ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅភូមិប៉ប្រកខាងជើងក្នុងរាជធានីភ្នំពេញ នឹងមានទឹកស្អាតប្រើប្រាស់ពេញ២៤ម៉ោង នៅពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) តភ្ជាប់បំពង់ទឹករួចរាល់ទាំងស្រុង។ អ្នកភូមិអន្ទះសារចង់មានទឹកស្អាតប្រើក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីពួកគាត់បានស្នើសុំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាច្រើនលើក។
នៅឯការដ្ឋាន បុគ្គលិករបស់រដ្ឋាករទឹកកំពុងជីកដី និងដាក់បំពង់ទឹកគ្រប់ផ្ទះ បន្ទាប់ពីមានការដាក់ញត្តិ និងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋចំនួន៥០នាក់នៅការិយាល័យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីសប្តាហ៍មុន និងការស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។
អ្នកស្រី វង្ស សុផានី ជាប្រជាពលរដ្ឋមកពីភូមិប៉ប្រកបាននិយាយថា៖ «ចាប់តាំងពីថ្ងៃចន្ទមក អេស្កាវ៉ាទ័របាននឹងកំពុងជីកដីនៅតាមបណ្តោយផ្លូវរថភ្លើង ដើម្បីដាក់បំពង់ទឹក»ដោយអ្នកស្រីបន្ថែមថា ការងារនេះបានសម្រេច៦០ភាគរយហើយ។ បន្ទាប់មក នឹងមានការដំឡើងកុងទ័រទឹកតាមផ្ទះអ្នកភូមិ ដែលក្នុងមួយគ្រួសារត្រូវគិតថ្លៃ៧០០រៀលក្នុងមួយម៉ែត្រគូប។
អ្នកស្រី សុផានី បាននិយាយថា៖«ឥឡូវ យើងកំពុងរង់ចាំខាងរដ្ឋាករទឹកបញ្ចប់ការដាក់បំពង់ទឹក និងជួសជុលកុងទ័រទឹក។ វាជិតរួចរាល់ហើយនៅពេលនេះ»។ដោយបានបន្ថែមថា ការទទួលបានទឹកស្អាត គឺជាសិទ្ធិមនុស្ស។
អ្នកស្រី សុផានី បាននិយាយថា សហគមន៍របស់អ្នកស្រីមិនមានបណ្ណកម្មសិទ្ធិដីធ្លីទេ បើទោះជាពួកគាត់បានរស់នៅទីនោះជិតមួយទសវត្សរ៍មកហើយក៏ដោយ។
អ្នកស្រីបានបន្ថែមថា៖«អាជ្ញាធរបានប្រាប់ខ្ញុំថា យើងកំពុងរស់នៅក្នុងតំបន់មិនទាន់រៀបរយ [ប៉ុន្តែ] បន្ទាប់ពីគាត់រៀបចំតំបន់នេះឡើងវិញ គាត់នឹងមានគម្រោង [អ្វីមួយ] ប៉ុន្តែខ្ញុំមិនប្រាកដថា [គាត់ចង់និយាយសំដៅលើអ្វីទេ]»។
សហគមន៍ «បានព្យាយាមយ៉ាងខ្លាំង» ដើម្បីដាក់ញត្តិ និងជួបជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋាករទឹក ដែលថ្មីៗនេះបានយល់ព្រមផ្តល់លទ្ធភាពឲ្យអ្នកភូមិទទួលបានទឹកស្អាត។
អ្នកស្រី សុផានី អាយុ៥៧ឆ្នាំបាននិយាយថា៖«ខ្ញុំសប្បាយចិត្តណាស់ ព្រោះយើងនឹងមានទឹកឆាប់ៗ។ សុខភាពរបស់យើងនឹងប្រសើរឡើង ហើយតម្លៃក៏អាចទទួលយកបានដែរ»។
អ្នកស្រីបាននិយាយថា បើគ្មានទឹកស្អាតសូម្បីតែមួយថ្ងៃ គ្រួសារទាំងមូលរងទុក្ខលំបាក៖ «យើងគេងមិនបានគ្រប់គ្រាន់ទេ យើងត្រូវរង់ចាំការផ្គត់ផ្គង់ទឹកនៅចន្លោះម៉ោង១២យប់ដល់ម៉ោង៤ព្រឹក។ វាធ្វើឱ្យខ្ញុំធ្លាក់ខ្លួនឈឺ។ ប្អូនដឹងទេ សូម្បីពេលខ្ញុំគេង ក៏ខ្ញុំយល់សប់ចង់បានទឹកដែរ»។
អ្នកស្រី សុផានី សង្ឃឹមថា អាជ្ញាធរនឹងឆ្លើយតបឱ្យបានឆាប់នៅពេលដែលប្រជាពលរដ្ឋត្រូវការការគាំទ្រ ដូចជាការទទួលបានទឹកស្អាត និងផ្លូវថ្នល់កាន់តែប្រសើរ។ «យើងសប្បាយចិត្តក្នុងការទទួលបានការឆ្លើយតបបន្ថែមទៀតនៅពេលណាដែលប្រជាពលរដ្ឋត្រូវការជំនួយ»។
អ្នកភូមិម្នាក់ទៀតឈ្មោះ ផាន់ ភក្តី អាយុ៤២ឆ្នាំ បានប្រាប់ខេមបូចាថា លោកសប្បាយចិត្តដែលមានទឹកស្អាតប្រើប្រាស់គ្រប់ពេលក្នុងរយៈពេលបីថ្ងៃទៀត។
មុនពេលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញយល់ព្រមភ្ជាប់បណ្តាញទឹកស្អាតជូនអ្នកភូមិ ពួកគាត់ត្រូវបានស្នើឲ្យផ្តិតមេដៃលើញត្តិ ដើម្បីដាក់ជូនអភិបាលខណ្ឌ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ អាស្រ័យហេតុនេះ អ្នកភូមិបានស្នើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជួបប្រជុំ ដើម្បីដំណើរការពាក្យសុំរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ភក្តី បាននិយាយថា៖«បន្ទាប់ពីសួរនាំពួកគាត់ជាច្រើនដង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានមកជួបយើងនៅវត្ត [ក្បែរនោះ] ដើម្បីប្រាប់យើងថា យើងរស់នៅតំបន់អនាធិបតេយ្យ ដូច្នេះពួកគាត់មិនអាចផ្គត់ផ្គង់ទឹកស្អាតបានឡើយ»។
លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកភូមិត្រូវបានស្នើសុំឱ្យជ្រើសរើសមនុស្សបីនាក់ធ្វើជាតំណាងរបស់ពួកគាត់ ដើម្បីចុះកិច្ចសន្យាជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងដំណើរការស្នើសុំទឹកប្រើប្រាស់នេះ។

ប្រជាពលរដ្ឋដែលរស់នៅជាយក្រុងភ្នំពេញ និងនៅតំបន់មួយចំនួនក្នុងទីក្រុង ជាធម្មតាមិនមានទឹកសម្រាប់ប្រើប្រាស់រយៈពេលខ្លីនៅរដូវប្រាំង។ រដ្ឋាករទឹកតែងលើកហេតុផលថា ការអភិវឌ្ឍនិងកំណើនចំនួនប្រជាពលរដ្ឋធ្វើឲ្យមានកង្វះខាតទឹកស្អាត។
លោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាប១ បានសម្តែងក្តីសប្បាយរីករាយ បន្ទាប់ពីបានដឹងថា ប្រជាពលរដ្ឋចំនួន៩៣គ្រួសារនៅភូមិប៉ប្រកនឹងមានទឹកប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ព្រោះលោកស្រីដឹងថា ជីវភាពរបស់ពួកគាត់ជួបការលំបាកដោយគ្មានទឹកស្អាតប្រើប្រាស់។
លោកស្រី វណ្ណរឿង មានប្រសាសន៍ថា៖«យើងសប្បាយចិត្ត។ ពួកគាត់ប្រឈមនឹងការលំបាក ដូច្នេះហើយពួកគាត់បានស្នើសុំ [ឲ្យតភ្ជាប់បណ្តាញទឹកស្អាត]។ ប្រជាពលរដ្ឋនៅទីនោះត្រូវការទឹកខ្លាំងណាស់។ ខ្ញុំរំភើបចិត្តណាស់ដែលពួកគាត់អាចមានទឹកប្រើប្រាស់នៅពេលនេះ»។
លោកស្រីសង្ឃឹមថា នៅថ្ងៃអនាគត អាជ្ញាធរមូលដ្ឋាននឹងជួយអ្នកភូមិបន្ថែមទៀតឱ្យទទួលបានទឹកស្អាតក្នុងអត្រាដែលអាចទទួលយកបាន សម្របសម្រួលកិច្ចប្រជុំ ជ្រើសរើសតំណាងនៅក្នុងភូមិ និងចរចាការតភ្ជាប់បណ្តាញទឹកស្អាតជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
រដ្ឋាភិបាលបានសន្យាជាមួយប្រជាពលរដ្ឋកម្ពុជាថា គ្រប់គ្នានឹងទទួលបានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីខែមីនា ឆ្នាំ២០២៣។
លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្មនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រាប់ខេមបូចាថា ដំណើរការតភ្ជាប់បណ្តាញទឹកស្អាតសម្រាប់ភូមិប៉ប្រក ឥឡូវបានរួចរាល់ហើយ។ ជំហានបន្ទាប់គឺត្រូវភ្ជាប់បំពង់ទៅនឹងកុងទ័រទឹកដែលបានដំឡើង។
លោកមានប្រសាសន៍ថា៖«យើងបានប្រើអេស្កាវ៉ាទ័រ ដើម្បីកាយដាក់បំពង់ទឹកនិងដំឡើងកុងទ័រទឹកតាំងពីថ្ងៃសៅរ៍មក។ យើងក៏បានជួយពួកគាត់ក្នុងការរៀបចំឯកសារមួយចំនួនជាមួយចៅសង្កាត់ផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ At Long Last, Some 90 Families in The Capital’s Por Prork Village Will Have Clean Water










