ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញប្រកាសថាការវិនិយោគរបស់ប្រទេសខ្លួនក្នុងប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ខណៈក្រុមអ្នកឃ្លាំមើលថានេះជាកាដូសម្រាប់ភាពស្មោះត្រង់របស់កម្ពុជាលើមិត្តជិតស្និទ្ធមួយនេះ។
ស្ថានទូតចិនបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីសប្ដាហ៍កន្លងទៅថាការវិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាបានឡើងដល់៨៦០លានដុល្លារ សម្រាប់១១ខែដំបូងក្នុងឆ្នាំ២០២០ មានការកើនឡើង៧០ភាគរយច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ស្ថានទូតបានរាប់បញ្ចូលទាំងគម្រោង និងការវិនិយោគធំៗ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីក្រុងសៀមរាប និងលំហូរនៃការធ្វើពាណិជ្ជកម្មរបស់អ្នកជំនួញចិនក្នុងប្រទេសកម្ពុជា។
ស្ថានទូតបានសរសេរថា៖ «ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូល និងនាំចេញបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត»។
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្ដាសោភា និងលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអាចទាក់ទងសុំការត្ថាធិប្បាយលើតួលេខវិនិយោគចិននាពេលថ្មីៗនេះបានទេ។
ការវិនិយោគចិនក្នុងចំនួនដ៏ច្រើនក្នុងប្រទេសកម្ពុជាមាននៅទឹកដីជាប់មាត់សមុទ្រក្រុងព្រះសីហនុ និងក៏មានដែរការធ្វើអាជីវកម្មល្បែងអនឡាញខុសច្បាប់កន្លងមក។ ការវិនិយោគរបស់ចិនក៏មានដែរលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅទូទាំងប្រទេស។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍ថានៅក្នុងខេត្តនេះមានគម្រោងវិនិយោគរបស់ចិនចំនួន៧១ មានទឹកប្រាក់វិនិយោគសរុប១៧ពាន់លានដុល្លារ។ យ៉ាងណា លោកបានបដិសេធថាគម្រោងទាំងនេះ មិនបានបង្កឲ្យមានជម្លោះដីធ្លីនោះទេ។
លោកបន្ថែមថា៖ «យើងមានយន្តការច្បាស់លាស់ដោះស្រាយតាមច្បាប់។ យើងត្រូវតែបែងចែកឲ្យច្បាស់រវាងជម្លោះពី ដីដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ និងដីគ្មានចុះបញ្ជី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ដែលទាំងនេះមិនចាត់ទុកថាជាជម្លោះដីធ្លីនោះទេ។ វាជាវិធានការស្របច្បាប់»។
ជាមួយនឹងការកើនឡើងនៃការវិនិយោគរបស់ចិន កម្ពុជាក៏ត្រូវគេមើលឃើញថាបានកើនបំណុលបរទេសដូចគ្នា ដែលក្នុងនោះមាន៤០ភាគរយនៃបំណុលសារធាណៈ ជាបំណុលរបស់ចិន។ ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាមានបំណុលសាធារណៈសរុប៧,៩ពាន់លានដុល្លារ។
លោក អៀ សុផល សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles មានប្រសាសន៍ថា ទំហំវិនិយោគនេះនៅតូចទេ បើធៀបទៅនឹងផលប្រយោជន៍ភូមិសាស្រ្តនយោបាយដែលចិនបានទទួលពីទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ការវិនិយោគនេះ បំពេញចន្លោះដែលកម្ពុជាមិនអាចធ្វើបាន។ វាបាននាំមកនូវបច្ចេកវិទ្យា ជាជាងហិរញ្ញវត្ថុ។ វាបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រជាជនកម្ពុជាប្រើប្រាស់»។
លោកឲ្យដឹងទៀតថា៖ «យ៉ាងណា វាក៏មកជាមួយនឹងគោលបំណង ដូចជាគ្មានការសិក្សាពីហេតុប៉ះពាល់បរិស្ថានច្បាស់លាស់ ដែលភាគីចិនអាចធ្វើដោយខ្លួនឯងក្នុងពេលអនុវត្តគម្រោងរបស់គេ»។
ការវិនិយោគមួយចំនូននៅក្នុងក្រុងព្រះសីហនុត្រូវរងការចោទប្រកាន់ថាស្ថិតក្រោមស្លាកផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន ដែលជាមហិចតាធ្វើគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសនានា ដែលភ្ជាប់ទៅនឹងមហិចតាភូមិសាស្រ្តនយោបាយចិន។ មិនមានគោលការណ៍ច្បាស់លាស់ដើម្បីបញ្ជាក់ថាគម្រោងមួយណាស្ថិតក្រោមស្លាកនៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយនោះដែរ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្នែកមួយនៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន ដែលចំណាយថវិកាជិតពីរពាន់លានដុល្លារ និងទើបសម្រេចបាន៣៩ភាគរយ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីបានចាប់ផ្តើមសាងសង់អគារច្រកចូល (Terminal) និងទីតំបន់សម្រាប់ការហោះហើរ ហើយក្រុមហ៊ុនចិន Sinomach Heavy Equipment Group Co., Ltd ក៏បានចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ សាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT)នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើ។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន Cambodia Investment Management Holding មានប្រសាសន៍ថាកម្ពុជាបានទទួលកាដូនេះ សម្រាប់ភាពស្មោះត្រង់របស់ខ្លួន និងសាមគ្គីភាពជាមួយចិន ប៉ុន្តែថាការឲ្យមានការវិនិយោគចិនក្នុងប្រទេសស្ទើរតែ៥០ភាគរយបែបនេះ គឺធ្វើឲ្យកម្ពុជាមានហានិភ័យ និងត្រូវពឹងផ្អែកលើចិន។
លោកបន្ថែមថា៖ «ខណៈដែលមិនមានអ្វីគួរឲ្យឆ្ងល់ទាក់ទងនឹងអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន តែការខ្វះខាតលើពិពិធកម្មវិនិយោគពីប្រទេសផ្សេង ជាកង្វល់មួយ។ ជាការពិត ការមិនទទួលបានការវិនិយោគពីប្រទេសធំៗផ្សេងទៀត នឹងធ្វើឲ្យចិនមានឥទ្ធិពលខ្លាំងនៅតំបន់នេះ »។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As Chinese FDI grows, so does Cambodia’s dependency on China, say experts