សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជំនួបកំពូលអាស៊ាននឹងលើកយកជម្លោះមីយ៉ាន់ម៉ាមកពិភាក្សា បន្ទាប់ពីបរាជ័យការអនុវត្តកិច្ចព្រមព្រៀង

ទង់ជាតិកម្ពុជា ទង់អាស៊ាននិងទង់ជាតិបណ្តាប្រទេសផ្សេងទៀតត្រូវបានបង្ហូតនៅវិមានឯករាជ្យ កណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ទង់ជាតិកម្ពុជា ទង់អាស៊ាននិងទង់ជាតិបណ្តាប្រទេសផ្សេងទៀតត្រូវបានបង្ហូតនៅវិមានឯករាជ្យ កណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

នៅ​មុន​ជំនួបកំពូល​អាស៊ាន​ក្នុងទីក្រុងភ្នំពេញ​នៅ​សប្តាហ៍​នេះ ក្រុម​អ្នក​ឃ្លាំមើល​អះ​អាងថា មេដឹកនាំ​នៃប្រទេសជាសមាជិក​របស់ប្លុកភាគច្រើន​នឹង​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ ជាពិសេស​បញ្ហា​ជម្លោះនៅ​ប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំ​យោធាប្រទេសភូមា​មិន​ត្រូវ​បាន​អញ្ជើញ​សម្រាប់​កិច្ច​ប្រជុំកំពូល​នេះទេ។

ប៉ុន្តែ​ប្រមុខ​ដឹកនាំ​នៃបណ្តាប្រទេស​សមាជិក​អាស៊ាន​ចំនួន​៩​និង​មេដឹកនាំ​ពិភព​លោក​ផ្សេងទៀតនឹង​មកបំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​សម្រាប់​កិច្ច​ជំនួប​កំពូលពី​ថ្ងៃព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ​ ខណៈ​ប្រទេស​កម្ពុជា​គ្រោង​បញ្ចប់​​​អាណត្តិ​របស់​ខ្លួន​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​មុន​ផ្ទេរភារកិច្ច​ទៅ​ឲ្យ​ប្រទេសឥណ្ឌូណេស៊ី​។ 

ពេល​ដែល​ប្រទេសកម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ចុងក្រោយ​កាល​ពី​ឆ្នាំ​២០១២​ ការ​ប៉ះទង្គិចគ្នា​ជុំវិញ​ជំហរ​ស្តីពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​​បាន​ធ្វើ​ឲ្យ​សមាគម​នេះ​មិន​អាចចេញសេចក្តី​ថ្លែងការណ៍រួម​បាននៅ​ពេល​បញ្ចប់​​ជំនួប​រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ​នោះ​ជាលើកដំបូង​។

នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ឆ្នាំ​នេះ ខណៈ​ពេល​ដែលគេរំពឹងថា ​ប្រទេស​ហ្វីលីពីន​នឹងលើកឡើង​ធ្ងន់ៗពីជំហរ​របស់ខ្លួន​ស្តីពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​ មជ្ឈដ្ឋាន​មួយចំនួន​និយាយថា វៀតណាម​ នឹង​មិន​និយាយអ្វីឲ្យ​ប៉ះពាល់ដល់​កិច្ច​ប្រជុំនោះទេ បើទោះបីជា​ខ្លួន​ក៏មាន​ជម្លោះ​ជាមួយប្រទេសចិន​ផងដែរ។

គេរំពឹងថា ប្លុកនេះនឹង​បន្តធ្វើការងារ​លើបញ្ហា​នៃការ​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​របស់ខ្លួន​។

ប៉ុន្តែ​ជម្លោះនៅ​មីយ៉ាន់ម៉ា​ ហើយថា តើ​អាស៊ាន​គួរ​ឆ្លើយ​តប​ទៅនឹង​បញ្ហា​នេះតាម​របៀបណា​នោះ ​អ្នក​ជំនាញ​ប្រចាំតំបន់​បាន​ប្រាប់​ខេមបូចា​ថា ​នឹងក្លាយ​ជា​បញ្ហា​ដ៏ប្រទាញប្រទុងបំផុត​ អំឡុង​ជំនួប​កំពូល​នេះ។

លោក Carl Thayer ជាអ្នក​វិភាគ​អំពី​តំបន់​អាស៊ី​អាគ្នេយ៍និង​ជាសាស្ត្រាចារ្យ​កិត្តិយស​នៃសាកលវិទ្យាល័យ​ New South Wales បាន​មាន​ប្រសាសន៍ថា៖ «ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នឹង​ក្លាយ​ជា​បញ្ហា​ដ៏ចម្រូងចម្រាស​ ពីព្រោះ​កិច្ចព្រមព្រៀង​៥ចំណុច​របស់​អាស៊ាន​ខកខាន​មិន​បាន​បោះជំហាន​ទៅមុខ​»។

ប្រទេស​មួយចំនួន​រួម​ទាំង​ឥណ្ឌូណេស៊ី​និង​សហរដ្ឋអាមេរិក​ទំនងជា​អំពាវនាវ​ឲ្យ​មាន​វិធាន​ការ​តឹងរ៉ឹង​ប្រឆាំង​នឹង​របបយោធា​មីយ៉ាន់ម៉ា​ ដែល​បានផ្តួល​រំលំ​រដ្ឋាភិបាលស៊ី​វិល​ជាប់​ឆ្នោត​ក្នុង​ប្រទេស​ចេញ​ពីអំណាច​តាម​រយៈ​រដ្ឋប្រហារមួយ​កាល​ពី​ខែកុម្ភៈ​ឆ្នាំ​២០២១។

លោក Thayer មាន​ប្រសាសន៍​ថា ស្របពេលជាមួយគ្នា​នោះ​ដែរ ប្រទេសកម្ពុជា​ព្រមទាំង​រុស្ស៊ី​និង​ចិន​ទំនងជា​ជំទាស់​នឹងវិធានការបែប​នេះ​។

ផែនការ​សន្តិភាព​របស់​អាស៊ាន​ដែល​បាន​ព្រមព្រៀង​កាល​ពីខែមេសា​ឆ្នាំ​២០២១​ដោយ​មេដឹកនាំ​អាស៊ាន​ចំនួន​៩​ប្រទេស​និង​លោក មីន អ៊ុងឡាំង ជា​មេដឹកនាំយោធា​មីយ៉ាន់ម៉ា​មាន​៥​ចំណុច​៖ បញ្ចប់​អំពើ​ហិង្សាក្នុង​ប្រទេសនេះ​ជា​បន្ទាន់​ បើកិច្ច​សន្ទនា​គ្រប់​ភាគី​ទាំង​អស់​ តែងតាំង​ប្រេសិត​ពិសេស​ ដើម្បី​សម្របសម្រួល​កិច្ច​ពិភាក្សា​ សម្របសម្រួល​ជំនួយមនុស្សធម៌របស់អាស៊ាន​និង​ដំណើរ​ទស្សនកិច្ច​របស់ប្រេសិតពិសេស​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា​ ដើម្បីជួបជាមួយភាគីទាំង​អស់​។

កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយក្នុងទីក្រុងភ្នំពេញដើម្បីការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះ។ រូបថតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ទោះបីជា​យ៉ាងណា មួយឆ្នាំ​ក្រោយ​មក អង្គការ​ឃ្លាំមើល Human Rights Watch បាន​កត់​សម្គាល់ថា របបយោធា​បាន​បដិសេធ​មិន​គោរពតាម​កិច្ច​ព្រមព្រៀង​ទាំង​៥​ចំណុច​នេះ​ «ខណៈពេល​ធ្វើ​ការ​បង្ហាញ​ដ៏ឃោរឃៅ​ទូទាំងប្រទេស​ដែល​សំដៅ​បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែល​ប្រឆាំងនឹង​របបយោធា​»។

លោក ហ្វីល រូបឺតសិន​ ជា​នាយ​ករងប្រចាំ​តំបន់អាស៊ី​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​មាន​ប្រសាសន៍ថា៖ «កិច្ច​ព្រមព្រៀង​ប្រាំចំណុច​របស់​អាស៊ាន​នេះ «គ្មាន​ភាព​រីកចម្រើនទាល់តែសោះ​​»។

លោក​មាន​ប្រសាសន៍ថា៖ «ស្ថានភាពនៅ​មីយ៉ាន់ម៉ា​បាន​ក្លាយ​ជា​គ្រោះមហន្តរាយ​ដែល​មិន​អាចកាត់បន្ថយ​បាន​ ហើយ​សមាគមអាស៊ាន​ដែល​បាន​អះអាងពីភាព​ចាំបាច់​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​នៅទីនោះ​បាន​ឈាន​ដល់​ចំណុច​ជាប់គាំង​ក្នុង​ការ​ដោះ​ស្រាយ​ស្ថានភាព​នេះ»។

កង្វះការ​ឯកភាព​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា​នៅក្នុងចំណោម​សមាជិកអាស៊ាន

យោងតាម​សមាគមជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ពួកយោធា​នៅ​មីយ៉ាន់​ម៉ា​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី អ៊ុង សាន​សូជី​ មក មាន​មនុស្ស​ជាង​២.៤០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​របបយោធា​ហើយ​មនុស្ស​ជិត​១៣.០០០​នាក់​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ចលនា​គាំទ្រ​លទ្ធិប្រជា​ធិបតេយ្យ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅឡើយ​។

កាល​ពី​ដើម​ខែនេះ ប្រទេស​កម្ពុជា ជា​ប្រធាន​អាស៊ាន​បាន​អះអាងថា សមាគម​នេះ​ «មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ជុំវិញការ​កើន​ឡើង​នៃអំពើ​ហិង្សា​នាពេល​ថ្មី​ៗនេះនៅ​ក្នុង​ប្រទេសមីយ៉ាន់​ម៉ា» ហើយ​ «ក្រៀម​ក្រំ​ចំពោះការកើន​ឡើង​ចំនួន​អ្នក​របួស​» និង​ការលំបាក​រ​បស់ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ។

យោងតាម​សេចក្តី​ថ្លែង​ការណ៍​មួយបាន​ឲ្យ​ដឹងថា សមាគម​អាស៊ាន​ទទូច​ឲ្យ​មា​ន​ «ការ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​» ហើយ​ទទូ​ច​ឲ្យ​ភាគីពាក់ព័ន្ធទាំង​អស់​ ជាពិសេសអ្នក​ដែល​កាន់​អំណាច​ដោយ​ផ្ទាល់នៅទីនោះ​ ជា​ការ​និយាយ​សំដៅ​ទៅ​របបយោធា​ដោយ​មិន​ចុចឈ្មោះចំ​ ឲ្យ​ចាត់​វិធានការ​ច្បាស់លាស់​ឈាន​ទៅរក​ការ​ចរចា​សន្តិភាព​និង​ការ​ផ្សះផ្សាជាតិ​ ដើម្បី​សន្តិសុខ​ក្នុង​តំបន់​។​

សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្មរួច​ហើយ​នៅលើ​មេដឹកនាំ​មួយចំនួន​របស់​យោធាភូមា​ អ្នក​ជំនួញ​និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ដែល​មាន​ទំ​នាក់ទំនង​ជា​មួយ​របប​យោធា​ ខណៈ​ពេល​ប្រទេស​រុស្ស៊ី​និង​ចិន​បាន​ផ្តល់ការ​គាំទ្រ​ផ្នែក​យោធានិងការ​ទូត​ដល់​របប​យោធា​នេះ។

សមាគម​អាស៊ាន​បាន​ព្យាយាម​ដាក់​ឲ្យ​រដ្ឋាភិបាល​របស់​មេដឹកនាំយោធា មីន អ៊ុងឡាំង​ នៅឯកោ​ ស្របពេល​ប្លុកនេះ​រិះគន់​របបនេះចំពោះការ​ប្រហារជីវិត​សកម្មជន​ប្រឆាំង​ចំនួន​៤​នាក់​ និង​ខកខាន​មិន​បាន​អនុវត្តតាម​គោលការណ៍​នៃកិច្ច​ព្រមព្រៀង​៥ចំណុច។ សមាគមអាស៊ាន​ក៏​រារាំង​មន្ត្រីរបបយោធា​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំនៃបណ្តា​ប្រទេស​ដឹកនាំ​អាស៊ាន​តាំងពី​ឆ្នាំ​មុន​មក។​

ប៉ុន្តែ​អ្នក​ឃ្លាំមើល​មួយ​ចំនួន​និយាយថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ធ្វើ​ឲ្យ​ខូច​នូវ​តួនាទីជា​ប្រធាន​អាស៊ាន​ ជាពិសេស​នៅពេល​លោក​ជួប​ជាមួយ​លោក មីន អ៊ុងឡាំង​ នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា​កាលពីខែមករា​ ដោយបណ្តាល​​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ក្លា​ពី​ប្រជាជន​ភូមា​និង​អ្នក​តស៊ូមតិ​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន​ ថា បាន​ផ្តល់​ភាព​ស្របច្បាប់​ដល់​របប​យោធា​ភូមា​។​

លោក រ៉ូបឺតសិន មាន​ប្រសាសន៍ថា លោក ហ៊ុន សែន «បាន​ផ្តាច់ខ្លួន​ពី​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​ពីដំបូង​ដោយ​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរទៅ​កាន់ប្រទេសមីយ៉ាន់ម៉ា»​ ដោយ​មិន​បាន​ពិគ្រោះយោបល់​គ្រប់គ្រាន់​ជាមួយ​ប្រទេសអាស៊ាន​ដ៏ទៃទៀត​ ហើយ​មិន​ទាន់ស្តារមុខមាត់ឡើងវិញចំពោះ​កំហុស​របស់​លោ​កនោះ​ទេ។

នៅពេលនោះ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បានរិះគន់​លោក ហ៊ុន សែន ដោយ​សារតែ​ចាត់វិធានការជា​ឯកតោ​ភាគី​ ដោយ​និយាយថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​សម្រេចបាន​អ្វីនោះទេ ប៉ុន្តែ​លោក មីន អ៊ុងឡាំង បាន​សន្យា​ថា នឹង​ពន្យារ​បទឈប់បាញ់​ជាមួយ​ក្រុម​ប្រដាប់អាវុធជនជាតិ​ភាគតិច​។

លោក Thayer មាន​ប្រសាសន៍ថា ក្រុម​អ្នក​រិះគន់​ក៏បាន​អះអាងផងដែរថា ​លោក ហ៊ុន​ សែន បាន​ធ្វើ​ហួស​ពីសមត្ថភាព​របស់​លោក​ជុំវិញការតែង​តាំង​លោក ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជា​ប្រេសិតពិសេសអាស៊ាន​ ដោយសារលោក សុខុន បាន​ទស្សនកិច្ច​ប្រទេស​មីយ៉ាន់ម៉ា​ពីរលើក​ «ដោយ​គ្មាន​អ្វីបង្ហាញពី​ការ​អន្តរាគមន៍​បែបកាទូត​របស់​លោក​»។

របបយោធាន​ភូមា​មិន​ដែល​អនុញ្ញាត​ឲ្យ​លោក សុខុន ជួប​ជាមួយ​លោក​ស្រី អ៊ុង សាន​ស៊ូជី​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋ​ប្រហារ​មក។

លោក Thayer មាន​ប្រសាសន៍ថា មជ្ឈដ្ឋាន​ផ្សេងទៀត​អះអាងថា មិន​​អាចធ្វើ​អ្វីបាន​ច្រើន​ជាងនេះទេ ហើយកោតសរសើរលោក ហ៊ុន សែន​ ដែល​បាន​ទាក់ទង​ជាមួយ​នឹង​របបយោធា​ ដោយ​តែង​តាំង​ប្រសិត​និង​ «រក្សាទុ​ក​មីយ៉ាន់ម៉ា​នៅ​ក្នុង​ជម្រក​របស់​អាស៊ាន​» ដោយ​ព្យួរ​ការ​ចូល​រួម​របស់​ប្រទេសនេះ​នៅក្នុង​ជំនួប​អាស៊ាន​​ ប៉ុន្តែ​មិន​បាន​បណ្តេញ​ប្រទេស​នេះចេញពី​សមាគមន​អាស៊ាន​ជាផ្លូវការ​ទេ។

មនុស្សពីរ​នាក់​ដើរនៅ​ខាងក្នុង​សណ្ឋាគារ​សុខាក្នុងទីក្រុងភ្នំពេញ​ ជាទីតាំង​សម្រាប់ជំនួប​កំពូល​អាស៊ាន។ រូបថតនៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក Joshua Kurlantzick ជា​និស្សិតអាហាររូបករណ៍ជាន់ខ្ពស់​អាស៊ីអាគ្នេយ៍នៅ​ក្រុមប្រឹក្សា​​ទំនាក់ទំនងការបរទេស​បាន​និយាយថា អាស៊ាន​ «មិនបាន​សម្រេចអ្វីទាំង​នោះទេជុំវិញ​បញ្ហា​មីយ៉ាន់ម៉ា​» ប៉ុន្តែ​លោក​ទទួល​ស្គាល់ថា ដោយ​សារតែ​​របបយោធា​មិន​ចាប់​អារម្មណ៍នឹង​ការ​ចរចា​​ ជម្រើស​​សម្រាប់​ទំនាក់ទំនង​ផ្សេងទៀត​ត្រូវ​បាន​រារាំង។

លោក​មិនសូវមានជំនឿថា អាស៊ាន​ទាំង​មូល​នឹង​ដើរតួនាទី​ប្រកបដោយ​ប្រសិទ្ធផល​ច្រើននោះទេលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែលោកនិយាយថា ការដើរតួនាទីរបស់​រដ្ឋជាសមាជិកជាលក្ខណៈបុគ្គល​ប្រហែលជា​អាច បន្ទាប់ពីប្រទេសកម្ពុជាបាន «បរាជ័យច្រើន​» រួចហើយ​ក្នុងឋានៈជា​ប្រធាន​អាស៊ាន។​

លោក Kurlantzick មាន​ប្រសាសន៍ថា៖ «ជាគោលការណ៍ លោក ហ៊ុន សែន បាន​បោះបង់ចោលតាំងពីដំបូងក្នុងការ​ធ្វើអ្វីមួយឲ្យបានខ្លាំងក្លាស្តីពីបញ្ហាមីយ៉ាន់ម៉ា​ ជាជំហរមួយ​ដែល​កំពុងតែ​ធ្វើឲ្យអាស៊ាន​បែក​បាក់​និងធ្វើឲ្យប្រទេសមួយចំនួនដូចជា​ឥណ្ឌូណេស៊ី​អាចនឹងធ្វើកិច្ចការនេះដោយខ្លួនឯងជុំវិញបញ្ហាមីយ៉ាន់ម៉ា ដែល​ធ្វើ​ឲ្យ​សមាគមអាស៊ានមើលទៅ​មិនល្អនោះទេ»។

តើអាស៊ាន​គួរធ្វើអ្វី?

លោក Thayer បាន​និយាយថា អាស៊ាន​មាន​ជម្រើសមួយចំនួន ដើម្បីដោះស្រាយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា​៖ ចុចឈ្មោះនិង​បន្ទោសបង្អាប់របបយោធា ព្យាយាមស្វែងរក​មេដឹកនាំម្នាក់ដែលមិនពាក់ព័ន្ធនយោបាយឲ្យតំណាងប្រទេសភូមា​នៅក្នុងជំនួប​អាស៊ាន​ ទាក់ទងជាមួយនឹងរដ្ឋាភិបាល​រួមរួបជាតិ​ដែលដឹកនាំដោយក្រុមប្រឆាំងនិងផ្តល់ជំនួយមនុស្សធម៌ដល់ពួកគេ ដាក់បណ្តឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងរបបយោធាទៅ​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់បម្រាម​ផ្តល់អាវុធជាសកលលើប្រទេសមីយ៉ាន់ម៉ា។

ជាចុងក្រោយ​ លោក​មាន​ប្រសាសន៍ថា អាស៊ាន​អាចបោះជំហាន​ក្នុងការ​បណ្តេញ​មីយ៉ានម៉ា​ចេញពី​សមាគម​អាស៊ាន​និងដាក់ឲ្យប្រទេសនេះនៅឯកោជាអន្តរជាតិ​តែម្តង។

លោក Thayer បាន​មាន​ប្រសាសន៍ថា៖ «ទោះបីជា​យ៉ាងណាក៏ដោយ ចំណុចសំខាន់​គឺថា គ្មាន​វិធានការណាមួយក្នុងចំណោមវិធានការទាំងនេះមាន​ឥទ្ធិពល​ខ្លាំងលើជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ»។

លោក​មាន​ប្រសាសន៍ថា ប្រទេសចិន​និង​រុស្ស៊ី​ទំនងជា​ប្រើសិទ្ធិវ៉េតូ​ ដើម្បីរារាំងវិធានការបែបនេះនៅក្រុមប្រឹក្សាសន្តិសុខ ហើយ​រដ្ឋសមាជិកអាស៊ាន​ទំនងជាមិនអាចឈានដល់ការឯកភាពលើវិធានការ​ធ្ងន់ធ្ងរប្រឆាំងនឹងរបបយោធា​នោះទេ។

ទោះបីជា​យ៉ាងណា បើតាមលោក ហ្វីលរូបឺតសិន ថា វាដល់ពេលដែល​អាស៊ាន​ត្រូវ​តែធ្វើឲ្យច្បាស់លាស់ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ដោយ​កំណត់​ពេលវេលា​ដោយ​ភ្ជាប់គោលការណ៍សិទ្ធិមនុស្ស ជាមួយនឹងទណ្ឌកម្មច្បាស់លាស់ ឲ្យដោះលែងអ្នកទោសនយោបាយ បញ្ឈប់ការ​វាយប្រហារលើជនស៊ីវិលនិងបោះជំហានឆ្ពោះទៅរកការរំលាយរបបយោធា​និងអនុញ្ញាតឲ្យ​មានការគ្រប់គ្រងបែបប្រជាធិបតេយ្យស៊ីវិល។

បញ្ហាសមុទ្រចិន​ខាងត្បូង​

យោងតាម​លោក Thayer បានឲ្យដឹងថា ជារឿយៗ សមុទ្រចិនខាងត្បូងគឺជា​បញ្ហាដ៏ចម្រូងចម្រាសនៅក្នុងចំណោម​ប្រទេសសមាជិកអាស៊ាន​ ប៉ុន្តែ​អាស៊ាន​មា​ន «​គំរូ​មួយដែលប្រើយូរមកហើយ​» សម្រាប់នយោបាយសមុទ្រចិនខាងត្បូង​របស់ខ្លួន​ដែល​ «គ្របដណ្តប់លើមូលដ្ឋានទាំងអស់ស្តីពីបញ្ហានិងកង្វល់របស់រដ្ឋដែលទាមទារជាម្ចាស់» ហើយវាមិន«ទំនងជា» ថា មេដឹកនាំអាស៊ាន​នឹង​ផ្លាស់ប្តូរទស្សនយូរអង្វែងរបស់ខ្លួន​នៅសប្តាហ៍នេះទេ។

ស្របពេល​ដែល​ប្រទេសចិន​អះអាងពីអធិបតេយ្យភាព​លើ​តំបន់សមុទ្រនិង​ធនធាន​ឧស្ម័នធម្មជាតិនិង​ប្រេងកាតដ៏មហាសាល​នៅតំបន់នោះ រដ្ឋសមាជិកអាស៊ាន​៥ផ្សេងទៀត​មាន​ប៊្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​និងវៀតណាម​ ព្រមទាំងតៃវ៉ាន់​ក៏អះអាងពីសិទ្ធិជាម្ចាស់របស់ខ្លួន​ផងដែរ។

សហរដ្ឋអាមេរិក​បានអះអាងថា ប្រទេសទាំងនេះគួរមាន​សេរីភាព​ក្នុងការធ្វើនាវាចរណ៍នៅក្នុងតំបន់សមុទ្រ។ កាលពីឆ្នាំ​២០១៦ តុលាការអាជ្ញាកណ្តាល​អចិន្ត្រៃយ៍នៅទីក្រុងឡាអេបាន​សម្រេចដោយភាគច្រើនគាំទ្រប្រទេសហ្វីលីពីន​ជុំវិញ​សិទ្ធិជាម្ចាស់ផ្ទុយពី​ការលើកឡើងរបស់ប្រទេសចិន​ ប៉ុន្តែបាន​បដិសេធ​មិន​ទទួល​ស្គាល់ការសម្រេចនេះទេ។

សេចក្តីថ្លែងការណ៍រួម​របស់អាស៊ាន​កាលពីឆ្នាំមុន​កត់សម្គាល់ថា «កង្វល់ត្រូវបានលើកឡើងដោយរដ្ឋជាសមាជិកអាស៊ាន​មួយចំនួនជុំវិញ…ឧប្បត្តិហេតុធ្ងន់ធ្ងរនៅក្នុងតំបន់​ [សមុទ្រចិនខាងត្បូង] …ដែល​ធ្វើឲ្យ​ប៉ះពាល់ដល់​ជំនឿ​និង​ទំនុកចិត្ត​ បង្កើន​ភាពតានតឹងនិងអាចធ្វើឲ្យ​ប៉ះពាល់ដល់សន្តិភាព​ សន្តិសុខ​និង​ស្ថិរភាព​ក្នុងតំបន់​។

អាស៊ាន​ក្រោយមកទៀតបាន​អំពាវនាវឲ្យមាន​ «ការអត់ធ្មត់» ការដោះស្រាយជម្លោះ​ដោយសន្តិវិធីក្រោម​ច្បាប់អន្តរជាតិ​និង «ត្រូវជៀសវាងសកម្មភាពណាដែល​អាចធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត»។

បន្ទាប់ពី​ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់​លោក ង្វៀន ភូត្រុង ជា​អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមទៅកាន់ទីក្រុងប៉េកាំង​ ដែល​បង្កើតបាននូវទស្សនវិស័យដ៏រស់រវើក​ស្តីពីទំនាក់ទំនងទ្វេរភាគី​ លោក Thayer បាន​និយាយថា វៀតណាម​មិនទំនងជា​លើកបញ្ហា​សមុទ្រចិន​ដ៏ចម្រូងចម្រាសនេះ​នៅក្នុងជំនួបកំពូល​អាស៊ាន​ទេ បើទោះបីជា​ប្រទេសនេះ​ធ្លាប់អះអាងពីសិទ្ធិជាម្ចាស់លើតំបន់នេះក៏ដោយ។

លោក Thayer បាន​មាន​ប្រសាសន៍ថា ទោះបីជា​យ៉ាងណា ប្រទេសហ្វីលីពីន​មាន​ប្រតិកម្មខ្លាំងក្លាចំពោះសកម្មភាពរបស់ប្រទេសចិន​ដែល​ប៉ះពាល់​មកលើអធិបតេយ្យភាព​របស់ប្រទេសហ្វីលីពីន​ ហើយ​លោក​ប្រធានាធិបតេយ្យ Ferdinand Marcos Jr. ទំនងជា​លើក​កង្វល់របស់ខ្លួន​នៅ​ក្នុងជំនួប​កំពូល​នេះ ប៉ុន្តែ​ពួកគេមិនទំនងជា​បញ្ចូល​វាទៅក្នុង​សេចក្តី​ថ្លែងការណ៍រួម​អាស៊ាន​នៅពេល​បញ្ចប់​ជំនួប​កំពូល​នេះទេ។

លោក មាស នី ជា​អ្នក​វិភាគនយោបាយ​បាន​ព្រមាន​ថា កម្ពុជា​ចាំបាច់ត្រូវតែប្រយ័ត្ន​ប្រយែង ដើម្បី​កុំឲ្យមាន​រឿងដូចជា​ឆ្នាំ​២០១២ ពេលដែល​ប្រទេសនេះប្រឈម​នឹង​ការរិះគន់​ជុំវិញ​ការបរាជ័យរបស់ខ្លួន​ក្នុងនាមជាប្រធាន​អាស៊ាន​ក្នុងការស្វែង​រក​ការឯកភាព​ជុំវិញ​តំបន់សមុទ្រចិន​ខាងត្បូង។

លោក មាស នី បានមាន​ប្រសាសន៍ថា៖ «នៅពេលនោះ កម្ពុជា​បាន​បង្ហាញនិន្នាការច្បាស់​លាស់របស់ខ្លួន​ទៅរក​ប្រទេស​ចិន​ ខណៈខ្លួន​រារាំង​ការ​ចេញសេចក្តី​ថ្លែងការណ៍រួម​ជុំវិញ​បញ្ហា​សមុទ្រចិន​ខាងត្បូង​ដែល​បណ្តាល​ឲ្យ​មាន​ការរិះគន់ខ្លាំង​ក្លា​ពីសហគមន៍អន្តរជាតិ​ ជាពិសេស​ក្នុងចំណោម​សមាជិក​អាស៊ាន​ដែល​មាន​ជម្លោះ»។ 

ទោះបីជា​យ៉ាងណា លោក​មាន​ប្រសាសន៍ថា អំឡុង​កិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេស​អាស៊ាន​កាលពីខែសីហា កម្ពុជា​ធ្វើបាន​ល្អ​នៅក្នុង​ការ​រក្សា​ជំហររបស់ខ្លួន​រវាងមហាអំណាចពិភព​លោក។

ប៉ុន្តែលោក អៀ សុផល​ ជា​អ្នកវិភាគនយោបាយ​និងជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ Arizona State University បាន​មាន​ប្រសាសន៍ថា វាច្បាស់គ្រប់គ្រាន់ដែលថា តើ​ប្រទេស​កម្ពុជា​លម្អៀងទៅរក​នៅក្នុង​ជម្លោះរវាងចិន​និងអាមេរិក។

លោកមាន​ប្រសាសន៍ថា៖ «នៅ​ក្នុងករណី​របស់កម្ពុជា អាស៊ាន​គឺជាអ្នកសង្កេតការណ៍ ប៉ុន្តែក៏ជា​អ្នក​ចូលរួម​ផងដែរ [នៅក្នុងការ​ប្រកួតប្រជែងរវាងចិន​អាមេរិក] ដោយ​លម្អៀងទៅរក​ភាគីម្ខាងឬភាគីផ្សេងទៀត ឬគាំទ្រក្រុមមួយ​ដោយ​ក្លាយ​ជា​ផ្នែក​មួយ​នៃប្រទេសចិន​»។

ស្របពេល​ប្រទេសចិន​បន្ត​អះអាងថា តំបន់សមុទ្រចិន​ខាងត្បូង​ស្ថិតនៅក្នុងដែនដីរបស់ខ្លួន​នោះ លោក អៀ សុផល​ មាន​ប្រសាសន៍ថា៖ «មានប្រទេសតែពីរគត់​ដែលរារាំង​ការបង្ខំឲ្យរដ្ឋសមាជិកអាស៊ាន​ដូចជា​វៀតណាមនិងហ្វីលីពីនទទួល​ស្គាល់​គឺអាមេរិកនិងជប៉ុន»។

ដោយ​រលូន​និង​ប្រកបដោយជោគជ័យ

សេដ្ឋវិទូ Jayant Menon មាន​ប្រសាសន៍ថា ខណៈពេល​មានជម្លោះនៅប្រទេសមីយ៉ាន់ម៉ានិង​អ៊ុយក្រែន​និង​ភាពតានតឹង​រវាងសហរដ្ឋអាមេរិកនិង​ចិន​អាចនឹងត្រូវបាន​លើកឡើងច្រើននៅក្នុងកិច្ចពិភាក្សា​ក្នុង​ជំនួបកំពូល​អាស៊ាន​នេះ។ លោក​សង្ឃឹមថា បណ្តាមេដឹកនាំនឹង​ធ្វើឲ្យ​សហគមន៍សេដ្ឋកិច្ច​អាស៊ាន (AEC) ​រីកចម្រើន​ បន្ទាប់ពី​មានការអាន់ខាន​ដោយសារតែ​ការរីករាលដាលជំងឺ​ដែល​ធ្វើឲ្យ​មាន​ការ​យឺតយ៉ាវក្នុងការ​សម្រេចបាន​នូវទីផ្សាររួម​មួយ​នៅ​តំបន់អាស៊ី​អាគ្នេយ៍។

លោក Jayant Menon មកពី​វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី​បាន​មាន​ប្រសាសន៍ថា «គំនិតផ្តួចផ្តើម​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា បន្ទាត់ពេលវេលា​ឆ្នាំ​២០២៥សម្រាប់​ AEC នឹងមិនត្រូវខកខានម្តងទៀតនោះគឺសំខាន់ណាស់ ខណៈពេល​យើង​កាន់តែខិតជិតទៅរក​ឱសានវាទលើកទី​២​ហើយ​»។

លោកបាន​បន្ថែមថា ជំនួបកំពូល​អាស៊ាន​ឆ្នាំ​នេះ​ក៏ប្រហែលរៀបចំវេទិកាមួយឲ្យ​ប្រទេសទីម័រខាងកើត ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន​ទី​១១​នៅ​ឆ្នាំ​ក្រោយ​ផងដែរ​ ដោយ​សារ​​​ការ​បារម្ភ​​អំពី​ការ​ត្រៀម​ខ្លួនដើម្បី​ចូលរួម​​របស់ប្រទេសនេះត្រូវ​បា​នដោះ​ស្រាយ​រួច​រាល់មួយភាគធំ។

លោក រ៉ូបឺតសិន​ មា​ន​ប្រសាសន៍ថា លោករំពឹងថា រដ្ឋសមាជិកអាស៊ាន​បារម្ភអំពី​ពលរដ្ឋរបស់ខ្លួន​ត្រូវ​បាន​គេជួញដូរមកកម្ពុជា ដើម្បី​លើកពីបញ្ហា​នៃប្រតិបត្តិការឆបោក​តាម​ប្រព័ន្ធអ៊ីនធើណិត​និងពាក់ព័ន្ធការ​ជួញដូរមនុស្ស​និង​ការអំពាវនាវ​ឲ្យ​ប្រទេសកម្ពុជា​និង​ឡាវដោះស្រាយ​បទល្មើសជួញដូរ​មនុស្ស​ឆ្លងដែន។

លោក រ៉ូបឺតសិន មាន​ប្រសាសន៍ថា៖ «អាស៊ាន​គួរ​ចេញសេចក្តី​ថ្លែងការណ៍រួម​ច្បាស់​លាស់មួយ ដោយអំពាវនាវ​ឲ្យមាន​វិធានការបិទ​មជ្ឈមណ្ឌលទាំងនោះ ស៊ើបអង្កេត​និង​ដាក់ទោស​ជនដៃដល់​នៃករណីជួញដូរ​និង​ឆបោក​និង​ធ្វើ​ឲ្យប្រាកដថា រាល់ជនរងគ្រោះទាំង​អស់ត្រូវបាន​ដោះលែង​និង​អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ»។

ប្រសិនបើ​អាស៊ាន​ខកខាន​មិនបាន​ដោះស្រាយ​បញ្ហាទាំងអស់នេះ​ទេ លោក​មាន​ប្រសាសន៍ថា ដៃគូសន្ទនា​របស់សមាគមននេះ​រួម​ទាំង​អាមេរិកផងគួរ​ទាម​ទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ។

កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយក្នុងទីក្រុងភ្នំពេញដើម្បីការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះ។ រូបថតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា​មាន​ប្រសាសន៍ថា ក្នុងឋានៈជា​ម្ចាស់ផ្ទះនៃជំនួបកំពូល​នេះ ក្រសួងនិងមន្ត្រីផ្សេងទៀត​បាន​និងកំពុងធ្វើការ​ងារ ដើម្បី​ធ្វើឲ្យ​ដំណើរការប្រព្រឹត្តទៅ «ដោយ​រលូននិងជោគជ័យ»។

ខណៈពេល​កម្ពុជារំពឹងថា នឹងមាន «ការពិភាក្សា​ដ៏ក្តៅគគុក​លើបញ្ហា​តំបន់​និង​អន្តរជាតិ​មួយចំនួន​» លោក ជុំ សុន្ទរី មាន​ប្រសាសន៍ថា រដ្ឋាភិបាល​នឹង «ជំរុញឲ្យ​មាន​គម្រោងសហការ​បន្ថែមទៀតលើបញ្ហា​នានាដែល​យើងអាចឯកភាពគ្នា​បាន​និង​កិច្ចពិភាក្សា​ប្រកបដោយ​ការ​ស្ថាបនាជាងនេះ​លើ​បញ្ហា​ដែល​យើង​មាន​ទស្សននិង​ជំហរផ្ទុយគ្នា​ ដើម្បី​ជៀសវាងការប្រឈមមុខ​ដ៏អរិភាពនិង​ការប៉ាន់ប្រមាណខុស»។

នៅពេលសួរនាំអំពី​ជំហរកម្ពុជា​លើ​បញ្ហា​ប្រទាញប្រទុង​គ្នា​នោះ អ្នក​នាំពាក្យរូបនេះ​បាន​មាន​ប្រសាសន៍ថា៖ «អ្នក​សារព័ត៌មាន​នឹងដឹងពីជំហរកម្ពុជាស្តីពី​បញ្ហា​ទាំងនោះ​ អំឡុង​ជំនួប​កំពូល​ មិនអាចដឹងមុន​នោះទេ»។

យោងតាម​លោក រ៉ូបឺតសិន ប្រទេសកម្ពុជា​នឹង​ «ការពារ​​នៅ​គ្រប់ស្ថានភា​ព​» អំឡុង​ជំនួបកំពូល​នេះ បន្ទាប់ពី​បំពេញតួនាទីជា​ប្រធាន​អាស៊ាន​មិនបាន​ល្អ អំឡុង​ពេល​នោះ​ខ្លួន​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ផ្សេងៗប្រកបដោយ​ប្រសិទ្ធភាព។

លោក​មាន​ប្រសាសន៍ថា៖ «លោក​ ហ៊ុន​ សែន ​ចាប់អារម្មណ៍ខ្លាំង​លើ​ភាព​អធឹកអធម​និង​ឱកាសនៃការធ្វើជា​ប្រធាន​អាស៊ាន​ដែលមាន​ការ​ចាប់អារម្មណ៍ពី​អន្តរជាតិ​ជាជាង​ការ​ធ្វើ​ឲ្យ​មាន​ភាពរីកចម្រើ​នច្បាស់លាស់​ស្តីពីបញ្ហា​សំខាន់ៗនិង​បញ្ហា​បន្ទាន់​នៅ​ក្នុង​ប្លុក»។

លោកបានបន្ថែមថា៖ «ប៉ុន្តែ​ដោយសារតែមាន​រឿងអាក្រក់កាល​ពី១០ឆ្នាំមុន នៅពេលដែលកម្ពុជា​ធ្វើ​ជាប្រធាន​កិច្ច​ប្រជុំកំពូល​អាស៊ានតែមួយគត់​ដែល​បាន​បញ្ចប់​ដោយ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​សេចក្តី​ថ្លែងការណ៍​នៃកិច្ច​ប្រជុំនោះ​ រដ្ឋាភិបាល​មាន​បទដ្ឋាន​ល្មម ​ដើម្បី​ឆ្លើយតប នឹងឲ្យ​គេហៅ​​ជំនួប​កំពូលនេះ​ថា ជាជំនួប​ជោគជ័យមួយ»(​រាយការណ៍បន្ថែមដោយ ស៊ន សារ៉ាត)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ At Asean Summit, Myanmar Conflict to Top Talks After Failing Consensus

510 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម