សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនដល់១៧នាក់ នាំឲ្យរដ្ឋាភិបាលហាមការជួបជុំទ្រង់ទ្រាយធំ និងបញ្ចប់ឆ្នាំសិក្សាចាស់មុនកំណត់

សិស្សថ្នាក់ទី៩ ប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃចន្ទ ខណៈករណីឆ្លងកូវីដ១៩ក្នុងសហគមន៍បង្ខំឲ្យក្រសួងអប់រំបញ្ចប់ឆ្នាំសិក្សាចាស់មុនពេលកំណត់។ បញ្ញា ឆព័ណ្ណ
សិស្សថ្នាក់ទី៩ ប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃចន្ទ ខណៈករណីឆ្លងកូវីដ១៩ក្នុងសហគមន៍បង្ខំឲ្យក្រសួងអប់រំបញ្ចប់ឆ្នាំសិក្សាចាស់មុនពេលកំណត់។ បញ្ញា ឆព័ណ្ណ

ករណី​​ឆ្លង​​ជំងឺ​​កូវីដ​១៩​ ក្នុង​​សហគមន៍​លើ​ក​ដំបូង​នៅ​កម្ពុជា​បាន​កើន​ដល់​​១៧ករណី នាំឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ ​បញ្ជា​ឲ្យ​លុប​ចោល​រាល់​កម្មវិធី និង​ការ​ជួបជុំ​ផ្សេងៗ ខណៈ​តុលាការ​ក៏​ប្រកាស​ពន្យាពេល​ជុំនុំជម្រះ​សំណុំ​រឿង​ផ្សេងៗ រីឯក្រ​សួង​អប់រំ​ប្រកាស​បញ្ចប់​ឆ្នាំ​សិក្សាមុន​កំណត់​ និង​មន្ត្រី​ក្រ​សួង​សុខាភិបាល​ឯណេះ​វិញ​​ធ្វើ​តេស្តជាបន្ទាន់​ និង​នាំ​អ្នក​ជាប់ពាក់ព័ន្ធ​ធ្វើ​ចត្តាឡីស័ក។​

ករណី​​ឆ្លងក្នុង​សហគមន៍​នេះ គឺជាប់ពាក់ព័ន្ធ​នឹង​ការ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ១៩ លើ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ លោក ឆែម សាវុធ និង​ភរិយា​របស់​លោក រួម​ទាំង​សមាជិក​ក្រុម​គ្រួសារ ដែល​សុទ្ធតែ​តេស្ត​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ១៩ កាលពី​ចុង​សប្ដាហ៍​នេះ។​ មនុស្ស​១១នាក់​ផ្សេង​ទៀត ក៏តេស្ត​ឃើញ​វិជ្ជមាន​កូវីដ១៩ ដែរ នេះ​បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រ​សួង​សុខាភិបាល​​នៅ​ថ្ងៃចន្ទ និងអង្គារ ដែលនាំឲ្យ​ចំនួន​អ្នក​ឆ្លងឡើង​ដល់​១៧​ករណី។​

​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​បញ្ចេញ​សារ​ជា​សំឡេង​មួយ កាលពីថ្ងៃចន្ទ ​ទៅ​កាន់​ប្រជា​ពល​រដ្ឋ ដោយ​ស្នើ​ឲ្យ​​ផ្អាក​កម្មវិធី​ជួបជុំ​​មាន​គ្នា​លើសពី​២០​នាក់ រួម​ទាំង​ពិធី​មង្គលការ រយៈពេល​១៥​ថ្ងៃ រហូត​ដល់​រដ្ឋាភិបាល​អាច​គ្រប់​គ្រង​ការ​ឆ្លង​នេះបាន។ លោក​មាន​ប្រសាសន៍ថា នេះ​ជាករណីទី​មួយ​ហើយ​ ដែល​មានការ​ឆ្លង​ក្នុង​សហគមន៍​ ក្នុង​ប្រ​ទេស​កម្ពុជា​។​

បើតាម​សារសំឡេង​ របស់លោក​នាយក​រដ្ឋ​មន្ត្រីឲ្យដឹងថា៖ «នេះ​គឺជា​ចំណុច​ដែល​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភកាន់តែ​ខ្លាំង​»។​

មន្ត្រី​​ជាន់​ខ្ពស់​រដ្ឋា​ភិបាលជាច្រើន​រូប​ទៀតមាន​ដូច​ជា​​រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រ​សួង​យុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រ​សួង​ទេសចរណ៍ លោក ថោង ខុន និង​មនុស្ស​មួយ​ចំនួន​ទៀត ដែលបានជួបប្រាស្រ័យ​ជា​មួយ​​​អ្នកទាំងនោះ​សុទ្ធ​តែ​កំពុង​ធ្វើ​ចត្តាឡីស័ក។​

ក្រ​សួង​សុខាភិបាល​ប្រកាស​ឲ្យ​ដឹង​ថា មន្ត្រី​ខ្លួន​បាន​ធ្វើ​តេស្ត​អ្នកពាក់ព័ន្ធ​ចំនួន​​៤ ៨៦៩​នាក់ សម្រាប់ថ្ងៃទី២៩ និង៣០ ខែវិច្ឆិកា ​នៅ​ភ្នំពេញ សៀមរាប ឧត្តរមានជ័យ បន្ទាយ​មានជ័យ បាត់ដំបង ស្ទឹង​ត្រែង មណ្ឌលគិរី និង​ព្រះវិហារ។ លទ្ធផលតេស្តបង្ហាញថា ករណីវិជ្ជមានកូវីដ១៩​ មាន១៧ករណី រីឯ៨​ ៤៥២ករណីទៀតគឺអវិជ្ជមាន។

​បើ​តាម​ក្រ​សូង​សុខាភិបាលអ្នក​ជាប់ពាក់ព័ន្ធផ្ទាល់ និង​ប្រយោល​ត្រូវ​ធ្វើ​តេស្ត​ចំនួន​បី​ដង គឺ​នៅថ្ងៃទៅ​២៩ ខែ​វិច្ឆិកា ថ្ងៃទី៨ និង​ទី​១២ ខែធ្នូ។​

​សេចក្ដី​ប្រកាស​ព័ត៌មានបន្ថែម​ថា៖ «​រាល់អ្នកពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​ធ្វើចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​នៅ​តាម​ផ្ទះ​…​ឬ​នៅ​តាម​មណ្ឌលធ្វើចត្តាឡីស័ក ឬ​តាម​សណ្ឋាគារ»។​

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍ថា កូន​ស្រី​របស់​លោក ឆែម សាវុធ តេស្ត​វិជ្ជមាន​កូវីដ១៩ ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ពីមន្ទីរ​ពិសោធន៍​​វិទ្យាស្ថានប៉ាស្ទ័រ​នៅ​ឡើយ។​​

​រដ្ឋាភិបាល​ប្រកាសថា នឹង​បន្ត​ជួយ​ដល់​​អ្នក​រង​ផល​ប៉ះពាល់ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ក្នុង​ម្នាក់ៗ​ចំនួន​២ម៉ឺនរៀល ក្នុង​មួយ​ថ្ងៃ។ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាចំនួន ១២៥០លានរៀល​ សម្រាប់ទ្រទ្រង់ដល់ពួកគេ។​

សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រ​សួង​សុខាភិបាល​កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹងថា​អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ លោក ឆែម សាវុធ ព្រមទាំង​ភរិយា និង​សមាជិកគ្រួសារ​បាន​តេស្ត​វិជ្ជមាន​កូវីដ១៩ និង​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។​

យ៉ាងណា​ភរិយា​របស់ លោក ឆែម សាវុធ​ បាន​ទៅ​ផ្សារ​អ៊ីអន​១ ក្នុង​សង្កាត់ទន្លេបាសាក​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀម​រាប មុនពេល​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ​១៩។​ ដូចគ្នា​ដែរ អ្នក​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ភរិយា​លោក ឆែម សាវុធ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ស្ទឹង​ត្រែង ដែល​ការណ៍នេះ​ធ្វើ​ឲ្យ​មានក្ដី​បារម្ភ​កើត​មានការ​ឆ្លង​ក្នុង​សហគមន៍។​

ចំណែក​​លោក សាវុធ វិញ ក៏​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រ​សួង​មហាផ្ទៃ ធ្វើ​ដំណើរ​ទៅ​ខេត្ត​បន្ទាយ​មានជ័យ និង​បានជួប​ជាមួយ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ។​

​​ភ្លាមៗ​រដ្ឋា​ភិបាល​ក៏​បាន​បញ្ជា​ឲ្យបិទ​ផ្សា​ទំនើប​អ៊ីអន១ សាលាអន្តរទ្វីបអាមេរិកាំង(AIS)​សាខាចាក់​អង្រែរ​លើ និង​បាន​ស្នើ​ឲ្យ​អ្នក​បាន​ទៅ​ផ្សារ​អ៊ីអន១​ មន្ត្រីក្រ​សួង​មហាផ្ទៃ និង​មនុស្ស​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​សៀម​រាប ទៅធ្វើតេស្ត​កូវីដ១៩ និង​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​។​

ជាមួយគ្នា​នេះ​ដែរ​​ ក្រ​សួង​អប់រំ​ក៏បាន​ប្រកាស​ដែថា​នឹង​បិទបញ្ចប់​ឆ្នាំ​សិក្សា​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ហើយថា​សិស្ស​នឹង​ត្រូវ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​នៅថ្ងៃទី​១១ ខែ​មករា​ ខាង​មុខ។ យ៉ាងណា ក្រ​សួង​នៅ​បន្ត​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ នៅបន្ត​ប្រឡង​ដដែល។ ចំណែក​សិស្ស​ថ្នាក់ទី​១២ វិញ​នឹង​ត្រូវ​ប្រឡង​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ហើយ​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ប្រឡង​សិស្ស​ត្រូវ​បន្ត​រៀន​តាម​អនឡាញ។​

កន្លង​មកសាលារៀន​ត្រូវ​បាន​បិទ​ទ្វារ​ពីរ​ដង​រួច​មក​ហើយ ​ទើប​តែពេល​ថ្មីៗ​នេះ​សិស្ស​អាច​វិល​ទៅ​រៀន​វិញ​បាន បន្ទាប់ពីសាលា​បិទ​ជិត​ប្រាំមួយ​ខែ។​​

រថយន្តដឹកអ្នកទោសមកដល់តុលាការក្រុងភ្នំពេញនៅថ្ងៃទី២៦ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ
រថយន្តដឹកអ្នកទោសមកដល់តុលាការក្រុងភ្នំពេញនៅថ្ងៃទី២៦ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ

អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋានពន្ធនាគារ លោក នុត សាវនា​ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។​

​អគ្គនាយករង​នៃអគ្គនាយកដ្ឋានពន្ធនាគារ​ លោក ប៊ី ទៀឡេងមាន​ប្រ​សាសន៍​ថា​មន្ត្រី​នៅ​អគ្គនាយក​ដ្ឋាន និង​មន្ត្រី​នៅពន្ធនាគារ​ (ម១) ដែលបាន​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ លោក ឆែម សាវុធ សុទ្ធតែ​បាន​ធ្វើតេស្ត​ទាំងអស់។ លោក​បន្តថា អ្នកធ្វើ​តេស្ត​សរុប​ចំនួន​១៩០​នាក់ សុទ្ធ​តែ​អវិជ្ជមាន​ទាំងអស់ និង​កំពុង​បន្ត​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។​

លោក​មាន​ប្រ​សាសន៍ថា​៖ «​ពួកគេធ្វើតេស្ត​មន្ត្រី​ទាំងអស់​នៅអគ្គនាយក​ដ្ឋាន​ពន្ធនាគារ និង​មន្ត្រី​នៅ​មណ្ឌល​អប់រំកែប្រែ (ម១) ខ្លះ…​ប៉ុន្តែ​អ្នកទោសទាំងអស់​មិន​បាន​ធ្វើ​តេស្តទេ ព្រោះ​ថាមន្ត្រី​ទាំងនោះ​មិន​បាន​​ប៉ះពាល់​​អ្នកទោស​​ទាំងនោះទេ»។​

​ពន្ធនាគារ​រាជធានី​ភ្នំពេញក៏បាន​ប្រកាស​ឲ្យ​ដឹង​ដែរថា​ពួកគេ​នឹង​មិន​បញ្ជូន​​អ្នកទោស​​ទៅតុលាការ​ទេ​ក្នុង​​រយៈ​ពេល​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ ហើយ​តុលាការ​ក្រុង​ភ្នំពេញ​ថា​ខ្លួន​នឹង​ពន្យាពេល​ជុំនុំជម្រះ​សំណុំ​រឿង​ ​។​​

លោក ទៀឡេង មាន​ប្រ​សាសន៍​ថា៖ «​យើង​នឹង​ផ្អាក​បញ្ជូនអ្នកទោសពី​ ម១ ម២ និង​ពន្ធនាគារ​PJ ទៅ​កាន់​តុលាការ​ក្រុង ​តុលាការ​ឧទ្ធរណ៍​​ និង​តុលាការ​កពូល​»។​

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍ថា​វាមិនមែនជារឿង​ល្អនោះ​ទេ​សម្រាប់​​​អ្នកកំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន និង​អ្នក​ត្រូវ​ជុំនុំជម្រះ ហើយ​ត្រូវ​ពន្យា​ពេល​សវនាការ​បែបនេះ។

លោកស្រី​បន្ថែមថា៖ «មិន​គួរ​អនុវត្ត​គោលការណ៍ជា​រួម​ថា​អ្នក​កំពុង​រង់ចាំ​ជុំនុំជម្រះ​ត្រូវ​តែដាក់ពន្ធនាគារ​នោះទេ»។ លោកស្រី​បន្តថា​ ​រដ្ឋាភិបាល​គួរ​​​តែ​ពិចារណា​ប្រើ​ពន្ធ​នាគារ​សម្រាប់ឃុំឃាំង​មនុស្ស​តែនៅដំណាក់កាល​ក្រោយ​ជុំ​នុំជម្រះប៉ុណ្ណោះ។

អ្នក​នាំពាក្យ​សាល​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន និង​លោក គុជ គឹមឡុង មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាននោះទេ។​

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​លោក យ៉ង គិមអេង មាន​ប្រ​សាសន៍ថា​ទាំង​រដ្ឋាភិបាល និង​ប្រ​ជា​ពល​រដ្ឋ​​ដូច​ជា​ធ្វេស​ប្រហែស​បន្តិច​ក្នុង​ការ​អនុវត្តវិធានការណ៍​ចាំ​បាច់​ប្រឆាំង​នឹង​កូវីដ​១៩ ដូច​ជា​ការ​ពាក់​ម៉ាស​ជាដើម។

លោក​បន្ថែមថា៖ «​ហានិភ័យ​កើត​ឡើង​ព្រោះតែ​យើង​ភ្លេច និង​យើង​ប្រហែស​ក្នុងការពាក់​ម៉ាស និង​រក្សា​អនាម័យ…​នេះគឺជា​កង្វល់​ធំមួយ ហើយ​តម្រូវ​ឲ្យ​យើង​គ្រប់គ្នា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល»(រាយកាណ៍បន្ថែមដោយ ឃួន ណារីម)

172 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម