សាលាឧទ្ធរណ៍បដិសេធសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានប្រាំនាក់ដែលត្រូវបានកាត់ទោសពីបទរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល។ អ្នកទាំងប្រាំនាក់បានប្តឹងទៅតុលាការជាន់ខ្ពស់ឱ្យដោះលែងពួកគេឱ្យនៅក្រៅឃុំ ដើម្បីមើលថែគ្រួសារ រួមទាំងឪពុកម្តាយចាស់ជរា និងបន្តការសិក្សា ក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួន។
ប្រធានក្រុមប្រឹក្សាចៅក្រម អ៊ិត សុធា បានលើកឡើងនៅពេលប្រកាសសាលក្រម កាលពីល្ងាចថ្ងៃចន្ទថា៖ «[…] សម្រេចមិនដោះលែង [ពួកគេ] ឱ្យនៅក្រៅឃុំទេ ព្រោះវាជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងប្រមាថព្រះមហាក្សត្រ ដើម្បីការពារបទល្មើសថ្មី ការគំរាមកំហែងដល់សាក្សី និងរក្សាសណ្តាប់ធ្នាប់សាធារណៈ»។ លោកបានបន្ថែមថា សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការលើសំណុំរឿងរបស់ពួកគេនៅខែក្រោយ។
សកម្មជនទាំងនោះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំកាលពីខែកក្កដាមុនពីបទប្រមាថព្រះមហាក្សត្រ និងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ ការចោទប្រកាន់ដំបូងរបស់ពួកគេគឺផ្តើមចេញពីកិច្ចប្រជុំ Zoom ក្នុងខែឧសភា ឆ្នាំ២០២១។ វីដេអូឃ្លីបរបស់ពួកគេត្រូវបានបង្ហោះនៅលើ Facebook និងប្រើប្រាស់ជាភស្តុតាងនៅក្នុងតុលាការដើម្បីគាំទ្រការចោទប្រកាន់អំពីផែនការផ្តួលរំលំរដ្ឋាភិបាល។
ជនជាប់ចោទ យីម លាងហ៊ី និយាយថា៖ «មូលហេតុដែលខ្ញុំសុំនៅក្រៅឃុំគឺដោយសារឪពុកខ្ញុំមានជំងឺគាបសរសៃឈាម ហើយម្តាយខ្ញុំមានជំងឺមហារីក។ ប្រពន្ធរបស់ខ្ញុំក៏សម្រាលកូនដែរ។ កូនរបស់ខ្ញុំមានអាយុប្រាំពីរខែហើយ»។
លោក លាងហ៊ី បន្តថា៖ «ខ្ញុំចង់សុំនៅក្រៅឃុំ ដើម្បីមើលថែប្រពន្ធ កូន និងឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំមានអាសយដ្ឋានផ្ទះអចិន្ត្រៃយ៍»។
ជនជាប់ចោទម្នាក់ទៀតឈ្មោះ ថុន រដ្ឋា បានសម្ដែងការព្រួយបារម្ភស្រដៀងគ្នានេះអំពីបញ្ហាក្នុងក្រុមគ្រួសារ ជាពិសេសទាក់ទងនឹងភរិយាដែលត្រូវសម្រាលកូននៅខែក្រោយ។
លោក រដ្ឋា ឱ្យដឹងថា៖ «ខ្ញុំនឹងមិនរត់ចេញទេ ហើយសន្យាថានឹងចូលរួមគ្រប់និតិវិធីរបស់តុលាការ »។
លោកបានបន្តថា៖ «ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះ៨ខែ។ ខ្ញុំត្រូវមើលថែកូនតូចពីរនាក់ទៀតរបស់ខ្ញុំ និងរកប្រាក់ផ្គត់ផ្គង់គ្រួសារខ្ញុំ»។ លោកបានបន្ថែមថា៖ «ខ្ញុំមិនដែលប្រព្រឹត្តបទល្មើសអសីលធម៌ដូចការលួច ឬប្លន់ទេ។ ខ្ញុំជាពលរដ្ឋល្អដែលអនុវត្តតាមច្បាប់»។

ព្រះរាជអាជ្ញា ទីវ គឹមកល្យាណ បានកត់សម្គាល់ថា ការរក្សាជនជាប់ចោទនៅក្នុងមន្ទីរឃុំឃាំងគឺ «ចាំបាច់» ពីព្រោះសំណុំរឿងរបស់ពួកគេជាបទឧក្រិដ្ឋ ក៏ដូចជាដើម្បីការពារ «បទល្មើសថ្មី» រួមទាំងការរក្សាសណ្តាប់ធ្នាប់សាធារណៈផងដែរ។
មេធាវីការពារក្តីឱ្យជនជាប់ចោទបានស្នើដល់ចៅក្រមសាលាឧទ្ធរណ៍ពិចារណាលើការដោះលែងនៅក្រៅឃុំ និងសម្រាលបន្ទុកហិរញ្ញវត្ថុដើម្បីអាចរកប្រាក់ចិញ្ចឹមជីវិត។
លោកស្រី សាម សុគន្ធា មេធាវីការពារក្តីម្នាក់ក្នុងចំណោមមេធាវីការពារក្តីបួននាក់បានមានប្រសាសន៍ថា៖ «ស្ថានភាពក្រុមគ្រួសាររបស់ពួកគេមានភាពលំបាកខ្លាំង ដោយសារតែពួកគេ [សមាជិកគ្រួសារ] បានចំណាយប្រាក់ និងពេលវេលាយ៉ាងច្រើនក្នុងការធ្វើដំណើរទៅសួរសុខទុក្ខពួកគេ»។
ជនជាប់ចោទ ភួន កែវរស្មី ស្នើឲ្យចៅក្រមពិចារណាផ្ទេររូបនាងពីមន្ទីរឃុំឃាំងខេត្តពោធិសាត់ មកពន្ធនាគារព្រៃស រាជធានីភ្នំពេញ ព្រោះវាអាចជួយសម្រាលបន្ទុកគ្រួសារនាង និងជួយព្យាបាលជម្ងឺខ្វះគ្រាប់ឈាមក្រហម។
អ្នកទាំងប្រាំនាក់ដែលជាសកម្មជនអង្គការមាតាធម្មជាតិកំពុងជាប់ពន្ធនាគារក្នុងខេត្តចំនួនប្រាំផ្សេងគ្នា។ យោងតាមកិច្ចប្រជុំ Zoom សកម្មជនទាំងនោះទំនងជាបានប្រើពាក្យមិនសមរម្យប្រឆាំងនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក៏ដូចជាព្រះមហាក្សត្រ នរោត្តម សីហមុនី។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានសម្ដែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបដិសេធមិនឲ្យនៅក្រៅឃុំសកម្មជនបរិស្ថាន។
លោក សំអាត បានថ្លែងថា៖ «ខ្ញុំកត់សម្គាល់ហេតុផលដែលបានលើកឡើងដោយ [ចុងចោទ]។ ពួកគេមានហេតុផលគ្រប់គ្រាន់ [សម្រាប់តុលាការ] ដើម្បីពិចារណាឱ្យមានការដោះលែងនៅក្រៅឃុំ»។
លោកសង្កេតឃើញថា ក្រុមសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិ រិះគន់ការសម្រេចផ្ដន្ទាទោសសកម្មជនដែលលះបង់ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ។
អ្នកស្រី ប៉ាត រស្មី ភរិយារបស់លោក រដ្ឋា សម្ដែងការសោកស្ដាយដែលប្ដីនៅជាប់ពន្ធនាគារ។
អ្នកស្រី បានលើកឡើងថា៖ «ខ្ញុំត្រូវការជួបប្តីរបស់ខ្ញុំ និង [ជួយខ្ញុំ] មើលថែកូនរបស់យើង។ ខ្ញុំសោកស្ដាយចំពោះតុលាការដែលមិនអនុញ្ញាតឲ្យពួកគាត់នៅក្រៅឃុំ។ វាជារឿងអយុត្តិធម៌ណាស់ [ជាពិសេសនៅពេល] ពួកគេបាននិងកំពុងការពារធនធានធម្មជាតិរបស់កម្ពុជា»។
នៅឆ្នាំ២០២៣ Right Livelihood បានផ្តល់រង្វាន់ដល់សកម្មជនសម្រាប់ «សកម្មភាពដែលមិនភ័យខ្លាច និងចូលរួម» របស់ពួកគេ ដើម្បីថែរក្សាបរិស្ថានកម្ពុជា។ អង្គការស៊ុយអែតបានថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួន និងដាក់ពន្ធនាគារ។
ចលនាមាតាធម្មជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយជនជាតិអេស្ប៉ាញលោក Alejandro Gonzalez-Davidson។ វាបានតស៊ូឥតឈប់ឈរ និងលាតត្រដាងមន្ត្រី និងពាណិជ្ជករដែលមានទំនាក់ទំនងល្អដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបរិស្ថាន រួមទាំងខ្សាច់តម្លៃរាប់រយលានដុល្លារដែលលួចបូមពីផ្លូវទឹកប្រទេសកម្ពុជា ហើយយកទៅលក់នៅប្រទេសសិង្ហបុរី។
អង្គការនេះត្រូវបានលុបឈ្មោះដោយក្រសួងមហាផ្ទៃក្នុងឆ្នាំ២០១៧ ប៉ុន្តែនៅតែមានសកម្មភាពនៅក្នុងប្រទេសកម្ពុជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal Court Rejects Mother Nature Activists’ Appeal for Release on Bail