ឋ​គិត​ថា​ក្រុមហ៊ុន​កុហក​យើងហើយ»

ចាប់តាំងពីឆ្នាំ ២០០៧ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Socfin Group ដែលមានមូលដ្ឋាន​នៅប្រទេសលុចសំបួ បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនបីដែលផ្តល់ដោយរដ្ឋាភិបាល​ដែល​គ្របដណ្តប់លើផ្ទៃដីជាង១២០០០ហិកតាដោយគ្របដណ្ដប់ព្រៃឈើដូនតា និងដីស្រែចំការ​របស់​​អ្នកភូមិជនជាតិដើមភាគតិចពូនងចំនួនប្រាំពីរភូមិក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី។

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ អ្នកភូមិជនជាតិដើមភាគតិចពូនង មួយចំនួន​បានព្យាយាមទាមទារនិងទទួលបានការទទួលស្គាល់ស្របច្បាប់ចំពោះដីដូនជីតា​របស់ពួកគេ​តាមរយៈការចរចាជាច្រើនជុំជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ Socfin, Varanasi, Sethikula និង Coviphama ដែលបានបញ្ចប់នៅក្នុងខែកញ្ញាឆ្នាំមុន។ ព័ត៌មានលម្អិតមួយ​ចំនួននៃ​ដំណោះ​ស្រាយ​ត្រូវបានចេញផ្សាយនៅក្នុងខែកញ្ញានេះ នៅក្នុងសេចក្តីថ្លែងការណ៍​រួមដែល​ចេញ​ដោយ​ក្រុមហ៊ុន និងតំណាងសហគមន៍ ដែលបានចរចាក្នុងនាមប្រជាពលរដ្ឋចំនួន២១០ គ្រួសារនៅក្នុងភូមិចំនួនប្រាំ។

លោក Antoine Deligne អនុប្រធានក្រុមនៃគម្រោងអភិបាលកិច្ចភូមិភាគមេគង្គដែលផ្តល់​មូលនិធិដោយរដ្ឋាភិបាលអាល្លឺម៉ង់ លុចសំបួ និងស្វីស បាននិយាយថា៖ «វាចាយពេល​យ៉ាង​យូរសម្រាប់សហគមន៍ទាំងនេះក្នុងការស្វែងរកចំណុចរួមមួយចំនួនជាមួយក្រុមហ៊ុន»

លោក Deligne បានថ្លែងបន្តថា៖ «ការពិតដែលថាមានកិច្ចព្រមព្រៀងមួយដែលពិតជាឆន្ទៈ​របស់សហគមន៍ … នោះគឺជាលទ្ធផលដ៏សំខាន់បំផុត»

Socfin បានសរសើរការចរចានេះថា ជាជោគជ័យដោយនិយាយថាក្រុមហ៊ុនបានជួយ​ផ្តល់​ឱកាសដល់សហគមន៍ក្នុងការកាន់កាប់ដី​​ដើម្បីរក្សានូវព្រៃសក្ការៈដ៏មានសារៈសំខាន់​សម្រាប់​វប្បធម៌របស់ពួកគេ តាមរយៈការគូសផែនទីដីបឹងនៅប៊ូស្រាជាលើកដំបូង។ ក្រុមហ៊ុនSocfin បាន​ប្រាប់បន្ថែមក្នុងអ៊ីម៉េលថាភូមិចំនួនបួនដូចជាពូលុ, ពូរាំង, ពូចា និង ពូទឺត – ឥឡូវនេះអាច​ដាក់ពាក្យសុំបណ្ណកម្មសិទ្ធិដីសហគមន៍បាន។

បើគ្មានបណ្ណកម្មសិទ្ធទេ ដីសហគមន៍ជនជាតិដើមភាគតិចអាចនឹងត្រូវរដ្ឋបែងចែកឡើងវិញ ឬរឹបអូសជាផលប្រយោជន៍ឯកជន។

ប៉ុន្តែ​មេភូមិ ពូលុ ពូចា និង​មេធាវី​របស់​ភូមិ​ក្នុង​ពេល​សម្រុះសម្រួល​និយាយ​ថា សហគមន៍​មិន​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​ដំណើរការ​ចុះ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ទេ ហើយ​សមាជិក​ដែល​មិន​បាន​ចូលរួម​ក្នុង​ការ​ចរចា​អាច​នឹង​ត្រូវ​ដកចេញ។

ភូមិក្នុងឃុំប៊ូស្រាទាំងប្រាំពីរត្រូវ​​​ បានជាប់គាំងនៅដំណាក់កាលចុងក្រោយ​នៃដំណើរការ​ផ្តល់​បណ្ណកម្មសិទ្ធិចាប់តាំងពីឆ្នាំ២០១២មក មួយផ្នែកដោយសារវិវាទដីធ្លីជាមួយក្រុមហ៊ុន Socfin និងការិយាធិបតេយ្យដ៏ស្មុគស្មាញដែលមានតម្លៃថ្លៃ ដែលនាំឱ្យក្នុងរយៈពេល២០ ឆ្នាំ​ចុង​ក្រោយ​នេះ ការផ្តល់ប័ណ្ណកម្មសិទ្ធិសហគមន៍បានតិចជាង៤០ ក្នុងចំណោម​សហគមន៍​ជនជាតិដើមភាគតិចចំនួន៤៥៥ដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជា។ បើយោងតាមមន្រ្តី​​អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum)។​

លើសពីនេះ លទ្ធផលនៃការចរចា រួមមានការបង្កើតផែនទីដីសហគមន៍ នៅតែមានភាព​មិន​ច្បាស់​លាស់ សូម្បីតែមេភូមិក្នុងឃុំប៊ូស្រាក៏មិនបានដឹងច្បាស់ ដោយសារតែកិច្ចព្រមព្រៀង​ធ្វើ​ឡើងដោយសម្ងាត់រវាងក្រុមហ៊ុន Socfin និងតំណាងសហគមន៍ទាំង២៤មកពីភូមិចំនួន៥ ដែល​បានចូលរួមក្នុងការចរចាដាច់ដោយឡែកគ្នាចន្លោះពីឆ្នាំ២០១៧ដល់២០២១។ 

Socfin បានយល់ព្រមអនុញ្ញាតឱ្យភូមិចំនួន៤ ដាក់ពាក្យសុំបណ្ណកម្មសិទ្ធិសហគមន៍​សម្រាប់​ដី​ចំនួន៥១១ហិកតាក្នុងដីសម្បទានជាង​ ១២ ០០០ហិកតា នេះបើយោងតាមសេចក្តីថ្លែងការណ៍​រួមដែលចេញកាលពីខែកញ្ញា។

ប៉ុន្តែ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Socfin នៅតែ​គ្រប់គ្រង​ដី​ដូនតា​ជនជាតិ​ពូនង​ប្រមាណ៧០០០ ហិកតា​នៅក្នុង​ឃុំ​ប៊ូស្រា​។​ នេះបើតាមលោក គ្រឹង តុលា ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡាំម៉េះ របស់​ឃុំប៊ូស្រា ដែល​មិន​បាន​ចូលរួម​ក្នុង​ការចរចា​។​

លោក តុលា បាន​ថ្លែង​ថា៖ «យើង​មិន​មាន​ទិន្នន័យ​ជាក់លាក់​ទេ។ ជនជាតិដើមភាគតិច​មិន​ដែល​វាស់ទំហំដីជាក់លាក់ទេ»

តំណាងសហគមន៍ចំនួនបួននាក់នៅក្នុងភូមិពូចា និងភូមិពូលុ និយាយថា ពួកគេមាន​អារម្មណ៍​ថាត្រូវបានបង្ខំឱ្យទទួលយកលក្ខខណ្ឌរបស់ក្រុមហ៊ុន ឬត្រូវប្រឈមនឹងហានិភ័យ​ក្នុងការ​មិន​ទទួលបាននូវដីដែលពូកគេទាមទារ។​

តំណាងជនជាតិដើមភាគតិចពូនង លោក ប្រប់​ទូច ញ៉េប បានលើកឡើងថា៖ «វាចំណាយ​ពេលយូរ។ យើងនឿយហត់ ហើយ [ការប្រជុំចរចា] ខ្ជះខ្ជាយពេលវេលា យើងធ្វើស្រែចម្ការ។ យើង​បានបោះបង់​ការ​ទាមទារ​ដី​របស់​យើងហើយ»

លោក Michael Nanz សហប្រធាននៃអង្គការសិទ្ធិមនុស្ស FIAN Switzerland បាននិយាយថា កិច្ចព្រមព្រៀង «បានជោគជ័យទាំងស្រុងក្នុងការពង្រឹងស្ថានភាពបច្ចុប្បន្ន»​​​ សម្រាប់ក្រុមហ៊ុន Socfin ។

សមាជិកសហគមន៍ឃុំប៊ូស្រា បាននិយាយថា សព្វថ្ងៃនេះ សំណងតិចតួចដែលក្រុមហ៊ុន​បាន​ព្រមព្រៀងគ្នានោះ បានលេចចេញជារូបរាងបណ្តើរៗហើយ។

ពីចម្ការវិលជុំក្លាយជាការធ្វើចម្ការកៅស៊ូ

តំណាងសហគមន៍ពូចា លោក​ ប្រប់ទូច ញ៉េប បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ Socfin ប៉ុន្តែលោកបាននិយាយថា ការចរចាមិនអនុញ្ញាតឱ្យ​សហគមន៍រក្សាបាននូវដីទំនៀមទម្លាប់ភាគច្រើនដែលពួកគេដែលបានបាត់បង់នោះទេ។ ខេមបូចា/ Jack Brook

របាយការណ៍ឆ្នាំ២០១១ ពីសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) បានឱ្យដឹងថា ប្រជាពលរដ្ឋ​ជាង៨៥០គ្រួសារនៅក្នុងឃុំប៊ូស្រាដែលបានកាន់កាប់ដីធ្លី​បានរងផលប៉ះពាល់​ដោយសម្បទានដែលផ្តល់ឱ្យក្រមហ៊ុន Socfin ហើយភាគច្រើនមិនព្រមទទួល​យកការផ្លាស់ប្តូរ​ទីតាំង ឬសំណងជារូបិយវត្ថុពីក្រុមហ៊ុន។

ការស្ទង់មតិដីបឋមដែលធ្វើឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ និងបានបញ្ចប់ក្នុងឆ្នាំ ២០១៦ បានរកឃើញចម្ការអ្នកភូមិ១៣៦គ្រួសារកំពុងមានជម្លោះជាមួយក្រុមហ៊ុន Socfin ហើយ​ដីកន្លែងបញ្ចុះសព និងព្រៃឈើសក្ការៈរបស់ជនជាតិដើមភាគតិចពូនងចំនួន​៣០កន្លែង​ស្ថិត​នៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន ប៉ុន្តែការស្ទង់មតិមិនបានគណនាទំហំដីនោះទេ។ អ្នកសម្របសម្រួល IMG លោក ប៉ូច សោភ័ណ្ឌ មានប្រសាសន៍ថា គម្រោងគូស​ផែនទី​បឋម​ជា​បន្តបន្ទាប់ដែលសម្របសម្រួលដោយទីប្រឹក្សានៅក្នុងក្រុមសម្របសម្រួលឯករាជ្យដែលផ្តល់មូលនិធិដោយ MRLG បានគូសផែនទីដីសហគមន៍នៅក្នុងដីសម្បទាន​ «សម្រាប់គោល​បំណង​នៃ​ការសម្រុះសម្រួល និងការចុះបញ្ជីដីសហគមន៍នាពេលអនាគត»

របាយការណ៍និរន្តរភាពឆ្នាំ២០២១ របស់ Socfin បានឱ្យដឹងថា ប្រហែល៣០០ហិកតា​នៃទី​បញ្ចុះ​សព ព្រៃសក្ការៈ នឹងត្រូវបានអភិរក្សសម្រាប់ភូមិទាំងប្រាំក្រោមកិច្ចព្រមព្រៀង​នាពេល​ថ្មីៗនេះ។ ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីការបង្កើតផែនទីសហគមន៍ទេ។

លោក ម៉ាលី តំណាងម្នាក់ក្នុងចំណោមប្រាំនាក់របស់សហគមន៍​ភូមិពូលុតំណាងឱ្យ១០គ្រួសារ​ដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន​ បានប្រាប់ថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Socfin ថ្មីៗនេះ បានអនុញ្ញាតឱ្យភូមិពូលុ ស្នើសុំបណ្ណកម្មសិទ្ធិលើដីដើម្បីការពារព្រៃសក្ការៈ និងដីព្រៃ​បញ្ចុះសពដែលមានផ្ទៃដីចំនួន៧២ហិកតា ដែលជាកន្លែងប្រារព្ធពិធីប្រពៃណី និងបញ្ចុះសព​ដូនតា។

របាយការណ៍និរន្តរភាពរបស់ក្រុមហ៊ុន Socfin និយាយថា ក្រុមហ៊ុនក៏កំពុង «ការពារ» ដីបម្រុង​សហគមន៍ចំនួន២៥៤,៦ហិកតាផងដែរ។ ប៉ុន្តែ Socfin មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​ក្រុមហ៊ុន ឬ​សហគមន៍​ជាអ្នក​គ្រប់​គ្រង​ដី​បម្រុង​នោះ​ទេ។ 

កិច្ចព្រមព្រៀងរបស់សហគមន៍ពូលុ ឱ្យដឹងថា «ព្រៃបម្រុង» ចំនួនពីរនឹងនៅតែស្ថិតក្នុងកម្មសិទ្ធិ​របស់ក្រុមហ៊ុនជាចម្ការកៅស៊ូរហូតដល់សម្បទានផ្តល់ឱ្យក្រុមហ៊ុន Socfin ផុតកំណត់ក្នុង​រយៈ​ពេល​ជាង៥០ឆ្នាំក្រោយ។ ​ក្រុមហ៊ុន​បាន​និយាយ​ថា​សហគមន៍​អាច​ដាក់​ពាក្យ​សុំ​បណ្ណ​កម្មសិទ្ធិ​សហគមន៍បាន។

អ្នកស្រី ព្យើល នៀន តំណាងសហគមន៍ពូលុបាន​និយាយ​ថា​៖ «​យើង​គ្មាន​ជម្រើស​ទេ ប្រសិន​បើ​យើង​មិន​យល់ព្រម ពួកគេ​នឹង​នៅ​តែ​យក​ដី​​យើង​។ ប៉ុន្តែ​ខ្ញុំ​ខ្លាច​ថា​យើង​នឹង​គ្មាន​ដី​សម្រាប់​កូនចៅជំនាន់​ក្រោយ​»​

អ្នកស្រីធ្លាប់ដាំស្វាយ ចេក ដំឡូងមី និងដំឡូងនៅលើផ្ទៃដីចំនួនបីហិកតា ប៉ុន្តែត្រូវបង្ខំ​ចិត្ត​ប្រគល់​ដីនោះឱ្យទៅឱ្យក្រុមហ៊ុនSocfin និងទទួលយកដីនៅកន្លែងផ្សេង ដោយប្តូរ​ពីការ​ចំការ​វិលជុំតាមប្រពៃណីជនជាតិពូនងទៅជាការដាំដុះកៅស៊ូ ដូចដែល​អ្នកជិតខាង​ជាច្រើន​ទៀត​ដែលត្រូវបានបង្ខំឱ្យធ្វើចម្ការបែបនេះវិញ។​

អ្នក​ស្រី​បន្ត​ថា​៖ «​ពី​មុន​ខ្ញុំ​ចង់​បាន​ដី​ដើមមកវិញ ប៉ុន្តែ​ក្រុមហ៊ុន​មិន​យល់​ព្រម ហើយ​បាន​ឱ្យ​ដី​ខ្ញុំ​បី​ហិកតា​នៅ​កន្លែង​ថ្មី។ ខ្ញុំ​ដាំ​កៅស៊ូ​នៅ​ហ្នឹង​ពេលនេះ»

កំពុងរង់ចាំមូលនិធិអភិវឌ្ឍន៍

ផ្លូវមួយខ្សែឆ្លងកាត់ភូមិនីមួយៗក្នុងឃុំប៊ូស្រាកាលពីថ្ងៃទី១៥ ខែតុលា។ អ្នកភូមិ និយាយថាក្រុមហ៊ុនកៅស៊ូ Socfin មិនបានជួសជុលផ្លូវនៅក្នុងភូមិរបស់ពួកគេដែលជាផ្នែក នៃកិច្ចព្រមព្រៀងដែលពួកគេបានចុះហត្ថលេខាកាលពីខែកញ្ញាឆ្នាំ២០២១ទេ។ ខេមបូចា/ Jack Brook

លោក ម៉ាលី បាន​និយាយ​ថា ដំបូង​ឡើយ អ្នក​ភូមិពូលុ ​​ចង់បានប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ពី២០ទៅ៣០ភាគរយ សម្រាប់​ការ​ប្រើប្រាស់​ដី​របស់​ពួកគេ។ នៅចុងខែ​មិថុនា ក្រុមហ៊ុន Socfin បានរាយការណ៍ថា ខ្លួនទទួលបានចំណូលសម្រាប់ឆ្នាំ២០២២ ចំនួន ១១២,៣ លានអឺរ៉ូ (១១២,៦ លានដុល្លារ)។

ជំនួសឱ្យចំណែកនៃប្រាក់ចំណេញរបស់ពួកគេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Socfin ដោយមិនបាន​បញ្ជាក់ពេលវេលាមួយបានសន្យាថានឹងផ្តល់ឱ្យអ្នកភូមិពូលុនូវអណ្តូងទឹកចំនួនពីរ ជួសជុល​កំណាត់ផ្លូវចំនួន១០០ម៉ែត្រចំនួនពីរ និងលក់ដើមកៅស៊ូឱ្យសហគមន៍​ដើម្បីដាំនៅលើដី​ដែល​មានស្រាប់របស់ពួកគេ។ នេះបើយោងតាមកិច្ចព្រមព្រៀងដែលខេមបូចាបានឃើញ។ យោង​តាម​លោក​ ម៉ាលី ប្រាំមួយគ្រួសារក៏អាចទទួលបានកម្មសិទ្ធិលើដីស្រែចំនួន១០ហិកតា​នៅ​មាត់​អូរក្នុងដីសម្បទានរបស់ក្រុមហ៊ុនដែរ។

ក្រុមហ៊ុនបានយល់ព្រមផ្តល់ប្រាក់ចំនួន​ ១០​០០០ដុល្លារជារៀងរាល់ឆ្នាំដល់ភូមិពូលុ​រយៈ​ពេល​៣ឆ្នាំដោយចាប់ផ្តើមពីដើមឆ្នាំ២០២២ ដោយមួយភាគបួននឹងផ្តល់ជា​សាច់ប្រាក់​ដោយផ្ទាល់​ដល់​មូលនិធិដែលគ្រប់គ្រងដោយតំណាងសហគមន៍ ហើយនៅសល់ផ្តល់​តាមរយៈ​គម្រោង​អភិវឌ្ឍន៍ដែលស្នើឡើងដោយសហគមន៍។

កិច្ចព្រមព្រៀងពូលុឱ្យដឹងទៀតថា ក្រុមហ៊ុននឹងបញ្ចប់ការវាយតម្លៃសំណើអភិវឌ្ឍន៍ក្នុងរយៈ​ពេលពីរខែបន្ទាប់ពីការដាក់ស្នើដោយសហគមន៍ ហើយបន្ទាប់មកជួយអ្នកភូមិ​អនុវត្ត​គម្រោង​នេះ។ សមាជិកសហគមន៍បាននិយាយថា ពួកគេក៏សង្ឃឹមថានឹងប្រើប្រាស់មូលនិធិ​របស់​ក្រុមហ៊ុន​ដើម្បីរ៉ាប់រងថ្លៃព្យាបាលសម្រាប់សាច់ញាតិឈឺ និងចាស់ជរា និងជួយអ្នក​ដែលមាន​ការលំបាកផ្នែកហិរញ្ញវត្ថុ។

ប៉ុន្តែលោក ម៉ាលី បាននិយាយថា បន្ទាប់ពីដាក់សំណើអភិវឌ្ឍន៍ចំនួន១ម៉ឺនដុល្លារ ដែល​ ខេមបូចា បានឃើញកាលពីចុងខែឧសភា លោកត្រូវបានតំណាងក្រុមហ៊ុនប្រាប់ថា អ្នក​ភូមិ​គួរតែ​ទិញកៅស៊ូ និងដើមទុរេន ម៉ាស៊ីនបូមទឹក និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតដោយខ្លួនឯង រួចដាក់ពាក្យស្នើសុំសំណងវិញ។

លោក ម៉ាលី បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​បាន​ប្រាប់​យើង​ឱ្យ​រក​អ្នក​លក់​ដើម​កៅស៊ូ ហើយ​បន្ទាប់​មក​យក​វិក័យបត្រ។ ប៉ុន្តែសហគមន៍មិនមានលុយទេ។ យើង​ត្រូវ​ការ​ប្រាក់​ពី​ក្រុមហ៊ុន»

លោក រុន សារ៉ាយ មេធាវីនៃអង្គការជំនួយផ្នែកច្បាប់កម្ពុជា(LAC) ដែលតំណាងឱ្យសមាជិក សហគមន៍ក្នុងអំឡុងពេលការសម្របសម្រួលបាននិយាយថា ក្រុមហ៊ុនSocfin មានភាពមិន​ច្បាស់លាស់អំពីដំណើរការដើម្បីទទួលបានមូលនិធិ។

ដោយមានការភាន់ច្រឡំអំពីនីតិវិធីនៃកិច្ចព្រមព្រៀងនេះ ហើយជឿថាពួកគេនឹង​ទទួល​បាន​លុយ​មកវិញ អ្នកភូមិមួយចំនួនដូចជាលោក ម៉ាលី បាននិយាយថា ពួកគេបាន​យកប្រាក់​កម្ចី​ខ្នាតតូចដើម្បីរ៉ាប់រងការចំណាយ។ លោក ម៉ាលី បាននិយាយថា លោកត្រូវបង់ការប្រាក់​សរុប​២០០ដុល្លារក្នុងមួយខែសម្រាប់ប្រាក់កម្ចីជាច្រើនដែលលោកបានខ្ចីនៅឆ្នាំនេះ។ លោកបាន​ប្រើប្លង់រឹងដីផ្ទះរបស់លោកជាវត្ថុបញ្ចាំ។

តំណាងក្រុមហ៊ុន Socfin បានឆ្លើយតាមអ៊ីម៉េលកាលពីថ្ងៃទី២៦ ខែតុលាថា៖ «តំណាង​សហគមន៍មិនបានពិគ្រោះឬជូនដំណឹងដល់ក្រុមហ៊ុនមុនពេលចាប់ផ្តើមគម្រោងរបស់ពួកគេទេ។ រាល់សំណើដែលដាក់ស្នើដោយសហគមន៍ដែលបានចូលរួមក្នុងការសម្រុះសម្រួលលើ​ដីធ្លី​ដែលពាក់ព័ន្ធត្រូវបានទទួលស្គាល់ ហើយកំពុងត្រូវបានដោះស្រាយ»។​

តំណាងក្រុមហ៊ុនSocfin បានបន្ថែមថា ការរួមចំណែកជាសាច់ប្រាក់នឹងត្រូវផ្តល់ដល់​សហគមន៍​ក្នុងខែនេះ។

ក្រុមហ៊ុនបាននិយាយថា អ្នកភូមិពូលុ បានទិញដើមកៅស៊ូរួចហើយ ហើយបានទទួលការ​បណ្តុះ​បណ្តាលបច្ចេកទេសលើការដាំកៅស៊ូពីក្រុមហ៊ុននៅឆ្នាំនេះ ខណៈដែល​អ្នកភូមិពូរាំង​បានទទួលម៉ាស៊ីនកិនស្រូវមួយកាលពីខែតុលា។

ទន្ទឹមនឹងការកសាងស្ពានចំនួនបួន ក្រុមហ៊ុន Socfin បាននិយាយថា ខ្លួនបាន «កែលម្អ និងថែទាំផ្លូវជាង១១គីឡូម៉ែត្រ» សម្រាប់សហគមន៍។ ខណៈ​លោក ខាំ ផន​ជា អភិបាលរង​ស្រុក​ពេជ្រាដា បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​ធ្វើ​ផ្លូវ​ក្នុង​ឃុំរួចហើយ​ ប៉ុន្តែលោក យ៉ើន សារិន មេ​ឃុំ​ប៊ូស្រា បាន​ប្រាប់ថា ក្រុមហ៊ុន​មិន​ទាន់​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ណា​មួយ​នៅ​ឆ្នាំ​នេះ​ទេ។

តំណាងសហគមន៍នៅក្នុងភូមិពូចា បាននិយាយថាពួកគេបានចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ស្រដៀងគ្នាជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុនថានឹងផ្តល់ថវិកាចំនួន៩ ០០០ដុល្លារ​ជា​មូលនិធិអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងពូលុ និងពូចា ឱ្យដឹងថា ប្រសិនបើមូលនិធិអភិវឌ្ឍន៍​ដែលបាន​បែងចែក​ជារៀង​រាល់ឆ្នាំមិនត្រូវបានប្រើក្នុងឆ្នាំប្រតិទិនណាមួយទេវានឹងត្រូវបានរក្សាទុកដោយក្រុមហ៊ុន ហើយ «ត្រូវ​យកមកពិភាក្សាឡើងវិញ» នៅចុងបញ្ចប់នៃរយៈពេលទូទាត់។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Socfin Cambodia លោក Jef Boedt និងអ្នកគ្រប់គ្រង​ផ្នែក​និរន្តរភាព Bénédicte Nicoleau បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងនាមក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន។ ពួក​គេ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

គ្រួសារកសិករចម្ការកៅស៊ូ

ដើមកៅស៊ូដែលដាំដោយក្រុមហ៊ុន Socfin លើដីដែលត្រូវបានផ្តល់ជាសម្បទាន​សេដ្ឋកិច្ច​ដោយ​រដ្ឋាភិបាលកម្ពុជា ទោះជាវាជាន់ជាមួយដីទំនៀមទំលាប់​របស់សហគមន៍​ប៊ូស្រាក្តី។ ខេមបូចា/ Jack Brook

កិច្ចព្រមព្រៀងពូលុ​មិនរួមបញ្ចូលកិច្ចសន្យាថ្មីជាមួយគ្រួសារ​ដែលធ្វើចម្ការកៅស៊ូ​ក្នុង​ដី​សម្បទាន Socfin ដែលជាទិដ្ឋភាពមួយផ្សេងទៀតនៃជម្លោះនោះទេ។ របាយការណ៍​និរន្តរភាពឆ្នាំ ២០២១របស់ Socfin បានឱ្យដឹងថាជាផ្នែកមូយនៃសំណង ពលរដ្ឋសរុប៥២ គ្រួសារ រួមទាំងគ្រួសារអ្នកភូមិនៅប៊ូស្រាដែលត្រូវបានផ្លាស់ទីលំនៅ កំពុងធ្វើចម្ការកៅស៊ូ​១៣៦ហិកតា​នៅក្នុងសម្បទាន

លោក សោភ័ណ្ឌ បាននិយាយថា៖ «ដោយសារអ្នកសម្រុះសម្រួលមិនមាន​បទពិសោធន៍​ក្នុងការធ្វើកសិកម្មតាមកិច្ចសន្យា ឬឥណទាន/កម្ចី»​​ ដែលការណ៍នេះ​ធ្វើឱ្យមិនអាច​បញ្ចប់​កិច្ចសន្យាថ្មីបានទេ ហើយវានឹងចំណាយពេលច្រើនក្នុងការចរចាជាមួយគ្រួសារ​នីមួយៗ​ដែលកាន់កិច្ចសន្យាជាមួយក្រុមហ៊ុន។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើទិដ្ឋភាព​ផ្សេងទៀតនៃកិច្ចព្រមព្រៀង Socfin ដោយលើកឡើងពីការសម្ងាត់នៃកិច្ចព្រមព្រៀង។

ខណៈដែលកិច្ចសន្យាដាំកៅស៊ូរបស់ពួកគេកំពុងមាននាពេលបច្ចុប្បន្ន អ្នកភូមិតម្រូវឱ្យបង់​ប្រាក់​ឱ្យក្រុមហ៊ុនចំនួន ១ដុល្លារក្នុងមួយដើមកៅស៊ូ (ឬជាមធ្យមជាង ៥០០ ដុល្លារក្នុងមួយ​ហិកតា​នៃចម្ការកៅស៊ូ) នេះបើយោងតាមតំណាងសហគមន៍ប្រាំនាក់នៅក្នុងភូមិចំនួនពីរ និងកិច្ចសន្យាប្រើប្រាស់ដីរបស់ លោក​​ ម៉ាលី ជាមួយក្រុមហ៊ុនពីឆ្នាំ២០១៤។​ កិច្ចសន្យានេះ​ក៏​រួម​បញ្ចូល​ថ្លៃថែទាំ និងការប្រាក់៥ភាគរយ ដែលប្រមូលបានក្នុងរយៈពេលជាង១០ឆ្នាំ ដែល​បង្ហាញ​​ថា​លោក ម៉ាលី បានជំពាក់ក្រុមហ៊ុនច្រើនជាង៥​ ០០០ដុល្លា សម្រាប់ដីទំហំ២,៨ហិកតា​របស់​ខ្លួន។ 

លោក ម៉ាលី និង​អ្នក​ជិត​ខាង​និយាយ​ថា ពួក​គេ​បាន​បដិសេធ​មិន​បង់​ប្រាក់​ឱ្យ​ក្រុមហ៊ុន​ទេ ព្រោះ​ថ្លៃ​ចំណាយ​ខ្ពស់​ពេក។

លោក ង៉ែ ណាំ តំណាងសហគមន៍​ពូលុនិង​ជាកសិករ​ដាំ​កៅស៊ូ​ម្នាក់​ទៀត​ដែល​បាន​ប៉ាន់​ប្រមាណ​ថា​លោក​ជំពាក់​ក្រុមហ៊ុន​ជាង១០​ ០០០ដុល្លារបាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​ខ្ញុំ​មាន​អារម្មណ៍​​ភ័យ​ខ្លាច មាន​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា​យើង​នឹង​ត្រូវ​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន​វិញ​ព្រោះ​យើង​មិន​អាច​សងគេ​បាន»

កិច្ចព្រមព្រៀងពូលុនិយាយថា សហគមន៍ និងក្រុមហ៊ុននឹងយល់ព្រមលើលក្ខខណ្ឌ​បង់ប្រាក់​ថ្មីសម្រាប់ការប្រើប្រាស់ដីចំការកៅស៊ូនៅខាងក្នុងដីសម្បទាន ដោយកំណត់ថាក្រុមហ៊ុន​នឹង​ផ្តល់​កិច្ចសន្យាដែលបានកែសម្រួលនៅក្នុងខែមិថុនាឆ្នាំនេះ។

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Socfin បានទទួលស្គាល់ថាកិច្ចសន្យាថ្មីមិនត្រូវបានផ្តល់​ឱ្យទេ។ ប៉ុន្តែមេធាវីតំណាងសហគមន៍ លោក សារ៉ាយ បាននិយាយថា មូលនិធិជំនួយ​ផ្នែក​ច្បាប់​ដើម្បីតំណាងឱ្យជនជាតិដើមភាគតិចពូនងបានអស់ថវិកាហើយនៅខែកញ្ញាកន្លងទៅ ដូច្នេះ​អង្គការរបស់លោកអាចជួយពលរដ្ឋតាមការពិគ្រោះយោបល់ពីចម្ងាយ។

លោក Deligne មកពីមូលនិធិសម្របសម្រួល MRLG បានប្រាប់ថាសហគមន៍អាច​ស្នើ​សុំ​ជំនួយពីមន្ត្រីមូលដ្ឋាន ដើម្បីធានាបាននូវកិច្ចព្រមព្រៀងងត្រូវបានអនុវត្ត។​

លោក​បាន​ទទួល​ស្គាល់​ថា លទ្ធផល​នៃ​ការ​សម្រុះ​សម្រួល​នេះ«ប្រហែល​ជា​មិន​ល្អ​ដូច​អ្វី​ដែល​ដំណើរ​ការ​តុលាការ​ធម្មតា​នឹង​បាន​សម្រេច​នោះ​ទេ»។ ទោះយ៉ាងណាក៏ដោយលោក Deligne បានកត់សម្គាល់ថា គ្រប់ស្ថានភាពទាំងអស់ ​«មិនមែនដំណើរការតុលាការសុទ្ធតែ​ជាដំណោះ​ស្រាយនោះទេ»

Aurélie Righetti មន្រ្តីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែល​បាន​ផ្តល់មូលនិធិឱ្យ MRLG ចំនួន៤៩០​ ០០០ដុល្លារ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២២ បាន​និយាយ​ថា អង្គការរបស់នាងកំពុងរង់ចាំលទ្ធផល​នៃការពិនិត្យពីខាងក្រៅ​នៃលទ្ធផល​សម្រុះសម្រួល មុនពេលធ្វើអត្ថាធិប្បាយលើដំណើរការ និងលទ្ធផល។

បណ្ណកម្មសិទ្ធិដីសហគមន៍មិនច្បាស់លាស់

អ្នកភូមិពូលុ ឈ្មោះ ក្លាង ប៉ូ ដែលមិនបានចូលរួមក្នុងការចរចា និងផ្នែកមួយក្រុម​មនុស្ស​ដែល​បន្តប្តឹងប្រឆាំងនឹងម្ចាស់ភាគហ៊ុន Socfin Bolloré បង្ហាញពីដីធ្លីនៅលើផែនទី​ក្នុងឃុំប៊ូស្រា។ ខេមបូចា/ Jack Brook

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ជាពិសេសស្ថានភាពនៃផែនទីដីសហគមន៍​រវាងក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ Socfin និងភូមិដែលពាក់ព័ន្ធនឹងការសម្រុះសម្រួល ហាក់ដូចជាមិនច្បាស់​លាស់​សោះសម្រាប់សមាជិកសហគមន៍ភាគច្រើន។

តំណាងមកពីភូមិពូលុ និងពូចា និយាយថា ពួកគេបានទទួលច្បាប់ចម្លង​ច្បាប់ដើមនៃ​កិច្ច​ព្រម​ព្រៀងនីមួយៗប៉ុណ្ណោះ ហើយមិនបានចែករំលែក​ព័ត៌មាន​ជាមួយអ្នកជិត​ខាង​របស់​ពួកគេ​ក្នុង​អំឡុងពេលចរចា ដោយសារតែជាកិច្ចព្រមព្រៀងសម្ងាត់ដែលដាក់ដោយក្រុមហ៊ុន។ Socfin និង MRLG បានបញ្ជាក់ថាការសម្ងាត់ត្រូវបានទទួលយកដោយភាគីទាំងអស់ដើម្បីកសាង​ទំនុក​ចិត្ត។

លោក ប្រប់ទូច បានប្រាប់ថា៖ «ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ [សម្រាប់​កិច្ច​ព្រមព្រៀង​រក្សា​ការ​សម្ងាត់]​។ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ការ​ពន្យល់​ណា​មួយ​ទេ»។ លោក​បាន​បន្ត​ថាលោកបាន​យល់​ព្រម​ដោយ​​សារ​តែ៖ «​យើង​បារម្ភ​ថា​ការ​ចរចា​នឹង​មិន​ដំណើរការ​ល្អ ហើយ​ខ្ញុំ​ភ័យ​ខ្លាច ខ្លាចថា​ក្រុមហ៊ុន​​មិន​ប្រគល់​ដីឱ្យយើង​​វិញ»

សូម្បីតែបន្ទាប់ពីការចរចាបានបញ្ចប់ក៏ដោយ អ្នកភូមិពូលុ លោក ក្លាង ប៉ូ បាននិយាយថា លោក ម៉ាលី និងតំណាងពូលុផ្សេងទៀតមិនបានចែករំលែកលទ្ធផលជាមួយអ្នកដទៃទេ។ លោក ប៉ូបាន​និយាយ​ថា​៖ «​លទ្ធផល​ល្អ​ឬ​មិន​ល្អ​គេ​មិន​ដែល​ប្រាប់​យើង​ទេ»​

លោក ប៉ូ ជាដើមបណ្តឹងក្នុងបណ្តឹងប្រឆាំងនឹងម្ចាស់ភាគហ៊ុន Socfin គឺលោក Bolloré ។ នៅ​ខែ​កក្កដា ឆ្នាំ២០២១ តុលាការបារាំងបានកាត់ក្តីប្រឆាំងនឹងជនជាតិពូនងចំនួន៩៧ គ្រួសារ​ដែលបានប្តឹងទាមទារយកដីសហគមន៍មកវិញដោយហេតុផលថាពួកគេមិនមានបណ្ណកម្មសិទ្ធិស្របច្បាប់នៅពេលដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ Socfin ទទួលបានសម្បទានរបស់ពួកគេ។ មេធាវី​​របស់​សហគមន៍​ពូនង​បាន​និយាយ​ថា ពួកគេ​កំពុង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ។

មេភូមិពូលុបច្ចុប្បន្ន លោក ថាញ់ ហ៊ីម និង លោក ម៉ាលី ភិន អតីតមេភូមិក្នុងអំឡុងពេល​ដំណើរការសម្រុះសម្រួល និងប្អូនប្រុសរបស់ ម៉ាលី គីម ទាំងពីរបាននិយាយថា ពួកគេមិន​ដែលឃើញផែនទីដីសហគមន៍ថ្មីសម្រាប់ភូមិរបស់ពួកគេទេ ហើយមិនប្រាកដថានឹងរួម​បញ្ចូលដី​អ្វីខ្លះបន្ទាប់ពីការសម្រុះសម្រួលឡើយ។ . ពួកគេបានជ្រើសរើសចូលរួមក្នុងការ​ប្ដឹងតវ៉ាក្នុងគោលបំណងទាមទារយកដីស្រែរបស់ពួកគេមកវិញ ជំនួសឱ្យការចូលរួម​ក្នុងការ​ចរចា ប៉ុន្តែពួកគេក៏ចង់ទទួលបានអត្ថប្រយោជន៍ពីប័ណ្ណកម្មសិទ្ធិសហគមន៍ផងដែរ។

ខណៈពេលដែលក្រុមហ៊ុន និងMRLG បានរក្សាសិទ្ធិកាន់កាប់ដីសហគមន៍នោះអនុវត្ត​តែ​ចំពោះ​ព្រៃសក្ការៈ ទីបញ្ចុះសព និងព្រៃបម្រុង ប៉ុន្តែដីស្រែចំការនិងលំនៅឋាន​របស់​អ្នកភូមិ​ក៏មានសិទ្ធិទទួលបានបណ្ណកម្មសិទ្ធិសហគមន៍ផងដែរ នេះបើយោងតាមអនុក្រឹត្យ​ឆ្នាំ២០០៩​ស្តីពីការចុះបញ្ជីដីជនជាតិដើមភាគតិច។

លោក ប៉ូ បាន​ឱ្យដឹង​ថា៖ «ខ្ញុំ​ចង់​ឱ្យ​ដី​របស់​ខ្ញុំ​ក្លាយ​ជា​ចំណែក​នៃ​កម្ម​សិទ្ធិ​ដី​សហគមន៍។ ប្រសិន​បើ​យើង​ទទួល​បាន​ប្លង់ដីផ្ទាល់ខ្លួន យើង​នឹង​ត្រូវ​កាត់​ចេញ​ពី​សហគមន៍»

ដីទំនៀមទម្លាប់ជនជាតិពូនងដែលមិនត្រូវបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀង — ភាគច្រើន​នៃដីស្រែចម្ការរបស់អ្នកភូមិ នេះបើតាមមេភូមិពូលុ លោកហ៊ីម — នឹងមិនមានសិទ្ធិ​ទទួលបាន​បណ្ណកម្មសិទ្ធិរហូតដល់ក្រោយសម្បទានបញ្ចប់ទេ ព្រោះវានៅតែមានជម្លោះ និងមិនមែន​ជា​ផ្នែក​នៃផែនទីដែលអនុម័តដោយក្រុមហ៊ុនSocfin ។

លោក​បាន​បញ្ជាក់​ថា៖ «វា​មិន​ត្រឹម​ត្រូវ​ទេ វា​អយុត្តិធម៌។ ក្រុមហ៊ុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដី​រយៈពេល៥០ឆ្នាំ​ទៀត បន្ទាប់​មក​ប្រគល់​ដី​នោះ​ទៅ​រដ្ឋ​ដោយ​មិន​មាន​បណ្ណ [ដី​សហគមន៍]»

បន្ទាប់ពីការចរចា មេធាវី សារ៉ាយ បាននិយាយថា មិនមានផែនទីដីសហគមន៍ណាមួយ​ត្រូវ​បាន​​ផលិតទេ ប៉ុន្តែក្រុមហ៊ុន និងសហគមន៍បានយល់ព្រមលើព្រំប្រទល់ដីរបស់គ្នា​ទៅវិញ​ទៅ​មក ដែលអាចដើរតួជាជំហានដំបូង​ក្នុងការផលិតផែនទីផ្លូវការដែលត្រូវការសម្រាប់កម្មវិធី​ផ្តល់​បណ្ណកម្មសិទ្ធិដីសហគមន៍។

ក្រុមហ៊ុនSocfin បានឱ្យដឹងថា ខ្លួនបានសម្គាល់លើព្រំប្រទល់ដីសហគមន៍​ជាមួយ​អ្នកភូមិ​តាម​រយៈផ្ទាំងព័ត៌មានចំនួន១៣៨នៅក្នុងសម្បទានដើម្បីការពារដី ខណៈដែល​សហគមន៍​កំពុងរង់​ចាំការកាន់កាប់ជាផ្លូវការ។ ជំហានបន្ទាប់នៅក្នុងដំណើរការ ដែលលោកសារ៉ាយ​បាននិយាយ​ថា​មិនទាន់បានចាប់ផ្តើម ទំនងជានឹងចំណាយពេលច្រើនឆ្នាំ និងចំណាយអស់រាប់ម៉ឺនដុល្លារ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ២០២១។

លោក សារ៉ាយ មានប្រសាសន៍ថា អ្នកភូមិពូនងអាចប្រើប្រាស់ដីសហគមន៍​ដែលទទួលស្គាល់​ដោយក្រុមហ៊ុនបានឥឡូវនេះ ប៉ុន្តែដំណើរការផ្តល់​បណ្ណកម្មសិទ្ធិ​គឺពិបាក​ពេកក្នុងការ​ធ្វើវា​តែ​ម្នាក់​ឯង។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ពួកគាត់​ត្រូវ​ការ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដើម្បី​ជួយ​គាំទ្រ​ពួកគាត់» ប៉ុន្តែ​គ្មាន​សហគមន៍​ណា​មួយ​មាន​អង្គការ​ដែល​ជួយ​ពួកគេ​យ៉ាង​សកម្ម​នៅ​ពេល​នេះ​ទេ។

លោក សារ៉ាយ បានបន្ថែមថា ចំណុចសំខាន់ គឺក្រុមហ៊ុន Socfin មិនទទួលខុសត្រូវក្នុងការ​ធានាការ​កាន់កាប់ដីធ្លី​របស់សហគមន៍នោះទេ។

លោក​បាន​ថ្លែង​ថា​៖ «​វា​មិន​មែន​ជា​បញ្ហា​របស់​ក្រុមហ៊ុន​នោះ​ទេ នោះ​ជា​បញ្ហា​របស់​សហគមន៍»

អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និងអភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហៀង មានប្រសាសន៍ថា ពួកគេមិនមានព័ត៌មានអំពីស្ថានភាពនៃការស្នើសុំបណ្ណ​កម្មសិទ្ធិ​សហគមន៍ភូមិពូនងងទេ។

តំណាងភូមិពូចា លោក ព្រុត ថា ឈរនៅជាយព្រៃតំណម យោកឡំ ដែលទទួលបាន​ដំណោះ​ស្រាយពីក្រុមហ៊ុន Socfin ហើយក្តីដែលនៅតែខ្វះបណ្ណកម្មសិទ្ធសហគមន៍ មាន​ប្រសាសន៍ថាលោកសប្បាយចិត្តដែលសហគមន៍របស់លោកយ៉ាងហោចណាស់បានរក្សាព្រៃដែលហ៊ុំព័ទ្ធដោយជួរដើមកៅស៊ូនេះ។

លោក ​ថា បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​តែ៥០ភាគរយប៉ុណ្ណោះចំពោះអ្វី​ដែល​ក្រុមហ៊ុន​បាន​និយាយ​ថា​ពួកគេ​នឹង​ផ្តល់​ឱ្យ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​។ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ប្រាកដ១០០ភាគរយនៅឡើយ​ទេ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After Rubber Firm Deal, Bunong Fear Broken Promises, Uncertain Land Tenure

213 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម