កាលពីថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើសំណុំរឿងមួយដែលបានកើតឡើងតាំងពីឆ្នាំ២០១៤ នៅពេលដែលបុរសចំនួន១០នាក់ត្រូវបានកាត់ទោសដោយសារជាប់ពាក់ព័ន្ធទៅនឹងបាតុកម្ម អំឡុងពេលកម្មករកាត់ដេរធ្វើកូដកម្មទូទាំងប្រទេស។ សាលាឧទ្ធរណ៍គ្រោងនឹងប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍នេះនៅថ្ងៃទី២៩ ខែកញ្ញា។
មនុស្ស១០នាក់ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៤ នៅក្នុងការតវ៉ាមួយនៅខាងក្រៅរោងចក្រ Yakjin ដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីដែលបាតុករទាមទារដំឡើងប្រាក់ឈ្នួល។ សាក្សីបានអះអាងថា មន្ត្រីយោធាដែលយាមរោងចក្រនោះ បានញុះញង់ឲ្យមានការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍។
ក្នុងនាមជាជនជាប់ចោទក្នុងសំណុំរឿងនេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានពន្យល់ថា កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៤ លោកបានទៅរោងចក្រនោះ ដើម្បីឃ្លាំមើលស្ថានភាពបន្ទាប់ពីទទួលបានព័ត៌មានថា មានកម្មករកំពុងតវ៉ា។
លោកបានប្រាប់តុលាការនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំមិនពេញចិត្តទេ ដែលសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសខ្ញុំ ព្រោះខ្ញុំជាជនរងគ្រោះ ដោយក្រុមទាហានដែលបានវាយខ្ញុំស្ទើរតែស្លាប់។ វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនដោយអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១»។
លោក វន់ ពៅ និងលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) មានវត្តមាននៅតុលាការ ខណៈបុរស៨នាក់ផ្សេងទៀតត្រូវបានជំនុំជម្រះដោយកំបាំងមុខ។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ លោក ថេង សាវឿន លោក វន់ ពៅ លោក ចាន់ ពុទ្ធិស័ក និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទផ្តើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ។
លោក រ៉េត រដ្ឋា លោក ណាគ្រី វ៉ាន់ដា លោក យ៉ុង សំ លោក ឈឹម ធឿន លោក តេង ចន្ធី និងលោក ឡន សាន ត្រូវបានរកឃើញពិរុទ្ធភាពពីបទហិង្សាមានស្ថានទម្ងន់ទោស។
បុរសទាំងនោះត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់៤ឆ្នាំកន្លះ ប៉ុន្តែទោសរបស់ពួកគាត់ទាំងអស់គ្នាត្រូវបានព្យួរនិងត្រូវបានដោះលែងក្រោយសវនាការនៅខែឧសភា ឆ្នាំ២០១៤។ បុរស៤នាក់ត្រូវពិន័យជាប្រាក់៨លានរៀល ប្រហែល២០០០ដុល្លារ។
លោក សាវឿន ដែលបានចូលរួមក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍នោះដែរ បានបដិសេធថា លោកមិនបានញុះញង់ឲ្យមានអំពើហិង្សាក្នុងការតវ៉ានោះទេ ហើយបានអំពាវនាវឲ្យតុលាការទម្លាក់ចោលបទចោទទាំងអស់។
លោក សាវឿន បានមានប្រសាសន៍នៅក្នុងតុលាការថា៖ «ខ្ញុំមិនយល់ស្របនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញទេ ព្រោះខ្ញុំមិនមានសកម្មភាព ដូចជាការស្រែកបន្ទរ ឬកាយវិការ [តវ៉ា] ណាមួយទេ។ ខ្ញុំទៅទីនោះ ដើម្បីថតរូបផ្សព្វផ្សាយដល់សាធារណជន»។
លោក អ៊ឹម សុផាន ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បានស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណាលើសំណុំរឿងនេះទៅតាមច្បាប់ ដោយលើកហេតុផលថា អ្វីដែលជនជាប់ចោទកំពុងប្រាប់តុលាការនៅថ្ងៃព្រហស្បតិ៍នេះ គឺដូចគ្នានឹងអ្វីដែលពួកគាត់បាននិយាយនៅក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញដែរ។
លោក សំ សុគង់ ជាមេធាវីការពារជនជាប់ចោទទាំង១០នាក់បានស្នើឱ្យសាលាឧទ្ធរណ៍បដិសេធសាលក្រមឆ្នាំ២០១៤ របស់តុលាការជាន់ទាប ដោយលើកឡើងថា កូនក្តីរបស់លោកមិនបានញុះញង់ឱ្យមានអំពើហិង្សានោះទេ។
លោកបានមានប្រសាសន៍ថា៖ «ដូចយើងបានឃើញភស្តុតាងក្នុងឃ្លីបវីដេអូ ទាហានបានប្រើអំពើហិង្សា ដោយវាយដំកូនក្តីរបស់ខ្ញុំ។ ទាហានបានគប់ដបទឹកដាក់ក្រុមអ្នកតវ៉ា ហើយក្រោយមកបានប្រើដំបង និងជំពាមកៅស៊ូ ដើម្បីបង្ក្រាបបាតុករ»។
លោកបានបន្ថែមថា អំឡុងពេលផ្តល់សក្ខីកម្មនៅតុលាការជាន់ទាប សាក្សីខ្លះមិនបាននិយាយដោយផ្ទាល់ថា ពួកគាត់ទាំង១០នាក់បានប្រើអំពើហិង្សាលើទាហាននោះទេ។
លោក ចាប ភក្តី ជាមេបញ្ជាការបញ្ជាការដ្ឋានទ័ព៩១១ មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeals Court Hears Challenge to 2014 Convictions from Garment Workers Protest