ការបិទខ្ទប់ត្រូវបានបញ្ចប់មួយភាគធំនៃក្រុងភ្នំពេញ ប៉ុន្តែសាលារៀនរដ្ឋនិងឯកជនបន្តបិទទ្វារបណ្តោះអាសន្ន ដោយសារការបន្តរាតត្បាតនៃជំងឺកូវីដ១៩។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់កាលពីថ្ងៃសុក្រថា គ្រប់សាលារៀននៅបន្តបិទទ្វារ ជាវិធានការមួយ ដើម្បីការពារការឆ្លងជំងឺនៅក្នុងចំណោមសិស្ស។ លោកបានថ្លែងប្រាប់ ខេមបូចា ដោយខ្លីថា គ្មានសេចក្តីសម្រេចថ្មីណាមួយត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងសាលារៀន ដែលត្រូវបានបញ្ជាឲ្យបិទកាលពីថ្ងៃទី២០ ខែមីនានោះទេ។
អ្នកនាំពាក្យក្រសួងអប់រំលោក ឌី ខាំបូលី ក៏បានថ្លែងសំដៅទៅគោលនយោបាយពីគ្រាមុនស្តីពីការបិទសាលារៀនជាវិធានការទប់ទល់នឹងការឆ្លងជំងឺផងដែរ។
លោកបាននិយាយពីការបិទសាលារៀនអំឡុងពេលមានការរាតត្បាតជំងឺថា៖ «ជាទូទៅ វាមិនត្រឹមតែប៉ះពាល់កម្ពុជានោះទេ ប៉ុន្តែនៅកន្លែងដទៃទៀតផងដែរ»។
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានបញ្ចប់វិធានការបិទខ្ទប់នៅផ្នែកមួយភាគធំនៃក្រុងភ្នំពេញ និងក្រុងតាខ្មៅជាប់នោះ បន្ទាប់ពីការរឹតត្បិតតឹងរ៉ឹងអស់រយៈពេលបីសប្តាហ៍កន្លងមក។ តំបន់មួយចំនួន ដែលត្រូវបានចាត់ទុកថាជា «តំបន់ក្រហម» ដោយសារអាត្រាឆ្លងខ្ពស់នៃជំងឺកូវីដ១៩ នៅតែបន្តស្ថិតនៅក្រោមការបិទខ្ទប់។
ប៉ុន្តែក្រៅពីនេះ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើការបើកឡើងវិញ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឲ្យរដ្ឋបាលខេត្តដកចេញការហាមឃាត់ការធ្វើដំណើរចេញចូលខេត្ត និងមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។
គិតមកត្រឹមថ្ងៃសុក្រ កម្ពុជាបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨.១៧៩ និងការស្លាប់ចំនួន ១១៤ ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០។
កាលពីឆ្នាំមុន សិស្សត្រូវពឹងផ្អែកលើកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ ដែលត្រូវបានរៀបចំដោយក្រសួងអប់រំ។ កាលពីថ្ងៃសុក្រ ក្រសួងអប់រំបានបញ្ចេញកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលថ្មីឈ្មោះថា E-Learning សម្រាប់សិស្សគ្រប់ថ្នាក់សិក្សា។
លោក ខាំបូលី បានថ្លែងថា៖ «សិស្សអាចរៀនតាមអនឡាញ តាមប្រព័ន្ធផ្សព្វផ្សាយ ហើយសម្រាប់អ្នកដែលមានទូរសព្ទស្មាតហ្វូន ពួកគេអាចរៀននៅតាមកម្មវិធី App ដូច្នេះយើងមានប្រព័ន្ធឌីជីថលជាច្រើនប្រភេទ»។
យ៉ាងណាក៏ដោយ មិនមែនសិស្សគ្រប់គ្នាអាចពឹងផ្អែកលើមធ្យោបាយសិក្សាក្នុងទម្រង់ថ្មីនោះទេ។
សិស្សថ្នាក់ទី០៨ អាយុ ១៤ឆ្នាំម្នាក់ក្នុងឃុំក្របីរៀល ក្នុងខេត្តសៀមរាប បានប្រាប់ ខេមបូចា ថានាងប្រើប្រាស់អ៊ីនធឺណិតតាមទូរសព្ទស្មាតហ្វូន។ អាស្រ័យហេតុនេះ នាងជួបការលំបាកក្នុងការសិក្សា ដោយសារប្រព័ន្ធអ៊ីនធឺណិតមិនល្អ។
នៅខណៈប្រព័ន្ធអប់រំត្រូវសម្របថ្នាក់រៀនទៅតាមប្រព័ន្ធសិក្សាពីចម្ងាយ មិញត្រា មានអារម្មណ៍ថា នាងរៀនមិនសូវចេះ ពេលរៀននៅផ្ទះ បើប្រៀបនឹងពេលនាងទៅរៀននៅសាលារៀន។
នាងបាននិយាយថា៖ «ការសិក្សាតាមប្រព័ន្ធអនឡាញគឺលំបាក ពីព្រោះយើងមិនយល់ [ពីមេរៀន] ហើយអត់មានគ្រូមកពន្យល់នោះទេ» ដោយបន្ថែមថា ការសិក្សាពីចម្ងាយបានក្លាយត្រឹមជាកិច្ចការផ្ទះប៉ុណ្ណោះភាគច្រើន។ នាងបាននិយាយទៀតថា៖ «អ៊ីនធឺណិតដើរយឺតណាស់ ទោះបីនៅពេលយើងបញ្ចូលលុយតាមកាតក៏ដោយ»។
ឪពុកម្តាយក៏មានការបារម្ភថា ការសិក្សាតាមប្រព័ន្ធអនឡាញមិនអាចជំនួសការសិក្សានៅសាលារៀនបាននោះទេផងដែរ។
អ្នកស្រី ណន ង៉ា អាយុ ៤៩ឆ្នាំ បាននិយាយថា ការផ្លាស់ប្តូរទៅកាន់ការសិក្សាតាមប្រព័ន្ធឌីជីថលបានប៉ះពាល់ដល់គុណភាពសិក្សាសម្រាប់កូនស្រីទាំងពីររបស់អ្នកស្រី ដែលកំពុងរៀននៅថ្នាក់ទី០៨ និងទី១២។ អ្នកស្រីង៉ាក៏បានលើកឡើងពីការចំណាយលើការសិក្សាតាមរយៈការប្រើប្រាស់អ៊ីនធឺណិតតាមទូរសព្ទស្មាតហ្វូនផងដែរ ដែលការចំណាយនេះ អ្នកស្រីនិយាយថា មិនបានផលនោះទេ។
អ្នកស្រីបានថ្លែងថា៖ «ពួកគេរៀនមិនចេះ ដូចរៀននៅសាលានោះទេ»។

អ្នកស្រី អ៊ុក ឆាយវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានយល់ស្របជាមួយនឹងសេចក្តីសម្រេចបិទសាលារៀនមួយរយៈ ជាផ្នែកមួយនៃវិធានការការពារសុវត្ថិភាព។ ប៉ុន្តែអ្នកស្រីបានលើកឡើងថា ការសិក្សាតាមប្រព័ន្ធអនឡាញមិនអាចជំនួសការសិក្សាក្នុងថ្នាក់រៀនបាននោះទេ។
អ្នកស្រីបានថ្លែងថា៖ «វាពិតជាប៉ះពាល់ដល់គុណភាពសិក្សា។ ប៉ុន្តែយើងយល់ពីស្ថានភាពជំងឺកូវីដ១៩»។
កាលពីខែមករា សិស្សរាប់លាននាក់បានចាប់ផ្តើមឆ្នាំសិក្សាថ្មី បន្ទាប់ពីត្រូវបានអាក់ខានកាលពីមួយឆ្នាំមុន ដោយសារការរាតត្បាតជំងឺកូវីដ១៩។ កាលពីគ្រានោះ សាលារៀនប្រមាណ ៣៥នៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ បន្តបិទទ្វារ ដោយសារត្រូវបានយកមកប្រើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលរដ្ឋត្រឡប់មកស្រុកកំណើតវិញ។ សិស្សនៅសាលារៀនទាំងនោះត្រូវបានបញ្ជូនឲ្យទៅសិក្សានៅឯសាលារៀនដទៃទៀត។
នៅពេលនោះផងដែរ ក្រសួងអប់រំបានចេញសេចក្តីបង្គាប់ឲ្យអនុវត្តដើម្បីសុវត្ថិភាពសម្រាប់សាលារៀនឯកជន និងរដ្ឋនៅទូទាំងប្រទេស។ ប៉ុន្តែកាលពីថ្ងៃ២០ ខែមីនា ក្រសួងអប់រំបានប្រកាសពីការផ្អាកគ្រប់គ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ននៅក្នុងប្រទេស ដោយសារការរាតត្បាតជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅក្រុងភ្នំពេញ។
ការបិទនេះត្រូវបានអនុវត្តទូទាំងប្រទេស រួមទាំង ខេត្តបន្ទាយមានជ័យ ផងដែរ ជាទីដែលប្រធានមន្ទីរអប់រំខេត្តលោក ប៉ិច រតនា មើលការខុសត្រូវលើការសិក្សារបស់សិស្សប្រមាណ ៥ម៉ឺននាក់។ លោករតនា បាននិយាយថា លោកមិនទាន់ទទួលបានការបញ្ជាណាមួយឲ្យបើកសាលារៀននោះទេ។
លោកបានថ្លែងថា៖ «យើងនៅតែបន្តសិក្សាតាមប្រព័ន្ធអនឡាញ ហើយនៅកន្លែងខ្លះ យើងផ្តល់ជាឯកសារឲ្យសិស្ស។ វាប៉ះពាល់សិស្សនៅពេលពួកគេមិនបានរៀននៅសាលា។ ការរៀនតាមប្រព័ន្ធអនឡាញគឺមិនល្អដូចការរៀនរួមគ្នានោះទេ»។
ស្ថានភាពជំងឺកូវីដ១៩ នៅបន្តបង្កជាបញ្ហាចោទមួយសម្រាប់ខេត្តតាមបណ្តោយព្រំដែន ដោយសារតែអ្នកធ្វើដំណើរចេញចូលខេត្ត និងពលករវិលត្រឡប់ពីប្រទេសថៃ។
នៅស្របពេលដូចគ្នានេះដែរ លោករតនានិយាយថា ក្រសួងអប់រំបានបង្កើតជាប្រព័ន្ធឌីជីថល និងវីដេអូឃ្លីបដើម្បីឲ្យសិស្សប្រើប្រាស់។ ប៉ុន្តែលោកបានលើកឡើងថា មិនមែនសិស្សគ្រប់គ្នាអាចរៀនតាមប្រព័ន្ធអនឡាញបាននោះទេ ជាពិសេសសិស្សនៅតំបន់ជនបទដាច់ស្រយាល ដែលមិនមានអ៊ីនធឺណិត។
លោកបានបន្ថែមថា៖ «សាលារៀនគឺនៅឆ្ងាយពីទីរួមស្រុក ដូច្នេះពួកគេជួបការលំបាកក្នុងការប្រើប្រាស់អ៊ីនធឺណិត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Amid criticism of online education, schools remain suspended as lockdown lifts