សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្រតិបត្តិករកម្ពុជាដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការឆបោកត្រូវបានចក្រភពអង់គ្លេស អាមេរិក និងកាណាដាដាក់ទណ្ឌកម្ម

សណ្ឋាគារ K.B ត្រូវបានកំណត់មុខសញ្ញាថា ជាមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយនៅក្នុងខេត្តព្រះសីហនុ។ រូបភាពពីទំព័រហ្វេសប៊ុករបស់សណ្ឋាគារ K.B ដែលបង្ហោះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
សណ្ឋាគារ K.B ត្រូវបានកំណត់មុខសញ្ញាថា ជាមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយនៅក្នុងខេត្តព្រះសីហនុ។ រូបភាពពីទំព័រហ្វេសប៊ុករបស់សណ្ឋាគារ K.B ដែលបង្ហោះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា​ បានប្រកាស​ការដាក់ទណ្ឌកម្មមួយកញ្ចប់​ប្រឆាំងនឹង​បុគ្គល​ និង​ស្ថាប័ននៅ​កម្ពុជា​ ដោយ​បង្កក​ទ្រព្យសម្បត្តិនិង​ហាមប្រាមការធ្វើដំណើរ​របស់ពួកគេ ជាលទ្ធផល​នៃ​ការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ដោយការប្រកាស​នេះ​បានធ្វើឡើង​នៅមុន​ការប្រារព្ធ​ខួប​​លើក​ទី៧៥​នៃប្រកាសជាសាកល​ស្ដីពី​សិទ្ធិមនុស្សនៅ​ថ្ងៃ​ទី១០ ខែធ្នូ។

លោក David Cameron រដ្ឋមន្ត្រីការបរទេស​នៃចក្រភព​អង់គ្លេស បានថ្លែងថា៖ «យើង​នឹង​មិន​អត់​ឱន​​ឡើយ​ចំពោះ​ឧក្រិដ្ឋជន​និង​របប​គ្រប់គ្រង​កៀបសង្កត់ដែល​ជាន់ឈ្លីសិទ្ធិ និង​សេរីភាព​ជាមូលដ្ឋានរបស់​ប្រជាជន​សាមញ្ញ​នៅជុំវិញពិភពលោក»។ លោកបន្តថា៖ «ខ្ញុំ​សូម​បញ្ជាក់​ច្បាស់ថា ៧៥ឆ្នាំក្រោយការប្រកាស​ជាសាកល​អំពីសិទ្ធិមនុស្ស ចក្រភពអង់គ្លេស និង​សម្ព័ន្ធមិត្ត​របស់​យើង​នឹងបន្តតាមរក​ជនទាំងឡាយដែល​កាត់ផ្ដាច់សេរីភាពរបស់ប្រជាជន»។ ​​

យោងតាមការប្រកាសនោះ ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តរបស់ខ្លួន​បាន​ដាក់ចេញ​វិធានការ​ទណ្ឌកម្ម​បោសសម្អាត ដែលសំដៅទៅលើ​បុគ្គលនានាដែលជាប់ពាក់ព័ន្ធនឹងការរំលោភ​សិទ្ធិ​មនុស្ស​​នៅជុំវិញ​ពិភព​លោក។ នៅក្នុងតំបន់ បុគ្គល​និង​ស្ថាប័នចំនួន១៤ ត្រូវបានដាក់​ទណ្ឌកម្ម​​​ក្រោមបទចោទ​ប្រកាន់ថាពាក់ព័ន្ធនឹងករណីពលកម្មដោយបង្ខិតបង្ខំដែលត្រូវបាន​គេ​និយាយ​ថា​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា។ 

អ្នកនាំពាក្យស្ថានទូត​ចក្រភព​អង់គ្លេស​មួយរូប បានប្រាប់ ខេមបូចា ថា ចក្រភពអង់គ្លេស​ប្រើ​ប្រាស់​​ទណ្ឌកម្ម​ដែលស្ថិតក្នុងចំណោមឧបករណ៍ការទូត​ផ្សេងទៀត ដើម្បីបំពេញគោល​បំណង​មួយចំនួន និងថា ចក្រភពអង់គ្លេសនឹងបន្ត​ពិចារណា​វិធានការផ្សេងៗទៀត​ដើម្បីសម្រេច​គោល​​បំណង​​នយោបាយ​ការបរទេស​របស់ខ្លួននៅជុំវិញពិភពលោក។

អ្នកនាំពាក្យដដែលបាននិយាយថា៖ «វិធានការទណ្ឌកម្ម​ទាំងនេះ​សំដៅទៅលើ​ជនដៃដល់​ដែល​​ពាក់ព័ន្ធនៅក្នុង​«ការឆបោកដោយបង្ខិតបង្ខំ» ដែលនៅក្នុងអំពើនោះ​ ជនរងគ្រោះ​ដែល​ត្រូវ​បានជួញដូរ​​ទៅក្នុង​តំបន់ក្រោមលេស​ការងារដែលទទួលបានប្រាក់ខែខ្ពស់ ត្រូវបានគេ​បង្ខិត​​បង្ខំ​ឱ្យឆបោក​ជនរងគ្រោះ​នៅជុំវិញពិភពលោក​ តាមរយៈ​មជ្ឈមណ្ឌល​ឆបោក​តាម​អ៊ីនធឺណិត»។ អ្នកនាំពាក្យរូបនោះបន្តថា៖ «ជារឿយៗ ជនរងគ្រោះ​ត្រូវគេធ្វើទារុណកម្ម​ និង/ឬ​រង​ការធ្វើបាប​យ៉ាងឃោរឃៅនិង​អមនុស្សធម៌​នៅក្នុង​មជ្ឈមណ្ឌល​ទាំងនោះ»

នៅប្រទេសកម្ពុជា បុគ្គលនិងស្ថាប័ន​ចំនួន ៦ ត្រូវបានដាក់ទណ្ឌកម្ម​ដោយសារត្រូវបាន​គេ​ចោទ​​ប្រកាន់ថា​មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការពលកម្ម​បង្ខិតបង្ខំ ។ បុគ្គល និងស្ថាប័ន​ទាំងនេះ រួមមាន កាស៊ីណូ Heng He Casino, សណ្ឋាគារ K.B Hotel, ក្រុមហ៊ុន Pacific Real Estate Management Co., Hum Sovanny, Dong Lecheng និងក្រុមហ៊ុន Golden Sun Sky Entertainment Co., Ltd. ។  

សណ្ឋាគារ K.B ត្រូវបានគេស្គាល់ថាជា​ទីតាំង«សម្ងាត់»ដ៏ធំមួយ​ដែល​ត្រូវគេចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធនឹង​សកម្មភាពអនឡាញខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា រួមជាមួយគ្នា​នឹង​«Jinshui»។ កាលពីខែ​សីហា ឆ្នាំមុន សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា មេក្លោង​នៅពីក្រោយ​ Jinshui គឺឈ្មោះ Dong Lecheng ជាសហគ្រិន​ដែលមានមូលដ្ឋាននៅខេត្ត​យូណាន ដែលជាស្ថាបនិក​នៃ​​ក្រុមហ៊ុន​ឈ្មោះ Yunnan Jingcheng Group Co., Ltd.។ លោក​ជា​វិនិយោគិនចិន​មួយរូប​ក្នុងចំណោម​វិនិយោគិនចិន​ដ៏ល្បីល្បាញបំផុត​នៅកម្ពុជា។

នៅខែកញ្ញា ឆ្នាំ២០១៨ លោក Dong Lecheng បានចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​​មួយ​ជាមួយ​នឹង​មហាសេដ្ឋី​ចិនម៉ាកាវ​ដែលត្រូវគេចាប់ខ្លួន ឈ្មោះ Alvin Chau ស្ថាបនិក​របស់ក្រុមហ៊ុន Suncity Group ដើម្បីរួមគ្នាវិនិយោគទឹកប្រាក់​៣៦០លានដុល្លារ​អាមេរិក ទៅលើ​កិច្ច​ព្រមព្រៀង​ជាដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជាមួយឈ្មោះ Golden Sun Sky Entertainment ដើម្បី​កសាង​រមណីយដ្ឋាន​ចម្រុះ​មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ។ ​

ទាំងសណ្ឋាគារ​ K.B Hotel និង​ទាំង​ក្រុមហ៊ុន Golden Sun Sky Entertainment Co., Ltd. ពុំបាន​​ឆ្លើយតប​នឹង​សំណួរផ្ញើតាមអ៊ីមែលរបស់​ ខេមបូចា ឡើយ – សំណួរទាំងនេះ​ផ្ញើតាម​អាសយដ្ឋាន​ទំនាក់​ទំនង​ដែល​ឃើញមាន​នៅក្នុង​ឯកសារ​ចុះបញ្ជីពាណិជ្ជកម្ម​នៅលើ​គេហ​ទំព័រ​របស់ក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យ​ស្ថានទូត​បានពន្យល់ថា ការដាក់​ទណ្ឌកម្ម​​បញ្ជាក់ពី​ការបន្ត​ប្ដេជ្ញាចិត្ត​របស់​ចក្រភព​អង់គ្លេស​ដើម្បី​ទប់ស្កាត់​សកម្មភាពទុច្ចរិត​នៅជុំវិញពិភពលោក។ ទណ្ឌកម្មទាំងនេះ​ ជារឿយៗ ត្រូវ​គេប្រើប្រាស់ជាផ្នែកមួយ​នៃ​យុទ្ធសាស្ត្រ​នយោបាយទូលំទូលាយ​ និង​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី«ធ្វើ​ឱ្យមានការផ្លាស់ប្ដូរ ដាក់សម្ពាធ និង​ផ្ញើ​សារ​ច្បាស់លាស់​អំពី​អាកប្បកិរិយា​ជាក់​លាក់​មួយ»។ 

អ្នកនាំពាក្យ​ដដែល​បានបន្ថែមថា៖ «ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជា​គឺជាជនរងគ្រោះ​នៃ​ប្រតិបត្តិការ​ទាំងនេះ ដូច្នេះ គេគួរតែស៊ើបអង្កេត​ករណីទាំងនេះ​ឱ្យបានពេញលេញ ហើយ​ជនដៃដល់​គួរត្រូវនាំខ្លួន​ទៅផ្ដន្ទាទោស​ ដើម្បី​ទប់ស្កាត់​ប្រតិបត្តិការបែបនេះ​នាពេលអនាគត»

ទន្ទឹមគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ ខេមបូចា ថា ទណ្ឌកម្ម​​​ដោយ​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និងកាណាដា ទៅលើ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ​ទាំងនេះ មិនមាន​ផលប៉ះពាល់អ្វីទេ បើ​និយាយក្នុងន័យជាការកាត់បន្ថយ​ប្រតិបត្តិការ​​​ឆបោកតាម​អនឡាញ នៅកម្ពុជានោះ។

លោក សុភ័គ បានបញ្ជាក់ថា៖ «ប្រសិនបើយើងនិយាយពីច្បាប់ ច្បាប់អង់គ្លេស​មិនមាន​ឥទ្ធិពល​​ផ្នែក​ច្បាប់​អ្វី​មក​លើ​កម្ពុជា​នោះទេ។ កម្ពុជាមិនមែនជាប្រទេស​ក្រោមអាណានិគម​របស់​[រដ្ឋាភិបាល]អង់គ្លេសឡើយ ។ កម្ពុជាកំពុងខិតខំធ្វើការដោយខ្លួន​ឯង​ដើម្បី​កាត់បន្ថយ​(ឧក្រិដ្ឋកម្មឆបោក)»។ លោក​បាន​បន្ថែមថា អាជ្ញាធរបាន​ចាត់វិធានការច្បាប់​លើ​ជនទាំង​ឡាយ​ដែលជាប់ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​ឆបោកតាមអនឡាញ​នៅកម្ពុជាហើយ ។​​

ទោះបីនិយាយដូច្នេះ​ក្ដី លោកក៏បានស្វាគមន៍​ផងដែរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​របស់​បណ្ដា​ប្រទេស​នានា ដើម្បី​កាត់បន្ថយ​អំពើ​ឆបោក​តាមអនឡាញ​នៅកម្ពុជា ។

កាលពីខែកញ្ញា ឆ្នាំមុន អង្គការសហប្រជាជាតិ​បានចេញ​របាយការណ៍មួយ​ដែល​លើកឡើងថា មាន​មនុស្ស​យ៉ាងហោចណាស់ ១០០.០០០នាក់ ត្រូវបានបង្ខំ​ឱ្យធ្វើប្រតិបត្តិការឆបោកតាម​អនឡាញ​​​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ ក្រុមមន្ត្រីបាន​ស្នើសុំ​ភ័ស្តុតាង​បន្ថែម​ទៀត​ដើម្បីគាំទ្រ​ការប៉ាន់ស្មានតួលេខនេះ ដោយបានសួរយ៉ាងដូច្នេះថា «តើពួកគេទាំងនោះនៅទីណា?» ។

អ្នកនាំពាក្យស្ថានទូត​សហរដ្ឋ​អាមេរិក លោក Wesley Holzer បានប្រាប់ ខេមបូចា តាមសារ​អ៊ីមែល​ថា របាយការណ៍នានាពីអង្គការក្រៅរដ្ឋាភិបាល និង​ពីរដ្ឋាភិបាល​​ បានបង្ហាញពី​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ក្រោម​ការបង្ខិតបង្ខំ គឺជាធាតុសំខាន់មួយ​នៃ​ប្រតិបត្តិការ​ឆបោកតាម​អ៊ីនធឺណិត និងថាភាគច្រើននៃ​ជន​ដែល​អនុវត្ត​ប្រតិបត្តិការឆបោក គឺជាជនរងគ្រោះ​នៃអំពើ​ជួញដូរ​សម្រាប់ពលកម្ម​ដោយបង្ខិតបង្ខំ។

លោក Holzer បាននិយាយថា៖ «សហរដ្ឋអាមេរិកធ្វើការជាមួយ​អ្នកពាក់ព័ន្ធចម្រុះ​នៅជុំវិញ​ពិភព​លោក ក្នុងនោះរាប់ទាំងប្រទេសកម្ពុជាផងដែរ ដើម្បី​លើកទឹកចិត្តដល់រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ឱ្យទប់ស្កាត់​អំពើជួញដូរមនុស្ស ការពារជនរងគ្រោះ និង​ចាប់ឱ្យទទួលខុសត្រូវ​ចំពោះមុខច្បាប់​មិនត្រឹមតែជនដៃដល់​ជួញដូរមនុស្ស​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំង​ជន​ដែល​បង្ក​លក្ខណៈ​ដល់​ការជួញដូរ​ផង​ដែរ»។ ​

លោកបានបន្ថែមថា សហរដ្ឋ​អាមេរិក​គាំទ្រពេញទំហឹង​ចំពោះកិច្ចប្រឹងប្រែងរបស់​ចក្រភព​អង់គ្លេស​​ដើម្បីធានា​យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់​ និងទំនួលខុសត្រូវចំពោះ​ជនទាំង​ឡាយ​ដែលផ្សំគំនិត​នៅក្នុង«ឧក្រិដ្ឋកម្មដ៏ឃោរឃៅ»នេះ។

លោក អំ សំអាត នាយកចាត់ការទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ បានប្រាប់​ ខេមបូចា ថា ទណ្ឌកម្ម​ទាំងនេះ​នឹង​រួមចំណែក​កាត់បន្ថយ​អំពើ​ឆបោក​តាមអនឡាញ​នៅកម្ពុជា ពីព្រោះ​ពួក​គេ​​កំពុង​​ស្ថិតក្រោមការតាមដានឃ្លាំមើល​ពីប្រទេសទាំងនោះ។

លោកបានសង្កេតឃើញថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ប្រតិបត្តិការ​ឆបោក​តាមអនឡាញ​នេះ ប៉ុន្តែ លោកថា រដ្ឋាភិបាលក៏​គួរតែពង្រឹង​ប្រសិទ្ធភាពរបស់​ខ្លួននៅ​ក្នុងការ​ទប់ស្កាត់​កំណើននៃឧក្រិដ្ឋកម្ម​ឆបោក​នេះ​ផងដែរ តាមរយៈ​ការពង្រឹងការអនុវត្ត​ច្បាប់ ​និង​ការ​ផ្ដល់ជំនាញ​បច្ចេកវិទ្យា​ដល់​មន្ត្រី​អនុវត្ត​ច្បាប់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Alleged Cambodian Scam Operators Sanctioned by the UK, US, and Canada

487 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម