សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មណ្ឌលសុវត្ថិភាពទាំង១៥នៅព្រះវិហារត្រូវបានបិទ បន្ទាប់ពីពលរដ្ឋភៀសសឹក​ត្រឡប់ទៅផ្ទះវិញ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព

លោក សេង ហាត់ និងក្រុមគ្រួសារជិះគោយន្តឆ្ពោះទៅភូមិឈើទាលគង់ ដែលនៅជិតព្រំដែនថៃនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)
លោក សេង ហាត់ និងក្រុមគ្រួសារជិះគោយន្តឆ្ពោះទៅភូមិឈើទាលគង់ ដែលនៅជិតព្រំដែនថៃនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

មណ្ឌលសុវត្ថិភាពចំនួន១៥ នៅក្នុងខេត្តព្រះវិហារត្រូវបានបិទ បន្ទាប់ពីជនភៀសសឹកចាកចេញទៅផ្ទះវិញនៅល្ងាចថ្ងៃពុធ បន្ទាប់ពីកម្ពុជា និងថៃបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការឱ្យដឹងពីអភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី។

ចំនួនជំរំភៀសសឹកបានកើនឡើងដល់១៥កន្លែងនៅគ្រាដែលជម្លោះឡើងដល់ចំណុចកំពូល ដោយផ្តល់កន្លែងស្នាក់អាស្រ័យដល់ពលរដ្ឋភៀសសឹកសរុបចំនួន ៤៦ ០០០នាក់។

រដ្ឋបាលខេត្តនឹងបន្តផ្តល់ស្បៀងអាហារបណ្តោះអាសន្នដល់ប្រជាពលរដ្ឋដែលដីកសិកម្មរបស់ពួកគេរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់របស់យោធាថៃ រហូតដល់រដ្ឋាភិបាល និងអង្គការដៃគូដោះមីន និងសំណល់ជាតិផ្ទុះចេញអស់ពីស្រែចម្ការរបស់ពួកគេ។

កាលពីថ្ងៃទី២៦ ខែតុលា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក​ អនុទីន ចាន់វិរៈគុល បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានរយៈពេល ៣ ថ្ងៃនៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជាសាក្សី។

អ្នកស្រី ព្រំ គឺន ជាជនភៀសខ្លួន កំពុងវេចខ្ចប់ឥវ៉ាន់ចាកចេញពីវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

លោក ត្រាំ បានថ្លែងថា អាមេរិកមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់នេះ ហើយទាហានកម្ពុជាចំនួន១៨នាក់​ ដែលត្រូវបានថៃចាប់ខ្លួន នឹងត្រូវបានដោះលែងវិញ។ ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ លោក​បាន​និយាយ​ថា អ្នក​សង្កេត​ការណ៍​មក​ពី​ប្រទេស​អាស៊ាន រួម​ទាំង​ម៉ាឡេស៊ី នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ធានា​ថា «សន្តិភាព​នឹង​កើតមានឡើងវិញ»

កាលពីខែមុន អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា  បានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន៤ នៅតែដំណើរការនៅក្នុងខេត្ត ដោយមានពលរដ្ឋជាង ២ ០០០ គ្រួសារស្នាក់នៅ។

នៅពេលជួបជាមួយ អ្នកសារព័ត៌មានខេមបូចា នៅវត្តពោធិ៍៥០០០ដើម កាលពីថ្ងៃពុធ អ្នកស្រី ព្រំ កើន ដែលជាជនភៀសសឹក កំពុងវេចខ្ចប់ឥវ៉ាន់ដើម្បីចាកចេញទៅភូមិបុសស្បូវវិញ ព្រោះមេភូមិប្រាប់ថា ពួកគេអាចត្រឡប់ទៅផ្ទះវិញបានហើយ។ ទោះជាយ៉ាងណាក៏ដោយ ផ្ទះ និងហាងរបស់អ្នកស្រីដែលស្ថិតនៅជិតរង្វង់មូលនៅរូបសំណាកលោកតា អ៊ុម ក្នុងតំបន់អានសេះ ត្រូវបានបំផ្លាញក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធរយៈពេល៥ថ្ងៃរវាងកងទ័ពកម្ពុជា និងថៃ​។

មេភូមិ​បាន​ប្រាប់​អ្នកស្រី​ឱ្យ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​វត្ត​មួយ​នៅ​ជើង​ភ្នំ។

អ្នកស្រី កើន គឺជាអ្នកលក់ទំនិញនៅក្នុងតំបន់អានសេះ ជាកន្លែងដែលកងកម្លាំងថៃបានដាក់បន្លាលួសដោយបំពានលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីចុងខែកក្កដា ហើយបានបើកការវាយប្រហារលើទីតាំងកងទ័ពកម្ពុជា ដោយបាញ់កាំភ្លើងត្រាល់ និងអាវុធតូចៗអស់រយៈពេលជិត៣០នាទី។

អ្នកស្រី ព្រំ កើន បានបន្ថែមថា៖ «ចង់សំណូមពរឱ្យសម្ដេចពុក[ហ៊ុន សែន] សម្ដេចម៉ែជួយ កូនចៅដែលនៅលើភ្នំ [អានសេះ] ដែលផ្ទះសម្បែងខូចខាតទ្រព្យសម្បត្តិអស់ច្រើន ចង់ឱ្យជួយថា សំណងជាអ្វីមកក៏បាន​ ឱ្យតែបានកូនចៅបានជ្រកកោននៅកន្លែងណាក៏បានចឹង។ ចង់ដោះដូរដីកន្លែងណាក៏បាន ឬសងជាលុយកាក់មកក៏បាន»

តង់ជាច្រើនត្រូវបានទុកចោល ក្រោយពលរដ្ឋចាក​ចេញ​ពី​វត្ត​ពោធិ៍៥០០០ដើម ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ នាថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

ជនភៀសសឹកម្នាក់ទៀតឈ្មោះ សេង ហាត អាយុ៦០ឆ្នាំ ដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយគោយន្ត បានសម្តែងក្តីសង្ឃឹមថា សន្តិភាពនឹងស្ថិតស្ថេររវាងកម្ពុជា និងថៃ ព្រោះការផ្លាស់ទីលំនៅម្តងហើយម្តងទៀតធ្វើឱ្យគាត់ពិបាករស់នៅណាស់។ ស្រែ និងចម្ការដំឡូងមីរបស់លោកត្រូវបានខូចខាតក្នុងអំឡុងពេលមានជម្លោះ ដែលក្នុងនោះមានការបាត់បង់មាន់ ១០ក្បាល ទា៤ក្បាល និងឆ្កែរបស់លោកផងដែរ។

លោក សេង ហាត អាយុ៦០ឆ្នាំ និយាយថា៖ «(ចង់ឱ្យមានសន្តិភាព) យើងជួបឧបសគ្គប៉ុន្មានខែហើយ បើជួបទៀត យើងដឹងតែអស់ទីពឹងហើយ។ សូមណូមពរឱ្យសេដ្ឋកិច្ច ទំនិញឡើងថ្លៃ បើសេដ្ឋកិច្ចធ្លាក់ចុះចឹង ស្រូវអត់រួចខ្លួនទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ All 15 Preah Vihear Shelters Closed After Displaced People Leave For Home Following Peace Agreement

78 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម