ការបោះឆ្នោតជាកញ្ចប់តែមួយលើកនៅក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលបានពង្រឹងតួនាទីរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ជាការចាប់ផ្ដើមនូវការផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រីកំពូលៗជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងចំណោមក្រសួងទាំង២៨ ក្រសួងចំនួន២០បានឃើញថ្នាក់ដឹកនាំថ្មីត្រូវបានតែងតាំងចូលកាន់មុខតំណែងនៅក្នុងសប្ដាហ៍នេះ ។ ប៉ុន្តែគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត នៅរក្សាដដែលនូវទំនាក់ទំនងគ្រួសារ និងធុរកិច្ចចាក់ស្រេះ – ក្នុងនោះ រដ្ឋមន្ត្រីថ្មីយ៉ាងហោចណាស់៨រូបមានជាប់សាច់ឈាមជាមួយនឹងរដ្ឋមន្ត្រីមួយរូបនៃគណៈរដ្ឋមន្ត្រីចាស់។
ដូចដែលរំពឹងទុក កូនៗរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ដែលត្រូវចាកចេញពីតំណែង បានទទួលតំណែងស្នងឪពុករបស់ខ្លួនរៀងៗខ្លួន។ រដ្ឋមន្ត្រីថ្មីផ្សេងទៀត រួមមាន លោក ជា សុមេធី និងលោក សុខ សូកេន ជាកូនប្រុសរបស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកាន់អំណាច CPP ដែលបានទទួលមរណភាពទៅហើយ គឺលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោក សុខ អាន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
វ័យរបស់សមាជិកភាគច្រើនបំផុតនៃគណៈរដ្ឋមន្ត្រីចាស់គឺចាប់ពី ៦០ឆ្នាំឡើងទៅ ចំណែកឯអាយុគិតជាមធ្យមនៃថ្នាក់ដឹកនាំក្រសួងថ្មីទាំង២៨រូប គឺប្រហែល ៤៩ឆ្នាំ ។ (ខេមបូចា ពុំអាចកំណត់អាយុរបស់រដ្ឋមន្ត្រីថ្មីពីររូបបានទេ ។) រដ្ឋមន្ត្រីថ្មីដែលមានអាយុក្មេងជាងគេបំផុត គឺលោក ហ៊ុន ម៉ានី ដែលជាប្អូនប្រុសរបស់លោក ហ៊ុន ម៉ាណែត ។ ក្នុងចំណោមថ្នាក់ដឹកនាំនៃក្រសួងទាំង២៨ មានតែថ្នាក់ដឹកនាំ៣រូបប៉ុណ្ណោះដែលជាស្ត្រី ក្នុងនោះពីររូបជារដ្ឋមន្ត្រីនៃអាណត្តិមុន។
រដ្ឋមន្ត្រីថ្មីស្ទើរតែទាំងអស់ គឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច CPP ។ ថ្នាក់ដឹកនាំ៩រូបនៃក្រសួងថ្មី ពុំបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតជាតិនាខែកក្កដាកន្លងមកនោះទេ។
ឧបនាយករដ្ឋមន្ត្រី៩រូបក្នុងចំណោម១០រូប គឺជាឧបនាយករដ្ឋមន្ត្រីថ្មី ហើយឧបនាយករដ្ឋមន្ត្រីទាំងអស់ លើកលែងតែពីររូបចេញ ក៏ជារដ្ឋមន្ត្រីដឹកនាំក្រសួងផ្ទាល់ផងដែរ ។ ក្មួយប្រសាប្រុសរបស់លោក ហ៊ុន សែន និងជាអតីតអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ស្ថិតក្នុងចំណោមឧបនាយករដ្ឋមន្ត្រីដែលទើបតែងតាំងថ្មី។
ក្នុងចំណោមទេសរដ្ឋមន្ត្រី២៨រូប មានតែ៥រូបប៉ុណ្ណោះដែលធ្លាប់កាន់តំណែងនេះពីមុនមកនៅក្នុងអាណត្តិរដ្ឋាភិបាលចាស់។
ភរិយារបស់រដ្ឋមន្ត្រីថ្មីជាច្រើនកាន់កាប់តួនាទីដឹកនាំនៅក្នុងក្រុមហ៊ុន ហើយក្នុងករណីខ្លះ ទំនាក់ទំនងនោះមានលក្ខណៈទំនាក់ទំនងគ្នាទៅវិញទៅមកផងដែរ។ រដ្ឋមន្ត្រីខ្លះត្រូវគេឃើញមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអភិបាលសកម្មនៃក្រុមហ៊ុនឯកជន។ នេះបើយោងតាមបញ្ជីកត់ត្រារបស់ក្រសួងពាណិជ្ជកម្ម។
ខាងក្រោមនេះជាបញ្ជីដែលមានព័ត៌មានបន្ថែមពីថ្នាក់ដឹកនាំម្នាក់ៗនៃក្រសួងទាំង២៨ និងរដ្ឋមន្ត្រីបន្ថែមពីររូបទៀតនៃប្រទេសកម្ពុជា៖
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី៖ លោក វង្សី វិស្សុត*
* = ក៏ជាឧបនាយករដ្ឋមន្ត្រីផងដែរ។
ជំនួសតំណែង៖ ប៊ិន ឈិន
អតីតជា៖ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាយុ៖ ៥៨ឆ្នាំ
លោក វិស្សុត ដែលជាប់ឆ្នោតជាតំណាងរាស្ត្រនៃមណ្ឌលខេត្តកណ្ដាល មានប្រវត្តិការងារ២៨ឆ្នាំនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយចុងក្រោយបំផុត កាន់មុខតំណែងជារដ្ឋលេខាធិការនៃក្រសួងនេះតាំងពីឆ្នាំ២០១៣មក។ លោកទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០។ នេះបើយោងតាមប្រវត្តិរូបរបស់លោកដែលចុះផ្សាយដោយក្រសួង។ លោកមានកេរ្តិ៍ឈ្មោះល្បីដោយសារជួយដឹកនាំកម្មវិធីជំនួយថវិកាក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីមហាផ្ទៃ៖ លោក ស សុខា*
ជំនួស៖ លោក ស ខេង
អតីតជា៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
អាយុ៖ ៤២ឆ្នាំ
ភរិយា៖ លោកស្រី កែ សួនសុភី
លោក សុខា ដែលជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានកាន់តំណែងនេះជំនួសឪពុករបស់លោក ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះអស់រយៈពេល៣០ឆ្នាំមកហើយ ។
នៅឆ្នាំ២០១៨ លោក សុខា ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ឯក។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី កែ សួនសុភី ជាកូនស្រីរបស់អតីតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក កែ គឹមយ៉ាន ដែលត្រូវបានដកចេញពីមុខតំណែងនេះកាលពីឆ្នាំ២០០៩ ពីបទចោទប្រកាន់ថាបានប្រើប្រាស់អំណាចនៅក្នុងការទិញលក់ដីធ្លី។ កាលពីឆ្នាំទៅមិញ លោក សុខា បានប្រកាសបដិសេធថាលោកគ្មានចំណាប់អារម្មណ៍ចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ។
លោកនិងភរិយាធ្លាប់ជាអភិបាលនៃក្រុមហ៊ុន Grand Phnom Penh Golf រហូតដល់ឆ្នាំ២០១៩ ហើយរហូតដល់ឆ្នាំ២០១៨ លោក សុខា ធ្លាប់ជាអភិបាលមួយរូបនៃក្រុមហ៊ុន Jinbei Investment ជាក្រុមហ៊ុនដែលក្រោយមករងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការឆបោក។
លោកធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sokha Sina Rotha – ជាក្រុមហ៊ុនមួយដែលដាក់ឈ្មោះដោយយកឈ្មោះលោកផ្ទាល់ បូកនឹងឈ្មោះប្អូនប្រុសរបស់លោក គឺលោក ស រដ្ឋា និងឈ្មោះប្អូនស្រីរបស់លោក គឺ ស ស៊ីណា – ដែលទំនងជាពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនវៀតណាម ។ លោក សុខា និងប្អូនប្រុសរបស់លោកបានលាឈប់ពីមុខតំណែងនេះនៅខែកក្កដា ចំណែកឯ ប្អូនស្រីឈ្មោះ ស៊ីណា នៅមានឈ្មោះជាអភិបាលក្រុមហ៊ុននៅឡើយ ។
ភរិយារបស់លោក សុខា លោកស្រី កែ សួនសុភី ចូលរួមនៅក្នុងការគ្រប់គ្រងក្រុមហ៊ុនធុរកិច្ចជាច្រើន ក្នុងនោះរួមទាំងក្រុមហ៊ុន GoldFX Investment ដែលកាលពីឆ្នាំ២០២១ បានទទួលរងនូវពាក្យបណ្ដឹងពីអ្នកវិនិយោគរាប់រយនាក់ពីបទចោទថាបានឆបោកប្រាស់ពីពួកគេអស់ជាង ២០លានដុល្លារ ។ (ក្រោយមក សំណុំរឿងនេះត្រូវបានដោះស្រាយ)
មុខតំណែងក្នុងធុរកិច្ចសកម្មរបស់លោកស្រី សុភី រួមមាន ៖
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Bronx Technology Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Forward Sportswear Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GoldFX Investment Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន P.S.V.T Group Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SB Investment Co., Ltd.
អភិបាលនៃក្រុមហ៊ុន E K Y C Solutions Co., Ltd.
អភិបាលនៃក្រុមហ៊ុន Y.L.P Microfinance Plc. ។
រដ្ឋមន្ត្រីការពារជាតិ៖ ទៀ សីហា*
ជំនួស៖ លោក ទៀ បាញ់
អតីតជា៖ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប
អាយុ៖ ៤២ឆ្នាំ
ភរិយា៖ លោកស្រី ទាង អេង
លោក សីហា ដែលជាតំណាងរាស្ត្រជាប់ឆ្នោតសម្រាប់មណ្ឌលខេត្តសៀមរាប បានជំនួសតំណែងឪពុករបស់លោក ដែលជារដ្ឋមន្ត្រីការពារជាតិចាប់តាំងពីឆ្នាំ២០០៦មក ។ លោក សីហា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាលា Passy Saint-Honoré នៅប្រទេសបារាំង និងក៏បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាយោធា Saint-Cyr ផងដែរ ។ នៅឆ្នាំ២០១៤ លោក សីហា ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ ។
ភរិយារបស់លោក សីហា មានតួនាទីជាអភិបាលសកម្មនៅក្នុងក្រុមហ៊ុនដូចខាងក្រោម ៖
Aren International Development Co., Ltd
Chromium Construction and Development Co., Ltd
U.U New Energy Transportation Angkor Wat (Cambodia) Co., Ltd
រដ្ឋមន្ត្រីការបរទេស ៖ លោក សុខ ចិន្ដាសោភា*
ជំនួស៖ រដ្ឋមន្ត្រី ប្រាក់ សុខុន
អតីតជា៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
អាយុ៖ ៦៧ឆ្នាំ
ភរិយា៖ ទន់ ឯកសូហ្វី
លោក ចិន្ដាសោភា គឺជាតំណាងរាស្ត្រជាប់ឆ្នោតប្រចាំមណ្ឌលខេត្តកណ្ដាល។ លោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅប្រទេសបារាំង និងបានបំពេញការងារក្នុងតួនាទីជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីឆ្នាំ១៩៩៧មកម្ល៉េះ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ អូន ព័ន្ធមុនីរ័ត្ន
អតីតជា ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
Age: 57
អាយុ៖ ៥៧ឆ្នាំ
ភរិយា៖ អ៊ឹម ប៉ូលីកា
លោក អូន ព័ន្ធមុនីរ័ត្ន ជាតំណាងរាស្ត្រជាប់ឆ្នោតសម្រាប់មណ្ឌលខេត្តកណ្ដាល ។ លោកជាអតីតជំនួយការរបស់លោក ហ៊ុន សែន និងបានក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ២០១៣។ លោកទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាមកពីសាកលវិទ្យាល័យជាតិក្រុងមូស្គូ ។ ភរិយារបស់លោក គឺលោកស្រី អ៊ឹម ប៉ូលីកា ជាស្ត្រីអ្នកជំនួញដ៏លេចធ្លោមួយរូប ។ កូនប្រុសរបស់ពួកគេឈ្មោះ អូន ព័ន្ធមុនីរាជ បានភ្ជាប់ពាក្យកាលពីឆ្នាំ២០២១ ជាមួយនឹងកញ្ញា ឡាវ ជៀជីន ជាកូនស្រីរបស់អ្នកជំនួញដែលមានទំនាក់ទំនងខ្លាំង គឺលោកស្រី ជឹង សុគន្ធាវី ។ ឪពុកម្ដាយរបស់លោកស្រី សុគន្ធាវី គឺប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ភាពីមិច លោកស្រី ជឹង សុភាព និងសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច CPP លោក ឡាវ ម៉េងឃឹន ។ ក្រុមហ៊ុនរបស់ភរិយារបស់លោក ព័ន្ធមុនីរ័ត្ន បានទទួលសម្បទានដីជាច្រើនកន្លែងនៅក្នុងតំបន់ការពារបរិស្ថាន ដែលផ្ដល់ឱ្យដោយរដ្ឋាភិបាល ។
ភរិយារបស់លោក អូន ព័ន្ធមុនីរ័ត្ន កាន់តំណែងនៅក្នុងក្រុមហ៊ុនដូចខាងក្រោម ៖
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KVNHI & T Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Samanea Co., Ltd.
អភិបាលនៃក្រុមហ៊ុន Baitang (Kampuchea) Plc.
អភិបាលនៃក្រុមហ៊ុន One Fraternity Co., Ltd.
អភិបាលនៃក្រុមហ៊ុន One More Manufacturing Co., Ltd.
អភិបាលនៃក្រុមហ៊ុន One Prosperity Co., Ltd. ។
រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖ លោក ឌិត ទីណា
អតីតជា៖ រដ្ឋមន្ត្រីកសិកម្ម
អាយុ៖ ៤៤ឆ្នាំ
ភរិយា៖ ថៃ វិទ្យាល័យ
លោក ទីណា ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងរដ្ឋមន្ត្រីបច្ចុប្បន្នកាលពីខែតុលា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ហើយពីមុន លោកបានកាន់តំណែងជារដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ។ លោកជាតំណាងរាស្ត្រជាប់ឆ្នោតប្រចាំមណ្ឌលខេត្តត្បូងឃ្មុំ ។
លោកគឺជាកូនប្រុសរបស់អតីតប្រធានតុលាការកំពូល លោក ឌិត មន្ទី ។ បងប្អូនស្រីរបស់លោក ទីណា ឈ្មោះ ឌិត នីតា គឺជាអនុប្រធាននៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលឥឡូវនេះ ជារដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី និងជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ថ្មីៗនេះ លោកបានជំរុញឱ្យកសិករកាន់តែច្រើនទទួលបានកម្ចីដែលមានការប្រាក់ទាប ហើយកន្លងមក ក៏ធ្លាប់បានគំរាមប្ដឹងអ្នកសារព័ត៌មានណាដែលធ្វើឱ្យប៉ះពាល់ដល់«សេចក្ដីថ្លៃថ្នូរ»របស់ក្រសួងរបស់លោកផងដែរ។
លោក ទីណា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករូបវិទ្យាពីសាកលវិទ្យាល័យ Paris-Sud University និងក៏មានសញ្ញាបត្រខាងផ្នែកវិស្វកម្មរ៉ែ ផងដែរ ។ របាយការណ៍ខ្លះបានសរសេរថា លោករៀបអាពាហ៍ពិពាហ៍ជាមួយស្រ្តីមួយរូប ឈ្មោះ ថៃ វិទ្យាល័យ ។
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ៖ លោក ឆាយ ឫទ្ធិសែន
ជំនួស៖ លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន
អតីតជា៖ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
អាយុ៖ ៥៤ឆ្នាំ
លោក ឆាយ ឫទ្ធិសែន ជាតំណាងរាស្ត្រជាប់ឆ្នោតប្រចាំមណ្ឌលខេត្តត្បូងឃ្មុំ ។ លោកគឺជាកូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន ដែលជាទេសរដ្ឋមន្ត្រីនិងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច CPP ។ លោកក៏ជាអតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញផងដែរ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ លោកស្រី ចម និម្មល
ជំនួស៖ រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ
អតីតជា ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
អាយុ៖ ៤៣ឆ្នាំ
លោកស្រី និម្មល ជាកូនស្រីរបស់អតីតរដ្ឋមន្ត្រី ចម ប្រសិទ្ធ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធ្លាប់បានបំពេញតួនាទីជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ លោកស្រីជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តកំពត ។
លោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិម៉ានី របស់លោក ហ៊ុន ម៉ានី និងក៏ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រប់គ្រងដោយលោក ហ៊ុន ម៉ានី ផងដែរ ។ នេះបើតាមការរាយការណ៍ដោយ Kamnotra។
រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ លោក ហែម វណ្ណឌី
ជំនួស៖ ចម ប្រសិទ្ធ
អតីតជា ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អាយុ ៖ ៤៤ឆ្នាំ
លោក វណ្ណឌី ពីមុន គឺជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយលោកកាន់តួនាទីនេះប្រហែល៣ឆ្នាំ។ លោកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យអន្តរជាតិជប៉ុន និងក្រោយមកទៀត បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈពីសាលា Harvard Kennedy School។
បញ្ជីកត់ត្រារបស់ក្រសួងពាណិជ្ជកម្មបង្ហាញពីបុរសម្នាក់ឈ្មោះ ហែម វណ្ណឌី ជាអភិបាលសកម្មនៃក្រុមហ៊ុន Mohanokor Engineering & Construction Co., Ltd. ។
រដ្ឋមន្ត្រីរ៉ែនិងថាមពល ៖ កែវ រតនៈ
ជំនួស៖ រដ្ឋមន្ត្រី ស៊ុយ សែម
អតីតជា៖ អគ្គនាយកនៃអគ្គិសនីកម្ពុជា
អាយុ៖ ៥០ឆ្នាំ
ភរិយា៖ លោកស្រី កេង ចន្ទសុភ័ក្ត្រ
លោក រតនៈ ជាតំណាងរាស្ត្រជាប់ឆ្នោតប្រចាំមណ្ឌលខេត្តពោធិ៍សាត់។ លោកធ្លាប់បំពេញការងារជាជំនួយការផ្ទាល់របស់លោក ហ៊ុន សែន និងបានចូលបម្រើការងារនៅអគ្គិសនីកម្ពុជា (EDC) ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋនេះចាប់តាំងពីឆ្នាំ២០០៨មក ក្នុងតួនាទីជាអគ្គនាយក។ ក្រោមការដឹកនាំរបស់លោក អគ្គិសនីកម្ពុជាបានបង្កើតឱ្យមានភាពចម្រូងចម្រាសជុំវិញការសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តំបន់ការពារព្រៃឡង់។ នៅឆ្នាំ២០១៨ លោក រតនៈ ក៏បានក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ផងដែរ។ លោកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរដ្ឋបាលមកពីសាកលវិទ្យាល័យ Columbia University នៅឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យអន្តរជាតិជប៉ុន នៅឆ្នាំ១៩៩៩ ។
ភរិយារបស់លោក គឺលោកស្រី ចន្ទសុភ័ក្ត្រ មានទំនាក់ទំនងធុរកិច្ចជាមួយនឹងភរិយារបស់លោក ហ៊ុន ម៉ាណែត គឺលោកស្រី ពេជ ចន្ទមុន្នី តាមរយៈក្រុមហ៊ុនឈ្មោះ Hibrand Tech និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក GGEAR Group ដែលមានលោកស្រី ចន្ទមុន្នី ជាប្រធានក្រុមប្រឹក្សាភិបាល។ នេះបើយោងតាមបញ្ជីកត់ត្រារបស់ក្រសួងពាណិជ្ជកម្ម។
បើតាមបញ្ជីកត់ត្រារបស់ក្រសួងពាណិជ្ជកម្ម លោកស្រី ចន្ទសុភ័ក្ត្រ មានតួនាទីធុរកិច្ចនៅក្នុងក្រុមហ៊ុនដូចខាងក្រោម៖
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Eduinvest International Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toys & Me Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Smart Fun Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Lotusroot Co., Ltd.
អភិបាលក្រុមហ៊ុន GGEAR Group Co., Ltd.
អភិបាលក្រុមហ៊ុន HIBRAND Tech Co., Ltd.
អភិបាលក្រុមហ៊ុន K.S Advance Asia Co., Ltd.
អភិបាលក្រុមហ៊ុន Smart Path Asia Co., Ltd.
អភិបាលក្រុមហ៊ុន Smart Goods Investment Co., Ltd. ។
រដ្ឋមន្ត្រីផែនការ៖ ប៊ិន ត្រឈៃ
ជំនួស៖ លោក ឆាយ ថន
អតីតជា៖ មេធាវីឯកជន
អាយុ៖ ៤៤ឆ្នាំ
លោក ត្រឈៃ ជាកូនប្រុសរបស់លោក ប៊ិន ឈិន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។
រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា៖ ហង់ជួន ណារ៉ុន
អតីតជា៖ រដ្ឋមន្ត្រីអប់រំ
អាយុ៖ ៦១ឆ្នាំ
ភរិយា៖ ប៉ែន វិមល់
លោក ណារ៉ុន បានកាន់តំណែងជារដ្ឋមន្ត្រីអប់រំ យុវជន និងកីឡានេះ តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ លោករៀនផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនៅប្រទេសរុស្ស៊ី នាដើមទសវត្សរ៍ឆ្នាំ១៩៨០ និងធ្លាប់បានបម្រើការងារនៅស្ថានទូតអូស្ត្រាលី។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកំពង់ចាម។ ភរិយារបស់លោក ណារ៉ុន ត្រូវបានគេចុះផ្សាយថា ជាមន្ត្រីមួយរូបនៅក្នុងនាយកដ្ឋានផែនការនៃក្រសួងបរិស្ថាន។
រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ ជា សុមេធី
ជំនួស៖ លោក វង សូត
អតីតជា៖ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង
លោក សុមេធី គឺជាកូនប្រុសរបស់អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដែលបានទទួលមរណភាពទៅហើយ ហើយលោកធ្លាប់បំពេញការងារជាអភិបាលខេត្តព្រៃវែង។ លោកសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យនៅប្រទេសថៃ និងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក ក្នុងនោះរាប់ទាំងការសិក្សានៅសាលាភូមិន្ទរដ្ឋបាលនៅរាជធានីភ្នំពេញដែរ។
រដ្ឋមន្ត្រីរៀបចំដែនដី ៖ លោក សាយ សំអាល់*
ជំនួស៖ លោក ជា សុផារ៉ា
អតីតជា៖ រដ្ឋមន្ត្រីបរិស្ថាន
អាយុ៖ ៤៣ឆ្នាំ
ភរិយា៖ ឌិត ទីណា
លោក សំអាល់ ជាកូនប្រុសរបស់ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ។ លោក សំអាល់ រៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ឌិត នីតា ជាប្អូនស្រីរបស់រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា និងជាកូនស្រីរបស់លោក ឌិត មន្ទី អតីតប្រធានតុលាការកំពូល ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតទស្សនវិជ្ជាមកពីសាកលវិទ្យាល័យ Monash University of Australia ។
លោកបានជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តព្រះសីហនុ។
ភរិយារបស់លោក សំអាល់ មានមុខតំណែងធុរកិច្ចនៅក្នុងក្រុមហ៊ុនដូចខាងក្រោមនេះ៖
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Troke Enterprise Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Apsara Media Group (AMG) Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Apsara Media Services Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mony Morokoth Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CPFM Dairy & Foods Co., Ltd.
អភិបាលនៃក្រុមហ៊ុន DPNV Co., Ltd.
អភិបាលក្រុមហ៊ុន Cambodian Legacy Pharmaceuticals Co., Ltd.
អភិបាលនៃក្រុមហ៊ុន Princeton Grammar School Co., Ltd.
អភិបាលនៃក្រុមហ៊ុន Smart Estate LTD.
អភិបាលនៃក្រុមហ៊ុន 3S Petroleum Co., Ltd.
អភិបាលនៃក្រុមហ៊ុន IBF (Cambodia) Co., Ltd. ។
រដ្ឋមន្ត្រីបរិស្ថាន៖ លោក អ៊ាង សុផល្លែត
ជំនួស៖ លោក សាយ សំអាល់
អតីតជា៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន
អាយុ៖ ៥៣ឆ្នាំ
ភរិយា៖ ជា សុផាកន្នី
លោក សុផល្លែត ជាកូនប្រសារបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីដែលបានចាកចេញពីតំណែង គឺលោក ជា សុផារ៉ា។ លោក សុផល្លែត ជាអតីតជំនួយការផ្ទាល់របស់លោក ហ៊ុន សែន និងបានបម្រើការងារជារដ្ឋលេខាធិការក្រសួងបរិស្ថានចាប់តាំងពីឆ្នាំ២០១៨មក។ លោក សុផល្លែត បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងបណ្ឌិតផ្នែកវិស្វកម្មស៊ីវិលមកពីសាកលវិទ្យាល័យ Calgary នៃប្រទេសកាណាដា។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ជា សុផាកន្នី ជាកូនស្រីរបស់អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងជាឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា ។ លោកមានឈ្មោះជាភាគហ៊ុនិកមួយរូបនៅក្នុងក្រុមហ៊ុនរបស់ភរិយាលោក គឺក្រុមហ៊ុន Paragon D’ Angkor Corporation Co., Ltd. (Paragon D’ Angkor) និង Paragon Professional Services Corporation (Paragon Corporation) ។
ភរិយារបស់លោកកាន់មុខតំណែងនៅក្នុងក្រុមហ៊ុនធុរកិច្ចដូចខាងក្រោម៖
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Herun (Cambodia) Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Paragon Air Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Paragon Education Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Zaman Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Paragon D’ Angkor Corporation Co., Ltd. (Paragon D’ Angkor) ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Paragon Professional Services Corporation (Paragon Corporation) ។
រដ្ឋមន្ត្រីធនធានទឹក៖ លោក ថោ ជេដ្ឋា
ជំនួស៖ លោក លឹម គានហោ
អតីតជា៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម
អាយុ ៖ ៤៦ឆ្នាំ
ភរិយា៖ លាង យុគ
លោក ថោ ជេដ្ឋា បានបម្រើការងារជារដ្ឋលេខាធិការនៃក្រសួងនេះតាំងពីឆ្នាំ២០១៣មក និងមានសញ្ញាបត្រផ្នែករដ្ឋបាលមកពីសាកលវិទ្យាល័យ Nanyang University នៅសិង្ហបុរី ។ ពីមុន លោកក៏ធ្លាប់បានដឹកនាំកិច្ចប្រឹងប្រែងដើម្បីកែលម្អផលិតកម្មកសិកម្មនៅកម្ពុជា ផងដែរ។
រដ្ឋមន្ត្រីព័ត៌មាន៖ លោក នេត្រ ភក្ត្រា
ជំនួស៖ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ
អតីតជា៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន
អាយុ៖ ៤១ឆ្នាំ
លោក ភក្ត្រា ធ្លាប់បានបម្រើការងារជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ លោកជាអតីតអ្នកសារព័ត៌មាននៃកាសែត ភ្នំពេញប៉ុស្តិ៍ ដែលបានក្លាយជាប្រធានការីនិពន្ធរបស់កាសែតភ្នំពេញប៉ុស្តិ៍ផ្នែកភាសាខ្មែរ ហើយបន្ទាប់មកទៀត ក៏បានក្លាយខ្លួនជាអ្នកនាំពាក្យនៃសាលាក្ដីខ្មែរក្រហម (ECCC) នៅឆ្នាំ២០១១។
រហូតមកទល់នឹងឆ្នាំ២០២១ លោកជានាយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយឈ្មោះ Apsara Media Services ដែលកាន់កាប់ដោយលោកស្រី ឌិត នីតា ភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងត្រូវជាប្អូនស្រីរបស់រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា។
រដ្ឋមន្ត្រីយុត្តិធម៌៖ លោក កើត រិទ្ធ*
អតីតជា៖ រដ្ឋមន្ត្រីយុត្តិធម៌
អាយុ៖ ៤៤ឆ្នាំ
ភរិយា៖ យ៉េត ម៉ូលីន
លោក រិទ្ធ ដែលត្រូវបានដំឡើងតួនាទីក្លាយជាឧបនាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ ត្រូវបានគេនិយាយថា លោកបានដើរតួនាទីចម្បងមួយនៅក្នុងការធ្វើច្បាប់បំពេញបន្ថែមទៅលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជួយសម្រួលដល់ការផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី យ៉េត ម៉ូលីន ដែលជាចៅក្រមនៃសាលាឧទ្ធរណ៍ ។
លោក រិទ្ធ មានសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់ព្រហ្មទណ្ឌមកពីសាកលវិទ្យាល័យ លីយ៉ុង ប្រទេសបារាំង ។
រដ្ឋមន្ត្រីអធិការកិច្ច ៖ លោក ហួត ហាក់
ជំនួស៖ លោកស្រី ម៉ែន សំអន
អតីតជា៖ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងសភា-ព្រឹទ្ធសភា និងអធិការកិច្ច
អាយុ៖ ៥០ឆ្នាំ
ភរិយា៖ លោកស្រី សុង ធីតា
លោក ហួត ហាក់ ពីមុន ធ្លាប់បម្រើការងារក្នុងតួនាទីជារដ្ឋលេខាធិការនៃក្រសួងអធិការកិច្ច ដែលពីមុនជាក្រសួងទំនាក់ទំនងសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ លោកជាប្រធានក្រុមយុវជនខ្មែរនៅទ្វីបអឺរ៉ុប និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច CPP ។ លោក ហាក់ ជាបងប្អូនសាច់ថ្លៃរបស់ក្មួយស្រីលោក ហ៊ុន សែន ឈ្មោះ គ្រី វួចឡេង ។ នេះបើយោងតាមកំណត់ត្រា ។
រដ្ឋមន្ត្រីប្រៃសណីយនិងទូរគមនាគមន៍៖ លោក ជា វ៉ាន់ដេត
អតីតជា៖ រដ្ឋមន្ត្រីប្រៃសណីយនិងទូរគមនាគមន៍
អាយុ៖ ៥២ឆ្នាំ
លោក វ៉ាន់ដេត ដែលជាតំណាងរាស្ត្រជាប់ឆ្នោតសម្រាប់មណ្ឌលខេត្តតាកែវ បានក្លាយជារដ្ឋមន្ត្រីក្រសួងនេះនៅខែមេសា ឆ្នាំ២០២០។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងក៏មានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចផងដែរ មកពីសាកលវិទ្យាល័យ Nanyang University នៅសិង្ហបុរី ។ ក្រសួងរបស់លោកបានដឹកនាំកិច្ចប្រឹងប្រែងមួយចំនួនដើម្បីបិទខ្ទប់សារព័ត៌មានឯករាជ្យមួយចំនួននៅលើប្រព័ន្ធអ៊ីនធឺណិត និងបានបង្កើតច្រកចេញចូលអ៊ីនធឺណិតជាតិដ៏ចម្រូងចម្រាសមួយ ដែលធ្វើឡើងក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចគ្រប់គ្រងកាន់តែច្រើនថែមទៀតដល់រដ្ឋាភិបាលទៅលើចរាចរណ៍អ៊ីនធឺណិត។ ក្រសួងរបស់លោកក៏បានជំរុញឱ្យមានច្បាប់ស្ដីពីសន្តិសុខបច្ចេកវិទ្យា (cybersecurity law) ផងដែរ ដែលពង្រីកលទ្ធភាពរបស់អាជ្ញាធរនៅក្នុងការរឹបអូសប្រព័ន្ធកុំព្យូទ័រពីក្រុមហ៊ុន និងបុគ្គលនានាដើម្បីប្រយោជន៍សន្តិសុខជាតិ ប៉ុន្តែ វាបានបង្កឱ្យមានការព្រួយបារម្ភពីការប្រើប្រាស់ច្បាប់នេះក្នុងផ្លូវខុស។
រដ្ឋមន្ត្រីសុខាភិបាល៖ លោក ឈាង រ៉ា
ជំនួស៖ លោក ម៉ម ប៊ុនហេង
អតីតជា៖ អគ្គនាយកនៃមន្ទីរពេទ្យកាល់ម៉ែត
ភរិយា៖ លោកស្រី គឹម សុខលាភ
លោក រ៉ា គឺជាអតីតអគ្គនាយកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យគ្រប់គ្រងដោយរដ្ឋ ។ លោក រ៉ា រៀបអាពាហ៍ពិពាហ៍ជាមួយក្មួយស្រីរបស់លោក ហ៊ុន សែន ឈ្មោះ គឹម សុខលាភ ។ នេះបើយោងតាម Kamnotra ។
រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន ៖ លោក ប៉េង ពោធិ៍នា
ជំនួស៖ លោក ស៊ុន ចាន់ថុល
អតីតជា៖ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន
អាយុ៖ ៤៣ឆ្នាំ
លោក ពោធិ៍នា គឺជាកូនប្រុសរបស់អតីតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលនៅសប្ដាហ៍នេះត្រូវបានតែងតាំងជាឧត្ដមប្រឹក្សានៃព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ លោក ប៉េង ប៉ាត់ ដែលជាឪពុករបស់លោកគឺជាអតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ហើយប្អូនប្រុសរបស់លោក ឈ្មោះ ប៉េង ពោធិ៍សា គឺជាអភិបាលរងខេត្តស្វាយរៀង ហើយឥឡូវត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង។
បញ្ជីរបស់ក្រសួងពាណិជ្ជកម្មបង្ហាញពីមនុស្សម្នាក់ឈ្មោះ ប៉េង ពោធិ៍នា ដែលកាន់តួនាទីនៅក្នុងក្រុមហ៊ុនដូចខាងក្រោម ៖
អភិបាលនៃក្រុមហ៊ុន NRST Development Co., Ltd.
អភិបាលនៃក្រុមហ៊ុន Pacific Paradise Development Co., Ltd.
អភិបាលនៃក្រុមហ៊ុន Sothea Nim Capital Co., Ltd. ។
រដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ៖ ភឿង សកុណា
អតីតជា៖ រដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ
អាយុ៖ ៦៤ឆ្នាំ
លោកស្រី សកុណា បានកាន់តំណែងជារដ្ឋមន្ត្រីនៃក្រសួងនេះតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ឪពុកក្មេករបស់លោកស្រី លោក ឆេង ផុន ធ្លាប់កាន់មុខតំណែងដូចគ្នានេះដែរ ។ លោកស្រីមានសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រចំណីអាហារមកពីសាកលវិទ្យាល័យ Bourgogne University នៅប្រទេសបារាំង ។ ខណៈដែលលោកស្រីបានដឹកនាំកិច្ចប្រឹងប្រែងទាមទារឱ្យបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដែលត្រូវបានគេលួច ក្រសួងរបស់លោកស្រីក៏បានស្នើឱ្យហាមប្រាមបទចម្រៀងមួយចំនួនផងដែរដោយចោទប្រកាន់ពីបទញុះញង់ ។
រដ្ឋមន្ត្រីទេសចរណ៍៖ លោក សុខ សូកេន
ជំនួស៖ លោក ថោង ខុន
អតីតជា៖ រដ្ឋលេខាធិការក្រសួងការបរទេស
អាយុ៖ ៤០ឆ្នាំ
ភរិយា ៖ ចម ក្រស្នា
លោក សូកេន គឺជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច CPP និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៧។ ភរិយារបស់លោក ឈ្មោះ ចម ក្រស្នា គឺជាកូនស្រីរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ ដោយលោក សូកេន គឺជាសាច់ថ្លៃរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី លោកស្រី ចម និម្មល។
ចាប់តាំងពីឆ្នាំ២០២០មក លោក សូកេន ជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងលោកមានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈមកពីសាកលវិទ្យាល័យជាតិសិង្ហបុរី ។ លោក សូកេន មានតួនាទីនៅក្នុងក្រុមហ៊ុនធុរកិច្ចដូចខាងក្រោម៖
អភិបាលនៃក្រុមហ៊ុន Apsara Rice (Cambodia ) Co., Ltd.
អភិបាលនៃក្រុមហ៊ុន Soma Group Co., Ltd. ។
ភរិយារបស់លោកមានតួនាទីនៅក្នុងក្រុមហ៊ុនដូចខាងក្រោម ៖
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Amongus Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន C.A.D.I. Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Instapay (Cambodia) Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Khmer Harvest Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SM&CP Megafarm Company LTD.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Soma Farm (Cambodia) Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Soma Preah Vihear Megafarm Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Soma Properties and Development Co., Ltd.
អភិបាលនៃក្រុមហ៊ុន Cham & Ly Corporation
អភិបាលនៃក្រុមហ៊ុន EDEEL (Cambodia) Plc. ។
រដ្ឋមន្ត្រីធម្មការនិងសាសនា ៖ ចាយ បូរិន
ជំនួស៖ លោក ឈិត សុខុន
អតីត៖ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
អាយុ៖ ៥០ឆ្នាំ
លោក បូរិន ជាតំណាងរាស្ត្រជាប់ឆ្នោតប្រចាំមណ្ឌលខេត្តត្បូងឃ្មុំ ។
រដ្ឋមន្ត្រីកិច្ចការនារី៖ លោកស្រី អ៊ឹង កន្ថាផាវី
អតីត៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
អាយុ៖ ៦៣ឆ្នាំ
ស្វាមី៖ ត្រាក់ ថៃសៀង
លោកស្រី កន្ថាផាវី ជាតំណាងរាស្ត្រជាប់ឆ្នោតប្រចាំមណ្ឌលរាជធានីភ្នំពេញ និងបានកាន់តំណែងជារដ្ឋមន្ត្រីកិច្ចការនារីនេះតាំងពីឆ្នាំ២០០៤មកម្ល៉េះ និងបានចាកចេញពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០០៨។ លោកស្រីជាកូនស្រីរបស់លោក អ៊ឹង គៀត ជាអតីតទីប្រឹក្សាផ្ទាល់របស់សម្ដេច នរោត្ដម សីហនុ និងជាអតីតរដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន ក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៩០។ ស្វាមីរបស់លោកស្រី គឺលោក ត្រាក់ ថៃសៀង គឺជាអតីតអភិបាលរងរាជធានីភ្នំពេញ និងបច្ចុប្បន្ន ជារដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន។ លោកស្រីមានសញ្ញាបត្របណ្ឌិតផ្នែកឱសថសាស្ត្រមកពីសាកលវិទ្យាល័យ Saint Antoine University នៅទីក្រុងប៉ារីស។
រដ្ឋមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ លោក ហេង សួរ
ជំនួស៖ លោក អ៊ិត សំហេង
អតីត៖ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
អាយុ៖ ៤៩ឆ្នាំ
ភរិយា៖ សោម រស្មី
លោក សួរ បានចាប់ផ្ដើមការងារនៅក្នុងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឆ្នាំ២០០៨ និងបានបំពេញតួនាទីជាអ្នកនាំពាក្យនៃក្រសួងនេះចាប់តាំងពីឆ្នាំ២០១៣មក។ លោកក៏មានតួនាទីនៅក្នុងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហាបៀវត្សរ៍នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ។ លោកជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច CPP និងជាប្រធានក្រុមបណ្ដុះបណ្ដាលយុវជន CPP នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ជារឿយៗ មេដឹកនាំសជីពនិងសកម្មជនសិទ្ធិការងារតែងតែសម្ដែងនូវការខកចិត្តចំពោះការមិនពង្រឹងការអនុវត្តច្បាប់ការងាររបស់ក្រសួងនៅក្នុងករណីបង្ក្រាបទៅលើសហជីព និងជម្លោះសិទ្ធិការងារផ្សេងទៀតរបស់កម្មករ ។
ភរិយារបស់លោក ឈ្មោះ សោម រស្មី គឺជាម្ចាស់នៃសណ្ឋាគារ និងរមណីយដ្ឋាន Sea Breeze នៅខេត្តព្រះសីហនុ ដែលនៅទីនោះ កិច្ចប្រជុំអន្តរក្រសួងនានាត្រូវបានរៀបចំធ្វើនៅទីនោះ ។
លោកស្រីក៏មានតួនាទីនៅក្នុងក្រុមហ៊ុនដូចខាងក្រោមនេះ៖
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Gold Star Premium Water
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Som Raksmey Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SRMY Development Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SV Dragon Eco Beach Co., Ltd.
អតីតអភិបាលនៃក្រុមហ៊ុន Woodland Vegas Co., Ltd. (លាឈប់ពីមុខតំណែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣) ។
អតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mayura Residence Investment Co., Ltd. (លាឈប់ពីតំណែងនេះនៅខែឧសភា ឆ្នាំ២០១៩) ។
រដ្ឋមន្ត្រីមុខងារសាធារណៈ៖ លោក ហ៊ុន ម៉ានី
ជំនួស៖ ព្រំ សុខា
អតីត៖ សមាជិករដ្ឋសភា
អាយុ៖ ៤០ឆ្នាំ
ភរិយា៖ យឹម ឆៃលីន
លោក ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៣មក គឺជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងត្រូវជាប្អូនប្រុសរបស់នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត។ លោកបានធ្វើជាតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច CPP សម្រាប់មណ្ឌលខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៣រហូតមក។
លោកក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ ដែលបានផ្ដល់អ្នកសង្កេតការណ៍បោះឆ្នោតច្រើនជាងអង្គការស្ថាប័ននិងគណបក្សនយោបាយភាគច្រើនបំផុត ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៧មក។ នេះបើយោងតាមការវិភាគរបស់ Kamnotra ។
ភរិយារបស់លោក ម៉ានី កាន់មុខតំណែងនៅក្នុងក្រុមហ៊ុនដូចខាងក្រោម៖
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Great Pharma Group Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន MR Training & Jobs Center Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន AZZA Décor (Cambodia) Co., Ltd.
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Machhoem Bopea Trading Group Co., Ltd.
អភិបាលនៃក្រុមហ៊ុន Global Green Natura Co., Ltd.
អភិបាលនៃក្រុមហ៊ុន Chhak Kampongsaom SEZ Co., Ltd.
អភិបាលនៃក្រុមហ៊ុន Techo-SBG Development Co., Ltd. ។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៖ លោក ម៉ៅ ហាវណ្ណាល់
អតីត៖ កាន់តំណែងដដែល
អាយុ៖ ៥៧ឆ្នាំ
លោក ហាវណ្ណាល់ បន្តកាន់មុខតំណែងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដដែល និងជាតំណាងរាស្ត្រជាប់ឆ្នោតសម្រាប់មណ្ឌលខេត្តតាកែវ មកពីគណបក្សកាន់អំណាច CPP។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ លោក ឡាំ ជា
អតីត៖ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ
អាយុ៖ ៥៤ឆ្នាំ
លោក ជា ត្រូវបានតែងតាំងឱ្យកាន់តំណែងរដ្ឋមន្ត្រីដែលទើបបង្កើតថ្មីនេះ ដើម្បីទទួលបន្ទុកលើកិច្ចការព្រំដែនរបស់កម្ពុជា។ យោងតាមសារព័ត៌មានក្នុងស្រុក ក្រុមគ្រួសាររបស់លោកមានដើមកំណើតជាខ្មែរកម្ពុជាក្រោម ដែលរស់នៅតំបន់ភាគនិរតីនៃប្រទេសវៀតណាម។ សកម្មជនមួយចំនួនដែលបាននិយាយសម្ដែងមតិអំពីការចោទប្រកាន់ពីការបាត់បង់ដីនៅតាមព្រំដែនវៀតណាម ត្រូវបានដាក់ទោសទណ្ឌពិន័យជាប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ជាសំណងជំងឺចិត្តទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែនដែលពីមុនមកដឹកនាំដោយលោក វ៉ា គឹមហុង។
ឧបនាយករដ្ឋមន្ត្រីទាំង១០រូប៖
អូន ព័ន្ធមុនីរ័ត្ន
ហង់ជួន ណារ៉ុន
សាយ សំអាល់
ស សុខា
ទៀ សីហា
កើត រិទ្ធ
សុខ ចិន្ដាសោភា
វង្សី វិស្សុត
ស៊ុន ចាន់ថុល (តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល)
នេត សាវឿន (អតីតអគ្គស្នងការនគរបាលជាតិ)
ទេសរដ្ឋមន្ត្រីទាំង២១រូប៖
លោក គន់ គីម
លោក ហូ សិទ្ធី
លោក អ៊ុក រ៉ាប៊ុន
លោក ឱម យ៉ិនទៀង
លោក អៀង ម៉ូលី
លោក ថោង ខុន
លោក ពេជ សោភ័ណ
លោក ព្រំ សុខា
លោក សក់ សេដ្ឋា
លោក អូស្មាន ហស្សាន់
លោក អ៊ី ឈាន
លោក អ៊ុក ប្រាថ្នា
លោក អ៊ូច បូររិទ្ធ
លោក ស្វាយ ស៊ីថា
លោក ឆៃ ស៊ីណារិទ្ធ
លោក លី ធុជ
លោក ឆែម គាតរិទ្ធី
លោក ឈៀង យ៉ាណារ៉ា
លោក សុក ស៊ីផាន់ណា
លោក កែវ រ៉េមី
លោក គី តិច
ប្រធានគណៈកម្មការទាំង១០ នៅក្នុងរដ្ឋសភា មកពីគណបក្សកាន់អំណាច CPP៖
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត៖ ស ចំរ៉ុង
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម៖ ឈាង វុន
គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក៖ ឡូយ សុផាត
គណៈកម្មការមហាផ្ទៃ ការពារជាតិ និងរដ្ឋបាលមុខងារសាធារណៈ៖ កែប ជុទិមា
គណៈកម្មការការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៖ សួស យ៉ារ៉ា
គណៈកម្មការនីតិកម្មនិងយុត្តិធម៌៖ អង្គ វង្សវឌ្ឍនា
គណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍៖ ប៉ា សុជាតិវង្ស
គណៈកម្មការគាំពារសុខភាព សង្គមកិច្ចនិងអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី៖ ឡោក ខេង
គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ ឧស្សាហកម្ម ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ និន សាផុន
គណៈកម្មការអង្កេតនិងប្រឆាំងអំពើពុករលួយ៖ ប៉ែន ស៊ីម៉ន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ An Overview of New Ministry Leaders and Their Family and Business Ties