សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋមានវិវាទដីធ្លីពីខេត្តកោះកុងប្រមាណ៧០នាក់ មកតាមដានសវនាការសមាជិក​​ខ្លួន​នៅ​តុលាការកំពូល និងសួរនាំញត្តិដែលបានដាក់

ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីពីសហគមន៍ផ្សេងៗគ្នានៅខេត្តកោះកុងកំពុងជួបគ្នានៅក្បែររបងតុលាការកំពូល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)
ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីពីសហគមន៍ផ្សេងៗគ្នានៅខេត្តកោះកុងកំពុងជួបគ្នានៅក្បែររបងតុលាការកំពូល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)

ប្រជាសហគមន៍ដែលមានបញ្ហាដីធ្លីនៅខេត្តកោះកុងប្រមាណ ៧០នាក់នៅព្រឹកថ្ងៃទី១១ ខែកញ្ញា​នេះ មកតាមដានសវនាការរបស់សមាជិកខ្លួនម្នាក់ដែលជាប់​ចោទពីបទបរិហាកេរ្ត៍ នៅ​តុលាការ​កំពូល ព្រមទាំង​ទៅក្រសួងរៀបចំដែនដីដើម្បីតាមដានញត្តិដែលបានដាក់កន្លង​មក។

អ្នកស្រី អឹប តឹង ជាប្រជាសហគមន៍១៩៧ នៅស្រុកស្រែអំបិល ខេត្តកោះកុង បានប្រាប់​សារព័ត៌មាន​​​​​​​ខេមបូចា បន្ទាប់ពីចេញពីសវនាការថា តុលាការកំពូលបានបើសវនាការ​ជំនុំ​ជម្រះ​សំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈ» ដោយរៀបរាប់សេចក្ដីសម្រេចរបស់តុលាការ​ជាន់​ទាប​ទាំងអស់ ហើយមានការជជែកតតាំងពីមេធាវីការពារក្ដីរបស់អ្នកស្រី និង​តុលាការ​អនុញ្ញាត​ឱ្យអ្នកស្រីមានមតិសំណូមពរផងដែរ។

អ្នកស្រីបន្តថា រឿងក្ដីនេះគឺកើតឡើងតាំងពីការដែលគាត់ផ្សាយតាមគណនីហ្វេសប៊ុកថា លោក ហេង ហ៊ុយ ដែលជាម្ចាស់ក្រុមហ៊ុនអេគ្រីខលឈ័រគ្រុបរំលោភ​​​យកដីគាត់។ អ្នកស្រី អឹប តឹង ឱ្យដឹង​​ថា៖ «លោក ហេង ហ៊ុយ គាត់យកដីខ្ញុំ ដីខ្ញុំនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង[…]ដីពួកខ្ញុំអាស្រ័យផលនៅហ្នឹង រស់ឪពុកម្ដាយជីដូនជីតា​ខ្ញុំធំឡើងនៅហ្នឹង​ទាំងអស់ ហើយហេតុអីបានខ្ញុំថានិយាយចឹងថាខ្ញុំបរិហារកេរ្តិ៍គាត់?»។

អ្នកស្រី អឹប តឹង ឱ្យដឹងថា តុលាការកំពូលនឹងប្រកាសសាលដីកា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២៦ នៅម៉ោង ៨ព្រឹក ហើយអ្នកស្រីរំពឹងថា តុលាការកំពូលនឹងសម្រេច​ឱ្យអ្នកស្រីរួចផុត​ពី​បទចោទ។

ប្រជាសហគមន៍មួយរូបទៀតអ្នកស្រី អិន ធូ មកពីសហគមន៍១៦ ដែលមានទំនាស់នឹងលោក សៀង ឈី, ភ្នំ ស៊ីធឿន និងហ៊ួរ សេង និងសហគមន៍១៩៧ មានទំនាស់ជាមួយនឹង លោក ហេង ហ៊ុយ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយអ្នកស្រីអះអាងថា គាត់បានបាត់បង់​ដី​សរុប​ចំនួនប្រមាណជាង ១១ហិកតា។

អ្នកស្រី អិន ធូ បញ្ជាក់ថា ការដែលគាត់ធ្វើដំណើរពីខេត្តកោះកុង មករាជធានីភ្នំពេញគឺ​ក្នុងគោល​បំណង​ចំនួន២៖ «ខ្ញុំមកឃ្លាំមើលប្អូនស្រី អិប តឹង ដែលគាត់ជាប់ប្រព័ន្ធតុលាការពីលោកឧកញ៉ា ហេង ហ៊ុយ បានប្ដឹងគាត់ថាគាត់បរិហារកេរ្ត៍ជាសាធរណៈ ប៉ុន្តែប្អូនស្រី អិប តឹង និយាយជា​ពាក្យពិត​[…]ទី២ខ្ញុំចង់តាមដានញត្តិ ហើយនិងដាក់ញត្តិ»។

ស្រ្តីវ័យ៥០ឆ្នាំប្លាយរូបនេះថា គាត់និងប្រជាសហគមន៍ឯទៀតចង់ដាក់ញត្តិនៅ​ខុទ្ទការល័យ​នាយករដ្ឋមន្ត្រី និងទីស្តីការគណៈរដ្ឋមន្ត្រីផង ក៏ប៉ុន្តែគេមិនទទួល ក៏ក្រុមពលរដ្ឋមានតែទៅ​តាម​ដាន​ញត្តិ​របស់ខ្លួននៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្រុម​ពលរដ្ឋ​​បាន​ដាក់ទៅក្រសួងស្នើសុំដំណោះស្រាយដីធ្លី និងសុំដីសង្គមកិច្ចជូនពលរដ្ឋ​ដែលគ្មានដីធ្វើ​ស្រែ​ចម្ការ។

ពលរដ្ឋទាំងប្រមាណ៧០នាក់នោះបានធ្វើដំណើរតាមឡានឈ្នួល៣គ្រឿងពីខេត្តកោះកុងមករាជធានីភ្នំពេញ​ដោយ​ពួក​គេ​មានទាំងបុរស ស្រ្តី មនុស្សចាស់ កុមារ និងស្ត្រីមានផ្ទៃពោះ។ បន្ទាប់​ពី​ពួកគេ​ដាក់ញត្តិនៅខុទ្ទការល័យនាយករដ្ឋមន្ត្រីមិនបានសម្រេច ពលរដ្ឋទាំងនោះ​ក៏ចេញដំណើរ​ទៅ​ក្រសួងរៀបចំដែនដី ដោយមានក្រុម​នគរបាលជិះម៉ូតូអមដំណើរ និងសម្រួលចរាចរណ៍ផង។

លោក ឆាន់​ ឈឿន ជាពលរដ្ឋមកពីសហគមន៍១៦ និងសហគមន៍១៩៧ ប្រាប់ថា លោកបាន​បាត់​បង់ដី​សរុប​ប្រមាណជាង ៧ហិកតា ដែលប៉ះដល់ជីវភាពលោកព្រោះគ្មានដីដាំដុះដំណាំផ្សេងៗ។ លោក ឈឿន បន្តថា ការដែលលោកធ្វើដំណើរមករាជធានីភ្នមពេញនេះ គាត់ត្រូវខ្ចីប្រាក់​គេ​ចំនួន ១០ម៉ឺនរៀលសម្រាប់ថ្លៃធ្វើ​ដំណើរ ហូបចុក និងស្នាក់នៅ។

លោក ឆាន់​ ឈឿន លើកឡើង​ថា៖ «ស្នើសុំឱ្យខាងក្រសួងដែនដីហ្នឹងជួយជំរុញ ឬក៏ជួយ​ពន្លឿន​​ការដោះ​ស្រាយ​កុំឱ្យខ្ញុំមក​ទៀត ព្រោះអីខ្ញុំវេទនាខ្ញុំអត់ចង់មកទេ ដោយសារខ្វះខាត មកម្ដង ១០ម៉ឺនជាង»។

ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីពីសហគមន៍ផ្សេងៗគ្នានៅខេត្តកោះកុងកំពុងជួបគ្នានៅក្បែររបងតុលាការកំពូល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)

យោងតាមញត្តិចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលពលរដ្ឋធ្លាប់ដាក់ទៅក្រសួងដែនដីកន្លងមក ប្រជាសហគមន៍១៩៧គ្រួសារ ស្នើសុំឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ អន្តរាគមន៍ពន្លឿនការដោះស្រាយ វិវាទដីធ្លី រវាងពលរដ្ឋនិងក្រុមហ៊ុន​អេគ្រីខលឈ័រគ្រុបរបស់លោក ហេង ហ៊ុយ។

តាមញត្តិដដែលពលរដ្ឋទាមទារដូចជា៖ «ទំហំដី ៣ហិកតា ក្នុងមួយគ្រួសារ ប្រាក់សំណង ៧០០០ដុល្លារ ក្នុងមួយគ្រួសារ (ថ្លៃការអាក់ខានមិនបានទទួល​ផលដំណាំ) ទម្លាក់បទចោទ ប្រកាន់ លើតំណាង និងសមាជិកសហគមន៍-ដីនៅទីតាំងដីចាស់ (ដីដែលក្រុមហ៊ុនបាន រំលោភបំពាន)»។

ញត្តិដោយឡែកមួយទៀតរបស់ប្រជាសហគមន៍ ១៦គ្រួសារចុះថ្ងៃខែជាមួយគ្នា និងដាក់ជូន​លោក សាយ សំអាល់ ដែរនោះ ស្នើសុំថា៖ «មេត្តាជួយពន្លឿន ដោះស្រាយបញ្ចាប់បញ្ហាវិវាទ​ដីធ្លី រវាងប្រជាពលរដ្ឋ យើងខ្ញុំ ចំនួន១៦គ្រួសារ ជាមួយឈ្មោះ សៀង ឈី ឈ្មោះ ភ្នំ ស៊ីធឿន និងឈ្មោះ ហ៊ួរ សេង ហើយធ្វើការកាត់ឆ្កៀល និង ចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ លើផ្ទៃដីទំហំ​ដី​តាមគ្រួសារនីមួយៗ ដែលយើងខ្ញុំកាន់កាប់ប្រើប្រាស់អាស្រ័យផល ដោយក្តីអនុគ្រោះ»។

សារព័ត៌មានខេមបូចាមិនអាចទាក់ទងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​ បានទេ ត្រឹមល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

តែបើតាមតំណាងពលរដ្ឋ២នាក់ចំណោម១៣នាក់ដែលបានចូលទៅប្រជុំនៅក្រសួងរៀបចំដែនដីនៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ បានឱ្យដឹងថា ក្រសួងផ្ដល់យោបល់ឱ្យសហគមន៍១៩៧គ្រួសារ សុំដីសម្បួទានសង្គមកិច្ចជំនួសវិញ ឯសហគមន៍១៦គ្រួសារ និងសហគមន៍១៧៥គ្រួសារ ក្រសួង​ថា​នឹងបញ្ជូនមន្ត្រីចុះទៅពិនិត្យមើល។

ជុំវិញករណីអ្នកស្រី អឹប តឹង ប្រជាសហគមន៍១៩៧ ដែលជាប់ចោទបទបរិហារកេរ្ត៍ លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) បាន​លើក​ឡើងថា ការដែលពលរដ្ឋរូបនេះជាប់រឿងក្ដីក្ដាំនៅតុលាការ គឺដោយសារមាន​អ្នកធ្វើឱ្យ​ប៉ះពាល់​ដីរបស់គាត់ ហើយធ្វើឱ្យគាត់បង្ហោះសារតាមបណ្ដាញសង្គម។

លោក យី សុខសាន្ត មានប្រសាសន៍ថា៖ «បើសិននៅសុខៗ បើគាត់មិនរងផលប៉ះពាល់ ក៏គាត់​មិនទៅបង្ហោះ វីដេអូ ឬពាក់ព័ន្ធទៅនឹងការចោទប្រកាន់រឿងបរិហាកេរ្តិ៍ហ្នឹងទេ ដោយសារ​​តែវា​មានរឿងពាក់ព័ន្ធនឹងដីធ្លីរបស់គាត់។ មន្ត្រីសមាគមការពារសិទ្ធិមនុស្ស​អាដហុករូបនេះ​បន្ថែមថា​៖ «សង្ឃឹមថាតុលាការកំពូលនឹងរកយុត្តិធម៌ជូនពួកគាត់ ប្រសិនបើគិតថាអ្វីដែលជា​ដីរបស់​ពួកគាត់ គាត់និយាយនេះក្នុងនាមការពារប្រយោជន៍ដីរបស់គាត់មិនមែន​មានន័យ​ថា​បរិហាកេរ្តិ៍​ចំពោះ​ដើមបណ្តឹងទេ»។

ចំពោះញត្តិស្នើសុំដំណោះស្រាយរឿងដីធ្លី និងការស្នើសុំដីសង្គមកិច្ចវិញ លោក យី សុខសាន្ត ផ្ដល់យោបល់ឱ្យរដ្ឋាភិបាលធ្វើតាមការស្នើសុំរបស់ពលរដ្ឋ ដោយការកាត់ឆ្វៀលដីណា​មួយឱ្យ​ពលរដ្ឋ​​​អាចអាស្រ័យផលចិញ្ចឹមជីវិតបាន។

បើតាមប្រជាពលរដ្ឋ សហគមន៍១៩៧ មានវិវាទដីធ្លីជាមួយក្រុមហ៊ុនអេគ្រីខលឈ័រគ្រុបរបស់​លោក ហេង ហ៊ុយ អំឡុងឆ្នាំ២០០៧ ឯសហគមន៍១៦ មានវិវាទដីធ្លីជាមួយឈ្មោះ សៀង ឈី ភ្នំ ស៊ីធឿន និងហ៊ួរ សេង តាំងពីឆ្នាំ២០២១។ រីឯសហគមន៍ផ្សេងទៀតដូចជាសហគមន៍៩៥៥ ជាដើម​ជា​សហគមន៍​​​ពលរដ្ឋក្រីក្រ ដែលពួកគេស្នើសុំដីសង្គមកិច្ចដើម្បីបង្កបង្កើនផលចិញ្ចឹម​ជីវិត៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម