សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាគមសម្លៀកបំពាក់​និង​​ស្បែកជើង​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ

សិប្បកម្មឡឥដ្ឋនៅរោងចក្រមួយកន្លែងនៅជាយក្រុងភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ឃួន ណារីម)
សិប្បកម្មឡឥដ្ឋនៅរោងចក្រមួយកន្លែងនៅជាយក្រុងភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ឃួន ណារីម)

សមាគមវាយ​នភណ្ឌ និងស្បែកជើងអាមេរិក (AAFA) បានជំរុញឱ្យរដ្ឋាភិបាលថ្មីចាត់វិធានការលើសិប្បកម្មឡឥដ្ឋរបស់កម្ពុជា ដែលតាម​ចោទថា បន្តប្រើ​ប្រាស់​ពលកម្មកុមារ និងប្រើប្រាស់សំណល់កាត់​ដេរ ដើម្បីដុតឡឥដ្ឋ។

លោក ស្តេហ្វិន ឡាម៉ា (Stephen Lamar) ប្រធាន និងជានាយកប្រតិបត្តិនៃ AAFA បានលើក​ឡើង​នៅក្នុងលិខិតមួយច្បាប់​ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទថា៖ «ខ្ញុំសរសេរលិខិតនេះ ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលថា សំណល់កាត់ដេរកំពុងត្រូវបានប្រើប្រាស់ដោយខុសច្បាប់ មួយផ្នែក​ដើម្បីដុតឡឥដ្ឋ​នៅក្នុងប្រទេសកម្ពុជា»។

លោក ឡាម៉ា​ បានលើកឡើង​នៅក្នុងលិខិតថា៖ «ឧស្សាហកម្មរបស់យើងគឺ​រួមគ្នាប្រ​ឆាំងនឹងពលកម្មកុមារ ការបញ្ចាំខ្លួន​ដោះ​បំណុល លក្ខខណ្ឌសុខភាពមិនល្អ និងការរិចរិលបរិស្ថាន…តាមរយៈការ​អនុវត្ត​និង​គោលនយោបាយរួម​របស់​យើង​ យើងធ្វើការដើម្បីទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់នៃផលិតផលដែលមាន​ម៉ាករបស់យើង ឬសំណល់ដែលកើតចេញពីការផលិត ផលិតផលរបស់យើង» ។

AAFA បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញក្នុងការត្រួតពិនិត្យឡឥដ្ឋ វាយតម្លៃវិធី​កម្ទេច​ចោល​​កាកសំណល់ និងធានាឱ្យមានការអនុវត្ត​តាមច្បាប់ និងបទប្បញ្ញត្តិនៃការកម្ទេច​រចោលសំណល់​ ដែលអាចអនុវត្តបានទាំង​អស់​។

របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ កាលពីខែវិច្ឆិកា បានបង្ហាញថា ពលកម្មកុមារ និងការ​បញ្ចាំ​ខ្លួន​ដោះ​បំណុលនៅតែបន្តកើតមាននៅតាម​សិប្ប​កម្ម​ឡឥដ្ឋនៅកម្ពុជា។ ពួកគេក៏បានបង្ហាញផងដែរថា សំណល់កាត់​ដេរដែល​មាន​ម៉ាកអន្តរជាតិល្បីៗដូចជា Reebok, Old Navy និង Adidas ត្រូវបានគេប្រើប្រាស់​ដើម្បី​ដុតឡឥដ្ឋនៅតាមសិប្បកម្មផលិត​ឥដ្ឋ។

លោក កត្តា អន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារមាន​ប្រសាសន៍​ថា ក្រសួង​បាន​ដឹង​អំពី​លិខិត​នេះ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​លម្អិត​អំពី​ករណី​នេះ​ទេ។ អង្គការ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​បញ្ហា​ពលកម្ម​កុមារ​នៅ​តាម​ឡឥដ្ឋ និង​ការ​ប្រើ​ប្រាស់​​សំណល់​កាត់​ដេរ ​ដើម្បី​ដុតឡឥដ្ឋ ដែល​បំពុលដល់​​បរិស្ថាន។

លោក​មាន​ប្រសាសន៍ថា៖ «ក្រសួងស្វាគមន៍កិច្ចសហការពីភាគីពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតរួមគ្នា ហើយសន្និដ្ឋានថា តើមានការពិតដែលឬទេនៅក្នុងករណីនេះ» ។

លោកមាន​ប្រសាសន៍ថា៖ «ក្នុងករណីដែលយើងរកឃើញថា មានករណីកើតទ្បើងមែន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ការងារ ក៏ដូចជាច្បាប់បរិស្ថានដើម្បីដាក់វិធានការទៅលើម្ចាស់ឡឥដ្ឋ និងធានាថា ពួកគេមិនប្រើប្រាស់​ពលកម្ម​កុមារ» ។ លោក កត្តា អន បានបន្ថែមថា ក្រសួង​ក៏នឹងធ្វើឱ្យប្រាកដថា ឡឥដ្ឋ​រក្សាបរិស្ថានល្អផងដែរ។

លោក កត្តា អន មានប្រសាសន៍ថា នៅក្នុងរបាយការណ៍របស់អង្គការលីកាដូ ដែលលោកបានឃើញ ប្រជាពលរដ្ឋត្រូវបានសម្ភាស ប៉ុន្តែក្រសួងមិនឃើញមានការអះអាងណាមួយ ដែលដូច​ទៅនឹង​ការ​ចោទប្រកាន់នៅ​ក្នុង​របាយការណ៍នោះទេ។ លោក​បាន​បន្ត​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​គួរ​សហការ​ជាមួយ​ក្រសួង​ “ជា​ជាង​បញ្ជូន​របាយការណ៍​ទៅ​ក្រៅ​ប្រទេស”  ​ទី​​ដែល​ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​បាននោះទេ​។

លោក កត្តា អន បានអះអាងថា AAFA បានផ្ញើលិខិតនោះទៅនាយករដ្ឋមន្ត្រី មិនមែនផ្ញើមក​ក្រសួងការងារទេ។ លោក​មាន​ប្រសាសន៍ថា ប៉ុន្តែប្រសិនបើមានចំណារ​ឲ្យ​ក្រសួង​ចាត់​វិធានការ “យើងនឹងចាត់វិធានការជាបន្ទាន់” ។

លោក អំ សំអាត នាយកចាត់ការទូទៅនៃ​អង្គការ​លីកាដូមាន​ប្រសាសន៍​ថា វា​មិន​ចម្លែក​ទេ​ ដែល​រដ្ឋាភិបាល​បដិសេធ​របាយការណ៍​របស់​សង្គម​ស៊ីវិល ព្រោះ​ពួកគាត់​តែង​តែ​ធ្វើ​ដូច្នេះ។

លោក​មានប្រសាសន៍ថា​៖ «ទោះបី​រដ្ឋាភិបាល​និយាយ​ថា​ គ្មាន​ពលកម្ម​កុមារ​នៅតាម​​សិប្បកម្ម​ឡឥដ្ឋ ប៉ុន្តែ​តាម​ពិត​នៅ​មាន​ការ​ប្រើប្រាស់​ពលកម្ម​កុមារ ដូច្នេះ​យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំង​នោះ» ។

លោក សំអាត បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ក្រសួងមានសមត្ថភាពស៊ើបអង្កេតករណីនេះ ព្រោះយើងចង់ធ្វើឱ្យប្រាកដថា មិនមានការរំលោភបំពានលើពលកម្មកុមារនៅតាម​ឡឥដ្ឋ ឬប៉ះពាល់ដល់បរិស្ថាន» ។

លោក សំអាត បានបន្ថែមថា៖ «អង្គការលីកាដូ គ្មានចេតនាទុច្ចរិតទេ។ យើង​ចង់​ធានា​ថា​ គ្មាន​ការ​រំលោភបំពាន​លើ​ពលកម្ម​កុមារ​នៅ​តាមឡឥដ្ឋ និង​ការ​ប្រើ​ប្រាស់​សំណល់​កាត់​ដេរ ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​» ។

លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលមិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ខណៈលោក ផៃ ប៊ុនឈឿន ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានបដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ទេ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ American Apparel Footwear Association Asks Government to Investigate Child Labor at Brick Kilns

 
203 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម