សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពិធីតែងតាំងសម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ​ជា​​ចៅអធិការវត្តឧណ្ណាលោម ​​

បន្ទាប់​ពី​ការយាងចូលទីវង្គត​របស់​ សម្តេចអគ្គមហាសង្ឃរាជធិបតី ទេព វង្ស កាលពីថ្ងៃទី​ ២៦​ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធម្មការ​ ​និងសាសនា គណសង្ឃនាយកកម្ពុជា បានប្រកាសសនីយបត្រ តែងតាំងជាផ្លូវការ​ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ជាព្រះគ្រូ​ចៅ​អធិការ និងថ្នាក់ដឹកនាំមន្រ្តីសង្ឃ បន្តពីសម្តេចព្រះអគ្គមហា សង្ឃរាជ ទេព វង្ស នៅថ្ងៃពុធ ៥កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ​នា​វត្តឧណ្ណាលោម ។ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា​ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ​លោក​ ចាយ បូរិន ព្រះសង្ឃ ពុទ្ធបរិស័ទច្រើនកុះករ បានយាង និមន្ត និងអញ្ជើញចូលរួម ​ក្នុង​ពិធី​​ស្រង់ព្រះសុគន្ធវារី​ ប្រគេនចំពោះ​ ​សម្តេច បណ្ឌិត យ៉ន សេងយៀត ​ព្រមទាំង​​មន្ត្រីសង្ឃ​នៃ​វត្ត​ឧណ្ណាលោម​ ។ សម្តេចអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ជាបញ្ញវន្តសង្ឃមួយព្រះអង្គ ដែល​មាន​ពុទ្ធិ​​ផ្នែកពុទ្ធចក្រ និងអាណាចក្រយ៉ាងជ្រៅជ្រះ ហើយ​ព្រះអង្គ​​បានបញ្ចប់ ថ្នាក់ក្រោយ​បណ្ឌិត ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា ពីសកលវិទ្យាល័យហាវឺដ សហរដ្ឋ​អាមេរិក ។ ​បច្ចុប្បន្ន​​ ព្រះអង្គជាសកលវិទ្យាធិការ​ ​នៃពុទ្ធិក សកលវិទ្យាល័យ​ ​ព្រះសីហនុរាជ និង​ជា​​ព្រះគ្រូចៅអធិការនៃវត្តឧណ្ណាលោម រាជធានីភ្នំពេញ ៕

51 views