អ្នកស្រី Sitanun Satsaksit បងស្រីរបស់ Wanchalearm Satsaksit សកម្មជនថៃដែលបាត់ខ្លួនបានដាក់ភស្តុតាងជូនសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ដើម្បីបញ្ជាក់ថា ប្អូនប្រុសរបស់អ្នកស្រីរស់នៅក្នុងទីក្រុងភ្នំពេញនៅពេលមានការអះអាងពីការចាប់ពង្រត់ ខណៈតុលាធ្វើការស៊ើបអង្កេតលើករណីបាត់ខ្លួនរយៈពេល៦ខែកន្លងមកហើយនោះ។
លោក Wanchalearm តាមចោទថា ត្រូវគេចាប់ពង្រត់ពីខាងក្រៅអគារស្នាក់នៅរបស់លោកនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃទី ៤ ខែមិថុនា ហើយមិនត្រូវបានគេប្រទះឃើញតាំងពីពេលនោះមក។ បងស្រីរបស់គាត់គឺអ្នកស្រី Sitanun កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមដំណើរការស៊ើបអង្កេតរបស់តុលាការលើការបាត់ខ្លួននេះ។
អ្នកស្រី Sitanun បាននិយាយថា អ្នកស្រីបានដាក់ភស្តុតាងនិងឯកសារជូនតុលា ដើម្បីគាំទ្រចំពោះវត្តមានរបស់លោក Wanchalearm ក្នុងប្រទេសកម្ពុជា អំឡុងពេលដែលលោកបាត់ខ្លួន។ រដ្ឋាភិបាលកម្ពុជាបានអះអាងថា លោក Wanchalearm មិនបានរស់នៅសណ្ឋាគារ Mekong Gardens ក្នុងខណ្ឌជ្រោយចង្វារទេ ហើយថា គ្មានភស្តុតាងបង្ហាញពីវត្តមានរបស់លោកក្នុងប្រទេសកម្ពុជាបន្ទាប់ពីទិដ្ឋការរបស់លោកផុតកំណត់កាលពីឆ្នាំ២០១៧។
បន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ អ្នកស្រីបាននិយាយថា៖ «យើងមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញចៅក្រមថា Wanchalearm មានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ហើយថាការចាប់ពង្រត់ពិតជាកើតមានក្នុងទីក្រុងភ្នំពេញ»។
អ្នកស្រី Sitanun បាននិយាយថា អ្នកស្រីបានទាក់ទងជាប់ជានិច្ចជាមួយនឹងលោក Wanchalearm មុនពេលគាត់បាត់ខ្លួននិងជឿជាក់ពីទីកន្លែងរបស់លោកកាលពីខែមិថុនា។ អ្នកស្រីបាននិយាយថា លោកចៅក្រម ស៊ិន សុវណ្ណារ័ត្ន កំពុងពិនិត្យមើលភស្តុតាង ដែលគាំទ្រដល់ការចាប់ពង្រត់នេះ។
អ្នកស្រីបាននិយាយថា៖ «យើងមិនអាចស្មានបានឬមិនអាចវិនិច្ឆ័យថា តើ [ ចៅក្រម ] នឹងផ្តល់យុត្តិធម៌ឬក៏អត់ ប៉ុន្តែយើងបានព្យាយាមអស់ពីសមត្ថភាពរបស់យើង ដើម្បីផ្តល់ជូនអ្វីដែលយើងមានដល់លោកចៅក្រម។ ដូច្នេះវាអាស្រ័យលើការសម្រេចចិត្តរបស់គាត់ថា តើនឹងបន្តការស៊ើបអង្កេតឬក៏អត់»។
លោក សំ ចំរើន ជាមេធាវីកម្ពុជារបស់អ្នកស្រី Sitanun មានប្រសាសន៍ថា លោកនឹងបន្តប្រមូលភស្តុងតាងបន្ថែមទៀតនិងដាក់ជូនទៅចៅក្រមស៊ើបសួរ។លោកបានបន្ថែមថា តុលាការបានធ្វើការចោទបឋមពីបទចាប់បង្ខាំងដោយខុសច្បាប់និងប្រើប្រាស់អាវុធដោយខុសច្បាប់លើអញ្ញាតកជន។
លោក សំ ចំរើន មានប្រសាសន៍ថា៖ «តាមច្បាប់នៅតុលាការចោទ ចៅក្រមស៊ើបសួរនឹងធ្វើការស៊ើបអង្កេតលើអ្វីដែលតុលាការបានចោទ»។
លោក សំ ចំរើន បដិសេធប្រាប់ពីភស្តុតាងដែលបានដាក់ជូនតុលាការ ប៉ុន្តែអ្នកស្រី Sitanun បានមានប្រសាសន៍ថា ភស្តុតាងទាំងនោះរួមមានរូបថតនិងវីដេអូឃ្លីប ដែលយកចេញពីកន្លែងកើតហេតុទីដែលតាមចោទថា លោក Wanchalearm ត្រូវគេចាប់ពង្រត់និងព័ត៌មានដែលយកចេញពីទំព័រហ្វេសប៊ុក។
អង្គការ Cross Cultural Foundation ដែលធ្វើការងារ ដើម្បីការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីសវនាការនេះ ដោយអះអាងថា អ្នកស្រី Sitanun បានដាក់ភស្តុតាង១៧៧ទំព័រជូនតុលាការរួមទាំងរូបភាពពីកាម៉េរ៉ាសុវត្ថិភាព ដែលគេឃើញនៅលើបណ្តាញព័ត៌មាននិងបានបង្ហាញថា សន្តិសុខបានដកថយ អំឡុងពេលមានការចាប់ពង្រត់នោះ និងរូបភាពរថយន្តទំនើប SUV បើកចេញយ៉ាងប្រញាប់ប្រញាល់ ដែលតាមចោទថា Wanchalearm នៅក្នុងរថយន្តនោះ។
អង្គការ Cross Cultural Foundation គាំទ្របណ្តឹងរបស់អ្នកស្រី Sitanun ដោយសេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ថែមថា អ្នកស្រី Sitanun បានជួបជាមួយមន្ត្រីជាន់ខ្ពស់ ប៉ុន្តែមិនបានបង្ហាញឈ្មោះមន្ត្រីរូបនោះទេ។ មន្ត្រីរូបនោះបានប្រាប់អ្នកស្រី Sitanun ថាការស៊ើបអង្កេតបានជាប់គាំង ហើយគ្មានភស្តុតាងបញ្ជាក់ពីការចាប់ពង្រត់លោក Wanchalearm ។
លោក Wanchalearm បានគេចខ្លួនពីប្រទេសថៃ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ ហើយមករស់នៅទីក្រុងភ្នំពេញ។ លោកគឺជាសកម្មជនដែលមានទំនាក់ទំនងជាមួយរណសិរ្សរួបរួម ដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ ឬហៅថា «អាវក្រហម» ហើយធ្លាប់បង្ហោះវីដេអូរិះគន់អំពីមេដឹកនាំថៃ ជាពិសេសលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។ លោកត្រូវបានចោទប្រកាន់ពីបទល្មើសទាក់ទិនការប្រើប្រាស់កុំព្យូទ័រ និងក្រោមច្បាប់ប្រមាថព្រះមហាក្សត្រផងដែរនៅប្រទេសថៃផងដែរ។
ចៅក្រមស៊ើបសួរលោក ស៊ិន សុវណ្ណារ័ត្ន និងលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងមិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃអង្គារ។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបដិសេធធ្វើអត្ថាធិប្បាយ។
អាជ្ញាធរកម្ពុជាចាប់ផ្តើមការស៊ើបអង្កេតកាលពីខែមិថុនា បន្ទាប់ពីទទួលបានសំណើពីប្រទេសថៃ ប៉ុន្តែបានអះអាងតាំងពីពេលនោះមកថា ខ្លួនគ្មានតម្រុយអំពីការបាត់ខ្លួនរបស់សកម្មជនថៃរូបនេះទេ។ អាជ្ញាធរបាននិយាយថា រថយន្តទំនើបដែលគេឃើញក្នុងរូបភាពកាម៉េរ៉ាសុវត្ថិភាព ដែលតាមចោទថា ពាក់ព័ន្ធក្នុងអំពើចាប់ពង្រត់នេះមានស្លាកលេខក្លែងក្លាយ ហើយថា Wanchalearm មិនបានរស់នៅក្នុងខុនដូនោះទេ។
អង្គការលើកលែងទោសអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះដោយអំពាវនាវឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់និងបង្ហាញពីកាលៈទេសៈនៅពីក្រោយការបាត់ខ្លួនរបស់លោក Wanchalearm។
លោក Yamini Mishra នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការលើកលែងទោសអន្តរជាតិមានប្រសាសន៍ថា៖ «ការស៊ើបអង្កេតនេះបានបោះជំហានយឿតៗ ហើយភស្តុតាងសំខាន់ៗហាក់ដូចជាមិនត្រូវបានគេអើពើទេ។អាជ្ញាធរកម្ពុជាចាំបាច់ត្រូវបង្ហាញថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតដែលអាចជឿទុកចិត្តបានឬសំណួរដ៏ប្រាកដប្រជាមួយនឹងត្រូវបានចោទសួរថា តើពួកគេធ្វើដោយសុទ្ធចិត្តឬអត់»។
ក្រុមការងារអង្គការសហប្រជាជាតិដែលធ្វើការងារលើការបាត់ខ្លួនដោយបង្ខំបានចោទសួររដ្ឋាភិបាលកម្ពុជាជុំវិញការវិវឌ្ឍនៃករណីនេះ ដោយរដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនមិនបានរកឃើញភស្តុតាង ដើម្បីបញ្ជាក់ថា Wanchalearm ត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសកម្ពុជានោះទេ ហើយថា សាក្សីបានច្រានចោលការអះអាងអំពីការបាត់ខ្លួននេះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News