ទោះបីជាមានការធានាពីមេធាវីការពារក្តី និងការរិះគន់កាន់តែខ្លាំងឡើងពីក្រុមសិទ្ធិមនុស្សក៏ដោយ ក៏សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១ ខែធ្នូ បានបដិសេធមិនអនុញ្ញាតឱ្យសកម្មជនមាតាធម្មជាតិចំនួនប្រាំនាក់ដែលកំពុងជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំពីបទ «រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ» បាននៅក្រៅឃុំឡើយ។ ការចោទប្រកាន់ទៅលើសកម្មជនទាំងនេះធ្វើឡើង បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលពួកគេបានចាប់ផ្តើមយុទ្ធនាការដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ។
សំណុំរឿងរបស់លោក លី ចាន់ដារ៉ាវុត, ភួន កែវរស្មី, ឡុង គន្ធា, ថុន រដ្ឋា និងលោក យឹម លាងហ៊ី ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃចន្ទ ត្រូវបានជំនុំជម្រះដោយចៅក្រមបីរូបដែលមានលោក អ៊ិត សុធា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
សកម្មជនបួននាក់ត្រូវបានដឹកមកដល់តុលាការនៅប្រហែលម៉ោង២រសៀល ខណៈលោក ថុន រដ្ឋា មកដល់នៅម៉ោង២:២៦រសៀល។ លោក រដ្ឋា បានស្រែកពីក្នុងរថយន្តពន្ធនាគារថា៖ «ខ្ញុំសុខសប្បាយទេ ខ្ញុំសុខសប្បាយទេ» ដោយគ្រវីដៃដែលជាប់ខ្នោះទៅកាន់អ្នកគាំទ្រ។
សកម្មជនមាតាធម្មជាតិទាំង១០នាក់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសក្នុងសំណុំរឿងដូចគ្នានេះ។
អ្នកស្រី ប៉ាត់ រស្មី ភរិយារបស់លោក រដ្ឋា បានប្រាប់ សារព័ត៌មានខេមបូចា ថា អ្នកស្រីមានការខកចិត្តយ៉ាងខ្លាំងដែលតុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ប្តីអ្នកស្រី ក៏ដូចសកម្មជនបួននាក់ផ្សេងទៀត ទោះបីជាពួកគេបានបង្ហាញហេតុផលត្រឹមត្រូវក៏ដោយ។ បន្ទាប់ពីការសម្រេចត្រូវបានប្រកាស ចៅក្រមបានប្រាប់ឱ្យពួកគេដាក់បណ្តឹងសារទុក្ខទៅតុលាការកំពូល។
អ្នកស្រី រស្មី បានប្រាប់ថា៖ «ខ្ញុំនិយាយមិនចេញទេ។ ខ្ញុំពិតជាខកចិត្តចំពោះការសម្រេចចិត្តនេះណាស់។ ការបដិសេធនេះធ្វើឱ្យខ្ញុំមានសម្ពាធកាន់តែខ្លាំង ព្រោះខ្ញុំមើលថែកូនតូចបីនាក់តែម្នាក់ឯង។ ខ្ញុំសង្ឃឹមថាគាត់នឹងត្រឡប់មកវិញឆាប់ៗ»។
ជនជាប់ចោទទាំងប្រាំនាក់កំពុងជាប់ឃុំនៅពន្ធនាគារខេត្តផ្សេងៗគ្នាក្នុងប្រទេស។ ការឃុំខ្លួនពួកគេនៅក្នុងទីតាំងដាច់ស្រយាលធ្វើឱ្យក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេមានការលំបាកក្នុងការទៅសួរសុខទុក្ខពួកគេ ហើយប៉ះពាល់ដល់ការទទួលបានការថែទាំសុខភាព និងមេធាវីការពារក្តីផងដែរ។
លោក រដ្ឋា ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ ក្នុងខេត្តត្បូងឃ្មុំ ដែលអង្គការលីកាដូបាននិយាយថា៖ «ផ្ទុយនឹងគោលការណ៍ឃុំខ្លួនដែលមាននៅក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២២»។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានឱ្យដឹងថា ជាងមួយឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីមានបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសកម្មជនទាំងនោះ។ លោកបានប្រាប់ថា វាមានការលំបាកជាពិសេសដោយសារតែតុលាការរងការចោទប្រកាន់ថាមិនបានបើកសវនាការឱ្យបានត្រឹមត្រូវ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ និងកាត់ទោសពួកគេ។ ដោយសារតែហេតុនោះហើយ ទើបមេធាវីរបស់ពួកគេបានស្នើសុំឱ្យដោះលែងពួកគេឱ្យនៅក្រៅឃុំ។
សកម្មជនបីនាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ទោះយ៉ាងណា លោក រដ្ឋា លោក លាងហ៊ី និងសហស្ថាបនិកអង្គការមាតាធម្មជាតិ លោក Alejandro Gonzalez-Davidson ដែលត្រូវបានកាត់ទោសកំបាំងមុខ ត្រូវបានផ្តន្ទាទោសពីបទប្រមាថព្រះមហាក្សត្រក្រោមមាត្រា៤៣៧ ដែលធ្វើឱ្យជាប់ពន្ធនាគារ៨ឆ្នាំ និងទទួលរងពិន័យជាប្រាក់ចំនួន១០លានរៀល (ប្រហែល២ ៥០០ដុល្លារ)។
លោកបាននិយាយថា ទោះបីជាមានការសន្យា និងការអង្វរពីសមាជិកអង្គការមាតាធម្មជាតិទាំងប្រាំនាក់ក៏ដោយ ក៏តុលាការនៅតែបដិសេធការស្នើសុំរបស់ពួកគេ។ លោក សុខសាន្ត បានបង្ហាញការខកចិត្តចំពោះរឿងនេះ។ លោកបានលើកឡើងថា៖ «ចៅក្រមមិនត្រឹមតែបដិសេធការស្នើសុំនៅក្រៅឃុំរបស់ពួកគេ [សកម្មជន] ប៉ុណ្ណោះទេ [ប៉ុន្តែថែមទាំងបានប្រាប់ថា] ប្រសិនបើពួកគេមិនពេញចិត្តនឹងការសម្រេចនេះទេ ពួកគេអាចបន្តទៅតុលាការកំពូលបាន»។
លោក សុខសាន្ត បានរំលឹកថា អង្គការមាតាធម្មជាតិបានធ្វើការងារសង្គមជាច្រើន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញចន្លោះប្រហោងរបស់រដ្ឋាភិបាល ដូច្នេះពួកគេគួរតែទទួលបានការគាំទ្រ។ ទោះយ៉ាងណា ការងាររបស់ពួកគេមិនត្រូវបានគេទទួលស្គាល់ទេ។
លោក សុខសាន្ត បានថ្លែងថា៖ «ពួកគេបានយំក្នុងអំឡុងពេលសវនាការ ព្រោះពួកគេចង់ត្រឡប់ទៅធ្វើការងារសង្គមវិញ ប៉ុន្តែនៅតែត្រូវបានគេបន្តឃុំខ្លួន ព្រោះតុលាការសម្រេចឃុំខ្លួនពួកគេហើយ»។
នៅឆ្នាំ២០២៣ សមាជិកអង្គការមាតាធម្មជាតិកម្ពុជាបានទទួលរង្វាន់ Right Livelihood Award សម្រាប់ «សកម្មភាពក្លាហាន និងចូលរួមយ៉ាងសកម្ម» របស់ពួកគេក្នុងការការពារបរិស្ថាន។ មូលនិធិស៊ុយអែតដែលផ្តល់រង្វាន់នេះបានថ្កោលទោសចំពោះការផ្តន្ទាទោសពួកគេផងដែរ។
ចលនាមាតាធម្មជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយជនជាតិអេស្ប៉ាញ លោក Gonzalez-Davidson។ លោកត្រូវបានបណ្តេញចេញពីកម្ពុជានៅឆ្នាំ២០១៥ ប៉ុន្តែត្រូវបានកាត់ទោសកំបាំងមុខ និងហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលកម្ពុជាវិញ បន្ទាប់ពីបានជាប់ទោស៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal Court Rejects Bail Request by Mother Nature Activists After Year-Long Wait













