គណបក្សនយោបាយដែលបានចុះឈ្មោះសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា បានចាប់ផ្តើមណែនាំបេក្ខជនឈរឈ្មោះ ដល់សមាជិក និងអ្នកគាំទ្រ ហើយគណបក្សកាន់អំណាចបានចែកអំណោយ រួមទាំងលុយកាក់ដល់អ្នកដែលត្រូវទៅបោះឆ្នោតផងដែរ។
យុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល២សប្តាហ៍ នឹងចាប់ផ្តើមនៅថ្ងៃទី ២១ខែឧសភា ប៉ុន្តែគណបក្សខ្លះ បានចាប់ផ្តើមយកចិត្តជាមួយសមាជិករបស់ខ្លួន។
សម្រាប់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច មានគ្រប់យ៉ាងទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ អំណោយ រួមទាំងលុយដែលគឺជាមូលដ្ឋានគ្រឹះនៃយុទ្ធនាការបោះឆ្នោតរបស់ពួកគេជាយូរមកហើយ។
នៅឃុំអំពៅព្រៃ ខេត្តកណ្តាល គណបក្សប្រជាជនកម្ពុជាបានរៀបចំពិធីមួយសម្រាប់សមាជិកគណបក្ស និងអ្នកគាំទ្រចំនួន២០០០នាក់ នៅថ្ងៃទី២៩ ខែមេសា ដោយក្នុងនោះមានក្រុមមន្ត្រីបង្ហាញពីគោលនយោបាយគណបក្សមុនការឃោសនាបោះឆ្នោត។ ក្រោយបញ្ចប់អង្គប្រជុំ ពួកគេបានប្រគល់អំណោយ រួមមាន មី សារ៉ុង និងថវិកា២ម៉ឺនរៀល ឬប្រហែល ៥ដុល្លារ ដល់អ្នកចូលរួម។
ស្ត្រីវ័យ៦២ឆ្នាំម្នាក់សុំមិនបញ្ចេញឈ្មោះដោយថាបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនប្រាប់ ខេមបូចា ថាអ្នកស្រីទទួលបាន៥ដុល្លារនិងមីពីថ្នាក់ដឹកនាំគណបក្សប្រជាជនក្នុងស្រុកក្នុងកម្មវិធីនៅឃុំអំពៅព្រៃ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនបានមើលឃើញអំណោយជាការទិញសន្លឹកឆ្នោតបែបណានោះទេ។
អ្នកស្រីបាននិយាយថា៖ «គេឱ្យយើងហើយវាជាទឹកចិត្តរបស់គេហើយគេមិនបង្ខំយើងដែរ។ ពេលយើងទៅបោះឆ្នោត វាជាសិទ្ធិរបស់យើងក្នុងការបោះឆ្នោតឱ្យគណបក្សដែលយើងពេញចិត្ត គេមិនមកបញ្ចុះបញ្ចូលយើងទេ»។
អ្នកស្រីថា ក្នុងជំនួបនោះ មន្ត្រីគណបក្សកាន់អំណាចបានពិភាក្សាអំពីសមិទ្ធផលនានា ដែលអាជ្ញាធរសម្រេចបាន និងចែករំលែកគោលនយោបាយគណបក្សមុនយុទ្ធនាការបោះឆ្នោត។
អ្នកចូលរួមម្នាក់ទៀតដែលប្រាប់ត្រឹមតែឈ្មោះ ពៅ បាននិយាយថាគាត់សប្បាយចិត្តក្នុងការទទួលប្រាក់ ប៉ុន្តែលោកថាប្រាក់នេះអាចត្រូវបានមនុស្សមួយចំនួនរិះគន់។
លោកបានមាននិយាយថា៖ «វាជាការល្អដែលគេឱ្យលុយ ប៉ុន្តែពួកគេអាចនឹងត្រូវគេរិះគន់ព្រោះជិតដល់ការបោះឆ្នោត ដូច្នេះអាចត្រូវគេចោទថាទិញទឹកចិត្តប្រជាជន»។
អ្នកភូមិម្នាក់ទៀតឈ្មោះ សុខ ទទួលបានប្រាក់ ២ ដុល្លារ និងអាវយឺតរបស់គណបក្សមួយ។
លោកថ្លែងថា៖ «គេឱ្យលុយអ្នកណាដែលមានឈ្មោះក្នុងបញ្ជី [សមាជិកបក្ស] ហើយបើខ្ញុំមិនទៅវាពិបាកព្រោះគេកត់ឈ្មោះខ្ញុំរួចហើយ»។
មានគណបក្សនយោបាយចំនួន ១៧ ដែលបានចុះឈ្មោះ សម្រាប់ប្រកួតប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១១,៦២២ នៅក្នុងឃុំ-សង្កាត់ចំនួន ១,៦៥២ ក្នុងខេត្តនិងរាជធានីចំនួន ២៥។ វាគឺជាការបោះឆ្នោតឃុំសង្កាត់លើកដំបូង ចាប់តាំងពីតុលាការកំពូល បានរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ក្នុងចំណាត់ការដែលគេយល់ថា មានហេតុផលនយោបាយ។ មុនពេលគណបក្សប្រឆាំងត្រូវបានរំលាយ គណបក្សនេះបានទទួលសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជិត ៤៤%។ នៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំបន្ទាប់ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសភាទាំងអស់ចំនួន ១២៥។
លោក គឹម ឈន នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល មានប្រសាសន៍ថា សកម្មភាពឃោសនាមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការមកដល់ អាចត្រូវបានគេមើលឃើញថាជាការរំលោភបំពានច្បាប់បោះឆ្នោត។
លោក ឈន បានថ្លែងថា៖ «ការធ្វើសកម្មភាពមុនឬក្រោយការឃោសនាបោះឆ្នោតជាការបំពានច្បាប់បោះឆ្នោតទាំងស្រុង»។
លោក បានបន្តថា៖«យើងអាចនិយាយបានថាពួកគេកំពុងផ្តល់លុយដើម្បីទាញទឹកចិត្តអ្នកបោះឆ្នោតឬជាការបញ្ចុះបញ្ចូលដើម្បីឱ្យពួកគេគាំទ្រគណបក្សរបស់ពួកគេ»។
ទោះជាយ៉ាងនេះក្តី លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC) មានប្រសាសន៍ថា វាគឺជាចន្លោះប្រហោងមួយដោយសារតែច្បាប់បោះឆ្នោតមិនបានហាមឃាត់ការផ្តល់សាច់ប្រាក់ដល់សមាជិកនោះទេ។
លោកបានថ្លែងថា៖ «គ្មានច្បាប់ណាដែលចែងថាពួកគេមិនអាចផ្តល់សាច់ប្រាក់ដល់សមាជិករបស់ពួកគេបានទេ ប៉ុន្តែវាមានគោលបំណងដើម្បីទិញទឹកចិត្តប្រជាជន»។
លោក គន្ធាមី មានប្រសាសន៍ថា៖ «វាជាទម្លាប់របស់ពួកគាត់[គណបក្សប្រជាជន] ដែលពួកគាត់បានផ្តល់លុយដល់សមាជិក»។ លោកបន្ថែមការចែកប្រាក់ និងអំណោយ បែបនេះ អាចនាំឱ្យមានការប្រកួតប្រជែងដែលមិនយុត្តិធម៌សម្រាប់គណបក្សនយោបាយតូចៗដែលខ្វះខាតធនធានហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់សមាជិករបស់ពួកគេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានបដិសេធការចោទប្រកាន់ថាលុយនេះគឺជាទម្រង់នៃការទិញសន្លឹកឆ្នោតដោយថាជាបញ្ហាផ្ទៃក្នុងបក្ស។
លោកបានមានប្រសាសន៍ថា ៖ «វាមិនមែនជាការទិញទឹកចិត្តពួកគាត់ឡើយទាក់ទិននឹងការផ្តល់សាច់ប្រាក់នេះ ព្រោះថាយើងបានឱ្យតែសមាជិកបក្សយើងប៉ុណ្ណោះ»។
លោកឥសាន បាននិយាយថា ៖ «ប្រសិនបើយើងផ្តល់លុយឱ្យសមាជិកគណបក្សនយោបាយផ្សេងទៀត នោះទើបហៅថាជាការព្យាយាមទិញទឹកចិត្តរបស់ពួកគេ ប៉ុន្តែនេះជាសមាជិករបស់យើង ដូច្នេះពួកយើងមិនបានទិញទឹកចិត្តរបស់ពួកគាត់ឡើយ» ។
លោកឥសាន បាននិយាយថា វាគ្រាន់តែជាសាច់ប្រាក់តិចតួចប៉ុណ្ណោះដែលត្រូវបានផ្តល់ឱ្យដើម្បីរ៉ាប់រងថ្លៃធ្វើដំណើរ។ លោកបានកត់សម្គាល់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាតែងតែជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បេក្ខជន និងសមាជិកបក្ស ដើម្បីធានាថាពួកគេផ្តល់សេវាសាធារណៈល្អសម្រាប់បម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការជួបជុំរបស់គណបក្សនយោបាយណាក៏ដោយ មុនពេលយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវស្ថិតក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន លោកបានកត់សម្គាល់ទៀតថា គ.ជ.ប ជាអ្នកទទួលបន្ទុកនៅសកម្មភាពទាំងនេះ តែក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុណ្ណោះ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា។
លោកថា វាមិនផ្ទុយនឹងច្បាប់បោះឆ្នោតនោះទេដែលគណបក្សនយោបាយធ្វើការជួបជុំសមាជិកនៅការិយាល័យគណបក្ស ឬអគារឯកជន។
លោកពុទ្ធា បានថ្លែងទៀតថា៖ «ការផ្តល់អំណោយ ប្រាក់ឧបត្ថម្ភក្នុងចំណោមសមាជិកគណបក្សរបស់ខ្លួនគឺមិនបានបំពានច្បាប់នោះទេ»។
លោកថ្លែងបន្តថា៖ «វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះព្រោះ គ.ជ.ប នឹងធ្វើការស៊ើបអង្កេតនៅពេលមានពាក្យបណ្ដឹងជាផ្លូវការ»។
គណបក្សតូចៗដែលខ្វះខាតធនធានបានប្រាប់ ខេមបូចា ថាពួកគេមានគោលនយោបាយប្រឆាំងនឹងការផ្តល់សាច់ប្រាក់ ព្រមទាំងនិយាយថាគណបក្សកាន់អំណាចដែលសម្បូរធនធាន បានអនុវត្តផ្ទុយពីក្រមសីលធម៌។
គណបក្សភ្លើងទៀន ក៏ចាប់ផ្តើមជួបជាមួយអ្នកគាំទ្រដែរ ប៉ុន្តែបាននិយាយថា ពួកគេមិនបានផ្តល់សាច់ប្រាក់ទេ ដោយសារខ្លាចថា វាអាចត្រូវបានចាត់ទុកថាជាទម្រង់នៃការទិញសន្លឹកឆ្នោត។
លោក សុខ ណារៀន ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តព្រះវិហារ មានប្រសាសន៍ថា កាលពីថ្ងៃទី៤ ខែឧសភា គណបក្សបានជួបសមាជិកបក្សប្រមាណ១០០០នាក់ ដើម្បីផ្សព្វផ្សាយសារនយោបាយមុនយុទ្ធនាការឃោសនាបោះឆ្នោត។
លោក ណារៀន បានមានប្រសាសន៍ថា៖ «នៅក្នុងពិធីជួបជុំគ្នានៃគណបក្សភ្លើងទៀន យើងមិនបានផ្តល់អំណោយ ឬអ្វីទាំងអស់ដល់សមាជិករបស់យើងទេ ប៉ុន្តែយើងបានញ៉ាំនំបញ្ចុកសាមគ្គីរួមគ្នា» ។
លោកបានមានប្រសាសន៍បន្តថា ៖ «រូបភាពនៃការផ្តល់អំណោយដោយគណបក្សប្រជាជនកម្ពុជា គឺជាការទិញយកចិត្ត ឬជាការទិញសន្លឹកឆ្នោត» ។
លោក អ៊ូ ថាយ អាយុ ៥៩ ឆ្នាំ សមាជិកគណបក្សភ្លើងទៀន ដែលរស់នៅក្នុងរាជធានីភ្នំពេញបានថ្លែងថាលោកគិតថាអ្នកបោះឆ្នោតមានការយល់ដឹងខ្លាំង ដែលមិនអាចបញ្ចុះបញ្ចូលដោយលុយកាក់បន្តិចបន្តួចបានទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថាអ្វីដែលពួក [គណបក្សប្រជាជន] កំពុងធ្វើគឺមិនមានប្រសិទ្ធភាពទេ ព្រោះឥឡូវនេះប្រជាពលរដ្ឋយល់យ៉ាងច្បាស់ទាក់ទងនឹងការទិញទឹកចិត្តរបស់ពួកគេ រួមទាំងគ្រួសារផង»។
សមាជិកគណបក្សខ្មែររួបរួមជាតិ លោកស្រី នេត ស៊ីណាត មកពីខេត្តតាកែវ បានថ្លែងថា គណបក្សរបស់លោកស្រីមិនបានផ្តល់សាច់ប្រាក់ណាមួយក្នុងពេលជួបជាមួយសមាជិក និងអ្នកគាំទ្រគណបក្សទេ។
លោកស្រីបាននិយាយថា៖ «ខ្ញុំគិតថាការផ្តល់អំណោយនិងរបស់របរផ្សេងទៀតគឺជាការទិញចិត្តទាំងស្រុង» ។
កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដែលបង្ហាញពី ការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះការធ្លាក់ចុះនៃសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ ២០២៣ ។
សេចក្តីសម្រេចបានថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីមានការបង្រ្កាបរបស់រដ្ឋាភិបាលដែលប្រឆាំង អ្នកសារព័ត៌មាន សកម្មជន និងក្រុមបក្សប្រឆាំង «ដែលបានរៀបចំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា» ហើយបានជំរុញឱ្យទម្លាក់ការចោទប្រកាន់លើអតីតសមាជិកគណបក្សសង្គ្រោះជាតិ ហើយគណបក្សនេះគួរត្រូវបានអនុញ្ញាតឱ្យវិលចូលឆាកនយោបាយវិញ។
សេចក្តីសម្រេចដដែល ក៏បានជំរុញឱ្យគណៈកម្មការអឺរ៉ុបប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលមាន រួមទាំងការព្យួរទាំងស្រុងនៃ «ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» របស់កម្ពុជា និងការដាក់ទណ្ឌកម្មផ្សេងទៀត» ក្នុងករណីដែលអ្នកសង្កេតការណ៍បោះឆ្នោតបានរកឃើញភស្តុតាងនៃការបោះឆ្នោតមានភាពអយុត្តិធម៌៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ahead of election campaign, CPP cash and gifts to members starts to flow