សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឪពុកម្តាយនិងអ្នកប្រើប្រាស់បារម្ភបញ្ហាសុខភាពក្រោយរកឃើញសារធាតុអាបេស្តូសក្នុងម្សៅលាបខ្លួនទារក

ស្រ្តីម្នាក់នៅរាជធានីភ្នំពេញកំពុងប្រើម្សៅលាបខ្លួនទារកនិងកុមារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ
ស្រ្តីម្នាក់នៅរាជធានីភ្នំពេញកំពុងប្រើម្សៅលាបខ្លួនទារកនិងកុមារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលបានប្រកាសប្រមូលមកវិញនូវម្សៅលាបខ្លួនទារកនិងកុមារចំនួន១២ម៉ាកដែលដាក់លក់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថាម្សៅទាំងនោះមានផ្ទុកសារធាតុអាបេស្តូស ដែលជាសារធាតុបង្កមហារីកហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានប្រកាសកាលពីថ្ងៃអង្គារថាអង្គភាពខ្លួនបាននិងកំពុងបញ្ឈប់ការនាំចូលក៏ដូចជាចែកចាយ ម្សៅលាបខ្លួនទារកនិងកុមារម៉ាក Johnson’s baby powder បីប្រភេទ ម៉ាកJohnson’s blossoms ពីរប្រភេទ ម៉ាកD-nee kids​ ម៉ាក D-nee newborn ម៉ាកPureen ម៉ាក Laffair Be Love ម៉ាក Kodomo ម៉ាកBhaesaj Cool Powder និង ម៉ាកBabi mild Natural ‘N Mild ។

អ្នកស្រី​ កុច ស្រីសួង អាយុ ២៥ ឆ្នាំ ដែលបានប្រើប្រាស់ម្សៅ Babi mild លាបខ្លួនកូនតាំងពីកើតមកកាលពី២ឆ្នាំមុន បានសម្តែងការព្រួយបារម្ភបន្ទាប់ពីដឹងថាម្សៅនោះមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ដែលទាក់ទងនឹងជំងឺមហារីក។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំ​មាន​ភ័យបារម្ភពី​កូន​​ខ្ញុំណាស់ ​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ហ្នឹង។ ខ្ញុំ​បារម្ភ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ប្រើ​វា​ជិត​ពីរ​ឆ្នាំ​ហើយ»

ដោយកត់សម្គាល់ថាគ្រប់ម៉ាកម្សៅលាបខ្លួនទារកទាំងនោះមាននៅលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្រីសួងបានសួរថាហេតុអ្វីបានជា​ ក.ប.ប ទើបតែធ្វើការស៊ើបអង្កេតជាជាងការធានាសុវត្ថិភាពផលិតទាំងនោះមុនពេលនាំចូល។

អ្នកស្រីបានបន្ត​ថា​៖«​ប្រជាជន​រំពឹង​លើ​ក្រសួងហ្នឹងហើយ បើ​អនុញ្ញាត​ឱ្យ​នាំ​ចូល​បាន​ន័យ​ថា​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ ពួកគាត់ដូចជាមានការធ្វេសប្រហែសត្រួតពិនិត្យផលិតផលនាំចូល»។

អ្នកស្រីក៏បានជំរុញឱ្យក្រុមហ៊ុនទាំងនោះបង្កើនការទទួលខុសត្រូវឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីធានាថាផលិតផលរបស់ពួកគេមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ក្រុមហ៊ុន​ Johnson & Johnson បានប្រឈមមុខនឹងបណ្តឹងរាប់ពាន់ករណីនៅលើឆាកអន្តរជាតិដែលដើមបណ្តឹងចោទប្រកាន់ថាជំងឺមហារីករបស់ពួកគេទាក់ទងទៅនឹងសារធាតុអាបេស្តូសដែលត្រូវបានរកឃើញនៅក្នុងម្សៅលាបខ្លួនទារករបស់ក្រុមហ៊ុននេះ។ ម្សៅលាបខ្លួនទារកនិងកុមារ ត្រូវបានគេរកឃើញជាញឹកញាប់មានសារធាតុអាបេស្តូស ហើយសារធាតុអាសបេស្តុសនេះពេលខ្លះក៏ត្រូវបានរកឃើញនៅលើផលិតផលមួយចំនួនផងដែរ។ ក្នុងឆ្នាំ២០១៩ នាយកដ្ឋានចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំអ្នកប្រើប្រាស់ឱ្យឈប់ប្រើប្រាស់ផលិតផលម្សៅលាបខ្លួនទារករបស់ក្រុមហ៊ុនJohnson &Johnson ហើយមួយឆ្នាំក្រោយមក ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងមិនលក់ម្សៅលាបខ្លួនទារកនិងកុមារនៅសហរដ្ឋអាមេរិកទៀតទេ។ កាលពីដើមខែនេះ ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងបញ្ឈប់ការលក់ជាអន្តរជាតិផងដែរនៅឆ្នាំ២០២៣ ។

ថ្វីបើម្សៅទាំងនេះត្រូវបានដាក់លក់សម្រាប់ទារកនិងកុមារក៏ដោយ ប៉ុន្តែមនុស្សពេញវ័យ និងមនុស្សចាស់ជាច្រើនប្រើប្រាស់ពួកវាជាប្រចាំ។

ម្សៅលាបខ្លួនទារកនិងកុមារត្រូវបានដាក់លក់នៅម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

ស្រីល័ក្ខ វ័យ២១ឆ្នាំ ដែលបានប្រើម្សៅត្រជាក់ Bhaesaj អស់រយៈពេលប្រហែល៧ឆ្នាំមកហើយ ក៏បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ផងដែរ។

កញ្ញាបាននិយាយថា៖ «ខ្ញុំប្រើម្សៅនេះជាមួយគ្រួសារខ្ញុំ។ ខ្ញុំ​ខ្លាច​ថា​វា​អត់​ឈឺ​ឥឡូវ​នេះ ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត»

ស្រដៀង​គ្នា​នឹងអ្នកស្រី ​ស្រីសួង​ ដែរ ស្រី​លក្ខណ៍ បាន​ចោទ​សួរ​ថាហេតុ​អ្វី​បាន​ជា​ការ​ស៊ើប​អង្កេត​ទើប​តែ​ធ្វើ​ឡើង​ពេល​នេះ។​

កញ្ញាបានសំណូមពរថា៖«ខ្ញុំចង់ឱ្យថ្នាក់ជាតិមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើផលិតផលដែលនាំចូលពីបរទេស។ ពេល​ផលិត​អ្វី​មួយ ប្រាកដជាត្រូវ​មាន​អ្នក​បច្ចេកទេស​ពិនិត្យ​វា​ឱ្យ​បាន​ត្រឹមត្រូវហើយ»

លោក ផាន អូន អគ្គនាយក​ ក.ប.ប មានប្រសាសន៍ថាម្សៅទាំងនោះពិតជាមានផ្ទុកសារធាតុអាសបេស្តុសមែន។ ទោះបីជាសារធាតុអាសបេស្តុសអាចបណ្តាលឱ្យកើតមហារីកក៏ដោយ លោកបានកត់សម្គាល់ថាវាច្រើនតែបណ្តាលមកពីការប៉ះពាល់រយៈពេលយូរដូចជាករណីកម្មករដែលស្រូបវាជាប្រចាំ។

ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា​អ្នក​ប្រើ​ម្សៅលាបខ្លួន​ទារកនិងកុមារ​អាច​នឹង​ប្រឈមខ្លាំង បន្ទាប់​ពី​បាន​ប្រើ​ម្សៅ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​ឬ​លើសពី​នេះ​។

លោក​បាន​បន្ត​ថាកម្ពុជា​ទើប​តែ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​លើ​ម្សៅ​ទាំង​នេះ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី FDA របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​បាន​ថ្លែង​ថា​៖ «​ករណី​នេះ​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​ទើប​តែ​ប្រមូល​ព័ត៌មាន​ទាំង​អស់​ហើយ​ត្រូវ​ចាត់​វិធានការ​តាម​នីតិវិធី»

លោកបានប្រាប់ខេមបូចាថាចំពោះសំណួរដែលថាតើផលិតផលទាំងនោះត្រូវបាននាំចូលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវមែនឬទេ ដោយលោកបានលើកឡើងថាវាមិនមែនជាដែនសមត្ថកិច្ចរបស់លោកទេ។ ប៉ុន្តែ​លោក​បាន​និយាយ​ថាការ​រក​ឃើញ​នេះ​មាន​ន័យ​ថាការ​ប្រមូល​យក​មក​វិញនូវម្សៅទាំងនោះ​នឹង​ចូល​ជា​ធរមាន​ភ្លាមៗ។

លោក​បាន​បន្ត​ថា​៖ «​ម្សៅ​លាបខ្លួនទារក​ទាំងអស់​ដែល​អាច​មាន​សារធាតុ​អាសបេស្តុស​ត្រូវ​បាន​បញ្ជា​ឱ្យ​ប្រមូល​មក​វិញ​ពី​ទីផ្សារ​ដោយ​អ្នក​នាំចូលនិង​អ្នក​ចែកចាយ​»​

យោងតាមសេចក្តីជូនដំណឹងរបស់ ក.ប.ប ក្រុមហ៊ុននាំចូលចែកចាយ និងភាគីពាក់ព័ន្ធទាំងអស់មានពេលរហូតដល់ថ្ងៃទី៥ ខែកញ្ញា សហការជាមួយសមត្ថកិច្ចក្នុងការនាំយកនូវសំណាកនៃផលិតផលដែលត្រូវបានរកឃើញថាមានសារធាតុអាបេស្តូសទៅវិភាគតបនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព​និងការទទួលស្គាល់ជាអន្តរជាតិ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Asbestos was discovered in baby powder, raising health concerns among parents and consumers

710 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម