សមាជិកគណបក្សឆន្ទៈខ្មែរនៅខេត្តបាត់ដំបងដែលនឹងត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ត្រូវបានចាប់ខ្លួនពីបទបរិហារកេរ្តិ៍ និងញុះញង់តាមបណ្តឹងរបស់អតីតសហការីមកពីគណបក្សជាមួយគ្នា។ លោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារតាំងពីថ្ងៃចន្ទមក។
អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ (KWP) បានអះអាងថា ការចាប់ខ្លួននេះថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន និងសមាជិកសហជីពកាលពីប៉ុន្មានសប្តាហ៍មុន ត្រូវបានគេមើលឃើញថា ជាការព្យាយាមបំភិតបំភ័យគណបក្សប្រឆាំងនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ។ លោក ភូ សុវណ្ណថា ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកបានចូលខ្លួនសម្រាប់សាកសួរនៅសាលាដំបូងខេត្តបាត់ដំបងតាមបណ្តឹងរបស់អតីតមន្ត្រីគណបក្សភ្លើងទៀនឈ្មោះ ឌឹម សារឿន ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា(CPP)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកាលពីថ្ងៃចន្ទបានឲ្យដឹងថា ការស៊ើបអង្កេតរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានរកឃើញមានភស្តុតាងគ្រប់គ្រាន់ដែលស៊ីសង្វាក់នឹងបណ្តឹងដែលប្តឹងលោក សុវណ្ណថា។ លោក សុវណ្ណថា តាមចោទថា បានយករូបថតរបស់លោក ឌឹម សារឿន ទៅបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកដោយមានសរសេរនូវខ្លឹមសារក្នុងចេតនា «ញុះញង់បង្កឲ្យមានការរើសអើង ស្អប់ស្ពើម គុំគួន» ដល់លោក ឌឹម សារឿន ដែលជាដើមបណ្តឹង។
សេចក្តីប្រកាសព័ត៌មាននេះបានសរសេរថា៖ «ដើម្បីធានានូវសិទ្ធិស្របច្បាប់របស់បុគ្គល [ឌឹម សារឿន] និងដើម្បីបង្ការបទល្មើសកុំឲ្យកើតឡើងជាថ្មី ព្រមទាំងដើម្បីកុំឲ្យមានភាពវឹកវរដែលនាំឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម […] អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃាត់ខ្លួនជននេះ និងធ្វើការចោទប្រកាន់ [ភូ សុវណ្ណថា] បញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមច្បាប់»។
លោក សាត គឹមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា មានការចាប់ខ្លួនមែន ប៉ុន្តែលោកបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា។ ថ្នាក់ដឹកនាំគបក្សប្រឆាំងជាច្រើនត្រូវបានចាប់ខ្លួនចាប់តាំងពីដើមឆ្នាំនេះ ដែលតាមចោទថា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
កាលពីសប្តាហ៍មុន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ខណៈពេលលោកវិលត្រឡប់មកពីប្រទេសជប៉ុនវិញ។ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកំពុងជាប់បណ្តឹងនៅតុលាការដោយសារការធ្វើអត្ថាធិប្បាយថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀនបានប្រាប់ខេមបូចាថា សមាជិកគណបក្សប្រឆាំងប្រមាណ១២រូប ត្រូវបាននគរបាលចាប់ខ្លួន គិតត្រឹមខែមេសា ឆ្នាំនេះ។
លោក សំ វង្សតារា ប្រធានគណបក្សភ្លើងទៀនខេត្តបាត់ដំបង ដែលរួមដំណើរជាមួយលោក សុវណ្ណថា បាននិយាយថា លោក សុវណ្ណថា ត្រូវបានគេនាំយកមកស្នងការនគរលបាលខេត្តវិញ បន្ទាប់ពីត្រូវបានសាកសួរ។ លោកជឿថា ការចាប់ខ្លួនលោក សុវណ្ណថា កើតចេញពីការរិះគន់គ្នាតាមហ្វេសប៊ុករវាងលោក សុវណ្ណថា និងលោក សារឿន។
លោកបាននិយាថា៖ «ខ្ញុំមិនហ៊ាននិយាយច្រើនទេ ព្រោះសាធារណជនអាចយល់ពីស្ថានការណ៍នៅមុនការបោះឆ្នោត ដែលមិនមែនគាត់តែម្នាក់ទេ ដែលត្រូវបានចាប់ខ្លួននោះ ប៉ុន្តែសមាជិកផ្សេងទៀតក៏រងពាក្យបណ្ដឹងច្រើនដែរ»។
លោក វង្សតារា អះអាងថា លោក សុវណ្ណថា ជាអតីតប្រធានគណបក្សភ្លើងទៀនប្រចាំខេត្ត ចំណែកលោក សារឿន ជាអនុប្រធាន ប៉ុន្តែលោក សារឿន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី ជា ផាត់ដាវ ជាភរិយារបស់លោក សុវណ្ណថា បានអំពាវនាវឲ្យមន្ត្រីតុលាការដោះលែងប្តីរបស់អ្នកស្រី ដោយនិយាយថា លោក សុវណ្ណថា គ្មានកំហុសទេ។ អ្នកស្រីបាននិយាយថា៖ «ប្តីរបស់ខ្ញុំមិនដែលញុះញង់នរណាម្នាក់ឬមានជម្លោះនោះទេ»។ អ្នកស្រី ផាត់ដាវ បន្ថែមថា៖ «គេបញ្ជូនគាត់ទៅពន្ធនាគារកាលពីល្ងាចថ្ងៃចន្ទ» ដែលក្រោយមកលោក វង្សតារា បានបញ្ជាក់ថា ព័ត៌មាននេះគឺជាការពិត។
លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរបានសម្តែងការខកចិត្តដែលសមាជិកគណបក្សប្រឆាំងនៅតែត្រូវបានឃាត់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ឆាកនយោបាយ និងបរិយាកាសនៃការបោះឆ្នោត។ លោកមានប្រសាសន៍បន្ថែមថា៖ «វានឹងប៉ះពាល់ដល់អង្គបោះឆ្នោត [ដែលមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់] មានការប៉ះទង្គិចក្នុងអារម្មណ៍ ដែលមិនអាចសម្រេចចិត្តទៅដល់ការបោះឆ្នោត។ ចឹងយើងអាចនិយាយថា ដំណើរការបោះឆ្នោត គឺមិនសេរី និងយុត្តិធម៌នោះទេ» ។
លោក គឹមសួរ ភិរិទ្ធ យល់ឃើញថា ការចាប់ខ្លួននេះកើតចេញពីការឈ្លោះប្រកែកគ្នា ដូច្នេះវិធានការផ្លូវច្បាប់ណាមួយគួរតែធ្វើនៅក្រោយការបោះឆ្នោត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងក៏មិនអាចទាក់ទងបានដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Another Opposition Party Member Arrested Ahead of The Council Elections