សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកវិភាគថា ការទាក់ទងរបស់កម្ពុជាជាមួយលោក អនុទីន បង្កប់ដោយបញ្ហានយោបាយដ៏ស៊ីជម្រៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន ចាន់វីរ៉ាកុល នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ដែលទើបតែត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។ (ហ្វេសប៊ុករបស់លោនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន ចាន់វីរ៉ាកុល នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ដែលទើបតែត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។ (ហ្វេសប៊ុករបស់លោនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

កម្ពុជាកំពុងស្វែងរកការស្តារទំនាក់ទំនងជាមួយប្រទេសថៃឡើងវិញ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃថ្មី លោក អនុទីន ចាន់វីរ៉ាគុល ក្រោយទំនាក់ទំនងប្រទេសទាំងពីរមានភាពតានតឹងខ្លាំង បន្ទាប់ពីការបែកធ្លាយសំឡេងសន្ទនា​កាល​ពីខែមិថុនាដែលបណ្តាលឱ្យ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា របូតតំណែងនាយករដ្ឋមន្រ្តី ហើយក្រោយក៏មានជម្លោះព្រំដែនរយៈពេល៥ថ្ងៃ នៅខែកក្កដា។ ទោះជាយ៉ាងណា អ្នកជំនាញយល់ថាការព្យាយាមស្តារទំនាក់ទំនងនេះហ៊ុមព័ទ្ធដោយស្ថានការណ៍នយោបាយជាក់ស្តែងដ៏ស៊ីជម្រៅ។

ក្នុង​លិខិត​អបអរសាទរ​មួយ​ច្បាប់​ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​ទី​៣២​ដែល​ទើប​តែងតាំង​ថ្មី​របស់​ថៃ លោក អនុទីន ចាន់វីរ៉ាគុល ដែល​ជា​មេដឹកនាំ​ទី​បី​របស់​ថៃ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​បណ្តេញ​លោកស្រី ផែថងថាន ចេញ​ពី​តំណែង​ជុំវិញ​ការ​បែកធ្លាយ​សារ​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ប្រធាន​ព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ដែល​ពេលនោះ​លោកស្រី​បាន​រិះគន់​កងទ័ព​ថៃ​ លោកនាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែត បាន​មាន​ប្រសាសន៍​ថា ជ័យជម្នះ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​លោកអនុទីន។

លោកបានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងថៃនឹងពង្រឹងទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងនឹងគ្នា និងជាសមាជិកអាស៊ាន ដើម្បីជំរុញសន្តិភាព និងវិបុលភាព។

លោក​បាន​បញ្ជាក់​ថា៖ «​ដោយឈរលើ​ស្មារតី​នេះ ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ ឱ្យវិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ កសាង​ទំនុក​ចិត្ត​រវាងគ្នានឹងគ្នា និង​ប្រែក្លាយ​ព្រំដែន​រួម​រវាង​ព្រះរាជាណាចក្រ​ទាំង​ពីរ​របស់​យើង ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ និង​វិបុលភាព​រួម​គ្នា​»។

បន្ទាប់​ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​ព្រះមហាក្សត្រ​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា លោកអនុទីន បាន​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​បន្ទាន់​របស់​ប្រទេស ដោយ​ផ្តោត​សំខាន់​លើ​ថ្លៃចំនាយក្នុងការ​រស់​នៅ ជម្លោះ​ព្រំដែន​ជាមួយកម្ពុជា ការ​ជួញ​ដូរ​គ្រឿងញៀន និង​គ្រោះ​ធម្មជាតិ។

ជុំវិញ​ជម្លោះ​ព្រំដែន​ដែល​កំពុង​កើត​មាន​ជាមួយ​កម្ពុជា លោកអនុទីន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ស្វែងរកដំណោះស្រាយដោយសន្តិវិធី ខណៈ​ពេល​ដែលមានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​របស់​ថៃ និង​ទប់ស្កាត់​ការ​បាត់បង់​អាយុ​ជីវិត​បន្ថែម​ទៀត។

លោក​បាន​ថ្លែង​ថា៖ «​[…] ប៉ុន្តែ​រឿង​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោមគោលការណ៍​ថា ប្រទេស​ថៃ​នឹង​មិន​បាត់បង់​សូម្បី​តែ​មួយ​សង់ទីម៉ែត្រ​ការ៉េ​នៃ​ទឹក​ដី​របស់​ខ្លួន​ឡើយ​»។

លោក ប៉ាវីន ចាចាវ៉ាល់ផុងភុន សាស្ត្រាចារ្យនយោបាយ និងទំនាក់ទំនងអន្តរជាតិជនជាតិថៃនៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យក្យូតូ បានប្រាប់អ្នកសារព័ត៌មានខេមបូចាថា ពាក្យ«ការស្តារទំនុកចិត្ត» រវាងប្រទេសទាំងពីរជាពាក្យដែលប្រើប្រាស់មិនត្រឹមត្រូវឡើយ ដោយសារបរិបទនយោបាយដ៏ស្មុគស្មាញរបស់ថៃ។

លោក​បាន​អះអាង​ថា ការ​សម្រុះ​សម្រួល​របស់​លោក ហ៊ុន ម៉ា​ណែត ជាមួយ​លោកអនុទីន គឺ​មិន​មែន​ផ្តោត​លើ​ការ​ផ្សះផ្សា​ទំនាក់ទំនង​នោះ​ទេ ប៉ុន្តែ​ផ្តោត​លើ​ការ​បង្រួប​បង្រួម​ស្ថានការណ៍​នយោបាយ​ថ្មី​មួយ​ទៅ​វិញ​ទេ។ លោក​បាន​បន្ថែម​ថា ជាមួយ​នឹង​ការ​ឡើង​កាន់​អំណាច​របស់​លោកអនុទីន ក្នុងស្ថាន​ភាព​ចលាចល​ផ្នែក​នយោបាយ និង​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​មុនរបស់ថៃ កម្ពុជា​មើល​ឃើញ​លោក​ថា​ជា​សម្ព័ន្ធមិត្ត​ជា​យុទ្ធសាស្ត្រ​មួយ។

លោក ប៉ាវីន បាន​ថ្លែង​ថា «​លិខិត​អបអរសាទរ​ភ្លាមៗ​របស់​លោក ហ៊ុន ម៉ា​ណែត និង​ការ​គាំទ្រ​ជា​សាធារណៈ​ពី​ឪពុក​របស់​លោក គឺ លោក ហ៊ុន សែន មិន​មែន​គ្រាន់​តែ​ជាកាយវិការ​គួរសម​ប៉ុណ្ណោះ​ទេ។ សកម្មភាព​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​គាំទ្រ​មេដឹកនាំ​ថៃ​មួយ​រូប​»។

លោកបន្តថា៖ «​លោក អនុទីន ប្រហែល​ជា​មើល​ឃើញ​កម្ពុជា​មិន​ត្រឹមតែ​ជា​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដ៏​សំខាន់​មួយ​រូប ដែល​អាច​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដែល​អាច​ផុយ​ស្រួយ​នូវ​ជ័យជម្នះ​ផ្នែក​ការទូត​ដ៏​សំខាន់ និង​ប្រភព​នៃ​ភាព​ស្រប​ច្បាប់​ពី​ខាង​ក្រៅ​ដ៏​សំខាន់​មួយ​»។

លោកបានសង្កត់ធ្ងន់ថា ទំនុកចិត្តដែលកំពុងត្រូវបានបង្កើតឡើងជាការអនុវត្តជាក់ស្តែងដែលជាសម្ព័ន្ធភាពនយោបាយរវាងមេដឹកនាំទាំងពីរដែលស្វែងរកស្ថិរភាព និងការពង្រឹងអំណាច។

ទោះជាយ៉ាងណា ជម្លោះព្រំដែននៅតែជាបញ្ហារសើប។ លោក ប៉ាវីន បានកត់សម្គាល់ថា ការប្រកាសថ្មីៗនៃ «បទឈប់បាញ់» និងការសន្យាដោះស្រាយជម្លោះ ជាបញ្ហាដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការគប់គិតនយោបាយនៅក្នុងប្រទេសថៃ និងកម្ពុជា។

លោក​បាន​ពន្យល់​ថា៖ «ការប្រែប្រួលប្រកបដោយភាពកក់ក្តៅ​នៃ​ទំនាក់ទំនង​ការទូត​ភ្លាមៗ​នេះ គឺ​ជា​លទ្ធផល​ផ្ទាល់​ពី​ការ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ ដែលបង្ហាញថា ជម្លោះមុនៗមិនមែនសុទ្ធ​តែ​ជាជម្លោះទឹកដីនោះទេ ប៉ុន្តែក៏ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយផងដែរ»។

ខណៈ​ដែល​កិច្ច​សហប្រតិបត្តិការ​ថ្មី​អាច​នាំ​មក​នូវ​ភាព​រីកចម្រើន​ក្នុង​រយៈពេល​ខ្លី លោក ប៉ាវីន បាន​ព្រមាន​ថា សន្តិភាព​គឺ​ផុយស្រួយ ហើយ​អាយុកាល​របស់​វា​មិន​ប្រាកដប្រជា​ទេ។ លោក​បាន​បន្ថែម​ថា ដំណោះស្រាយ​អាច​នឹង​ផ្ដោត​លើ​បញ្ហា​ដែល​មិន​សូវ​មាន​ភាព​ចម្រូងចម្រាស ដើម្បី​បង្កើតឱ្យ​មាន​ការ​រីកចម្រើន។ ប៉ុន្តែ​ជម្លោះ​ធំៗ ដូចជា​ការ​ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នា ទំនង​ជា​មិន​អាច​ដោះស្រាយ​បាន​ទេ ដរាប​ណា​គេ​នៅ​តែ​ប្រើប្រាស់​បញ្ហា​ទាំង​នេះ​ជា​ឧបករណ៍​នយោបាយ។

សម្រាប់​ពេល​នេះ លោក ប៉ាវីន បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​កម្ពជា​និង​ថៃ គឺ​ផ្អែក​លើ​ផលប្រយោជន៍​នយោបាយ​ជា​ចម្បង ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ថា តើ​បទ​ឈប់​បាញ់​ដែល​ផុយស្រួយ​នេះ អាច​រក្សា​បាន​យូរ​កម្រិត​ណា ពីព្រោះ​កិច្ចសហប្រតិបត្តិការ​នៅ​តាម​ព្រំដែន គឺ​គ្រាន់​តែ​ឆ្លើយតប​នឹង​តម្រូវការ​ភ្លាមៗ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នោះ​ទេ។

ព្រះសង្ឃ​ធ្វើ​ដំណើរ​ទាំង​យប់​ទៅ​កាន់​ខេត្ត​សៀមរាប បន្ទាប់​ពី​ភៀស​ព្រះកាយពី​ការ​ទម្លាក់​គ្រាប់​បែក​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្បែរ​ប្រាសាទ​តា​មាន់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥។ យ៉ាង​ហោច​ណាស់​មាន​អាចារ្យម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​អំឡុង​ពេល​ទម្លាក់​គ្រាប់​បែក​នោះ។ (ខេមបូចា/ ព្រីង សំរាំង)
ព្រះសង្ឃ​ធ្វើ​ដំណើរ​ទាំង​យប់​ទៅ​កាន់​ខេត្ត​សៀមរាប បន្ទាប់​ពី​ភៀស​ព្រះកាយពី​ការ​ទម្លាក់​គ្រាប់​បែក​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្បែរ​ប្រាសាទ​តា​មាន់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥។ យ៉ាង​ហោច​ណាស់​មាន​អាចារ្យម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​អំឡុង​ពេល​ទម្លាក់​គ្រាប់​បែក​នោះ។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ លោក សេង វ៉ាន់លី ជឿ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​​និង​ថៃ ក្រោម​រដ្ឋាភិបាល​លោក អនុទីន អាច​នឹង​ល្អ​ជាង​កាល​ដែល​គណបក្ស​ភឿថៃ​កាន់​អំណាច ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ថាក់ស៊ីន ទោះ​បី​ជា​នៅ​មាន​ភាព​តានតឹង​តាម​ព្រំដែន និង​បញ្ហា​ប្រេះឆា​រវាង​ត្រកូល​លោក ហ៊ុន ​សែន​ និង​ត្រកូលលោក ​ថាក់ស៊ីន ​ក៏​ដោយ​។

ទោះ​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ការ​សម្រេច​ចិត្ត​ពិត​ប្រាកដ​លើ​បញ្ហា​ព្រំដែន​នឹង​កើត​មាន​ឡើង​តែនៅពេល​បន្ទាប់​ពី​រដ្ឋសភា​ត្រូវ​បាន​រំលាយ ហើយ​ការ​បោះឆ្នោត​ថ្មី​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​បួន​ខែ​ខាង​មុខ​ទៀត ដូច​ដែល​លោក អនុទីន បាន​សន្យា ព្រោះ​រដ្ឋាភិបាល​ស៊ីវិល​បច្ចុប្បន្ន​​អំណាច​នៅមាន​កម្រិត។

យ៉ាង​ណាមិញ លោក វ៉ាន់លី បាន​ព្រមាន​ថា ស្ថានការណ៍​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ ដោយ​កងទ័ព​ថៃ​តែងតែ​កេង​ចំណេញ​ពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោកបានបន្តថា៖ «ក្រោមការដឹកនាំរបស់គណបក្សBhumjaithaiអាចនឹងមានទំនាក់ទំនងមិនសូវប្រសើរជាមួយគណបក្សប្រជាជនឬឥស្សរជននយោបាយកម្ពុជាទេ ដោយសារយើងដឹងហើយថា លោកAnutinមិនមែនជាមនុស្សដែលធ្វើការសម្រេចរាល់បញ្ហានយោបាយទេ គាត់គ្រាន់តែជាតួអង្គដែលត្រូវបានក្រុមអភិរក្សប្រើប្រាស់ដើម្បីរក្សាអំណាច ដើម្បីទប់ស្កាត់ចរន្តក្រុមសេរីនិយម»។

ទោះ​បី​ជា​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​កាល​ពី​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ក៏​ដោយ ភាព​តានតឹង​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នៅ​តែ​មិន​ទាន់​ដោះស្រាយ​​បាន​នៅ​ឡើយ​ទេ។ កងទ័ព​ថៃ​បាន​បន្ត​ដាក់​លួស​បន្លា​លើ​ដី​កសិកម្ម និង​លំនៅ​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ខណៈ​​ដែល​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​បញ្ជា​ឱ្យអ្នក​ភូមិ​ខ្មែរ​រុះរើ​ផ្ទះ​សម្បែង​របស់​ពួក​គេ​ចេញ​ពី​ដី​នោះ។

ស្របពេលជាមួយគ្នានេះ ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​រស់​នៅ​ក្បែរ​ព្រំដែន​នៅ​តែ​បន្ត​រស់នៅ​ជា​ជនភៀសខ្លួន។ លោក គឹម ចាន់បញ្ញា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បាន​ប្រាប់​ សារព័ត៌មានខេមបូចា ថា ពលរដ្ឋ​ប្រមាណ ៣ ២០០ គ្រួសារ នៅ​តែ​បន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​ជនភៀសខ្លួននៅឡើយ។ លោក​បាន​ពន្យល់​ថា ដោយសារ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​នៅ​តែ​មាន​ភាព​តានតឹង អាជ្ញាធរ​មិន​ទាន់​អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​ដែល​មានផ្ទះ​នៅ​ក្បែរ​តំបន់ព្រំដែន​ត្រឡប់​ទៅ​វិញ​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Analysts Say Cambodia’s Outreach to Anutin Masks Deeper Political Realities

ព័ត៌មានថ្មី

អត្ថបទពេញនិយម