សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការជុំវិញបទចោទក្បត់ជាតិលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃពុធនេះជាថ្ងៃដែលរង់ចាំយូរមកហើយ បន្ទាប់ពីបានពន្យារពេលជិតពីរឆ្នាំ។
សំណុំរឿងប្រឆាំងនឹងឥស្សរជនបក្សប្រឆាំងដ៏យូរអង្វែងរូបនេះត្រូវបានពន្យារពេលតាំងពីខែមីនា ឆ្នាំ២០២០ ចំពេលមានការរីករាលដាលជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការធម្មតារបស់តុលាការបានបន្តឡើងវិញជាច្រើនខែមកហើយ រួមទាំងការចាប់ផ្តើមសវនាការថ្មីលើសកម្មជនសិទ្ធិមនុស្ស និងសមាជិកផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោល។
មុននឹងចេញដំណើរទៅចូលរួមសវនាការនៅថ្ងៃពុធនេះ លោក កឹម សុខា បាននិយាយដោយខ្លីជាមួយអ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកបានថ្លែងថា លោករីករាយក្នុងការបន្តសវនាការឡើងវិញ ហើយសង្ឃឹមថា តុលាការនឹងទម្លាក់ចោលរាល់ការចោទប្រកាន់លើរូបលោក។
លោក សុខា បានប្រាប់អ្នកសារព័ត៌មានថា៖ «ថ្ងៃនេះ គឺថ្ងៃដែលខ្ញុំបានទន្ទឹងរង់ចាំជា យូរមកហើយ ដើម្បីបន្តសវនាការឡើងវិញ និងបញ្ចប់បញ្ហាទាំងអស់នេះ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ថ្ងៃនេះ តុលាការនឹងសម្រេចទម្លាក់ចោលការចោទប្រកាន់មកលើរូបខ្ញុំ ដើម្បីកម្ពុជាយើងឈានទៅរកការបង្រួបបង្រួមជាតិ និងឯកភាពជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសរបស់យើងទាំងអស់គ្នា»។
មនុស្សប្រហែល៥០នាក់បានចុះឈ្មោះ ដើម្បីស្តាប់សវនាការរបស់លោក ប៉ុន្តែមានតែមនុស្ស២៨នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលបន្ទប់សវនាការដោយសារតែវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ។ អ្នកផ្សេងទៀតមិនត្រូវបានអនុញ្ញាតទេ រួមទាំងអ្នកសារព័ត៌មាន និងសមាជិកសង្គមស៊ីវិលផងដែរ។
សវនាការរយៈពេលបីម៉ោងនេះ ផ្តោតជាសំខាន់លើនីតិវិធី នេះបើតាមលោក ចាន់ ចេន មេធាវីរបស់លោក កឹម សុខា ដែលបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការ ។
លោកមានប្រសាសន៍ថាតុលាការក៏បានបង្ហាញវីដេអូរបស់លោក កឹម សុខា ស្តីពីការជួបជុំមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលព្រះរាជអាជ្ញាប្រើប្រាស់ធ្វើជាភស្តុតាងសម្រាប់ចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ។
លោក ចាន់ ចេន បានមានប្រសាសន៍ថា៖ «វីដេអូពេញដែលយើងបានឃើញនោះ មិនមែនជាករណីនៃការឃុបឃិតជាមួយបរទេស ឬប្រើប្រាស់អំពើហិង្សា និងការផ្តួលរំលំរដ្ឋាភិបាលទេ»ដោយលោកបានបន្ថែមថា លោក កឹម សុខា បានទៅអូស្ត្រាលីដើម្បីថ្លែងអំណរគុណប្រជាពលរដ្ឋនៅទីនោះចំពោះការផ្តល់ជំនួយសង្គ្រោះអំឡុងពេលមានគ្រោះទឹកជំនន់នៅកម្ពុជា។
លោក ចាន់ ចេន ក៏បានមានប្រសាសន៍ផងដែរថា លោក កឹម សុខា បានប្រាប់តុលា ការថា លោកគោរពវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយមានបំណងអនុវត្តតាមនីតិវិធីរបស់តុលាការ ប៉ុន្តែក៏ចង់ឲ្យតុលាការពន្លឿនដំណើរការនីតិវិធីរបស់ខ្លួននិងដំណើរការដោយយុត្តិធម៌និងតម្លាភាពផងដែរ។
លោក ចាន់ ចេន បានមានប្រសាសន៍អំពីលោក សុខា ថា៖ «រយៈពេល៤ឆ្នាំមកហើយ ការចាប់ខ្លួនកូនក្តីរបស់យើងបានប៉ះពាល់ដល់ផលប្រយោជន៍របស់កូនក្តី ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
លោក ចាន់ ចេន បាននិយាយថា លោកនៅតែជឿជាក់ថា សំណុំរឿងប្រឆាំងនឹងឥស្សរជនគណបក្សប្រឆាំងគឺជារឿងនយោបាយ ហើយគួរតែត្រូវបានដោះស្រាយតាមមធ្យោបាយនយោបាយ មិនមែនតាមផ្លូវច្បាប់នោះទេ។

លោក គី តិច មេធាវីរបស់រដ្ឋាភិបាលបានថ្លែងថា ព្រះរាជអាជ្ញាបានឆ្លើយតបទៅលោក កឹម សុខា ថា នីតិវិធីកំណត់ច្បាស់ថា សំណុំរឿងនេះនឹងបន្តរហូត លុះត្រាជនជាប់ចោទទទួលមរណភាព តុលាការសម្រេចសាលក្រម ឬក៏ជនជាប់ចោទសារភាព។
លោក គឺ តិច បានមានប្រសាសន៍ថា៖ «ប្រសិនបើជនជាប់ចោទបានសារភាពពីបទ ល្មើសអ្វីដែលគាត់បានប្រព្រឹត្តហើយគាត់សារភាពកំហុសនោះ សំណុំរឿងនេះនឹងត្រូវបញ្ចប់»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស។ រដ្ឋាភិបាលបានចោទប្រកាន់លោកថា បានធ្វើការជាមួយសហរដ្ឋអាមេរិកដោយប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច។
លោក កឹម សុខា បានអះអាងថា លោកគ្រាន់តែធ្វើសកម្មភាពស្របច្បាប់និងតម្លាភាព ដើម្បីព្យាយាមឈ្នះការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ ដោយសមាជិកបក្សជាច្រើននាក់ត្រូវចាប់ខ្លួនជុំវិញអ្វីដែលគេជឿជាទូទៅថា ជាបទចោទពាក់ព័ន្ធនយោបាយ។ មេដឹកនាំកំពូលរបស់គណបក្សនេះបាននិរទេសខ្លួនទៅក្រៅប្រទេសហើយសមាជិកជាង១០០នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានចូលរួមសវនាការនៅថ្ងៃពុធនេះ។ លោកមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះគឺផ្តោតជាសំខាន់លើដំណើរការនីតិវិធីជាជាងការសួរដេញដោលពីបទក្បត់ជាតិដែលចោទលោក កឹម សុខា។
លោកបានមានប្រសាសន៍ថា៖ «យើងមើលឃើញថា សំណុំរឿងនេះមានភាពស្មុគ ស្មាញណាស់ ដូចដែលយើងបានដឹងហើយថា សំណុំរឿងនេះគឺជារឿងនយោបាយ ដូច្នេះការដោះស្រាយគឺត្រូវមានការចរចានយោបាយ»។
លោកមានប្រសាសន៍ថា សំណុំរឿងនេះអាចបញ្ចប់ឆាប់ៗតាមដែលអាចធ្វើទៅបានតាមរយៈការសន្ទនានយោបាយ ប៉ុន្តែវាត្រូវអនុវត្តតាមនីតិវិធីរបស់តុលាការ។ លោកបានប៉ាន់ប្រមាណថា អាចចំណាយពេលយូរ ហើយទំនងជារារាំងលោក កឹម សុខា មិនឲ្យចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅចុងឆ្នាំនេះ។
លោក ហ្វីល រ៉ូបឺតសិន (Phil Roberson ) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ការបន្តសវនាការរបស់លោក កឹម សុខា បន្ទាប់ពីការផ្អាកអស់រយៈពេលជិតពីរឆ្នាំនេះ មិនផ្លាស់ប្តូរការពិតដែលថា «ការចោទប្រកាន់ក្លែងក្លាយនិងបែបនយោបាយ» ទាំងនេះ មិនគួរត្រូវបានចោទប្រកាន់លើលោក កឹម សុខា តាំងពីដំបូង។
លោក រ៉ូបឺតសិន បានថ្លែងថា៖ «ឆាកល្ខោនទាំងមូលនេះគឺនិយាយអំពីការរារាំងអ្នកណាម្នាក់មិនឲ្យប្រើប្រាស់ការបោះឆ្នោត ដើម្បីប្រកួតប្រជែងប្រកបដោយអត្ថន័យនឹងការដឹកនាំរបស់លោក ហ៊ុន សែន»។
លោកបន្តថា៖ «គួរឲ្យសោកស្ដាយ វាហាក់បីដូចជាវិធីល្អបំផុតនោះគឺថា កឹម សុខា អាចសង្ឃឹមបានការលើកលែងទោសឆាប់រហ័សពីលោក ហ៊ុន សែន បន្ទាប់ពីអ្វីដែលជាការកាត់ទោសមិនអាចជៀសរួចនៅចុងបញ្ចប់នៃសវនាការដ៏អូសបន្លាយនេះ»។
សវនាការនឹងបន្តនៅសប្តាហ៍ក្រោយនៅថ្ងៃទី២៥ ខែមករា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As his treason trial resumes, Kem Sokha calls on court to drop its case