សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីកសិកម្មនៅតាមឃុំថាជួបឧបសគ្គដោយសារកង្វះកិច្ចសហការ​ពីកសិករ

មន្ត្រីកសិកម្មដែលក្រសួងបញ្ចូនទៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច កំពុងចុះមកពិនិត្យពីផលប៉ះពាល់ដែលបណ្តាលមកពីរុយសបំផ្លាញស្រូវរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
មន្ត្រីកសិកម្មដែលក្រសួងបញ្ចូនទៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច កំពុងចុះមកពិនិត្យពីផលប៉ះពាល់ដែលបណ្តាលមកពីរុយសបំផ្លាញស្រូវរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

មន្ត្រីកសិកម្មដែលក្រសួងដាក់ពង្រាយនៅតាមឃុំគោលដៅមួយចំនួនអះអាងថា ពួកគេជួបឧបសគ្គក្នុងការបំពេញការងារ ដោយសារ​តែនៅពេលចុះបង្រៀន ឬផ្សព្វផ្សាយបច្ចេកទេសថ្មីៗមិនសូវមានកសិករចូលរួម។

កសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលក្នុងកម្មវិធីអាទិភាពទាំង​៦ នៅក្នុងអាណត្តិទី៧ ដែលសង្កត់ធ្ងន់លើការពង្រឹងសមត្ថភាពកសិករ និងរកទីផ្សារកសិផល។

ក្នុងនោះ កម្មវិធីអាទិភាពទី៥ រដ្ឋាភិបាលបានផ្តោតលើការដាក់ចេញនូវកញ្ចប់ថវិកាបឋម ១០០លានដុល្លារ ដើម្បីត្រៀមអន្តរាគមន៍ឱ្យទាន់​ពេលក្នុងការទទួលទិញកសិផលពីកសិករដូចជា ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន និងស្វាយចន្ទីជាដើម។ ដោយឡែក កម្មវិធីអាទិភាពទី៦ គឺការពង្រាយមន្ត្រីជំនាញទៅតាមឃុំ-សង្កាត់ ដើម្បីជួយផ្នែកបច្ចេកទេស និងរកទីផ្សារជូនកសិករ។

មន្ត្រីជំនាញកសិកម្មចំនួន២៥០នាក់ក៏ត្រូវបានរដ្ឋាភិបាលប្រកាសជ្រើសរើសកាលពីខែតុលា ឆ្នាំ២០២៣ និងបានពង្រាយឱ្យចុះជួយផ្នែកបច្ចេកទេស និងរកទីផ្សារឱ្យកសិករក្នុងខេត្តគោលដៅចំនួន១៧ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ដែលគិតមកទល់ខែសីហានេះ មានរយៈពេលប្រមាណកន្លះឆ្នាំ។ ខេត្តអាទិភាព​ទាំង១៧ ​រួម​មាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និង​ខេត្តមណ្ឌលគិរី​។

ទោះយ៉ាងណាគោលនយោបាយពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាននៅតែបង្ហាញពីឧបសគ្គក្នុងការលើកស្ទួយវិស័យកសិកម្ម ដោយ​ក្រុមមន្ត្រីជំនាញបានអះអាងថា កសិករជាច្រើនមិនចាប់អារម្មណ៍លើបច្ចេកទេសដាំដុះ និងមើលថែដំណាំ ដែលពួកគេណែនាំ។ ដោយឡែក កសិករនៅតាមបណ្តាខេត្តគោលដៅមួយចំនួន បែរជាអះអាងថា មិនចង់ដឹងពីការផ្សព្វផ្សាយនោះ ហើយខ្លះទៀតថាមិនដែលឃើញមន្ត្រីជំនាញចុះផ្សព្វផ្សាយពីបច្ចេកទេស​កសិកម្មឡើយ។

មន្ត្រីកសិកម្មប្រចាំនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក គង់ សុគា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែនៃការចុះជួយកសិករ លោកបានជួយផ្សព្វផ្សាយពីកម្មវិធីស្រែល្អ ដែលអាចឱ្យកសិករទទួលបានផលច្រើន និងបានស្រង់ទិន្នន័យកសិកម្មឃុំផងដែរ។ បន្ថែមលើនេះ លោកក៏បានចុះសង្កេតពីផលប៉ះពាល់នៃដំណាំស្រូវរបស់កសិករ រួមនិងកៀរគរឱ្យប្រជាពលរដ្ឋធ្វើកសិកម្មតាមបែបសហគមន៍កសិកម្មទំនើប។

សហគមន៍កសិកម្មទំនើប​ គឺជាសហគមន៍កសិកម្មដែល​ផលិតកសិផលរួមគ្នា ​មានលក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែលសំដៅដល់ការប្រើប្រាស់​ពូជ និងជី ដូចគ្នា ហើយដាំដុះ និងប្រមូលផលតាមផែនការ។ ក្រសួងកសិកម្មដាក់ឱ្យអនុវត្តន៍ សហគមន៍​កសិកម្ម​ទំនើប​ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ​ឆ្នាំ​២០២៣ ដោយមានកញ្ចប់ថវិកាជួយទ្រទ្រង់តាមស្ថានភាពជាក់ស្តែងនៅសហគមន៍​។​

តែយ៉ាងណា លោក សុគា បានឱ្យដឹងថា រាល់ពេលលោករៀបចំការប្រជុំផ្សព្វផ្សាយម្តងៗ មានតែពលរដ្ឋប្រមាណ២០នាក់ប៉ុណ្ណោះ ដែលបានមកចូលរួមស្តាប់ ក្នុងចំណោមពលរដ្ឋនៅក្នុងឃុំបារាយណ៍សរុបជាង ២ ៥០០គ្រួសារ។ លោកចាត់ទុកថា កង្វះកិច្ចសហការពីកសិករនេះ ជាឧបសគ្គដ៏ធំ ក្នុងការជួយឱ្យវិស័យកសិកម្មក្នុងឃុំមានការរីកលូតលាស់។

លោកបញ្ជាក់ថា៖ «ពេលមានប្រជុំអ្វីមួយ គឺភាគតិចណាស់ដែលកសិករគាត់មានពេល ដើម្បីទៅចូលរួមស្តាប់ការផ្សព្វផ្សាយរបស់យើង ដែលជាមន្ត្រីកសិកម្មឃុំសុទ្ធតែជាបញ្ហា ប្រសិនបើគាត់អត់សូវសហការ គឺលំបាកក្នុងការកៀរគរពួកគាត់ ដើម្បីចងក្រងជា​សហគមន៍កសិកម្ម»

មន្ត្រីកសិកម្មដដែលបានបញ្ជាក់ថា ការដែលកសិករភាគច្រើនមិនចូលរួមពេលប្រជុំផ្សព្វ​ផ្សាយ​ជាមួយមន្ត្រីជំនាញក្នុងមូលដ្ឋាន ដោយ​សារ​តែពួកគេគិតថាខ្លួនឯងមានបទពិសោធន៍​ពេញលេញ ពុំចាំបាច់រៀនសូត្របច្ចេកទេសពីនរណាទៀតឡើយ។

លោកថ្លែងថា៖ «កសិករខ្លះអត់សូវចាប់អារម្មណ៍ គឺគាត់គិតថាគាត់មានសមត្ថភាព គាត់អាចធ្វើស្រូវបានផលល្អ។ ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍គឺទាក់ទងនឹង ថ្លៃទីផ្សារវិញ គឺគាត់ចង់បានតែតម្លៃលក់កសិផលស្រូវរបស់គាត់ ឱ្យបានតម្លៃខ្ពស់»

មន្ត្រីកសិកម្មប្រចាំឃុំបន្ទាយចក្រី ស្រុកព្រះស្តេច កំពុងចុះមកពិនិត្យពីផលប៉ះពាល់ដែលបណ្តាលមកពីរុយសបំផ្លាញស្រូវរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ប្រហាក់ប្រហែលគ្នាដែរ មន្ត្រីកសិកម្មប្រចាំឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង លោក ញ៉ ឃុយ ក៏លើកឡើងពីកង្វះកិច្ចសហការ​ពីប្រជាកសិករដែរ។ លោកថា ពលរដ្ឋក្នុងឃុំសរុបមានរហូតដល់ជាង ៤ ០០០គ្រួសារ ដែលភាគច្រើនជាកសិករ។ ប៉ុន្តែមានតែពលរដ្ឋ​ប្រមាណ២០នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍ចូលរួមក្នុងវេទិកាផ្សព្វផ្សាយពីចំណេះដឹងកសិកម្មដែលលោកបានធ្វើរាល់ដង។

លោកថា កសិករផ្សេងទៀតមិនចាប់អារម្មណ៍ទាល់តែសោះ ទោះបីអាជ្ញាធរភូមិឃុំ អញ្ជើញឱ្យចូលរួមក៏ដោយ។ ផ្ទុយទៅវិញ ពួកគេចង់ចូលរួម តែពេលស្រូវ ឬដំណាំ មានបញ្ហាប៉ុណ្ណោះ។

លោកឱ្យដឹងថា៖​ «បើសិនជាគាត់អត់មានបញ្ហាអ្វីទេ គាត់អត់សូវចូលរួមប្រជុំទេ។ គាត់ថាគាត់អត់លះបង់ពេលវេលាធ្វើការងារគាត់ហ្នឹងទេ គាត់អត់មកប្រជុំផ្សព្វផ្សាយហ្នឹងទេ»

ទោះជាជួបឧបសគ្គបែបនេះក្តី ប៉ុន្តែលោកនៅតែខិតខំចុះទៅជួបពលរដ្ឋដល់ផ្ទះ និងតាមស្រែចម្ការ ដើម្បីចែករំលែកពីបច្ចេកទេសផ្សេងៗ ដើម្បីពង្រីកវិសាលភាពនៃវិស័យកសិកម្មក្នុងឃុំនេះ។ លោកក៏ស្នើឱ្យពលរដ្ឋបង្កើនកិច្ចសហការជាមួយមន្ត្រី ជាជាងការមាន​តែបទពិសោធន៍ ប៉ុន្តែខ្វះបច្ចេកទេស។

លោកថ្លែងថា៖ «បើសិនជាគាត់សហការជាមួយមន្ត្រីកសិកម្មឃុំ គឺមានអ្វីផ្សេងៗថ្មីទៀតសម្រាប់គាត់។ បើសិនជាគាត់អត់សហការទេ គាត់នៅតែមួយចំណុចរបស់គាត់ហ្នឹង គឹមានបទពិសោធន៍ ប៉ុន្តែបើបច្ចេកទេស គឺគាត់អត់ទាន់មានទេ»

មេឃុំបន្ទាយចក្រី អ្នកស្រី នូ សាមួន ទទួលស្គាល់ថា កសិករក្នុងមូលដ្ឋានរបស់គាត់ ពិតជាមិនសូវសកម្មក្នុងការសហការជាមួយមន្ត្រីជំនាញមែន។ អ្នកស្រីបញ្ជាក់ថា ហេតុផលមួយចំនួនដែលធ្វើឱ្យប្រជាកសិករមិនសូវបានចូលរួមជាមួយមន្ត្រីជំនាញ គឺកសិករមានផ្នត់គំនិត​យល់ថាពួកគាត់ចេះធ្វើកសិកម្មហើយ​ ខណៈមួយចំនួនធ្វើចំណាកស្រុក។

អ្នកស្រីមានប្រសាសន៍ថា៖ «ផ្នត់គំនិតពួកគាត់(កសិករ)គិតថាគាត់ធ្លាប់ធ្វើតាមទម្លាប់ពីមុនមក ដែលគាត់ចេះខ្លួនឯង ចេះតែធ្វើៗទៅ ដោយចំណាយទុន(ដើម) អស់ច្រើន ដល់ចឹងផលបានដូចចំណាយទុន(ដើម)តិច»

យ៉ាងណា អ្នកស្រី សាមួន បញ្ជាក់ថា គាត់តែងតែជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជួយកៀរគរប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីបង្ការការខូចខាតស្រូវ ដោយសាររោគ និងសត្វល្អិតផ្សេងៗ។

កសិករនៅភូមិពោធិ៍រិយំ នៃឃុំបន្ទាយចក្រី លោក សាន្ត វីរៈ បានឱ្យដឹងថា គាត់មិនធ្លាប់បានទៅចូលរួមប្រជុំជាមួយមន្ត្រីកសិកម្មទេ ដោយសារតែរវល់។ ប៉ុន្តែគាត់ថាធ្លាប់បានទទួលការណែនាំខ្លះៗពីមន្ត្រីជំនាញ ដែលមកផ្ទះរបស់លោកផ្ទាល់។

ដោយសារតែមិនសូវបានយល់ដឹងពីបច្ចេកទេសថែទាំដំណាំ កសិករវ័យ៥៤ឆ្នាំ ដែលកំពុងធ្វើស្រែទំហំជាង១០ហិកតារូបនេះ ក៏ធ្លាប់រងការខូចខាតអស់ស្រូវជាង៦ហិកតា ដោយសារតែសត្វរុយស។ ពេលនោះគាត់បានខាតបង់ថវិកាជាង១០លានរៀល ក្រោយចំណាយដើមអស់៣០លានរៀល តែបានទិន្នផលស្រូវលក់បានតែជិត២០លានរៀល។

លោកស្នើឱ្យអាជ្ញាធរជូនដំណឹងឱ្យច្រើនថ្ងៃមុនពេលចុះប្រជុំផ្សព្វផ្សាយដើម្បីរូបលោក និងកសិករផ្សេងទៀតមានពេលគ្រប់គ្រាន់ក្នុងការចូលរួម។ លោករំពឹងថា នឹងបានចូលរួមវេទិកាក្រោយៗ ដើម្បីអាចយល់ដឹងពីបច្ចេកទេសផ្សេងៗ។

លោកនិយាយថា៖ «បើបានចូលរួម គឺល្អ! យើងបានយល់ដឹងច្រើន ពីរបៀបរបរធ្វើស្រូវ។ ប៉ុន្តែយើងមិនបានចូលរួមអ៊ីចឹង យើងមិនបានដឹងពីរបៀបធ្វើស្រូវយ៉ាងម៉េចៗ! ហើយបញ្ហាស្រូវម៉េច»។

ដោយឡែក កសិករនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង លោក ទូច ចំរើន អះអាងថា ធ្លាប់ឃើញមន្ត្រីកសិកម្ម ចុះមកណែនាំកសិករជាញឹកញាប់ដែរ ប៉ុន្តែលោកមិនដែលហ៊ានចូលរួមព្រោះមានការភ័យខ្លាច។

មួយវិញទៀត គាត់គិតថាមិនចាំបាច់ខ្វាយខ្វល់ពីបច្ចេកទេសថ្មីទេ ព្រោះតែគាត់ធ្វើស្រែតិចតួច ត្រឹម២ហិកតា។

លោកថា៖ «ខ្ញុំអត់ដែលបានជួប[មន្ត្រីកសិកម្ម]ផង! ខ្ញុំឃើញគេ ខ្ញុំជិះម៉ូតូគេចបាត់ ខ្លាចគេសួរអត់ចេះឆ្លើយ។ គេមិនដែលបានឃើញខ្ញុំទេ! បើគេមកខាងនេះ ខ្ញុំគេចទៅនោះ»

ទន្ទឹមនឹងមន្ត្រីជំនាញកសិកម្មអះអាងថា មិនមានការសហការពីកសិករនេះគឺ កសិករនៅតំបន់មួយចំនួនទៀតលើកឡើងថា ពេលដំណាំពួកគាត់មានបញ្ហាមិនដែលមានមន្ត្រីជំនាញ មន្ត្រីក្រសួង ឬអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតទៅជួយដោះស្រាយទេ។​

មន្ត្រីកសិកម្មប្រចាំឃុំបន្ទាយចក្រី ស្រុកព្រះស្តេច កំពុងផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មជូនប្រជាកសិករក្នុងមូលដ្ឋានរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

តំណាងសហគមន៍ប្រស្រែ ដែលស្ថិតក្នុងឃុំ បឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង អ្នកស្រី ឡាយ សុខុម អះអាងថា មិនដែលបានឃើញវត្តមានមន្ត្រីពាក់ព័ន្ធចុះមកមូលដ្ឋានរបស់អ្នកស្រីសោះ ទោះបីជាកាលពីពេលថ្មីៗស្រូវរាប់រយហិកតា របស់ពលរដ្ឋប្រមាណ២០០គ្រួសារ ក្នុងសហគមន៍របស់អ្នកស្រី ត្រូវបានខូចខាតស្ទើរតែទាំងស្រុង ដោយសាររុយស។

អ្នកស្រីថា៖ «គ្មាននរណាចុះមកទេ ប្រជាពលរដ្ឋខឹងគ្រប់គ្នា! ខឹងថាគួរណាតែមកជួយគ្នា បើថាមិនបានជួយជាលុយ ក៏ចុះមកជួយពន្យល់ថា មកបាញ់ថ្នាំមួយណា ឱ្យវាបាត់ តែគ្មានទេភូមិខ្ញុំ»។

អ្នកស្រីបន្តថា ប្រជាកសិករនៅក្នុងសហគមន៍ប្រស្រែមិនត្រឹមតែរងការខូចខាតស្រូវកាលពីដើមរដូវនោះទេ ប៉ុន្តែបច្ចុប្បន្នស្រូវរបស់ពួកគាត់ក៏កំពុងតែរងការបំផ្លាញពីសត្វល្អិត ដែលអ្នកស្រីហៅឈ្មោះថាជា«មមាចត្នោត»។ បញ្ហានេះ អ្នកស្រីចង់ឃើញមន្ត្រីពាក់ព័ន្ធចុះមកពិនិត្យ និងផ្តល់យោបល់ជូនពួកគាត់ពីការប្រើប្រាស់ថ្នាំការពារ ចៀសវាងការស្ងាត់គ្មានដំណឹងដូចបច្ចុប្បន្ន។

អ្នកស្រីលើកឡើងថា៖ «គ្មាននរណាបានស្រូវទេស្រុកខ្ញុំ ខូចទាំងអស់ហ្មង។ ម្នាក់ៗខាត! ហើយឥឡូវស្រូវព្រោះរួច មានសត្វល្អិតស៊ីទៀតហើយខ្ញុំចង់ឃើញថា ឱ្យខាងមន្ត្រីកសិកម្មគាត់ចុះមកសួរ មកហៅប្រជាពលរដ្ឋប្រជុំថា ការព្រោះស្រូវហ្នឹង យើងត្រូវប្រើថ្នាំអី! ហើយប្រើរបៀបម៉េច! ជួយពន្យល់គ្នា។ បើថាមិនបានជួយជាលុយ ក៏ជួយជាកម្លាំងចិត្ត ជួយផ្តល់យោបល់ឱ្យគ្នាដែរ ដោយហៅប្រជាពលរដ្ឋប្រជុំអ្វីខ្លះដែរ តែអត់មានផង សូន្យឈឹង»

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម បានបង្ហាញថា ក្រសួងមិនទាន់បានបញ្ជូនមន្ត្រីកសិកម្មទៅឃុំបឹងព្រះនៃស្រុកបាភ្នំ ដើម្បីជួយពលរដ្ឋនោះទេ។

យ៉ាងណា ក្រុមមន្ត្រីដែលក្រសួងកសិកម្មបានបញ្ជូនទៅជួយពលរដ្ឋ ក៏បានបញ្ជាក់ដែរថា ដោយសារចំនួនមន្ត្រីនៅខ្វះខាត ដូច្នេះពួកគេកាន់តែឃុំគោលដៅប៉ុណ្ណោះ ខណៈឃុំនៅក្បែរនោះបានត្រឹមមើលប្រយោល។

ក្នុងសន្និសីទសារព័ត៌មាន​កាល​ពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​គូស​បញ្ជាក់​ពីសមិទ្ធផល​មួយ​ឆ្នាំ​ដំបូង​របស់​រដ្ឋាភិបាល​ថ្មី។ ក្នុងឱកាសនោះលោកក៏បានបញ្ជាក់ដែរថា ការ​​ពង្រាយ​​មន្ត្រី​កសិកម្ម​ឃុំ​ចំនួន​២៥០​នាក់ ​ទៅ​តាម​មូល​ដ្ឋាន បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​កសិករ«​រាប់​ពាន់​ករណី»​ ​ស្នើនឹងជួយកសិករបានជាង ១១ម៉ឺននាក់។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន សង្កេតឃើញថា គោលនយោបាយពង្រាយមន្ត្រីកសិកម្មទៅជួយកសិករនៅតាមមូលដ្ឋាន នៅមិនទាន់ឆ្លើយតបនឹងបញ្ហាប្រឈមរបស់កសិករនៅឡើយ ដោយថាចំនួន និងសមត្ថភាពរបស់ក្រុមមន្ត្រីទាំងនោះនៅមានកម្រិត។

លោកមានប្រសាសន៍ថា៖ «លទ្ធភាពនៃការសម្របសម្រួលរបស់មន្ត្រីកសិកម្មតាមឃុំ-សង្កាត់ ពួកគាត់សមត្ថភាពនៅមានកម្រិត ពិសេសទាំងវិធីសាស្រ្ត ទាំងជំនាញនៃការសម្របសម្រួល និងជំនាញនៅក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហ្នឹង យើងឃើញថានៅមានកម្រិតមែនទែន»

លោកបន្តថា ដើម្បីឱ្យគោលនយោបាយនេះបានជោគជ័យ លុះត្រាតែក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិល​ពាក់ព័ន្ធឱ្យបានផុសផុល ព្រោះមន្ត្រីកសិកម្មដែលបានពង្រាយទាំង២៥០នាក់ មិនទាន់អាចគ្របដណ្តប់បានទូទាំងប្រទេសនៅឡើយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ការពង្រាយមន្ត្រីកសិកម្មទៅជួយពលរដ្ឋក្នុងដំណាក់កាលដំបូងនេះ គឺតែងតែជួបឧបសគ្គ ប៉ុន្តែលោកថា ពួកគេនឹងបន្តបំពេញការងារនេះបានកាន់តែប្រសើរពី មួយឆ្នាំទៅមួយឆ្នាំ។

លោកថ្លែងថា៖«ការងាររបស់ពួកគាត់ មិនមែនធ្វើការងារតែថ្ងៃនេះទេ គឺគាត់ធ្វើការងារជាអចិន្ត្រៃយ៍តែម្តង។ ដូច្នេះជារឿងធម្មតាទេ ដែលក្នុងដំណាក់កាលដំបូង កសិករគាត់មិនទាន់យល់ពីរបៀបធ្វើការជាមួយគ្នា[មន្ត្រីកសិកម្ម]»។

បន្ថែមលើការពង្រាយមន្ត្រីជំនាញចំនួន២៥០នាក់ ក្រសួងកសិកម្មក៏គ្រោងប្រឡងជ្រើសរើស​មន្ត្រីកសិកម្មឱ្យបានគ្រប់ ១ ៦០០នាក់ ត្រឹមឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅជួយកសិករនៅតាមបណ្តាឃុំ-សង្កាត់គោលដៅដែលមានពលរដ្ឋធ្វើកសិកម្ម។

គិតត្រឹមឆ្នាំ២០២៤នេះ ទូទាំងប្រទេសកម្ពុជាមានឃុំ-សង្កាត់សរុបចំនួន ១ ៦៥២។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៦ខែដំបូងនៃ​ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករបានជាង ៣៣ម៉ឺនតោន ដែលទទួលបានទឹកប្រាក់ចំនួនជាង២៤៧​លានដុល្លារ​ ខណៈការនាំចេញស្រូវបានជាង​២,៥លានតោន​ ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ​។

របាយការណ៍ក្រសួងកសិកម្មបង្ហាញថា ក្នុង​ឆ្នាំ២០២៤នេះ កសិករធ្វើ​ស្រូវ​ប្រាំង​សរុបលើផ្ទៃ​ដី​ប្រហែល​៧៦០ ០០០​ហិកតា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ ប៉ុន្តែដោយសារ​ការខ្វះខាតទឹក​ធ្ងន់ធ្ងរ និង​មិន​មាន​ការ​ជួយ​ជ្រោម​ជ្រែង​បាន​ទាន់​ពេល ​​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ កសិករ។

មិនតែប៉ុណ្ណោះនៅឆ្នាំនេះ ស្រូវ និងដំណាំផ្សេងៗទៀតរបស់កសិកររាប់ម៉ឺនហិកតារងការបំផ្លាញដោយសារ ដង្ហូវហ្វូង និងរុយស៕

391 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម