សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសបុគ្គលិកអង្គការអាដហុក៥រូប ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី

លោក ណៃ វង់ដា អតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុកមកដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការលើបណ្តឹងឧទ្ធរណ៍ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង
លោក ណៃ វង់ដា អតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុកមកដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការលើបណ្តឹងឧទ្ធរណ៍ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

សាលាឧទ្ធរណ៍កាលពីថ្ងៃចន្ទបានតម្កល់សាលក្រមរបស់តុលាការជាន់ទាបនៅក្នុងសំណុំរឿង «អាដហុក៥» ដែល​បុគ្គលិកអង្គការសិទ្ធិមនុស្សនេះ ត្រូវបានតុលាការរកឃើញពិរុទ្ធភាព​កាលពីខែកញ្ញាឆ្នាំ២០១៨ ​ពីបទ​សូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អតីត​ប្រធានគណបក្ស​ប្រឆាំង។

លោក ស៊ិន វិសាល ជា​ប្រធានចៅក្រមជំនុំជម្រះបាន​ប្រកាសថា សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ​ ដែលបានសម្រេចយ៉ាងត្រឹមត្រូវហើយ​ផ្តន្ទាទោសជនជាប់ចោទទាំង៥នាក់​។

លោកបានមានប្រសាសន៍ថា៖ «ពួកគេ​ [ជនជាប់ចោទទាំង៥] ​គ្មានភស្តុតាង​ ដើម្បីដោះបន្ទុកបទល្មើសរបស់ខ្លួនពាក់ព័ន្ធនឹងករណីសូកប៉ាន់សាក្សីនោះទេ»។

លោកចៅក្រម ស៊ិន វិសាល បានបញ្ជាក់ថា មន្ត្រីអង្គការសិទ្ធិមនុស្សទាំងបួនរូបនិងមន្ត្រីគ.ជ.បម្នាក់បានគប់គិតគ្នាបញ្ចុះបញ្ចូលនាង ខុម ចាន់តារាទី ឲ្យកុហកមន្ត្រីនគរបាលនិងតុលាការថា ខ្លួន​មិនដែលជួបលោក កឹម សុខា នោះទេ។

លោក ចៅក្រម ក៏បាន​ច្រានចោលសំណើរបស់ព្រះរាជអាជ្ញាដែលស្នើសុំឲ្យផ្តន្ទាទោសបន្ថែមលើ​ជនជាប់ចោទ ដោយប្តូរពីទោសដែលបានព្យួរមកដាក់ក្នុងពន្ធនាគារវិញ ពីព្រោះចៅក្រមសាលាដំបូងបានផ្តន្ទាទោសសមស្របទៅតាមព្យសនកម្មដែលកើតមាន។

លោក នី ចរិយា ដែលបច្ចុប្បន្នគឺជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងទីប្រឹក្សាផ្នែកសិទ្ធិមនុស្សមានលោក ណៃ វង់ដា លោក នី សុខា លោក​ យី សុខសាន្ត និងលោកស្រី លឹម មុន្នី ដែលនៅបម្រើការជាមន្ត្រីជាន់ខ្ពស់នៅអង្គការអាដហុកនោះ​ អវត្តមាន​ អំឡុងពេលតុលាការប្រកាសសាលដីកា ដោយសារជាប់រវល់ការងារនៅតាមខេត្ត។

អ្នកទាំង៥​ត្រូវបាន​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែត្រូវបាន​ដោះលែងវិញ ក្រោយពីទោសនៅសល់ត្រូវបានព្យួរ ដោយអនុវត្តត្រឹម១៤ខែ ជារយៈពេលដែលពួកគាត់ស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ក្តី។

អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីអាដហុកទាំង៥រូបកាលពីខែឧសភា ឆ្នាំ២០១៦ ជុំវិញការចោទប្រកាន់ថា ពួកគេបានសូកប៉ាន់នាង ខុម ចាន់តារាទី ឲ្យភូតកុហកជុំវិញការចោទប្រកាន់ថា នាងមានទំនាក់ទំនងស្នេហាជាមួយនឹងលោក កឹម សុខា អតីត​មេដឹកនាំបក្សប្រឆាំង។

នាង ចាន់តារាទី ជាបុគ្គលិកហាងកែសម្ឆស្សមួយបានស្វែងរកជំនួយពីអង្គការអាដហុកពាក់ព័ន្ធនិងការអត្ថាធិប្បាយបរិហាកេរ្តិ៍និងការចោទប្រកាន់ដែលនាងកំពុងប្រឈម។ បន្ទាប់ពីផ្តល់ប្រាក់​២០៤ដុល្លារឲ្យនាងសម្រាប់ការចំណាយលើម្ហូបអាហារនិងថ្លៃធ្វើដំណើរមកចូលរួមការសាកសួររបស់មន្ត្រីតុលាការ។ អង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ប្រាក់នេះស្មើនឹងការសូកប៉ាន់។

ចម្លើយ​របស់​នាង ចាន់តារាទី ត្រូវបានតុលាការប្រើប្រាស់ ដើម្បីចោទប្រកាន់លោក កឹម សុខា ពីបទទិញពេស្យាចារ​ផងដែរ។

លោក នី សុខា បានប្រាប់ខេមបូចាថា សាលាឧទ្ធរណ៍មិនទាន់បានផ្តល់យុត្តិធម៌នៅឡើយទេ ព្រោះតុលាការគ្រាន់តែពិចារណាផ្អែកលើចម្លើយរបស់សាក្សីពីរនាក់ប៉ុណ្ណោះ ហើយមិនដែលបានបង្ហាញមុខនៅក្នុងសវនាការទេ។

លោក​បានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំសោកស្តាយជាខ្លាំងចំពោះការសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍…នេះគឺជារឿងអយុត្តិធម៌ដែលយើងមិនអាចទទួលយកបាន»។

លោកបានបន្ថែមថា៖ «យើងទាំងអស់គ្នា [អាដហុក]​ មិនដែលសូកប៉ាន់សាក្សីទេ ពីព្រោះវាគឺជាបញ្ហាសង្គម [ជំនួយមនុស្សធម៌​២០៤ ដុល្លារ] ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ វាមិនមែនជាការសូកប៉ាន់សាក្សីទេ»។

កាលពីឆ្នាំ​២០១៦ ការសន្ទនាតាមទូរសព្ទដែលគេបានលួចថតនោះបានបែកធ្លាយតាមបណ្តាញសង្គម​ដែលទំនងជាការសន្ទនារវាងលោក កឹម សុខា និងនាង ចាន់តារាទី។

ដើមឡើយ នាង ចាន់តារាទី ដែលគេស្គាល់ឈ្មោះថា ស្រីមុំ នោះបានបដិសេធថា អ្នកនិយាយទូរសព្ទនោះមិនមែនជារូបនាងទេ ប៉ុន្តែបានប្តូរចម្លើយរបស់នាងវិញ បន្ទាប់ពីត្រូវបានកោះហៅមកសាកសួរហើយបាននិយាយថា នាងគឺជាស្រីកំណាន់របស់លោក កឹម សុខា ជាការចោទប្រកាន់ដែលលោក កឹម សុខា បានបដិសេធ។

ក្រោយមក នាងបានដាក់ពាក្យបណ្តឹងទាមទារឲ្យលោក កឹម សុខា សងសំណងជំងឺចិត្ត៣០០.០០០ដុល្លារ ដោយសារតែមិនគោរពពាក្យសន្យាទិញផ្ទះនិងផ្តល់ប្រាក់ឲ្យនាង។

លោក សំ ទិត្យសីហា ជាមេធាវីការពារក្តីឲ្យជនជាប់ចោទទាំងបួនបានបង្ហាញការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ហើយថា សាលាឧទ្ធរណ៍ខកខានមិនបាន​សាកសួរសាក្សីសំខាន់ដែលបានចោទប្រកាន់កូនក្តីរបស់លោកពីបទសូកប៉ាន់។

លោកបានមានប្រសាសន៍ថា៖ «ក្នុងនាមជាមេធាវីការពារ ខ្ញុំសោកស្តាយដែលសាក្សីសំខាន់ទាំងពីរអវត្តមាន​ អំឡុង​ពេលសវនាការ»។

លោក សំ ទិត្យសីហា មានប្រសាសន៍ថា៖ «អវត្តមានរបស់អ្នកទាំងពីរមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្ញុំទេ»។ ដោយលោកបានបន្ថែមថា ការចោទប្រកាន់មកលើបុគ្គលិកសិទ្ធិមនុស្សទាំងនេះគឺផ្អែកលើតែចម្លើយរបស់សាក្សីទាំងពីរប៉ុណ្ណោះ។

លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូជឿថា សំណុំរឿងអាដហុក៥ គឺជារឿងនយោបាយ ហើយមានការជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា សាលដីកានេះនៅតែអយុត្តិធម៌សម្រាប់អ្នកការពារសិទ្ធិមនុស្ស ដែលបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយដល់ជនរងគ្រោះ»។

លោក សំអាត មានប្រសាសន៍ថា៖ «វាគឺជាសារដែលនឹងគំរាមកំហែងដល់បុគ្គលិកនៃស្ថាប័នការពារសិទ្ធិមនុស្សផ្សេងទៀត»។

ទាំងលោក នី ចរិយា និងលោក សំ សុគង់ ជាមេធាវីការពារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal Court uphold “Adhoc 5” over bribery cases

258 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម