សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍និងបង្កើនសំណងជំងឺចិត្តដល់១លានដុល្លារជូនCPP

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ បន្ទាប់ពីបានចូលរួមសវនាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា / បញ្ញា ឆព័ណ្ណ
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ បន្ទាប់ពីបានចូលរួមសវនាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា / បញ្ញា ឆព័ណ្ណ

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ដែលបាន​​រក​ឃើញពិរុទ្ធភាព​របស់លោក សុន ឆ័យ ​​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ពី​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្គាប់​ឲ្យ​លោក​​សង​ជំងឺ​ចិត្ត​ចំនួន៤ពាន់​លាន​រៀល (១លាន​ដុល្លារ) គឺ​កើន​មួយ​ភាគ​បី​នៃ​អ្វី​ដែលតុលាការ​ជាន់​ទាប​បាន​បង្គាប់​។

បន្ទាប់​ពី​លោក សុន ឆ័យ លើកឡើង​ថា មាន​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​​បោះ​ឆ្នោតនិង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តឹង​លោក​ពី​បទបរិហារកេរ្តិ៍​​និងទាមទារ​សំ​ណង​​ជំងឺ​ចិត្ត​១​លាន​ដុល្លារ​ជុំវិញ​ការ​អះអាង​របស់​លោក​ដែល​ថា គ.ជ.ប លម្អៀង​ទៅ​​គណបក្ស​កាន់​អំណាច ខណៈ គ.ជ.ប ក៏បាន​ប្តឹង​ផងដែរ​​ដោយ​ថា ​លោក សុន​ ឆ័យ ​បាន​បរិហារកេរ្តិ៍​ស្ថាប័ន​បោះឆ្នោតមួយនេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​តុលា បាន​បង្គាប់​ឲ្យ​លោក សុន ឆ័យ សង​​ជំងឺ​ចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា៣​ពាន់​លាន​រៀល (៧៥​ម៉ឺន​ដុល្លារ) និង ពិន័យ​៨​លាន​រៀល (ប្រហែល ២​ពាន់​ដុល្លារ) បន្ទាប់ពី​រក​ឃើញ​ថា លោក សុន ឆ័យ​ មាន​ពិរុទ្ធភាព​​ពី​បទ​បរិហារកេរ្តិ៍។ ចំណែក​សំណុំរឿង​ទី​២ ដែល​ប្តឹង​​ដោយ គ.ជ.ប សាលាដំបូងរាជធានីភ្នំពេញ​បាន​សម្រេច​ពិន័យ​លោក សុន ឆ័យ​ ​ចំនួន​៩​លាន​​រៀល (ប្រហែល ២.២៥០ដុល្លារ)។ លោក សុន ឆ័យ​ បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​ទាំង​ពីរនេះ​។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះលោក​ សួស សំអាត បាន​ប្រកាស​សាលក្រម​នៅ​ម៉ោង៦ ល្ងាច បន្ទាប់​ពី​បើក​សវនាការ​អស់​រយៈពេល៤ម៉ោង។ ក្រៅពី​ការបង្កើនប្រាក់​សំណងជំងឺចិត្ត​ដល់ទៅ១លានដុល្លារ លោកចៅក្រម​ សួស​ សំអាត ក៏បានសម្រេចឲ្យ​លោក សុន ឆ័យ​ បង់ប្រាក់ពិន័យសរុបចំនួន២០លានរៀល (ប្រហែល ៤.៨៦៥ដុល្លារ) ក្នុងសំណុំរឿងទាំងពីរដែលប្តឹង​ដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក​បាន​មាន​ប្រសាសន៍ថា៖ «យើង​យល់​ថា​ សេចក្តី​​សម្រេច​របស់​សាលាដំបូងរាជ​ធានី​​ភ្នំពេញ​មាន​សុចរិភាព​គ្រប់គ្រាន់​»។

លោក សុន ឆ័យ និង​មេធាវី​បាន​ចាក​ចេញ​ពី​បន្ទប់​សវនាការ​មុន​ពេល​ប្រកាស​សាលក្រម។

នៅ​ក្នុង​សវនាការនៅរសៀលថ្ងៃពុធនេះ លោក គី តិច មេធាវីរបស់គណបក្សប្រ​ជា​ជនកម្ពុជាបានស្នើឲ្យតុលាការបង្គាប់ឲ្យលោក សុន ឆ័យ សងជំងឺចិត្តដល់​គណបក្សប្រជាជនកម្ពុជាចំនួន១លានដុល្លារពេញដូចដែលលោក​បាន​ទាមទារក្នុង​បណ្តឹងរបស់​លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «បី​ពាន់​លាន​រៀល​មិន​គ្រប់គ្រាន់​​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ទាមទារ​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​លោក សុន ឆ័យ ដើរ​​ចោទ [CPP] ទៀត​»។ លោក​បន្តថា៖ «លោក​​មិន​ធ្លាប់​ជួប​សំណងច្រើន​បែ​ប​នេះ​ ឥឡូវ​លោក​​បាន​​ជួប​ហើយ»។

លោក ជួង ជូងី មេធាវីរបស់ សុន ឆ័យ​ បានប្រាប់ខេមបូចា​ថា ការសម្រេចរបស់តុលាការ គឺអយុត្តិធម៌ ហើយលោក​នឹងពិភាក្សាជាមួយកូនក្តីរបស់លោក​អំពីការប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល។

លោកបានមានប្រសាសន៍ថា៖ «វាអយុត្តិធម៌ណាស់សម្រាប់គាត់។ គាត់គ្រាន់​តែតស៊ូ​មតិ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែគាត់ទទួលរងនូវភាពអយុត្តិ​ធម៌ ហើយរឿងនេះទុក​ឲ្យ​ប្រជាជនកម្ពុជាជាង១០​លាននាក់វិនិច្ឆ័យ​អំពីឯករាជ្យភាពរបស់តុលាការចុះ»។

លោក​បាន​បន្ថែម​ថា៖​ «ខ្ញុំ​គ្មាន​​អ្វី​ត្រូវ​​អត្ថាធិប្បាយ​ទេ ព្រោះ​សេរីភាព​នៅ​កម្ពុជា​កាន់តែ​ចង្អៀត​ហើយ។ ក្នុង​នាម​ជា​មេធាវី ខ្ញុំ​ក៏​មិន​ហ៊ាន​និយាយ​ច្រើន​ដែរ​»។

កាល​ពី​ខែ​មុន តុលាការ​បាន​ចេញ​ដីកា​រឹបអូសអចលន​ទ្រព្យ​ពីរ​កន្លែង​​របស់​លោក សុន ឆ័យ​ ជា​បណ្ដោះអាសន្ន ដើម្បី​ធានា​ការបង់សំណងជំងឺចិត្ត​​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពីតុលាការ​​បង្គាប់​ឲ្យ​លោក សុន ឆ័យ បង់សំណងជំងឺចិត្តជូន​គណបក្ស​នេះ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal Court Upholds Son Chhay Defamation Ruling, ups Damages Owed to CPP to $1 million

659 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម